KCB - លូកា ១២


លូកា ១២

ការព្រមានអំពីពុតត្បុតខាងជំនឿ

១២ពេល​បណ្តាជន​ រាប់ពាន់​ នាក់​បាន​ប្រជុំគ្នា ​ស្ទើរតែ​ជាន់​គ្នា ព្រះអង្គ​​ចាប់ផ្ដើម​មានបន្ទូល​ទៅ​ពួក​សិស្ស​របស់​ព្រះ​អង្គ​ជាមុន​ថា៖​ «ចូរ​ប្រុង​ប្រយ័ត្ន​ នឹង​មេនំប៉័ង​របស់​​ពួក​​​អ្នកខាង​គណៈផារិស៊ី​ ដែល​ជា​សេចក្ដី​ពុត​ត្បុត​​របស់​ពួកគេគ្មាន​ការ​លាក់កំបាំង​ណា​ ដែល​​មិន​បាន​បើកសំដែង​​​ឲ្យឃើញនោះឡើយ​ ហើយ​ក៏​ គ្មាន ​អាថ៌កំបាំង​ អ្វីដែល​មិន​បាន​ឲ្យគេ​ដឹង​ដែរ។​ ដូច្នេះ​អ្វីៗ​ដែល​អ្នករាល់គ្នា​ បាន​និយាយ​ក្នុង​​ទី​ងងឹត នឹង​ត្រូវ​គេ​ឮនៅ​ទីភ្លឺ ហើយ​​​អ្វី​ៗ​ដែល​​អ្នករាល់គ្នា​បាន​ខ្សឹប​នៅ​ក្នុង​បន្ទប់ស្ងាត់ នឹង​ត្រូវ​ប្រកាស​នៅលើ​ដំបូល​ផ្ទះ។​

ចូរកោតខ្លាចព្រះជាម្ចាស់

សម្លាញ់​របស់​ខ្ញុំ​អើយ! ខ្ញុំ​​បា្រប់​​អ្នករាល់គ្នា​​ថា ចូរ​កុំ​ខ្លាច​អ្នក​ដែល​សម្លាប់​​បាន​តែ​រូបកាយ ហើយ​​ក្រោយពី​នោះ​មកមិន​អាច​ធ្វើ​អ្វី​កើត​ទៀត​ ប៉ុន្ដែ​​ខ្ញុំ​នឹង​បង្ហាញ​ដល់​អ្នករាល់គ្នា​ថា​​ អ្នក​​ណា​ដែល​អ្នករាល់គ្នា​​គួរ​ខ្លាច​ ​គឺ​​ត្រូវ​​ខ្លាច​​ព្រះ​មួយអង្គ​ដែល​មាន​សិទ្ធិអំណាច​សម្លាប់ និងក្រោយមក បោះ​​ចូល​ទៅ​ក្នុង​ស្ថាននរក មែនហើយ ខ្ញុំ​បា្រប់​អ្នករាល់គ្នា​ថា ចូរ​ខ្លាច​​ព្រះ​មួយអង្គ​នេះ​ចុះ!​​ តើ​ចាប​ប្រាំ​​មិន​មែន​​ថ្លៃ​ពីរ​សេន​​​ទេ​ឬ? ប៉ុន្ដែ​​គ្មាន​​ចាប​​ណា​​មួយ​ ​ដែល​ព្រះជា​ម្ចាស់​មើលរំលង​ឡើយ​​ ហើយសូម្បីតែ​សក់​​​ក្បាល​របស់​​អ្នករាល់​គ្នា ​ក៏​​ព្រះ​អង្គ​​​ដឹងចំនួន​ទាំង​អស់​ដែរ ដូច្នេះ​ចូរ​កុំ​ខ្លាច​អី ដ្បិត​អ្នករាល់គ្នា​មានតម្លៃ​លើស​ចាប​ទៅ​ទៀត។​ ខ្ញុំ​បា្រប់​អ្នករាល់គ្នា​ថា អ្នកណា​ក៏ដោយ​ ដែល​​ទទួលស្គាល់​ខ្ញុំ​នៅ​ចំពោះ​មុខ​​មនុស្ស​ កូន​មនុស្ស ​ ​នឹង​ទទួលស្គាល់​អ្នក​នោះ​​វិញ​នៅ​ចំពោះ​មុខ​​ ពួក​​ទេវតា​របស់​ព្រះ​ជាម្ចាស់​ដែរ ហើយ​អ្នក​ណា​ដែល​បដិសេធ​ខ្ញុំនៅមុខ​មនុស្ស អ្នក​នោះ​នឹង​​ត្រូវ​បដិសេធ​​វិញ ​នៅចំពោះមុខ​ពួក​​ទេវតា​របស់​ព្រះជាម្ចាស់។​​ ១០អ្នក​ណា​ដែល​​ពោល​ពាក្យ​ទាស់​​នឹង​​កូន​មនុស្ស​​ នោះ​អាច​​​លើក​លែង​ទោស​ឲ្យ​បាន តែ​​អ្នក​ណា​​ប្រមាថ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​​មិន​អាច​លើក​លែង​ទោស​ឲ្យបាន​ទេ។ ​១១ពេល​ពួកគេ​នាំអ្នក​រាល់​គ្នា​ទៅ​ក្នុង​សាលា​ប្រជុំ​​នៅ​ចំពោះ​មុខ​ពួក​អ្នក​គ្រប់គ្រង និង​ពួក​អាជ្ញាធរ ចូរ​កុំ​ព្រួយ​បារម្ភ​ថា ​ ត្រូវ​ឆ្លើយ​យ៉ាង​ដូច​ម្ដេច ឬ​និយាយ​អ្វី​ឡើយ ១២ពីព្រោះ​​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​បង្រៀន​អ្នក​រាល់​គ្នានៅ​ពេល​​នោះ​អំពី​អ្វី​ដែល​ត្រូវ​និយាយ»

រឿង​អ្នកមាន​ដ៏​សែន​ល្ងង់​

១៣មាន​មនុស្ស​ម្នាក់​ ​ពីក្នុងចំណោម​ បណ្តាជន​ បាន​ទូល​ទៅ​ព្រះអង្គ​ថា៖ «លោកគ្រូ សូម​​លោក​ប្រាប់​បង​ ប្រុស​របស់ខ្ញុំ​ ឲ្យ​ចែក​មរតក​ដល់​ខ្ញុំ​ផង»​ ១៤ព្រះ​អង្គ​ក៏​មាន​បន្ទូល​ ទៅ​គាត់​ថា៖ «អ្នក​អើយ! តើ​អ្នក​ណា​តែង​តាំង​ខ្ញុំ​ឲ្យធ្វើ​ជា​ចៅក្រម ឬជា​អាជ្ញា​កណ្ដាល​របស់ពួកអ្នក?»១៥រួច​ព្រះអង្គ​ក៏​មានបន្ទូល​ទៅ​ពួកគេ​ថា៖ «ចូរ​យកចិត្ដ​ទុកដាក់ ហើយ​ប្រុងប្រយ័ត្ន​ចំពោះ​​ សេចក្ដី​លោភលន់​ទាំងអស់ ព្រោះ​ជីវិត​របស់​មនុស្ស​មិន​ស្ថិត​លើ​ការ ​មាន​ទ្រព្យ​សម្បត្ដិ​ដ៏​ហូរហៀរ​របស់​ខ្លួន​ទេ»។​ ១៦ព្រះអង្គ​ក៏​មាន​បន្ទូល​ជា​រឿង​ប្រៀប​ប្រដូច​​មួយ​ទៅ​ពួកគេ​ថា៖ «បុរស​អ្នក​មាន​ម្នាក់ ​មាន​ចម្ការ​មួយ​ដែល​​ឲ្យផល​យ៉ាង​ច្រើន​ ១៧ហើយ​គាត់​បាន​គិត​ក្នុង​ចិត្ដ​ថា តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ដូចម្ដេច ព្រោះ​ខ្ញុំ​គ្មាន​​កន្លែង​ទុក​ផល​របស់​ខ្ញុំ?​ ១៨រួច​គាត់​​និយាយ​​ថា ខ្ញុំ​នឹង​ធ្វើ​បែប​នេះ គឺ​ខ្ញុំ​នឹង​រុះ​ជង្រុក​ខ្ញុំ​ចោល ហើយ​សង់​មួយទៀត​ធំជាង​នេះ ខ្ញុំ​នឹង​​ទុក​ផល​ស្រូវ និង​របស់ទ្រព្យ​ទាំងអស់​របស់​ខ្ញុំ​នៅទីនោះ​ ១៩រួច​ខ្ញុំ​នឹង​បា្រប់​ជីវិត​របស់​ខ្ញុំ​ថា ឱ ​ជីវិត​អើ​យ! ឯង​មាន​របស់ទ្រព្យ​ជាច្រើន​ទុក​​សម្រាប់​រយៈពេល​ច្រើន​ឆ្នាំ ចូរ​សម្រាក ស៊ី​ផឹក ហើយ​សប្បាយ​រីករាយ​ចុះ។ ២០ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​មានបន្ទូល​ទៅ​គាត់​ថា មនុស្ស​ល្ងង់! នៅ​យប់​នេះ​យើង​ដក​យក​ជីវិត​របស់​អ្នក ​ចេញ​ពី​អ្នក​ហើយ ដូច្នេះ​តើ​អ្វីៗ​ដែល​អ្នក​បាន​បម្រុងទុក​នឹងត្រលប់​ជា​របស់​អ្នក​ណា?​ ២១អ្នកណា​សន្សំ​របស់​ទ្រព្យទុក សម្រាប់​តែ​​ខ្លួនឯង ប៉ុន្ដែ​មិន​មាន​ខាងឯ​ព្រះជាម្ចាស់ ក៏​ដូច្នោះ​ដែរ»

ព្រះយេស៊ូបង្រៀន​កុំឲ្យខ្វល់ខ្វាយ

២២បន្ទាប់​មក ព្រះអង្គ​ក៏​មានបន្ទូល​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖ «ដូច្នេះខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា កុំ​ឲ្យខ្វល់ខ្វាយ​នឹង​ជីវិត​ថា ត្រូវ​បរិភោគអ្វី ឬ​រូបកាយត្រូវ​ស្លៀកពាក់អ្វី​ឡើយ​ ២៣ដ្បិតជីវិត​វិសេសជាង​អាហារ ឯរូបកាយ​ក៏​វិសេស​ជាង​សម្លៀកបំពាក់​ដែរ។​ ២៤ចូរ​ពិចារណា​ពី​​សត្វក្អែក ពួកវា​មិន​បាន​សាបព្រោះ ឬ ច្រូត​កាត់ ហើយក៏​គ្មាន​ឃ្លាំង ឬ​ជង្រុក​ដែរ ប៉ុន្ដែ​ព្រះជាម្ចាស់​ចិញ្ចឹម​ពួក​វា ឯ​អ្នក​រាល់​គ្នា​វិញ​ មាន​តម្លៃ​ខ្លាំងណាស់​លើស​ពួកវាទៅទៀត ២៥ហើយ​ក្នុង​ចំណោម​អ្នករាល់គ្នា តើ​​អ្នក​ដែល​ខ្វល់ខ្វាយ​អាចបន្ថែមកំពស់​របស់​ខ្លួន​បាន​មួយ​ហត្ថ​ដែរ​ឬ​ទេ? ២៦ដូច្នេះបើ​រឿង​តូច​តាច​បំផុត អ្នករាល់គ្នា​គ្មាន​សមត្ថភាព​ផង ចុះ​ហេតុអ្វី​បាន​ជា ​អ្នក​រាល់​គ្នា​ខ្វល់ខ្វាយ​ពី​រឿង​ផ្សេង​ទៀត?​ ២៧ចូរ​ពិចារណា​​ពី​ផ្កាព្រៃ​ តើ​ពួកវា​ដុះឡើង​យ៉ាង​ដូចម្ដេច ពួកវា​មិន​ធ្វើការ ឬ​ត្បាញរវៃ​​អ្វី​ឡើយ ប៉ុន្ដែ​​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា សូម្បីតែ​ស្តេច​សាឡូម៉ូន​ដែល​មាន​​សិរីរុងរឿង​គ្រប់យ៉ាង ក៏​ស្លៀកពាក់​មិន​បាន​ស្អាត ​​ ដូចជា​ផ្កា​មួយ​ទង​ក្នុងចំណោម​ផ្កា​ទាំងនេះ​ផង ២៨​បើ​ព្រះជាម្ចាស់​តុប​តែង​ស្មៅ ​នៅ​តាម​វាល​ដែល​ដុះ​នៅ​ថ្ងៃនេះ ហើយ​ថ្ងៃ​ស្អែក​ត្រូវ​បោះ​ទៅ​ក្នុង​ឡភ្លើង​យ៉ាង​​នោះ​ទៅ​ហើយ ឱ ​ មនុស្ស​មាន​ជំនឿ​តិច​អើយ! តើ​​ព្រះអង្គ​ មិន​ធ្វើ​ឲ្យអ្នក​រាល់​គ្នា​វិសេស​ខ្លាំង​ជាង​នោះ​ទេ​ឬ​?​ ២៩ដូច្នេះចូរ​អ្នក​រាល់​គ្នា​កុំ​ស្វែងរក​តែ​​អ្វី​ដែល​បរិភោគ​បាន និង​ផឹក​បាន ហើយ​ចូរ​កុំ​ខ្វល់ខ្វាយ​ឲ្យ​សោះ ៣០ដ្បិត​សាសន៍ដទៃ នៅលោកិយ​នេះ​ស្វែងរក​របស់​ទាំង​​នេះ ប៉ុន្ដែព្រះវរបិតា​របស់​អ្នករាល់គ្នា​ជ្រាប​ហើយ​ថា អ្នក​រាល់គ្នា​ត្រូវការ​របស់​ទាំងនេះ​ ៣១ប៉ុន្ដែ​ចូរ​ស្វែងរក​នគរ​របស់​ព្រះអង្គ​ចុះ នោះ​ព្រះជាម្ចាស់​នឹង​បំពេញ ​សេចក្ដីត្រូវការ​ទាំងឡាយ​របស់​អ្នករាល់គ្នា។ ៣២ចូរ​កុំ​ខ្លាច​អីក្រុម​ដ៏តូច​អើយ! ដ្បិត​ព្រះវរបិតា​របស់​អ្នករាល់គ្នា​ ពេញ​​ចិត្ដ​​ប្រគល់​នគរ​នោះ​ឲ្យអ្នករាល់គ្នា​ហើយ។​ ៣៣ចូរ​លក់​ទ្រព្យ​សម្បត្ដិ​របស់​អ្នក​រាល់​គ្នា ហើយ​ចែក​ទាន​ចុះ ចូរ​ធ្វើ​ថង់ប្រាក់​ដែល​មិន​ចេះ​ចាស់​សម្រាប់​ខ្លួន ជា​ទ្រព្យ​សម្បត្ដិ​មិន​ចេះ​អស់​​នៅ​ស្ថានសួគ៌ ជា​កន្លែង​​ដែល​គ្មាន​ចោរ​ចូល​មកជិត ឬ​កណ្ដៀរ​ស៊ីបំផ្លាញ​ទេ ​ ៣៤ដ្បិត​​ទ្រព្យ​សម្បត្ដិ​របស់​អ្នករាល់គ្នា​នៅ​កន្លែង​ណា ចិត្ដ​របស់​អ្នករាល់គ្នា​ក៏​នៅ​កន្លែង​នោះ​​​ដែរ។

ចូរ​ប្រុង​ប្រៀប​ខ្លួន​ជាស្រេច​

៣៥ចូរ​នៅ​ប្រុងប្រៀប​ខ្លួន ហើយ​ឲ្យ ចង្កៀង​របស់អ្នករាល់គ្នាឆេះ​ជានិច្ច​ ៣៦គឺ​អ្នករាល់គ្នា​គួរ​បែប​​ដូចជា​ ពួក​មនុស្ស​កំពុង​រង់ចាំ​ ចៅហ្វាយ​របស់​ខ្លួន​ត្រលប់​មក​ពី​ពិធីមង្គលការ​វិញ ដើម្បី​នៅពេលណា​គាត់​មកដល់ ហើយ​គោះ​ទ្វារ នោះ​ពួកគេ​អាច​បើក​ជូន​គាត់​បាន​ភ្លាម។​ ៣៧បាវបម្រើ​ទាំងនោះ​ មានពរ​ហើយ នៅពេល​ដែល ​ចៅ​ហ្វាយ​​​ត្រលប់​មកវិញ​ហើយឃើញ​ពួកគេ​កំពុង​រង់ចាំ។​ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជាប្រាកដ​ថា គាត់​នឹង​រៀប​ចំ​ខ្លួន​ដោយ​ឲ្យពួកគេ​អង្គុយ​នៅតុ ហើយ​គាត់​ក៏​មកក្បែរ​បម្រើ​ពួកគេ​វិញ​ ៣៨បើ​គាត់​មកដល់​ នៅ​ពេល​​កណ្ដាល​អធ្រាត្រ ឬ​ទៀប​ភ្លឺ ហើយ​គាត់​ឃើញ​ដូច្នេះ គឺ​អ្នកទាំងនោះ​មាន​ពរ​ហើយ។ ​ ៣៩ប៉ុន្ដែចូរ​អ្នករាល់គ្នាដឹង​ការនេះ​ថា ប្រសិន​បើ​ម្ចាស់​ផ្ទះ​បាន​ដឹង​ថា ចោរ​មក​នៅ​ម៉ោង​ណា នោះ​គាត់មុខជាមិនបណ្ដោយ​ឲ្យវា​គាស់​ផ្ទះ​របស់​គាត់​បាន​ឡើយ។​ ៤០ដូច្នេះ​ ចូរ​​អ្នករាល់គ្នា​ប្រុង​ប្រៀប​យ៉ាង​ដូច្នេះដែរ​​ ព្រោះ​អ្នករាល់គ្នា​ស្មាន​មិន​ត្រូវ​ទេ​ថា កូន​មនុស្ស​​មក​នៅ​ពេល​ណា»

ព្រះយេស៊ូបង្រៀន​អំពីរង្វា​ន់​និងទណ្ឌកម្ម

៤១លោក​ពេត្រុស​​ទូលសួរ​ថា៖ «ព្រះអម្ចាស់​អើយ! តើ​ព្រះអង្គ​មាន​បន្ទូល​ជា​រឿង​ប្រៀប​ប្រដូច ​​​នេះ​សម្រាប់​យើង ឬ​ក៏​សម្រាប់​មនុស្ស​​ទាំង​អស់​ដែរ?» ៤២ព្រះអម្ចាស់​មានបន្ទូល​តប​ថា៖ «ដូច្នេះតើ​អ្នកណា​ជា​មេការ​ដ៏​ស្មោះត្រង់ ហើយ​ឆ្លាត ​ដែល​ចៅហ្វាយ​តែងតាំង​ឲ្យមើល​ខុស​ត្រូវ​​លើពួកបាវបម្រើ​របស់​គាត់​ដើម្បី​ចែក​អាហារ​ឲ្យតាម​ពេល​វេលា?​ ៤៣មានពរ​ហើយ បាវបម្រើ​ណា​​ដែល​​ចៅហ្វាយ​មកដល់ ហើយ​ឃើញ​កំពុង​ធ្វើ​ដូច្នេះ។​ ៤៤ខ្ញុំ​បា្រប់​អ្នករាល់គ្នា​ជាបា្រកដ​ថា គាត់​​នឹង​តែងតាំង​អ្នកនោះ ​ឲ្យមើល​ខុសត្រូវ​​ទ្រព្យ​សម្បត្ដិ​របស់​គាត់​ទាំងអស់ ៤៥ប៉ុន្ដែ​ប្រសិនបើ​បាវ​បម្រើ​នោះ ​គិតនៅក្នុង​ចិត្ដ​ថា ចៅហ្វាយ​របស់​អញ​ក្រ​​មកដល់​ណាស់ នោះ​គាត់ក៏​ចាប់ផ្ដើម​វាយ​បាវ​បម្រើប្រុស​ស្រី​ឯទៀត​ៗ ព្រមទាំង​ស៊ី​ផឹក​​ទាល់​តែ​ស្រវឹង ៤៦ចៅហ្វាយ​របស់​គាត់​នឹង​មក​វិញ​​ នៅ​ថ្ងៃ​មួយ​ដែល​គាត់​ស្មាន​មិន​ដល់ និង​នៅ​ម៉ោង​ដែល​គាត់​មិន​ដឹង​ទាល់​តែ​សោះ ចៅហ្វាយ​នឹង​កាត់​គាត់​ជាក​ង់ៗ រួច​ដាក់​គាត់​រួម​ជាមួយ​នឹង​ពួក​អ្នកមិនជឿ។​​ ៤៧ដូច្នេះបាវបម្រើ​ណា​ដែល​ដឹង​បំណង​របស់​ចៅហ្វាយ​ ប៉ុន្ដែ​មិន​ប្រុងប្រៀប​ខ្លួន​ជាស្រេច ឬ​មិន​ធ្វើ​តាម​បំណង​​ចៅ​ហ្វាយ​ នោះ​​​នឹង​ត្រូវ​វាយ​ច្រើន​រំពាត់។​ ៤៨អ្នក​ណា​ដែល​មិន​ដឹង ហើយ​បាន​ធ្វើ​អ្វីមួយ​ សម​នឹង​ត្រូវ​រំពាត់ នោះ​នឹង​ត្រូវ​វាយ​តិចតួច​ទេ ដ្បិត​អ្នកណា​ដែល​គេ​ឲ្យច្រើន នោះ​គេនឹង​ទារ​ច្រើន​ពី​អ្នកនោះ​វិញ ឯ​អ្នកណា​ដែល​គេ​មាន​ទំនុកចិត្ដ​ច្រើននោះ​ គេ​នឹង​​សុំ​ពី​អ្នកនោះ​រឹតតែ​ច្រើនដែរ។

ព្រះយេស៊ូធ្វើឲ្យបែក​បាក់​

៤៩ខ្ញុំ​មក ដើម្បី​នាំ​ភ្លើង​មក​ផែនដីនេះ​ ហើយ​ខ្ញុំ​ចង់​បាន​​ណាស់ បើ​ភ្លើង​នោះ​បាន​ដុតឆេះ​រួច​ហើយ​ ៥០រីឯ​​ខ្ញុំ​វិញ មាន​ពិធី​ជ្រមុជ​មួយ​ដែល​ខ្ញុំ​ត្រូវ​ទទួល ហើយ​ខ្ញុំ​ត្រូវ​ទទួលការ​ឈឺចាប់​បំផុត​ លុះត្រាតែ​ពិធី​នោះ​បាន​សម្រេច​ ៥១តើ​អ្នក​រាល់គ្នា​គិត​ថា ខ្ញុំ​មកដើម្បី​​នាំយក​សេចក្ដី​សុខសាន្ដ​ដល់​ផែនដី​ឬ? ទេ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា គឺ​ជា​ការបាក់បែក​វិញ​ ៥២ដ្បិត​ចាប់ពី​ពេលនេះ​តទៅ គ្រួសារ​មួយ​ដែល​មានគ្នា​ប្រាំ​នាក់​ នឹង​បាក់​បែក​គ្នា គឺ​បី​នាក់​ទាស់នឹង​ពីរ​នាក់ ឬ​ពីរ​នាក់​ទាស់​នឹង​បី​នាក់​ ៥៣ឪពុក​ នឹង​ត្រូវ​បែកបាក់​ទាស់​ជា​មួយ​​​​​កូនប្រុស កូនប្រុស​ទាស់​ជាមួយ​ឪពុក ហើយ​​​​ម្ដាយ​ទាស់​ជាមួយ​កូនស្រី កូនស្រី​ទាស់​ជាមួយ​ម្ដាយ ឯ​ម្ដាយក្មេក​ទាស់​ជាមួយ​កូន​ប្រសារស្រី កូន​ប្រសារស្រី​ទាស់​ជាមួយ​ម្ដាយ​ក្មេក» ៥៤រួច​​ព្រះអង្គ​​ក៏​បាន​មានបន្ទូល​ទៅ​បណ្តាជន​ដែរ​ថា៖ «ពេល​ណា​អ្នករាល់គ្នា ​ឃើញ​ពពក​ពូន​ឡើង​នៅ​ទិសខាងលិច អ្នករាល់គ្នា​ក៏​និយាយ​ភ្លាម​ថា ជិត​ភ្លៀង​​ហើយ នោះ​ក៏​កើត​ឡើង​ដូច្នោះ​មែន ៥៥ហើយ​​​ពេល​ណា​មាន​ខ្យល់​ទិសខាងត្បូង​បក់​មក អ្នករាល់គ្នា​និយាយ​ថា អាកាស​ធាតុ​នឹង​ប្រែជា​ក្ដៅ នោះ​ក៏​កើតមាន​មែន។​ ៥៦មនុស្ស​មានពុត​អើយ! អ្នករាល់គ្នា​ចេះ​សំគាល់​សណ្ឋាន​របស់​ផ្ទៃមេឃ និង​ផែន​ដី ​ហេតុដូច​ម្ដេច​​បាន​ជា​​​អ្នករាល់គ្នា​ មិន​ចេះ​សំគាល់​សម័យនេះ​ដូច្នេះ? ៥៧តើ​ហេតុអ្វីក៏​អ្នករាល់គ្នា​មិន​វិនិច្ឆ័យ​ខ្លួនឯង​ផង ​ពី​អ្វី​ដែល​ត្រឹមត្រូវ? ៥៨ដ្បិត​​នៅពេល​អ្នក​នៅ​តាម​​ផ្លូវ​​ជាមួយ​គូវិវាទ​របស់​អ្នកទៅ​ជួប​អាជ្ញាធរ ចូរ​​ខំប្រឹង​ដោះ​ស្រាយ​ជាមួយ​គាត់ ​នៅ​តាម​ផ្លូវ​ចុះ ក្រែងលោ​គេ​អូស​អ្នក ​ទៅ​ឲ្យចៅក្រម ចៅក្រម​ប្រគល់​​អ្នក ​ទៅ​ឲ្យនគរ​បាល ហើយ​នគរ​បាល​​ ក៏​បោះ​អ្នក​ទៅ​ក្នុង​គុក។​ ៥៩ខ្ញុំ​បា្រប់​អ្នក​ថា អ្នក​ចេញ​ពី​ទីនោះ​​មិន​បាន​ឡើយ​ លុះ​ត្រា​តែ​សង​គេ​ដោយ​ឥតខ្វះ​មួយ​ឡិបតា»

លូកា ១២