KCB - លូកា ១៤


លូកា ១៤

ការ​ពិភាក្សា​អំពីថ្ងៃសប្ប័ទ​

១៤នៅ​ថ្ងៃ​សប្ប័ទ​មួយ ​កាល​ព្រះអង្គ​យាង​ ទៅ​បរិភោគ​អាហារ​នៅ​ផ្ទះ​របស់​អ្នក​ដឹកនាំ​ខាង​គណៈ​ផារិស៊ី​​ម្នាក់ ពួក​គេ​តាម​ឃ្លាំ​មើល​ព្រះអង្គ​យ៉ាង​ដិតដល់ ​ហើយ​មើល៍ នៅ​ចំពោះ​ព្រះភក្រ្ដ​​​​ព្រះអង្គ ​​មាន​បុរស​ម្នាក់​មាន​ជំងឺ​ទាច។ ព្រះយេស៊ូ​ក៏​មាន​បន្ទូល​សួរ​ទៅ​ពួក​អ្នក​ជំនាញ​ច្បាប់​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​​ថា៖ «តើ​វិន័យ​អនុញ្ញាត​ឲ្យប្រោស​មនុស្ស​ឲ្យជា ​នៅ​ថ្ងៃ​សប្ប័ទដែរ​ឬ​ទេ?»ប៉ុន្ដែ ​ពួក​គេ​នៅ​ស្ងៀម ដូច្នេះ​ព្រះអង្គ​ក៏​ចាប់​គាត់​ឡើង ហើយ​ប្រោស​​គាត់​ឲ្យជា រួច​ក៏​ឲ្យគាត់​ចេញ​​ទៅ។​ បន្ទាប់​មក ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖ «បើ​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​​រាល់​​គ្នា​មាន​កូន​ម្នាក់ ឬ​គោ​មួយ​ក្បាល ធ្លាក់​ក្នុង​អណ្ដូង​នៅ​ថ្ងៃ​សប្ប័ទ​ តើ​មិន​ស្រង់​វា​​ភ្លាម​​ៗ​ទេ​ឬ?»​ ពួកគេ​មិន​អាច​ ឆ្លើយ​តប​នឹង​​សំណួរ​ទាំង​នេះ​បាន​ឡើយ។

សេចក្ដីបង្រៀនអំពីការបន្ទាបខ្លួន

កាល​ព្រះអង្គ​សំគាល់​ឃើញ​របៀប​ដែល​ភ្ញៀវ​ជ្រើស​រើស​ កន្លែង​កិត្ដិយស ព្រះអង្គ​មាន​បន្ទូល​ជា​រឿង​ប្រៀប​ប្រដូច​​​ទៅ​ពួកគេ​ថា៖​ «ពេល​​អ្នក​ណា​​ម្នាក់​អញ្ជើញ​អ្នក​ទៅ​ពិធី​មង្គលការ ចូរ​អ្នក​កុំ​អង្គុយ​នៅ​កន្លែង​កិត្ដិយស​អី ក្រែងលោ​អ្នកនោះ​បាន​អញ្ជើញ​ អ្នក​​មាន​​កិត្ដិយស​ជាង​អ្នក​មក​ដែរ។​ ពេល​នោះ ​អ្នក​ដែល​បាន​អញ្ជើញ​អ្នក និង​ភ្ញៀវ​នោះនឹង​មក​ប្រាប់អ្នក​ថា សូម​ឲ្យកន្លែង​នេះ​ទៅ​គាត់ នោះ​អ្នក​មុខជា​បានកន្លែង​នៅ​ខាង​ក្រោយ​បំផុត ទាំង​អាម៉ាស់​មុខ​មិនខាន។​ ១០ដូច្នេះ​ពេល​គេ​អញ្ជើញ​អ្នក​ទៅ​បរិភោគ​ អាហារ ចូរ​អង្គុយ​នៅ​កន្លែង​ខាង​ក្រោយ​បំផុត ដើម្បី​ពេល​ណា​អ្នក​ដែល​​អញ្ជើញ​អ្នក​មក​ដល់ គាត់​នឹង​ប្រាប់​អ្នក​ថា សម្លាញ់​អើយ! សូម​ឡើង​មក​កន្លែង​កិត្ដិយស នោះ​​អ្នក​មុខជា​ខ្ពស់​មុខ​នៅ​ចំពោះ​មុខ​ភ្ញៀវ​ទាំង​ឡាយ​ ដែល​អង្គុយ​រួម​តុ​ជាមួយ​អ្នក​មិនខាន ១១ដ្បិត​អ្នក​ណា​លើក​តម្កើង​​ខ្លួន នឹង​ត្រូវ​បន្ទាប​ចុះ ឯអ្នក​ណា​បន្ទាប​ខ្លួន នឹង​ត្រូវ​លើក​តម្កើង​វិញ»។ ​១២ព្រះអង្គ​បាន​​មាន​បន្ទូល​ទៅ​អ្នក​ដែល​អញ្ជើញ​​ព្រះអង្គ​ដែរ​ថា៖ «ពេល​អ្នក​រៀបចំ​ជប់លៀង​អាហារ​​ថ្ងៃ​ត្រង់ ឬ​អាហារ​ពេល​ល្ងាច ចូរ​កុំ​អញ្ជើញ​​មិត្ដភក្ដិ បងប្អូន សាច់​​ញាតិ ឬ​អ្នក​ជិត​ខាង​របស់​អ្នក​ដែល​ជា​អ្នក​មាន​ឡើយ ក្រែងលោ​ពួកគេ​នឹង​អញ្ជើញ​អ្នក​ដូច្នេះ​ដែរ ហើយ​វា​ក៏​ត្រលប់​ជា​ការ​តបស្នង​ចំពោះ​អ្នក​វិញ។​ ១៣ប៉ុន្ដែ​ពេល​អ្នក​រៀបចំ​ពិធី​ជប់​​លៀង ចូរ​អញ្ជើញ​អ្នកក្រ មនុស្ស​ពិការ មនុស្ស​ខ្វិន និង​មនុស្ស​ខ្វាក់​វិញ​ ១៤នោះ​អ្នក​នឹង​​មាន​ពរ​ហើយ ព្រោះ​ពួក​គេ​សង​អ្នក​វិញ​មិន​បាន​ឡើយ ដូច្នេះ​អ្នក​នឹង​ទទួល​ការ​តបស្នង​នៅ​ពេល​មនុស្ស​សុចរិត​រស់​ឡើង​វិញ»។​

រឿង​ពិធី​ជប់លៀង​ដ៏​ធំ​មួយ​

១៥ពេល​ឮសេចក្ដី​ទាំងនេះ ភ្ញៀវ​ម្នាក់​ក្នុង​ចំណោម​ ពួក​ភ្ញៀវ​អង្គុយ​រួម​តុ​ជាមួយ​ព្រះអង្គ​បាន​ទូល​ព្រះអង្គ​ថា៖ «មាន​ពរ​ហើយ អ្នក​ណា​ដែល​​នឹង​​​បរិភោគ​អាហារ​នៅ​ក្នុង​នគរ​ព្រះជាម្ចាស់» ១៦តែ​​ព្រះអង្គ​បាន​មាន​បន្ទូល​ទៅ​គាត់​ថា៖ «មាន​បុរស​ម្នាក់​ រៀបចំ​ពិធី​ជប់​លៀង​​​ពេល​ល្ងាច​ដ៏​ធំ​មួយ ហើយ​គាត់​បាន​អញ្ជើញ​ភ្ញៀវ​ជា​ច្រើន​ ១៧លុះ​ដល់​ពេល​ម៉ោង​អាហារ​ពេល​ល្ងាច គាត់​បាន​ចាត់បាវ​បម្រើ​​របស់​គាត់​ឲ្យទៅ​ប្រាប់ពួក​ភ្ញៀវ​​ ដែល​បាន​អញ្ជើញ​ថា សូម​អញ្ជើញ​មក ដ្បិត​អ្វីៗ​បាន​រៀបចំ​រួច​រាល់​ហើយ!​ ១៨​ប៉ុន្ដែ​ភ្ញៀវ​ទាំងអស់​ បាន​ចាប់ផ្តើម​ដោះសា​បន្ដ​បន្ទាប់​គ្នា គឺ​អ្នក​ទីមួយ​ប្រាប់​បាវបម្រើ​នោះ​ថា ខ្ញុំ​បាន​ទិញ​ចម្ការ​​មួយ​កន្លែង​ ហើយ​ខ្ញុំ​ត្រូវ​ទៅ​មើល​ចម្ការ​​ សូមឲ្យ​គាត់​អភ័យ​ទោស​ឲ្យខ្ញុំ​ផង។ ១៩ម្នាក់​ទៀត​ប្រាប់​ថា ខ្ញុំ​បាន​ទិញ​គោ​ប្រាំ​នឹម ហើយ​ខ្ញុំ​ត្រូវ​ទៅ​សាកទឹម​ពួកវា សូម​ឲ្យគាត់​អភ័យ​​ទោស​ឲ្យខ្ញុំ​ផង​ ២០ម្នាក់​ផ្សេង​ទៀត​បាន​ប្រាប់​ថា ខ្ញុំ​ទើប​តែ​រៀបការ​ប្រពន្ធ​ហើយ ដូច្នេះ​ខ្ញុំ​មិន​អាច​ទៅ​បាន​ទេ។ ២១កាល​បាន​មក​​ដល់​ហើយ បាវបម្រើ​នោះ​ក៏​ជម្រាប​ចៅហ្វាយ​​គាត់ ​ពី​សេចក្ដី​ទាំងនេះ ពេល​នោះ​ម្ចាស់​ដំណាក់​ខឹង​ណាស់ ក៏​ប្រាប់​ទៅ​បាវ​បម្រើ​​របស់​គាត់​ថា ចូរ​ចេញ​ទៅ​តាម​ផ្លូវ​ទាំង​ធំ ​ទាំង​តូច​ក្នុង​ក្រុង​ជា​ប្រញាប់ ហើយ​ចូរ​នាំ​អ្នក​ក្រ មនុស្ស​ពិការ មនុស្ស​ខ្វាក់ និង​មនុស្ស​ខ្វិន​​មក​ទីនេះចុះ។​ ២២បន្ទាប់​មកបាវបម្រើ​នោះ​បាន​ប្រាប់​ថា លោក​ម្ចាស់ អ្វី​ដែល​លោក​បាន​បង្គាប់ បាន​ធ្វើ​រួច​ហើយ ប៉ុន្ដែ​នៅ​មាន​កន្លែងសល់​​ទៀត​ ២៣ចៅហ្វាយ​ក៏​បា្រប់​ទៅ​បាវបម្រើ​នោះ​ថា ចូរ​ចេញ​ទៅ​តាម​ផ្លូវ និង​ច្រក​នានា ហើយ​តឿន​ឲ្យពួកគេ​មក ដើម្បី​ឲ្យបាន​​ពេញ​ដំណាក់​របស់​ខ្ញុំ​ ២៤ដ្បិត​ខ្ញុំ​បា្រប់​អ្នក​រាល់​គ្នា​ថា ក្នុង​ចំណោម​ពួក​អ្នក​ ដែល​បាន​អញ្ជើញរួច​ហើយ​ នោះ​គ្មាន​អ្នក​ណា​ម្នាក់​នឹង​បាន​ភ្លក់​អាហារ​ពេល ល្ងាច​របស់​ខ្ញុំ​ឡើយ!»​

ការ​លះ​បង់​នៅ​ក្នុង​ការដើរតាម ព្រះយេស៊ូ

២៥មាន​បណ្ដាជន​ច្រើន​កុះករ​បាន​មក​ជាមួយ​ព្រះអង្គ ហើយ​ព្រះអង្គ​បាន​បែរ​មក​មាន​បន្ទូល​នឹង​ពួកគេ​ថា៖​ ២៦«បើ​អ្នក​ណា​មក​ឯខ្ញុំ ដោយ​​មិន​ស្អប់​ឪពុក​ម្ដាយ ប្រពន្ធ​កូន បងប្អូន​ប្រុស​ស្រី និង​សូម្បីតែ​ជីវិត​របស់​ខ្លួន​ទេ អ្នក​នោះ​មិន​អាច​ធ្វើជា ​សិស្ស​របស់​ខ្ញុំ​បាន​ឡើយ​ ២៧ហើយ​អ្នក​ណា ​មិន​លី​ឈើ​ឆ្កាង​របស់​ខ្លួន​មក​តាម​ខ្ញុំ អ្នក​នោះ​ក៏​មិន​អាច​ធ្វើជា​សិស្ស​របស់​ខ្ញុំ​បាន​ដែរ​ ២៨ដ្បិត​ក្នុង​ចំណោម​អ្នក​​រាល់​គ្នា បើ​អ្នកណា​​ចង់​សង់​ប៉ម​មួយ​ តើ​មិន​អង្គុយ​គិត​​ជា​មុន​អំពី​ការ​ចំណាយ​ទេ​ឬ​អី​ ដើម្បីឲ្យដឹង​ថា​ មាន​គ្រប់​គ្រាន់​ នឹង​ធ្វើ​ឲ្យរួច​រាល់​ឬ​អត់?​ ២៩ក្រែង​លោ​ពេល​ចាក់​គ្រឹះ​​ហើយ មិន​អាច​ធ្វើ​រួច​រាល់​បាន មនុស្ស​គ្រប់​គ្នា​ដែល​ឃើញ​នឹង​ចាប់ផ្ដើម​ ចំអក​ឲ្យជា​មិន​ខាន ៣០ទាំង​និយាយ​ថា អ្នក​នេះ​ចាប់ផ្ដើម​សាង​សង់​បាន ប៉ុន្ដែ​មិន​អាច​ធ្វើ​រួច​រាល់។​ ៣១​ពេល​ស្ដេច​មួយអង្គ ​ទៅ​​ច្បាំង​ជាមួយ​​ស្ដេច​មួយ​អង្គ​ទៀត​ តើគាត់​មិន​អង្គុយ​ពិចារណា​​ជាមុន​ទេ​ឬ​អី​ ដើម្បីឲ្យដឹង​​ថា ​ទ័ព​មួយម៉ឺន​នាក់​របស់​គាត់ ​អាច​តទល់​​ជាមួយ​​ទ័ព​ពីរម៉ឺន​នាក់​ ដែល​កំពុង​មក​ច្បាំង​នោះ​បាន​?​ ៣២បើ​មិន​បាន​ទេ ស្ដេច​នោះ​​នឹង​ចាត់​ទូត​ឲ្យទៅ​ សុំ​ចរចា​រក​សន្ដិភាព នៅ​ពេល​ដែល​ស្តេច​មួយ​ទៀត​នៅ​ឆ្ងាយ​នៅ​ឡើយ។​ ៣៣ដូច្នេះនៅ​ក្នុង​ចំណោម​​អ្នក​ទាំងអស់​គ្នា បើ​មិន​លះបង់​ទ្រព្យ​សម្បត្ដិ​ទាំងអស់​របស់​ខ្លួន​ទេ នោះ​មិន​អាច​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​បាន​ឡើយ។​ ៣៤អំបិល​ល្អ​ទេ ប៉ុន្ដែ​បើ​អំបិល​ប្រែ​ជា​បាត់​ជាតិ​ប្រៃ តើ​នឹង​យក​អ្វី​មក​ធ្វើ​ឲ្យវា​ប្រៃ​វិញ​បាន?​ ៣៥វា​គ្មាន​ប្រយោជន៍​អ្វី​ទៀត​​​ឡើយ ទោះ​ជា​ប្រើ​សម្រាប់​ដី ឬជី​ក៏​ដោយ​ គឺ​មាន​តែ​បោះ​ចោល​ទៅ​ក្រៅ។ អ្នក​ដែលមាន​ត្រចៀក​ស្ដាប់ ចូរ​ស្ដាប់​ចុះ!»​

លូកា ១៤