KCB - លូកា ១


លូកា ១

លូកា

អារម្ភកថា

​មានមនុស្សជាច្រើន ​បាន​ព្យាយាម​​ចងក្រងរឿង​រ៉ាវ ​អំពីហេតុការណ៍ទាំង​ឡាយ​ ដែល​បាន​សម្រេច​នៅ​​ក្នុង​ចំណោម​​យើង​ គឺ​ទៅតាម​អស់​អ្នកជា​​សាក្សី​ផ្ទាល់​ភ្នែក​ តាំងពី​ដំបូង ​និង​បាន​​ត្រលប់​ជា​​អ្នក​បម្រើ​​ព្រះបន្ទូលដែលបាន​ប្រគល់​​ឲ្យយើង​​​ ដូច្នេះ​​លោក​ថេវភីល​ជាទីគោរព​ ដ៏​ខ្ពង់​ខ្ពស់​អើយ!​​ កាល​ដែល​ខ្ញុំ​សាក​​សួរ​សព្វ​គ្រប់​​យ៉ាង​ហ្មត់ចត់​​តាំងពី​ដំបូងមក នោះ​ក៏​យល់​ឃើញ​​ថា​​ ជា​​ការប្រសើរ​សម្រាប់​​ខ្ញុំ​​ដែរ ដែល​សរសេរ​​​តាម​លំដាប់​លំដោយ​​ជូន​​ដល់​លោក​ ដើម្បី​ឲ្យលោក​ដឹង​ថា​ សេចក្ដី​​ទាំងឡាយ ​ដែលលោក​បាន​រៀន ​មក ​នោះ ជាការ​ពិតប្រាកដ។

ការប្រាប់ឲ្យ​ដឹងជា​មុនអំពីកំណើត លោកយ៉ូហាន

នៅ​សម័យ​ស្ដេច​ហេរ៉ូឌ​ ជាស្តេច​ស្រុកយូដា​ មាន​​សង្ឃ​ម្នាក់​ក្នុង​ក្រុម​សង្ឃ​អ័ប៊ីយ៉ា​ ឈ្មោះ​សាការី​ មាន​ប្រពន្ធ​ម្នាក់​​ឈ្មោះ​អេលី​សាបិត​​ជា​​ពូជ​ពង្ស​​របស់​​លោក​អើរ៉ុន​ ពួក​គេ​​ទាំងពីរ​នាក់​សុចរិត​នៅចំពោះព្រះជាម្ចាស់​ ដោយ​ដើរ​តាម​បញ្ញត្ដិ និង​ច្បាប់​​ទាំង​ឡាយ​​​របស់​ព្រះអម្ចាស់ឥត​បន្ទោស​បាន​ឡើយ​​ ប៉ុន្តែ​ពួក​គេ​​គ្មាន​កូន​សោះ​ ព្រោះ​អេលីសាបិត​ជា​ស្រ្តីអារ​ ហើយ​អ្នក​ទាំងពីរ​ក៏​មាន​​វ័យ​ចាស់ជរា​ដែរ។​ ​ថ្ងៃ​មួយ​​ជា​វេន​​ក្រុម​របស់​គាត់​ ហើយ​គាត់​​ត្រូវ​បំពេញតួនាទី​ជា​សង្ឃនៅចំពោះ​ព្រះជាម្ចាស់​ ព្រោះ​គាត់​ត្រូវ​បាន​គេ​ចាប់ឆ្នោតជ្រើស​រើស​ទៅតាម​ទំនៀម​ទម្លាប់​​សង្ឃ ដើម្បី​​ចូល​ដុត​គ្រឿង​ក្រអូប ក្នុង​ព្រះ​វិហារ​របស់​ព្រះអម្ចាស់។​​ ១០នៅ​​ពេល​កំពុង​​ថ្វាយ​គ្រឿងក្រអូប និង​​ប្រជាជន​ច្រើន​កុះករ ​បាន​អធិស្ឋាន​ទាំងអស់គ្នា ​នៅ​ខាង​ក្រៅ​ ១១នោះ​មាន​​ទេវតា​របស់​ព្រះ​អម្ចាស់​មួយ​រូបបាន​លេច​មក​​ឲ្យគាត់​ឃើញ​ ដោយ​​​ឈរ​នៅខាងស្ដាំ​កន្លែង​​ថ្វាយតង្វាយ​គ្រឿង​ក្រអូប។​ ១២កាល​​​លោក​​​សាការី​ឃើញ គាត់​​ក៏​តក់​ស្លុត ហើយមាន​​សេចក្ដី​ភ័យខ្លាច ​១៣​​​ប៉ុន្ដែទេវតា​នោះ​ បាន​និយាយ​ទៅ​គាត់​ថា​៖ «សាការី​អើយ! កុំ​ខ្លាច​​អី​ដ្បិត​ព្រះជាម្ចាស់​ បាន​ស្ដាប់ឮ​ សេចក្ដី​អធិស្ឋាន​ទូល​សូម​របស់​អ្នក​ហើយ ​រីឯ​អេលីសាបិត​ ជា​ប្រពន្ធ​របស់​អ្នក​ នឹង​​បង្កើត​កូន​ប្រុស​ម្នាក់​ឲ្យអ្នក ហើយ​អ្នក​នឹង​ដាក់​ឈ្មោះ​កូន​នោះ​ថា យ៉ូហាន។​ ១៤​កូន​នោះ​​នឹង​ត្រលប់ជា​​អំណរ និង​ជា​សេចក្ដី​រីករាយ​ដល់​​អ្នក ឯ​មនុស្ស​ជា​ច្រើន​នឹងត្រេកអរចំពោះកំណើត​របស់​កូន​នោះ​ ១៥ដ្បិត​កូននោះ​នឹង​ត្រលប់​​ជា ​មនុស្ស​ដ៏​អស្ចារ្យ​នៅចំពោះ​ព្រះអ​ម្ចាស់ ​កូន​នោះ​នឹង​​មិន​ផឹក​ស្រា​ទំពាំង​បាយ​ជូរ និង​គ្រឿង​​ស្រវឹង​ឡើយ ហើយ​​បាន​ពេញ​ដោយ​ព្រះ​វិញ្ញាណ​​បរិសុទ្ធ​ តាំង​ពី​នៅ​ក្នុងផ្ទៃ​ម្ដាយ​​មក។ ១៦​កូន​នោះ​នឹង​នាំ​កូនចៅអ៊ីស្រាអែល​ជាច្រើន ​ឲ្យ​ត្រលប់​មក​ឯ​ព្រះអម្ចាស់​ជា​ព្រះ​របស់​ពួក​គេ​វិញ ១៧ដ្បិត​​​​កូននោះ​នឹង​ទៅ​មុខ​មុន​ព្រះ​អង្គ​​ ដោយ​វិញ្ញាណ និង​អំណាច​របស់​​លោក​អេលីយ៉ា​​ ដើម្បី​បង្វែរ​ចិត្ដ​ឪពុក​មក​ឯ​កូន និង​ ពួក​​មនុស្ស​​មិន​ស្ដាប់​​បង្គាប់​មកឯ​បា្រជ្ញា​របស់​​មនុស្ស​សុចរិត ដើម្បី​រៀបចំ​ប្រជារាស្ដ្រ​មួយ​​ជាស្រេច​ សម្រាប់​​ព្រះអម្ចាស់»។​ ១៨លោកសាការី​សួរ​​ទៅ​ទេវតា​ថា​៖ «តើ​ឲ្យ​ខ្ញុំ​​ដឹង​អំពី​សេចក្ដី​នេះ​យ៉ាង​ដូច​ម្ដេច​បាន​​? ព្រោះ​ខ្ញុំ​ជា​មនុស្សចាស់ ឯ​ប្រពន្ធ​របស់​ខ្ញុំ​ ក៏​​មាន​​វ័យ​ចាស់ជរា​ដែរ»​​ ១៩ទេវតា​​ឆ្លើយ​​ទៅ​គាត់​ថា​៖ «ខ្ញុំ​ឈ្មោះ​​កាពី្រយ៉ែល ​ ជា​អ្នកឈរ​នៅ​ក្នុង​ព្រះ​ វត្ដមាន​​ព្រះជាម្ចាស់ ហើយ​ព្រះអង្គ​បានចាត់ខ្ញុំឲ្យ​មក ប្រកាស​​សេចក្ដី​ទាំងនេះ​​ប្រាប់​អ្នក។​​ ២០មើល៍​ អ្នក​នឹង​គ​ ហើយ​មិន​អាច​និយាយ​បាន​ទេ ​រហូតដល់​ថ្ងៃ​ ដែល​សេចក្ដី​ទាំងនេះ​កើតឡើង ព្រោះ​អ្នក​មិនជឿ​ពាក្យសំដីរបស់​ខ្ញុំ ដែល​នឹង​សម្រេច​តាម​ពេល​​កំណត់»។ ​២១រីឯ​ប្រជាជន ​ដែល​​កំពុង​​ទន្ទឹងមើល​លោក​សាការី ពួក​គេ​​ឆ្ងល់​ចំពោះ​ការ​ដែលគាត់​​យឺតយូរ​នៅក្នុង​ព្រះវិហារ​ ២២ហើយ​​កាល​​គាត់​ចេញមក គាត់​មិន​អាច​និយាយ​ទៅ​ពួកគេ​បាន​សោះ ដូច្នេះ​ពួក​គេ​ដឹងច្បាស់​ថា​ គាត់​បាន​ឃើញ​ការជាក់​ស្ដែង​​មួយ​នៅ​ក្នុង​ព្រះ​វិហារ​ ហើយគាត់​​ធ្វើបានតែសញ្ញា​ទៅ​ពួកគេប៉ុណ្ណោះ​ ប៉ុន្ដែ​គាត់​នៅតែ​គ​ដដែល។ ២៣លុះ​ក្រោយពេល​បាន​បំពេញ កិច្ចការទាំង​ប៉ុន្មាន​ថ្ងៃរបស់គាត់ចប់​​​សព្វគ្រប់ហើយ គាត់ក៏ត្រលប់ទៅ​ផ្ទះ​វិញ ២៤ហើយ​​ប៉ុន្មាន​ថ្ងៃក្រោយ​​មក អេលីសាបិត​ជា​ប្រពន្ធ​របស់​គាត់ ​ក៏​​មាន​ផ្ទៃពោះ និង​បាន​លាក់​ខ្លួន​អស់​​ប្រាំ​​ខែ​ដោយ​និយាយ​​ថា​៖ ​២៥«ព្រះអម្ចាស់​បាន​ធ្វើ​ចំពោះ​ខ្ញុំ​យ៉ាងដូច្នេះ ក្នុង​គ្រា​ដែល​ព្រះអង្គ​​បាន​​ទត ដោយ​​សន្ដោស​ដកយក​សេចក្តី​អាម៉ាស់​របស់​ខ្ញុំ​ ចេញ​​​ពីក្នុងចំណោម​មនុស្ស»។​

ការ​ប្រាប់​ឲ្យដឹង​ជា​មុន​អំពីកំណើត ព្រះយេស៊ូ

២៦ដល់​ខែ​ទីប្រាំមួយព្រះជាម្ចាស់​បាន​ចាត់​​ទេវតា​កាពី្រ​យ៉ែល​​ ឲ្យទៅ​​ក្រុង​មួយ​ក្នុង​ស្រុក​កាលីឡេ​ ដែល​មាន​ឈ្មោះ​ថា​ណា​សា​រ៉ែត ២៧គឺ​ទៅឯ​ស្រ្តីព្រហ្មចារី​ម្នាក់ ​ដែល​បាន​ភ្ជាប់ពាក្យ​នឹង​បុរស​ម្នាក់​ឈ្មោះយ៉ូសែប ជា​ពូជពង្ស​ស្ដេច​ដាវីឌ ហើយ​ស្ដ្រីព្រហ្មចារី​​នោះ​ ឈ្មោះម៉ារា។​ ២៨កាល​បាន​ចូលមក​ជិត​នាងហើយ ទេវតា​ក៏​និយាយ​ថា​៖ «ចូរ​អរសប្បាយ​ឡើង​ ឱ នាង​ដ៏​ជា​ទី​គាប់​ព្រះ​ហឫទ័យ​​ព្រះអម្ចាស់ ព្រះអង្គគង់​ជា​មួយ​​នាង​ហើយ»។​ ២៩នាង​​រារែក​យ៉ាងខ្លាំង​ចំពោះ​ពាក្យ​សំដី​នេះ និង​បាន​រិះគិត​អំពី​ពាក្យ​ជម្រាប​សួរ​នេះ ​ថា​ តើ​មានន័យ​ដូចម្ដេច។​ ៣០ប៉ុន្ដែ​ទេវតា​និយាយ​ទៅ​នាង​ថា៖ «ម៉ារា​អើយ! កុំ​ខ្លាច​អី ដ្បិត​ព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងនាងណាស់​ ៣១មើល៍​នាង​នឹង​មានគភ៌​ រួច​សម្រាល​​បាន​កូនប្រុស​ម្នាក់ ហើយ​នាង​​នឹង​ដាក់​ឈ្មោះ​កូន​នោះ​ថា យេស៊ូ​ ៣២កូន​នោះ​នឹង​ត្រលប់​ជា​អ្នក​​ដ៏​អស្ចារ្យ ហើយ​គេ​នឹង​ហៅកូន​នោះ​​​ថា​ ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ឯ​ព្រះអម្ចាស់​ដ៏ជា​ព្រះ​ នឹង​ប្រទាន​បល្ល័ង្ក​របស់​ស្តេច​ដាវីឌ ដែល​​ជា​ដូនតា​ឲ្យទៅ​​ព្រះអង្គ ៣៣រួច​ព្រះអង្គ​នឹងគ្រប់គ្រង លើពូជពង្សរបស់​លោកយ៉ាកុបអស់កល្ប​ជានិច្ច ហើយនគររបស់​ព្រះអង្គ​គ្មាន​ទី​បញ្ចប់​ឡើយ»។​ ៣៤ប៉ុន្ដែ​នាង​ម៉ារា​សួរ​ទៅ​ទេវតា​ថា៖ «តើ​ការ​នេះ​នឹងបាន​សម្រេច​យ៉ាងដូចម្តេច បើ​ខ្ញុំ​មិនទាន់​ស្គាល់ប្រុស​ណា​ផង​?»​ ៣៥ទេវតា​ឆ្លើយ​តប​ទៅ​នាង​ថា​៖ «ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​យាង​មក​សណ្ឋិត​លើ​​នាង​ ហើយ​អំណាច​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ​​នឹង​គ្របបាំង​នាង​​ដោយ​ស្រ​មោល។​ ដូច្នេះ​គេនឹងហៅបុត្រ​តូចដ៏បរិសុទ្ធ​ ដែលនឹង​កើត​មក​នោះ​ថា ព្រះរាជបុត្រា​របស់​ព្រះ​ជាម្ចាស់​ ៣៦ហើយ​មើល៍! នាង​អេលីសាបិត​សាច់ញាតិ​របស់​នាង ​ក៏​មានគភ៌​ជា​កូនប្រុស​ម្នាក់​ដែរ​ក្នុង​វ័យចាស់ជរា និង​ក្នុង​កាលដែល​គេ​ហៅ​ថា​ស្ត្រីអារ ​នាងមាន​ផ្ទៃ​ពោះ​ប្រាំមួយ​ខែ​​ហើយ​ ៣៧ដ្បិត​គ្មាន​អ្វី ​ដែល​ព្រះជាម្ចាស់​ធ្វើ​មិន​កើតនោះ​​ឡើយ»។ ​ ៣៨​នាង​ម៉ារា​ក៏​និយាយ​ទៅ​ទេវតា​ថា៖ «មើល៍ នាងខ្ញុំ​ជា​បាវ​បម្រើ​​របស់​ព្រះអម្ចាស់ សូម​ឲ្យសម្រេច​ដល់​ខ្ញុំ​តាម​ពាក្យ​សំដី​របស់​លោក​ចុះ!» រួច​ទេវតា​ក៏​ចាកចេញ​ពី​នាង​ទៅ។​

នាង​ម៉ារា​សួរ​សុខទុក្ខ​នាង​អេលីសាបិត​

៣៩នៅ​គ្រា​នោះ នាង​ម៉ារា​ក៏​ក្រោកឡើងធ្វើ​ដំណើរ​​​ទៅ​តំបន់ភ្នំ ​ដោយ​ប្រញាប់ប្រញាល់ សំដៅ​ទៅ​ក្រុង​មួយ ​ក្នុង​ស្រុកយូដា ៤០រួច​នាង​ក៏​ចូល​ទៅ​​ក្នុង​ផ្ទះ​របស់​លោក​សាការី ហើយ​បាន​ជម្រាប​សួរ​នាង​អេលី​សាបិត។​ ៤១ពេល​នាង​អេលីសាបិត​បាន​ឮ​ពាក្យ​ជម្រាប​សួរ​របស់​នាង​ម៉ារា ទារក​នៅ​ក្នុង​ផ្ទៃ​របស់​នាង​ក៏​បំរះឡើង​ ឯ​​​​នាង​អេលីសាបិតបានពេញដោយព្រះវិញ្ញាណ​បរិសុទ្ធ ៤២រួច​នាង​ក៏​ស្រែក​ ដោយ​សំឡេង​ខ្លាំងៗថា៖ «អ្នក​មាន​ពរ​ណាស់ ​​ក្នុងចំណោម​ពួក​ស្ដ្រី ឯ​កូន​ក្នុងផ្ទៃ​របស់​អ្នក​ គឺជា​ព្រះពរ​ហើយ ​៤៣តើ​នេះ​កើតឡើង​ចំពោះ​ខ្ញុំ​ យ៉ាង​ដូច​ម្ដេចហ្ន៎ បានជា​មាតា​របស់​ព្រះអម្ចាស់​នៃ​ខ្ញុំ មក​ឯ​ខ្ញុំ​ដូច្នេះ?​ ៤៤ព្រោះ​​មើល៍ ពេល​សំឡេង​​​ជម្រាប​សួរ​របស់​អ្នក ​បាន​ឮដល់​ត្រចៀក​ខ្ញុំ ទារក​​ក្នុង​ផ្ទៃ​របស់​ខ្ញុំ​បាន​បម្រះ​​ដោយអំណរ ​៤៥ស្ដ្រី​​ណា​ដែល​ជឿ​ថា ​សេចក្ដី​ដែល​ព្រះអម្ចាស់ ​បាន​មាន​បន្ទូល​​នឹង​សម្រេច​ពិត​ប្រាកដ​មែន នោះ​មាន​ពរ​ហើយ»។

ចម្រៀង​​នាងម៉ារា​

៤៦រួច​​នាង​ម៉ារា​តប​ថា៖ «ព្រ​លឹង​ខ្ញុំ​លើក​តម្កើង​​ព្រះអម្ចាស់​ ៤៧ហើយ​វិញ្ញាណ​ខ្ញុំ​ សប្បាយ​រីករាយ​​ខ្លាំងណាស់​នឹង​ព្រះជាម្ចាស់​ ជា​ព្រះអង្គ​សង្គ្រោះ​នៃ​​​ខ្ញុំ ​៤៨ដ្បិត​ព្រះអង្គ​ បាន​ទតសណ្ដោស​ដល់​ភាពទន់​ទាប​នៃ​បាវបម្រើ​​របស់​ព្រះអង្គ។​ មើល៍​ ចាប់ពី​ពេលនេះ​តទៅ​ មនុស្ស​គ្រប់​ជំនាន់​នឹង​រាប់​ខ្ញុំ​ថា​ជា​អ្នក​មាន​ពរ​ ៤៩ព្រោះ​ព្រះ​ដ៏​មាន​អំណាច បាន​ធ្វើ​ការអស្ចារ្យ​ដល់​ខ្ញុំ ហើយ​ព្រះ​នាម​ព្រះអង្គ​ក៏​បរិសុទ្ធ​ ៥០​​​សេចក្ដី​មេត្ដា​ករុណា​របស់ព្រះអង្គ​មាន​ដល់​អស់​អ្នក ​ដែល​កោតខ្លាច​ព្រះអង្គ​រហូត​តរៀងទៅ​ ៥១ព្រះអង្គ​បាន​ធ្វើ​ការ​យ៉ាង​អស្ចារ្យ​​ ដោយ​ព្រះហស្ដ​​​របស់​ព្រះ​អង្គ ហើយ​កំចាត់កំចាយអំនួត​ចេញ​ពី​ក្នុង​ចិត្ដ​គំនិត​របស់​មនុស្ស​ ៥២ព្រះអង្គ​ទម្លាក់​ស្ដេច​ពី​បល្ល័ង្ក​របស់​គេ ហើយ​លើកតម្កើង​អ្នកទន់ទាប ៥៣ហើយ​បំពេញ​​​អស់​អ្នក​ស្រេក​ឃ្លាន​ ដោយ​សេចក្ដីល្អ និង​បញ្ចូន​អ្នក​មាន​ឲ្យ​ទៅ​ ដោយ​ដៃទទេ​ ៥៤ដោយ​នឹកចាំ​ពី​សេចក្ដី​មេត្តា​ករុណា ព្រះអង្គ​ជួយ​អ៊ីស្រាអែល​​ ជា​បាវ​បម្រើ​របស់​ព្រះអង្គ​ ៥៥ដូចដែល​ព្រះអង្គ​បាន​មានបន្ទូល ​នឹង​ដូនតា​របស់​យើង គឺ​លោកអ័ប្រាហាំ និង​ពូជពង្ស​របស់​គាត់​រហូត​ត​រៀង​មក»។​ ៥៦នាង​ម៉ារា​បាន​ស្នាក់នៅ​ជាមួយ​ នាង​អេលីសាបិត ​ប្រហែល​បី​ខែ​ ហើយក៏​ត្រលប់​ទៅ​ផ្ទះ​របស់​នាង​វិញ។​

កំណើត​របស់លោកយ៉ូហាន​

៥៧កាល​នាង​អេលីសាបិត​ គ្រប់​ខែ ​សម្រាល​កូន នាង​ក៏​សម្រាល​​បាន​កូនប្រុស​ម្នាក់។​ ៥៨​ពេល​​អ្នកជិតខាង និង​សាច់ញាតិ​របស់​នាង​បាន​ឮ​ថា ព្រះអម្ចាស់​ បានសំដែង​​​សេចក្ដីមេត្ដាករុណា​ ដ៏​សម្បើម​​​ដល់​នាង ពួកគេ​ក៏​អរ​សប្បាយ​ជាមួយ​នាង។​ ៥៩លុះដល់​ថ្ងៃ​ទីប្រាំបី ពួកគេ​បាន​មក ដើម្បី​​ធ្វើ​ពិធី​កាត់ស្បែក​ឲ្យទារក​នោះ ហើយ​ចង់​ដាក់​ឈ្មោះ​​ថា សាការី​តាម​ឈ្មោះ​របស់​ឪពុក​ ៦០ប៉ុន្ដែ​​ម្ដាយ​របស់​ទារកនោះ​ឆ្លើយ​ថា​៖ «ទេ​ ត្រូវ​ដាក់​ឈ្មោះ​ថាយ៉ូហានវិញ»។​​ ៦១ពួកគេ​និយាយ​ទៅ​នាង​ថា​៖ «គ្មាន​អ្នក​ណា​ម្នាក់​ក្នុង​ចំណោមសាច់ញាតិអ្នក ​មានឈ្មោះ​ហ្នឹង​ទេ» ៦២ហើយ​ពួកគេ​ធ្វើសញ្ញា​សួរ​ទៅ​ឪពុក​របស់​ទារក​នោះ​ថា​ តើ​គាត់​ចង់​ដាក់​ឈ្មោះ​អ្វី។​ ៦៣​គាត់​ក៏​សុំ​ក្តារឆ្នួន​មួយ ហើយ​សរសេរ​ថា ឈ្មោះ​របស់​ទារកនេះ​គឺ យ៉ូហាន។​ ​គេ​គ្រប់គ្នា​ក៏​នឹកអស្ចារ្យ។​ ៦៤រំពេច​នោះ​មាត់ និង​អណ្ដាត​របស់​គាត់​បាន​ហើបឡើង គាត់​ក៏​ពោល​សរសើរតម្កើង​ព្រះជាម្ចាស់​ ៦៥ហើយ​អ្នកទាំង​ឡាយ​ដែល​​រស់នៅជុំវិញ ​​​មាន​សេចក្តី រន្ធត់​ជា​ខ្លាំង ពួក​​គេ​បាន​និយាយគ្នា​អំពី​ហេតុការណ៍​ទាំង​អស់នេះ ​នៅក្នុង​តំបន់ភ្នំ​នៃ​ស្រុកយូដា​ទាំង​មូល។​ ៦៦អស់​អ្នក​ដែល​បាន​ឮ ក៏​រក្សាទុក​ក្នុង​ចិត្ដ​ទាំង​និយាយ​គ្នា​ថា​៖ «ដូច្នេះ​ ​តើ​ទារក​នេះ​នឹង​ត្រលប់​​​ជា​អ្វី​? ដ្បិត​ព្រះ​ហស្ដ​​​របស់​ព្រះអម្ចាស់​នៅ​ជាមួយ​វា​យ៉ាង​ប្រាកដ»។​

លោក​សាការី​​ថ្លែង​ព្រះបន្ទូល

៦៧ឯ​លោក​សាការី ជា​ឪពុកបាន​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ក៏​ថ្លែងព្រះបន្ទូល​ថា​៖ ៦៨«សូម​ឲ្យព្រះអម្ចាស់ជា ព្រះ​នៃ​អ៊ីស្រាអែល​ ប្រកប​ដោយ​ព្រះ​ពរ ដ្បិត​ព្រះអង្គ​បានមក​មើល និង​ធ្វើឲ្យសេចក្តីប្រោសលោះ​ សម្រាប់​ប្រជា​រាស្ដ្រ​របស់​ព្រះអង្គ​បានសម្រេច​ ៦៩ព្រម​ទាំង​បាន​លើក​ស្នែង​នៃ​សេចក្ដីសង្គ្រោះ​​​ឡើង​សម្រាប់​យើង​ នៅក្នុង​ពូជពង្ស​របស់​ដាវីឌ​ជា​បាវ​បម្រើ​របស់​ព្រះអង្គ​ ៧០ដូច ដែល​ព្រះអង្គ ​បាន​មាន​បន្ទូលតាមរយៈ​មាត់ពួកអ្នកនាំព្រះបន្ទូលដ៏​បរិសុទ្ធ​របស់​ព្រះអង្គ​តាំងពី​ដើម​រៀង​មក ​៧១គឺជា​​សេចក្តី​សង្គ្រោះ​ឲ្យផុត​ពី​ខ្មាំងសត្រូវ​របស់​យើង និង​ពី​ដៃ​របស់​មនុស្ស​ទាំងអស់​ដែល​ស្អប់​យើង​ ៧២ដើម្បី​ប្រោសប្រទានសេចក្ដី​មេត្ដា​ករុណា​ ដល់​ដូនតា​របស់​យើង និង​ដើម្បី​នឹកចាំ​ពី​កិច្ចព្រមព្រៀង​ដ៏​បរិសុទ្ធ​របស់​ព្រះអង្គ​ ៧៣ជា​សម្បថ​ដែល​ព្រះអង្គ​បាន​ស្បថ​នឹងលោកអ័បា្រហាំ ជា​ដូនតា​របស់​យើង គឺ​​ប្រោស​ប្រទាន​ឲ្យ យើង​ ៧៤ផុត​ពី​ដៃ​ខ្មាំងសត្រូវទាំង​ឡាយ​​របស់​យើង ដើម្បី​​ឲ្យ​យើង​បម្រើ​ព្រះអង្គ​​ដោយ​ឥត​ភ័យខ្លាច​ ៧៥ដោយ​សេចក្តី​បរិសុទ្ធ និង​សេចក្ដីសុចរិតក្នុង​ព្រះ​វត្ដ​មាន ​​របស់​ព្រះអង្គ​អស់​មួយជីវិត​របស់​យើង។​ ៧៦ឱ​ ទារក​តូច​អើយ!​ អ្នក​នឹង​ត្រូវគេ​ហៅ​ដែរ​ថា ​ ជា​អ្នក​នាំព្រះបន្ទូល​របស់​ព្រះ​ដ៏ខ្ពស់បំផុត ដ្បិត​អ្នក​នឹង​ទៅមុខ​មុន​ព្រះអ​ម្ចាស់ ដើម្បី​រៀបចំ​ដំណើរ​របស់​ព្រះអង្គ ៧៧និង​​ផ្តល់​ការយល់ដឹង​ដល់​ប្រជាជនរបស់​ព្រះអង្គ អំពី​សេចក្តីសង្គ្រោះ ដោយ​​ការ​លើក​លែង​ទោស​បាបរបស់​ពួកគេ ៧៨ទៅ​តាមព្រះហឫទ័យ​មេត្តាករុណា របស់​ព្រះជាម្ចាស់​នៃ​យើង ​ដែល​ជា​​ការ​បំភ្លឺ​ពី​ស្ថានសួគ៌​ មក​ប្រោស​​យើង ៧៩ដើម្បី​បំភ្លឺ​ដល់​អស់​អ្នក​ដែល​នៅ​ក្នុង​​សេចក្ដី​ងងឹត និង​អស់​អ្នកដែល​អង្គុយ​ក្រោម​ស្រមោល​នៃ​សេចក្ដីស្លាប់ ហើយ​ដើម្បី​នាំ​ជើង​យើង ​ទៅ​ក្នុង​ផ្លូវ​នៃ​សេចក្ដី​សុខ​សាន្ដ»។​ ៨០ទារក​នោះ​បាន​ចម្រើន​វ័យ​ឡើង ព្រមទាំង​មាន​ភាព​មាំមួន​ខាង​វិញ្ញាណ ហើយ​​គាត់​បាន​រស់នៅ​ក្នុង​ទីរហោឋាន​​រហូតដល់​ថ្ងៃ​ ដែល​គាត់​បាន​បង្ហាញ​ខ្លួន​ដល់​ជនជាតិ​អ៊ីស្រាអែល។

លូកា ១