KCB - លូកា ១០


លូកា ១០

ព្រះយេស៊ូចាត់ពួកសិស្ស​

១០បន្ទាប់ពី​ហេតុការណ៍​ទាំងនេះមក​ ព្រះអម្ចាស់​រើសតាំង​សិស្ស​ចិតសិប​នាក់​​ផ្សេង​ទៀត និង​ចាត់​ពួកគេ​ពីរ​នាក់​​ៗ ​ឲ្យទៅ​​មុន​ព្រះអង្គ​ឆ្ពោះទៅ​គ្រប់​ក្រុង និង​គ្រប់​ទីកន្លែង​ដែល​ព្រះអង្គ​បម្រុងនឹង​ទៅ។​​ ព្រះអង្គ​មាន​បន្ទូល​​ទៅ​ពួកគេ​ថា៖ «ចម្រូត​ធំ​ណាស់ ប៉ុន្ដែ​ពួក​អ្នកច្រូត​មាន​តិច ដូច្នេះចូរ​ទូល​សុំ​ព្រះអម្ចាស់​នៃ​ចម្រូត ដើម្បី​ឲ្យព្រះ​អង្គ​ចាត់​ពួក​អ្នកច្រូត​ មក​ក្នុង​ចម្រូត​របស់​ព្រះអង្គចូរ​ទៅ​ចុះ ហើយ​មើល៍ ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យទៅ ​ដូច​ជា​​​កូន​ចៀម​កណ្ដាល​ហ្វូង​ចចក។ កុំ​យក​​ថង់​បា្រក់​ ថង់​យាម ឬ​ស្បែកជើង​ទៅ​តាម​ឡើយ ហើយ​កុំ​ជម្រាប​សួរ​អ្នក​ណា​ នៅ​តាម​ផ្លូវ​ឲ្យសោះ។​​ អ្នក​រាល់​គ្នា​​ចូល​ទៅ​ក្នុង​ផ្ទះ​ណា​ក៏ដោយ មុនដំបូង ចូរ​និយាយ​ថា សូម​ឲ្យផ្ទះ​នេះ​ មាន​សេចក្ដី​សុខសាន្ដ។ បើ​មាន​​​មនុស្ស​ នៃ​សេចក្ដី​សុខសាន្ដ​នៅ​ទីនោះ សេចក្ដី​សុខសាន្ដ​របស់​អ្នក​រាល់​គ្នា​នឹងសណ្ឋិត​លើ​អ្នក​​នោះ ប៉ុន្ដែ​បើ​គ្មាន​វិញ សេចក្ដី​សុខសាន្ដ​ នឹង​ត្រលប់​មក​លើ​អ្នក​រាល់​គ្នាវិញ។ ចូរ​នៅ​ផ្ទះ​ដដែល​​នោះ​ចុះ ទាំង​បរិភោគ និង​ផឹក​អ្វីៗ​ដែល​គេ​ឲ្យផង ព្រោះ​​អ្នក​ធ្វើការ​ ស័ក្តិសម​នឹង​ទទួល​បាន​ឈ្នួលរបស់​ខ្លួន​ ហើយ​កុំ​ប្ដូរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ឲ្យ​សោះ។​ ក្រុង​ណា​ក៏​ដោយ​ដែល​អ្នក​រាល់​គ្នា​ចូល ហើយ​គេ​ទទួល​អ្នក​រាល់​គ្នា ចូរ​បរិភោគ​អ្វីៗ​ដែល​គេ​រៀបចំ​នៅ​មុខ​អ្នក​រាល់​គ្នា​ចុះ ហើយ​ចូរ​ប្រោស​ពួក​អ្នក​ជំងឺ​ នៅ​ក្រុង​នោះ​ឲ្យបាន​ជា​ចុះ ព្រម​​ទាំង​ប្រាប់​ពួកគេ​ថា នគរ​ព្រះ​ជា​ម្ចាស់​បាន​មក​ជិត​អ្នក​រាល់​គ្នា​ហើយ។ ១០ប៉ុន្ដែ​ក្រុង​ណា​ក៏​ដោយ​​ដែល​អ្នក​រាល់​គ្នា​ចូល ហើយ​គេ​មិន​ទទួល​អ្នក​រាល់​គ្នា ពេល​ចេញ​ទៅ​តាម​ផ្លូវ​នៃ​ក្រុង​នោះ ចូរ​អ្នក​រាល់គ្នា​និយាយ​ថា ១១សូម្បីតែ​ធូលីដី​ពី​ក្រុង​របស់​អ្នក​រាល់គ្នា ​ដែល​ជាប់​នឹង​ជើង​របស់​យើង ក៏​យើង​រលាស់​ចេញ​ឲ្យអ្នក​រាល់​គ្នា​វិញ​ដែរ ប៉ុន្ដែ​ចូរ​ដឹង​ការ​នេះ​ចុះ​ថា នគរ​ព្រះជាម្ចាស់​បាន​មក​ជិត​បង្កើយ​ហើយ។​​ ១២ខ្ញុំ​បា្រប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​នោះ សម្រាប់​ក្រុង​សូដុម​ងាយទ្រាំ​ជាង​ក្រុង​នោះ​ទៅទៀត។ ១៣វេទនា​ដល់​អ្នក​ហើយ ក្រុង​ខូរ៉ាស៊ីន វេទនា​ដល់​អ្នក​ហើយ ក្រុង​បេតសៃដា! ព្រោះប្រសិនបើ​ការ​អស្ចារ្យ​ ដែល​បានសំដែង​​ក្នុង​ចំណោមអ្នក​រាល់គ្នា ​បានសំដែង​​នៅ​ក្រុង​ទីរ៉ុស និង​​ក្រុងស៊ីដូន​វិញ នោះ​គេ​មុខជា​ប្រែចិត្ត​តាំងពី​យូរ ដោយ​ស្លៀក​សំពត់​ធ្មៃ​ ទាំងអង្គុយ​ក្នុង​ផេះ​មិន​ខាន​ ១៤ប៉ុន្ដែ​នៅ​ពេល​ជំនុំជម្រះ​ក្រុង​ទីរ៉ុសនិង​​ស៊ីដូន​មុខជា​ងាយទ្រាំ​ជាង​អ្នក​រាល់គ្នា។​​ ១៥ឯ​អ្នក​វិញ ក្រុង​កាពើណិម​អើយ! តើ​អ្នក​នឹង​​ថ្កើង​ឡើង​ដល់​ស្ថានសួគ៌​ឬ​?​​​ អ្នក​នឹង​ត្រូវ​ធ្លាក់​ចុះ ​ដល់​ស្ថាន​នរក​មិនខាន។​​ ១៦អ្នក​ណា​ស្ដាប់​អ្នក​រាល់​គ្នា គឺ​ស្ដាប់​ខ្ញុំ អ្នក​ណា​បដិសេធ​នឹង​អ្នក​រាល់​គ្នា គឺ​បដិសេធ​ខ្ញុំ ហើយ​អ្នក​ណា​បដិសេធ​ខ្ញុំ គឺ​បដិសេធ​ព្រះអង្គ​ ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​​មក​ដែរ»

ពួក​សិស្ស​ព្រះយេស៊ូត្រលប់​មក​វិញ​​

១៧សិស្ស​ទាំង​ចិតសិបនាក់ ​បាន​ត្រលប់​មក​វិញ​​ ដោយ​អំណរ​ ទាំង​ទូល​ថា៖ «ព្រះអម្ចាស់​អើយ! សូម្បីតែ​ពួក​អារក្ស​ ក៏​ចុះចូល​នឹង​យើង​ក្នុង​នាម​របស់​​ព្រះអង្គដែរ» ១៨ប៉ុន្ដែព្រះអង្គ​មាន​បន្ទូល​​ទៅ​គេ​ថា៖​ «ខ្ញុំ​ឃើញ​អារក្ស​សាតាំង​ធ្លាក់​ពី​ស្ថានសួគ៌​ ដូច​ជា​ផ្លេក​បន្ទោរ​១៩មើល៍ ខ្ញុំ​បាន​ឲ្យ​សិទ្ធិ​អំណាច​ដល់​អ្នក​រាល់​គ្នា​ដើរ​ជាន់​​សត្វ​ពស់​ សត្វ​​ខ្យាដំរី និង​​លើ​អំណាច​ទាំងអស់​របស់​ខ្មាំង​សត្រូវ ហើយ​គ្មាន​អ្វី ​អាច​ធ្វើ​ទុក្ខ​អ្នក​រាល់​គ្នា​បាន​ឡើយ​ ២០ដូច្នេះ ចូរ​កុំ​អរ​សប្បាយ​នឹង​ការ​ដែល​​​ពួក​អារក្ស ​ចុះចូល​នឹង​អ្នក​រាល់គ្នានោះ​ឡើយ​ តែ​​ចូរ​អរ​សប្បាយ​ដោយ​​ឈ្មោះ​របស់​អ្នក​រាល់គ្នា​ ត្រូវ​បាន​កត់ទុក​ក្នុង​ស្ថានសួគ៌វិញ»។​​​

ព្រះយេស៊ូអធិស្ឋាន​អរព្រះគុណ​

២១នៅ​ពេល​​នោះ ព្រះអង្គ​មាន​អំណរ​ជាខ្លាំង ​ដោយ​សារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ព្រះអង្គ​ក៏​មាន​បន្ទូល​ថា៖ ​«ឱ ព្រះវរបិតា​ជា​ម្ចាស់​ស្ថានសួគ៌ និង​ផែនដី​អើយ! ខ្ញុំសរសើរ​តម្កើង​ព្រះអង្គ ព្រោះ​ព្រះអង្គ​បាន​លាក់​សេចក្ដី​ទាំងនេះ​ ពី​មនុស្ស​មាន​ប្រាជ្ញា និង​មនុស្ស​ឈ្លាសវៃ តែ​​បើក​សំដែង​ដល់​ទារក​វិញ មែន​ហើយ ព្រះវរបិតា​អើយ! ដ្បិត​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​​នឹង​ការ​បែប​នេះ​​​ណាស់។​​​ ២២ព្រះវរបិតា​របស់​ខ្ញុំ​ បាន​ប្រគល់​អ្វីៗ​ទាំងអស់​ឲ្យខ្ញុំ ហើយ​គ្មាន​អ្នក​ណា​ស្គាល់​ថា​ ព្រះរាជបុត្រា​ជា​អ្នក​ណា​ទេ ក្រៅពី​ព្រះវរបិតា ហើយ​ក៏គ្មាន​អ្នក​ណា​ស្គាល់​ថា​ ព្រះវរបិតា​ជា​អ្នក​ណា​​ដែរ ក្រៅពី​ព្រះរាជបុត្រា និង​​អស់​​អ្នក​ដែល​ព្រះរាជបុត្រា​ មាន​បំណង​បើកសំដែង​​​ឲ្យស្គាល់ប៉ុណ្ណោះ»។​ ២៣បន្ទាប់មក ព្រះអង្គ​ក៏​បែរ​ទៅ​ពួក​សិស្ស ហើយ​មានបន្ទូល​ដោយឡែក​ថា៖ ​«មាន​ពរ​ហើយ ភ្នែក​ណា​​ឃើញ​អ្វីៗ ​ដែល​អ្នក​រាល់គ្នា​កំពុង​ឃើញ​ ២៤ដ្បិត​ខ្ញុំ​បា្រប់​អ្នករាល់​គ្នា​ថា ​អ្នកនាំ​ព្រះបន្ទូល និង​ស្ដេច​ជាច្រើន​ចង់​ឃើញ​អ្វីៗ ​ដែល​អ្នករាល់គ្នា​កំពុង​​ឃើញ​ ហើយ​ចង់​ឮអ្វីៗ​ដែល​អ្នករាល់គ្នា​កំពុង​ឮ ប៉ុន្ដែ​គេ​មិន​បាន​ឃើញ និង​មិន​បាន​ឮ​ឡើយ»​

រឿង​ជនជាតិសាម៉ារីដ៏សប្បុរស

២៥ក្រោយមក មាន​អ្នក​ជំនាញ​ច្បាប់​ម្នាក់ បាន​​​ក្រោកឈរឡើង​ល្បង​ព្រះអង្គ​ថា៖​ «លោក​គ្រូ តើ​ខ្ញុំ​គួរ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​នឹងបាន​ជីវិត ​អស់​កល្ប​ជានិច្ច​ជា​មរ​តក?» ​​២៦ព្រះអង្គ​ក៏​មានបន្ទូល​ទៅ​គាត់​ថា៖​ «តើ​ក្នុង​គម្ពីរវិន័យ​ មាន​ចែងទុក​យ៉ាង​ដូចម្ដេច?​ តើ​អ្នក​អាន​យ៉ាង​ណាដែរ?» ២៧គាត់​ក៏​ទូល​ថា៖​ «អ្នក​ត្រូវ​ស្រឡាញ់​​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​ឲ្យអស់​ពី​ចិត្ដ អស់​ពី​ព្រលឹង អស់​ពី​កម្លាំង និង​អស់​ពី​គំនិត​របស់​អ្នក ហើយ​ត្រូវ​ស្រឡាញ់​​អ្នកជិតខាង​របស់​អ្នក ​ឲ្យដូចជា​ខ្លួន​អ្នក»។​ ២៨ព្រះអង្គ​ក៏​មានបន្ទូល​ទៅ​គាត់​ថា៖​«អ្នក ​ឆ្លើយ​ត្រូវណាស់ ចូរ​ប្រព្រឹត្ដការ​នេះ​ចុះ នោះ​​អ្នក​នឹង​មានជីវិត​មិនខាន»។​ ២៩ប៉ុន្ដែ​ដោយ​ចង់​បញ្ជាក់ថា​ ខ្លួន​គាត់​សុច​រិត គាត់​ក៏​សួរ​ព្រះយេស៊ូ​ថា​៖​ «តើ​អ្នកណា​ជា​​អ្នកជិតខាង​របស់​ខ្ញុំ?» ៣០ជា​ការ​ឆ្លើយតបវិញព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «មាន​​បុរស​ម្នាក់​មក​ពី​ក្រុង​យេរូសាឡិម​ ចុះ​​​ទៅ​ក្រុង​​យេរីខូរ​ ហើយ​គាត់​បាន​ជួប​ពួក​ចោរ​ប្លន់​ដែល​បាន​ប្លន់យក​អាវ​របស់​គាត់ ព្រមទាំង​បាន​វាយ​គាត់ ​ឲ្យ​រង​របួស​ជិត​ស្លាប់​ រួច​ក៏​ទុក​គាត់​ចោល ហើយ​ចេញបាត់ទៅ។ ៣១ជួនជា​មាន​សង្ឃ​ម្នាក់​ចុះ​មក​តាម​ផ្លូវ​នោះ ពេល​ឃើញ​បុរស​នោះ គាត់​ក៏​ចៀស​ទៅ​ម្ខាង​បង្ហួសទៅ។​ ៣២​​អ្នក​ខាង​​អំបូរ​លេវី​​ម្នាក់​ ​បាន​មក​ដល់​កន្លែង​កើត​ហេតុ​​ ហើយធ្វើ​​ដូច​គ្នា​ គឺ​ពេល​គាត់​​ឃើញ​បុរស​​នោះ​ គាត់​​ក៏​​ចៀសទៅម្ខាង​បង្ហួសទៅ​ ៣៣ប៉ុន្ដែ​​ជនជាតិ​​សាម៉ារី​ម្នាក់​បាន​ធ្វើដំណើរ​មក​ដល់​ ពេល​គាត់​ឃើញ​​បុរស​នោះ ​ក៏​មាន​សេចក្ដីអាណិត​អាសូរ​ ៣៤រួច​ក៏​​ចូលមកជិត​ ហើយ​​​​រុំ​របួស​ឲ្យបុរសនោះ​ដោយ​ចាក់​ប្រេង និង​ស្រា​ពីលើ ហើយ​បាន​បញ្ជិះ​​​បុរស​នោះ​លើ​សត្វ​របស់​គាត់ ​នាំ​ទៅ​ផ្ទះ​សំណាក់​ដើម្បី​មើលថែ។​​ ៣៥នៅ​ថ្ងៃ​បន្ទាប់ គាត់​បាន​ដក​ប្រាក់​ពីរ​ឌេណារី​​ឲ្យម្ចាស់​​ផ្ទះសំណាក់ និង​បាន​ប្រាប់​ថា​ សូម​មើលថែ​គាត់​ផង ហើយ​​អ្វី​ក៏ដោយ​ដែល​អ្នក​ចាយ​លើស​នេះ ខ្ញុំ​នឹង​សង​ដល់​អ្នក​​នៅពេល​ខ្ញុំ​ត្រលប់មកវិញ។​ ៣៦ក្នុងចំណោម​អ្នក​ទាំង​បី​នេះ តើអ្នក​គិត​ថា ម្នាក់​ណា​គួរ​ក្លាយ​ជា​អ្នក​ជិត​ខាង​​របស់​​បុរស​ម្នាក់ ​ដែល​បាន​ជួប​​ពួក​ចោរប្លន់នោះ​?»​ ​​៣៧អ្នក​ជំនាញ​ច្បាប់​នោះ​បាន​ទូល​ថា៖ ​«គឺ​ម្នាក់​ដែល​បាន​បង្ហាញ​សេចក្ដី​មេត្ដាករុណា​ដល់​បុរស​នោះ» ព្រះយេស៊ូ​ក៏​មានបន្ទូល​ទៅ​គាត់​វិញ​ថា៖​ «ចូរ​អ្នក​ទៅ ហើយ​​ប្រពឹ្រត្ដ​ដូច្នោះ​ដែរ​ចុះ»​

ព្រះយេស៊ូមក​រក​នាងម៉ាថានិងនាងម៉ារា

៣៨កាល​ពួកគេ​ កំពុង​ធ្វើដំណើរ​ទៅ ព្រះអង្គ​បាន​យាងចូល ទៅ​ក្នុង​ភូមិ​មួយ ហើយ​មាន​ស្ដ្រី​ម្នាក់​ឈ្មោះ​ ម៉ាថា ​បាន​ទទួល​ព្រះអង្គ ៣៩​​នាង​មាន​ប្អូន​ស្រី​ម្នាក់​ទៀត​ដែរ​ឈ្មោះ​ម៉ារា ដែល​កំពុង​ស្ដាប់ ​ព្រះបន្ទូល​របស់​ព្រះអង្គ​ដោយ​អង្គុយ​នៅ​ទៀប​​បាទា​​ព្រះអម្ចាស់។​ ៤០ឯ​នាង​ម៉ាថា​វិញ​កំពុង​វក់វី​នឹង​ការ​បម្រើ​​ជាច្រើន នាង​ក៏​​ចូល​មកទូល​ថា៖ «ព្រះអម្ចាស់​អើយ! តើ​ព្រះអង្គ​មិន​អើពើ​ទេឬ ដែល​ប្អូនសី្រ​ខ្ញុំ​ទុក​ឲ្យខ្ញុំ​បម្រើ​​តែ​ម្នាក់​ឯង​?​​​ សូម​​បា្រប់​នាង​ឲ្យជួយ​ខ្ញុំ​ផង»​​ ៤១ប៉ុន្ដែ​ព្រះអម្ចាស់​​មានបន្ទូល​ឆ្លើយ​ទៅ​នាង​ថា៖​ «ម៉ាថា​អើយ! ម៉ាថា អ្នក​ព្រួយ​ខ្វល់ខ្វាយ​​ពី​​កិច្ចការ​ច្រើន​ម៉្លេះ​៤២គឺ​មាន​កិច្ចការ​មួយ​ដែល​ចាំបាច់ ឯ​ម៉ារា​វិញ​ជ្រើសរើស​ចំណែក​ដ៏​ល្អ​នោះហើយ​ ​​​មិន​គួរ​ដកយក​ពី​នាង​ឡើយ»

លូកា ១០