KCB - លូកា ១៣


លូកា ១៣

ការ​ត្រាស់​ហៅ​ឲ្យប្រែ​ចិត្ដ​

១៣ក្នុងពេល ​តែមួយ​នោះ ​​មាន​​អ្នក​ខ្លះ​ បាន​មក​រៀបរាប់​ប្រាប់​ព្រះ​យេស៊ូអំពី​​​ពួក​អ្នកស្រុក​កាលីឡេ​​​ ដែល​ត្រូវ​​លោក​ពីឡាត់​លាយ​ឈាម​​របស់​ពួកគេជាមួយ​យញ្ញ​បូជា​​​របស់​ពួកគេ​​ ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​​ទៅ​ពួកគេ​ថា៖ «តើ​អ្នករាល់គ្នា​គិត​ថា អ្នក​ស្រុកកាលីឡេទាំងនេះ​ ជា​មនុស្ស​បាប​​លើស​ពួក​​អ្នកស្រុក​កាលីឡេ​​ ទាំងអស់ ដោយ​ព្រោះ​តែ​ពួកគេ​រងទុក្ខ​វេទនា​យ៉ាងដូច្នេះ​ឬ? មិនមែន​ទេ ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ដរាប​ណា​អ្នក​រាល់​គ្នា​មិន​ប្រែចិត្ដ​ទេ នោះ​អ្នក​រាល់​​គ្នា​នឹង​វិនាស​ដូច្នោះ​ដែរ​ ឬ​មួយ​អ្នករាល់គ្នា​គិត​ថា មនុស្ស​ដប់ប្រាំបី​នាក់​ ដែល​ប៉ម​ស៊ីឡោម​បាន​រលំ​សង្កត់​ស្លាប់​ទាំងនោះ​ ជា​មនុស្សបាប​​លើស​មនុស្ស​ទាំងអស់ ដែល​រស់​នៅ​ក្រុង​យេរូសាឡិម​ឬ? មិនមែន​ទេ តែ​​ខ្ញុំ​ប្រាប់​​អ្នក​រាល់គ្នា​ថា ដរាបណា​អ្នករាល់គ្នា​មិន​ប្រែចិត្ដ​ទេ នោះ​អ្នក​រាល់​​គ្នា​នឹង​វិនាស​ដូច្នោះ​ដែរ»

រឿងដើមល្វាឥតផ្លែ

រួច​ព្រះអង្គ​ក៏​មាន​បន្ទូល​រឿង​ប្រៀប​ប្រដូច​​នេះ​ថា៖ «មាន​បុរស​ម្នាក់​មាន​ដើម​ល្វា​មួយ​ដើម​ ដែល​បាន​ដាំ​ក្នុង​ចម្ការ​របស់​គាត់ ហើយ​គាត់​​បាន​មក​រក​ផ្លែ​នៅ​លើ​ដើម​នោះ ប៉ុន្ដែ​មិន​បាន​ឃើញ​អ្វី​សោះ គាត់​ក៏​ប្រាប់​ទៅ​អ្នក​ថែចម្ការ​​ថា មើល៍ បី​ឆ្នាំ​មក​ហើយ ​ដែល​ខ្ញុំ​បាន​​មក​រក​ផ្លែ​ពី​ដើម​ល្វា​នេះ ប៉ុន្ដែ​មិន​បាន​ឃើញ​អ្វី​សោះ ចូរ​កាប់​ចោល​ទៅ ហេតុ​អ្វី​ទុក​ឲ្យនៅ​ខាត​ដី​ដូច្នេះ? ប៉ុន្ដែ​អ្នកនោះ​និយាយ​តប​ទៅ​គាត់​ថា លោកម្ចាស់ទុក​វា​មួយ​ឆ្នាំ​នេះ​សិនទៅ ចាំ​ខ្ញុំ​ជ្រួយ​ដី​ជុំវិញ ហើយ​ដាក់​ជី​មើល៍ ក្រែងលោ​ឆ្នាំក្រោយ​មាន​ផ្លែ ប៉ុន្ដែ​បើ​គ្មាន​ទេ​សឹម​កាប់​វា​ចោល​ចុះ»

ព្រះយេស៊ូប្រោស​មនុស្សនៅថ្ងៃសប្ប័ទ​

១០នៅ​ថ្ងៃសប្ប័ទ​​មួយ កាល​ព្រះអង្គ​កំពុង​បង្រៀន​ក្នុង​សាលាប្រជុំ​​ ១១មើល៍ មាន​ស្រ្តី​ម្នាក់​មាន​វិញ្ញាណ​នៃ​ជំងឺ​បាន​ចូល​អស់រយៈពេល​ដប់​ប្រាំបី​ឆ្នាំ ធ្វើ​ឲ្យគាត់​កោងខ្នង​ មិន​អាច​ងើប​ត្រង់​បាន​ទាល់តែសោះ។​ ១២ពេល​ព្រះយេស៊ូ​ឃើញ ក៏​ហៅ​គាត់ រួច​មានបន្ទូល​ទៅ​គាត់​​ថា៖ «នាង​អើយ! អ្នក​ត្រូវ​បាន​ដោះ​ឲ្យរួច​ពី​ជំងឺ​របស់​អ្នក​ហើយ» ១៣ព្រះអង្គ​​ក៏​ដាក់​ព្រះហស្ដ​​​លើ​គាត់ ហើយ​គាត់​ក៏​បាន​ងើប​ត្រង់​ឡើង​​ភ្លាម ព្រមទាំង​សរសើរ​តម្កើង​ព្រះ​ជា​ម្ចាស់។​ ១៤ប៉ុន្ដែ​ព្រោះតែ​ព្រះយេស៊ូ​បាន​ប្រោស​គាត់​ឲ្យ​ជា ​នៅ​ថ្ងៃ​សប្ប័ទ​ ប្រធាន​សាលា​ប្រជុំ ​​បាន​និយាយទៅ​បណ្ដាជន​ទាំង​មិនសប្បាយ​​ថា៖ «មាន​​ប្រាំមួយ​ថ្ងៃ​ដែល​ត្រូវ​ធ្វើការ ដូច្នេះ​ចូរ​មក​នៅ​ថ្ងៃទាំងនោះ​ចុះ​ ដើម្បី​​ឲ្យ​គេ​ប្រោស​ឲ្យ​ ជា កុំ​មក​​នៅ​ថ្ងៃ​សប្ប័ទ​​ឡើយ» ​១៥ព្រះអម្ចាស់​ក៏​មានបន្ទូល​ឆ្លើយ​ ទៅ​គាត់​ថា៖​ «ពួក​មនុស្ស​មានពុត​អើយ! តើ​អ្នករាល់គ្នាម្នាក់ៗ​មិន​ស្រាយ​គោ ឬ​លា​ចេញពី​ក្រោល ហើយ​ដឹក​វា​ទៅ​ផឹក​ទឹក​នៅ​ថ្ងៃសប្ប័ទ​​ទេឬ,? ១៦ឯ​ស្រ្ដី​នេះ​វិញ​​ជា​កូនចៅ​របស់​លោក​អ័បា្រហាំ​ ដែល​អារក្ស​សាតាំង​​ បាន​ចង​អស់​រយៈពេល​ដប់​បាំ្របី​ឆ្នាំ​មក​ហើយ តើ​មិន​គួរ​ស្រាយ​​នាង​ឲ្យរួច​ពី​ចំណង​នេះ ​នៅ​ថ្ងៃ​សប្ប័ទ​​ទេឬ?» ១៧ពេល​ព្រះអង្គ​មាន​បន្ទូល​​ដូច្នេះ ពួក​អ្នក​ប្រឆាំង​នឹង​ព្រះអង្គ​ទាំង​អស់ ​​ក៏​អាម៉ាស់​​មុខ ប៉ុន្ដែ​បណ្តាជន​ទាំងអស់​វិញ ​មាន​ចិត្ដ​អរ​សប្បាយ​នឹង​កិច្ចការ​ដ៏​ប្រសើរ​ទាំង​ឡាយ​ដែល​ព្រះអង្គ​បាន​ធ្វើ។

រឿងគ្រាប់មូតា និងមេនំប៉័ង

១៨ព្រះអង្គ​ ក៏​មានបន្ទូល​ដូច្នេះ​ថា៖ «តើ​នគរ​ព្រះជាម្ចាស់​​ ប្រៀបដូច​ជា​អ្វី ហើយ​ខ្ញុំ​គួរ​ប្រៀប​ធៀប​នគរនោះ​ ទៅ​នឹង​អ្វី?​១៩គឺ​ប្រៀប​ដូច​ជា​​គ្រាប់​មូតា​​មួយ​គ្រាប់ ដែល​មនុស្ស​ម្នាក់​យក​ទៅ​ដាំ​ក្នុង​សួន​ដំណាំ​របស់​គាត់ ពេល​វា​ដុះ​ធំឡើង ក៏​ត្រលប់​ជា​ដើមឈើ​មួយ​ដើម ហើយ​សត្វស្លាប​ហើរ​លើ​អាកាស បាន​រស់​​នៅ​តាម​មែក​របស់​វា» ២០រួច​ព្រះអង្គ​ក៏​មានបន្ទូល​ទៀត​ថា៖ «តើ​ខ្ញុំ​គួរ​ប្រៀប​ធៀប​នគរ​ព្រះ​ជា​ម្ចាស់​​ទៅ​នឹង​អ្វី?២១គឺ​ប្រៀប​ដូច​ជា​មេនំប៉័ង​ ដែល​ស្ដ្រី​ម្នាក់​យក​ទៅ​លាយ​​នឹង​ម្សៅ​​បី​រង្វាល់​រហូត​ដល់​មេ​នំប៉័ង​នោះ​ ធ្វើឲ្យម្សៅ​ទាំង​អស់ដោរ​ឡើង»

ផ្លូវ​តូច​ចង្អៀត​

២២ព្រះអង្គ​ក៏​ធ្វើដំណើរ​ទាំង​បង្រៀន​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ហើយក៏បន្ដ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម​​ ២៣រួច​មាន​ម្នាក់​ទូលសួរ​ព្រះអង្គ​ថា៖ «ព្រះអម្ចាស់​អើយ! តើ​​អ្នក​ដែល​បាន​សង្គ្រោះ​ មាន​តិចណាស់​ឬ?» ព្រះអង្គ​ក៏​មានបន្ទូល​ទៅ​ពួកគេ​ថា៖​ ២៤«ចូរ​ប្រឹងប្រែង​ចូល​​តាម​ទ្វារ​ចង្អៀត ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា មាន​មនុស្ស​ជាច្រើន​ចង់​ចូល ប៉ុន្ដែ​ពួកគេ​មិន​អាចចូល​បាន​​ឡើយ​ ២៥ព្រោះ​ក្រោយ​ពេល​ម្ចាស់​ដំណាក់ ​ក្រោកឡើង​បិទ​ទ្វារ​ហើយ ទោះ​ជា​អ្នក​រាល់គ្នា​ឈរ​នៅ​ខាង​ក្រៅ និង​​ចាប់​ផ្ដើម​គោះ​ទ្វារ​ទាំង​និយាយ​ថា លោក​ម្ចាស់​អើយ! សូម​​បើក​ទ្វារ​ឲ្យយើង​ផង នោះ​គាត់​នឹង​ឆ្លើយ​តប​វិញ​ថា អ្នក​រាល់​គ្នា​មក​ពីណា ខ្ញុំ​មិន​​ស្គាល់​​អ្នក​រាល់​គ្នា​ទេ​ ២៦ហើយ​អ្នករាល់គ្នា​ក៏​ចាប់​ផ្ដើម​និយាយ​ថា យើង​ធ្លាប់​បរិភោគ​​ជាមួយ​​ព្រះអង្គ ហើយ​ព្រះអង្គ​ធ្លាប់​បង្រៀន​នៅតាម​​ផ្លូវ​របស់​យើង។​​ ២៧គាត់​ក៏​ឆ្លើយ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​មក​ពី​ណា ខ្ញុំ​មិន​ដែល​ស្គាល់​អ្នក​រាល់​គ្នា​ទេ ឱ ​ពួក​អ្នក​ប្រព្រឹត្ដអំពើ​ទុច្ចរិត​ទាំង​ឡាយ​អើយ ចូរ​ទៅ​ឲ្យឆ្ងាយ​ពី​ខ្ញុំ​ ២៨នៅ​ទីនោះ​មាន​ការ​ទ្រហោយំ និង​ការ​សង្កៀត​ធ្មេញ ហើយ​នៅ​ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ឃើញ​លោក​អ័ប្រាហាំ លោក​​អ៊ីសាក លោក​យ៉ាកុប និង​អ្នក​នាំ​ព្រះបន្ទូល​ទាំងអស់នៅក្នុង​នគរ​ព្រះជាម្ចាស់​​ ឯ​អ្នក​រាល់​គ្នា​វិញ ​ត្រូវ​គេ​បោះ​ទៅ​ខាង​ក្រៅ​ ២៩ដ្បិត​អ្នក​ទាំងនោះ​ នឹង​មក​ពី​ទិស​ខាងកើត ខាងលិច ខាងជើង និង​ខាងត្បូង ហើយ​អង្គុយ​នៅ​តុ​អាហារ​​​​ក្នុង​នគរ​ព្រះ​ជា​ម្ចាស់ ៣០ហើយ​មើល៍ ពួក​អ្នក​នៅ​ក្រោយ​នឹង​ត្រលប់​ជា​នៅមុខ ហើយ​ពួក​អ្នក​នៅ​មុខ ​នឹងត្រលប់​​​ជា​​នៅក្រោយ​វិញ» ៣១នៅ​ពេល​ជាមួយ​គ្នា​នោះ អ្នក​ខាង​គណៈ​ផារិ​ស៊ី​ខ្លះ​ បាន​ចូល​មក​ជិត ទូល​ព្រះអង្គ​ថា៖ «សូម​លោក​ចាក​ចេញ​ពី​ទីនេះ​ទៅ ដ្បិត​ស្តេច​ហេរ៉ូឌ​ចង់​សម្លាប់​​លោក»។​ ៣២ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖ «ចូរ​ទៅ​ប្រាប់​កញ្ជ្រោង​នោះ​ថា មើល៍ ខ្ញុំ​បណ្ដេញ​អារក្ស ទាំង​ប្រោស​មនុស្ស​ឲ្យ​ជា​នៅ​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក ហើយ​ខ្ញុំ​នឹង​បាន​សម្រេច​នៅ​ថ្ងៃ​ទីបី ៣៣ដូច្នេះ​ហើយសម្រាប់​ខ្ញុំ ខ្ញុំ​ត្រូវ​បន្ដ​ធ្វើ​ដំណើរ​នៅ​ថ្ងៃ​នេះ ថ្ងៃ​ស្អែក និង​ថ្ងៃ​ខាន​​ស្អែក ពីព្រោះ​មិន​អាច​ឲ្យអ្នក​នាំ​ព្រះបន្ទូល​ណា​ម្នាក់ ​ស្លាប់​នៅ​ក្រៅ​ក្រុង​យេរូសាឡិម​​ទេ។​

ព្រះយេស៊ូសោក​សៅ​នឹង​​ក្រុង យេរូសាឡិម

៣៤ឱ ក្រុង​យេរូសាឡិម ក្រុង​យេរូសាឡិម​ ដែល​​បាន​សម្លាប់​ពួក​អ្នក​នាំ​ព្រះបន្ទូល ហើយ​បាន​គប់​ដុំ​ថ្មទៅលើ​ពួក​អ្នក ​ដែល​បាន​ចាត់​ឲ្យ​មក​ឯអ្នក​អើយ! ខ្ញុំ​ចង់​ប្រមូល​កូន​ចៅ​របស់​អ្នក​ប៉ុន្មាន​ដង​មក​ហើយ គឺ​ដូចជា​មេមាន់​ប្រមូល​កូន​របស់​វា ​មក​​ក្រុង​នៅ​ក្រោម​ស្លាប ប៉ុន្ដែ​អ្នក​មិន​ចង់​ទេ​ ៣៥មើល៍ ផ្ទះ​របស់​អ្នក​រាល់​គ្នា​ត្រូវ​បាន​ទុក​ចោល ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​មិន​ឃើញ​ខ្ញុំ​ទៀត​ទេ រហូតដល់​ពេល​​មួយ ​ដែល​អ្នក​រាល់​គ្នា​និយាយ​ថា សូម​ថ្វាយ​ព្រះពរ​ដល់​​ព្រះអង្គ​ ដែល​យាង​មក​ក្នុង​នាម​ព្រះអម្ចាស់»។​

លូកា ១៣