KCB - យូដាស ១


យូដាស

យូដាស

ពាក្យជម្រាបសួរ​ពី​លោកយូដាស​

ខ្ញុំ​យូដាស ជា​បាវ​បម្រើ​របស់​ព្រះ​យេស៊ូ​​គ្រិស្ដ ហើយ​ជា​បង​ប្អូន​របស់​លោក​​​យ៉ាកុប ជូន​​ចំពោះ​អស់​អ្នក​ដែលព្រះអង្គ​បាន​ត្រាស់​​ហៅ​ គឺ​អស់​អ្នកដែល​ព្រះជាម្ចាស់​ ដ៏ជា​ព្រះវរបិតា​​ស្រឡាញ់ ​ហើយ​​រក្សាទុក​​សម្រាប់​ព្រះ​យេស៊ូ​គ្រិស្ដ​ សូមឲ្យ​អ្នករាល់គ្នា​បាន​​ប្រកប​ដោយ​សេចក្ដី​មេត្តាករុណា ​សេចក្តី​សុខ​សាន្ត និង​​​សេចក្ដី​ស្រឡាញ់​​កាន់​តែ​ច្រើន​​​ឡើងៗ។​​

គ្រោះថ្នាក់នៃ​​​សេចក្ដីបង្រៀនខុសឆ្គង​

បងប្អូន​ជា​ទី​ស្រឡាញ់​អើយ! នៅ​ពេល​ខ្ញុំ​ខ្នះខ្នែង​យ៉ាង​ខ្លាំង​ ដើម្បី​សរសេរមក​ឯអ្នក​រាល់​គ្នា​ អំពី​សេចក្ដី​សង្គ្រោះ​ដែល​យើង​បាន​ទទួល​រួមគ្នា​ នោះ​ខ្ញុំ​យល់​ឃើញ​ថា ​ខ្ញុំ​ត្រូវតែ​សរសេរ​ដាស់​​តឿន​អ្នករាល់គ្នាឲ្យ​ខំ​តយុទ្ធ​ដើម្បីជំនឿ ដែល​បាន​ប្រគល់​មក​ពួក​បរិសុទ្ធ​មួយ​ដង ​ជា​សម្រេច។​ ដ្បិត​មាន​មនុស្ស​ខ្លះ​បាន​ជ្រៀតចូល​មក​ដោយ​លួច​លាក់ គឺជា​ពួក​ដែល​ត្រូវបាន​​កត់​ទុក​ តាំង​ពី​ដើម​មកសម្រាប់ការជំនុំជម្រះនេះ ពួកគេជា​មនុស្ស​ មិន​​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់ គេ​បានផ្លាស់ប្ដូរ​ព្រះ​គុណ​របស់​ព្រះជាម្ចាស់​នៃ​យើង​ ទៅជាការល្មោភកាម ហើយ​​បដិសេធ​មិនព្រម​ទទួល​ស្គាល់​ព្រះ​យេស៊ូ​គ្រិស្ដ​ជា​ចៅ​ហ្វាយ និង​ជា​ព្រះអម្ចាស់​តែ​មួយ​គត់របស់​​យើងទេ។​

អ្នក​រាល់​គ្នា​បាន​ដឹង​សេចក្ដី​ទាំង​នេះ​រួច​ហើយ ប៉ុន្ដែ​ខ្ញុំ​ចង់​រំឭកអ្នករាល់គ្នា​ថា ​​​ព្រះ​អ​ម្ចាស់​បាន​សង្គ្រោះ​ប្រជាជន​របស់​ព្រះអង្គឲ្យ​​ចេញ​​ផុត​ពី​ទឹក​ដី​ស្រុក​អេស៊ីព្ទ ក្រោយ​មក​ទៀត​ ​​ព្រះ​អង្គ​ក៏​បំផ្លាញ​ពួក​​អ្នក​ដែល​មិន​ជឿ​ រីឯ​ពួក​ទេវតា​ដែល​មិន​បាន​រក្សា​ឋានៈ​របស់​ខ្លួន ហើយ​​បាន​បោះ​បង់​ចោល​លំនៅ​របស់​ខ្លួន នោះ​ព្រះអង្គ​បាន​ឃុំ​ទុក​ក្នុង​ទី​ងងឹត ទាំង​ជាប់​ចំណង​អស់កល្ប​ជានិច្ច ទុក​សម្រាប់​ជំនុំ​ជម្រះ​នៅ​ថ្ងៃ​ដ៏​អស្ចារ្យ​​នោះ​ ដូច​ជា​ក្រុង​សូដុម ក្រុង​កូម៉ូរ៉ា​ និង​​ក្រុង​ផ្សេង​​ទៀត​ដែល​នៅ​ជុំ​វិញ​នោះ​ដែរ​ ដែល​បានប្រព្រឹត្ត​អំពើអសីលធម៌ខាងផ្លូវភេទ ហើយ​​ដេញតាម​ចំណង់​រួម​ភេទ​​ខុស​​ធម្មតា​ ដូចជា​ពួក​ទេវតា​ទាំង​នោះដែរ​ ពួក​​គេ​ត្រលប់​ជាគំរូអំពី​ការ​ទទួល​ទណ្ឌកម្ម ​នៅក្នុង​ភ្លើង​អស់​កល្ប​​ជា​និច្ច។

ទោះជាយ៉ាងណាក៏ដោយ មនុស្ស​ទាំង​នោះ​ក៏​ដូច្នោះ​ដែរ ពួកគេរវើរវាយ ហើយ​ធ្វើ​ឲ្យ​​រូបកាយ​ ទៅ​ជា​ស្មោក​គ្រោក ទាំង​បដិសេធ​អំណាច​​គ្រប់​គ្រង និង​ជេរ​ប្រមាថ​ដល់​ពួក​អ្នក​​ ដែល​ប្រកប​ដោយ​សិរីរុងរឿង​ផង។​ រីឯ​មហា​ទេវតា​មីកែល ពេល​គាត់​ជជែក​ដេញ​ដោល​​ និង​​ឈ្លោះ​ប្រកែក​ជា​មួយ​អារក្សសាតាំង​​​​ អំពី​សព​របស់​​លោក​ម៉ូសេ នោះ​គាត់​មិន​ហ៊ាន​ចោទ​ប្រកាន់​វាដោយ​ពាក្យ​ប្រមាថ​​​ឡើយ គឺ​គាត់​​បាន​និយាយ​​ថា​៖ «សូម​ឲ្យ​ព្រះអម្ចាស់​បន្ទោស​ឯង​ចុះ»។​ ១០រីឯ​អ្នក​ទាំង​​នោះ​វិញ​ ពួក​គេ​​ប្រមាថ​អ្វី​ៗ ​ដែល​ខ្លួន​មិន​ស្គាល់ ហើយ​អ្វី​ៗដែល​ពួកគេ​ស្គាល់​តាម​ធម្មតា​ដូច​​សត្វតិរិ​ច្ឆាន​ ពួក​គេ​នឹង​វិនាស ដោយសារសេចក្ដីទាំងនោះវិញ។​ ១១វេទនា​ដល់​អ្នក​ទាំង​នោះហើយ​ពី​ព្រោះ​ពួកគេ​បាន​ទៅ​តាម​ផ្លូវ​របស់​កាអ៊ីន និងបាន​​ស្ទុះ​ចូល​ ទៅ​ក្នុង​សេចក្ដី​វង្វេង​របស់​បាឡាម ដើម្បី​បាន​កម្រៃ​ ហើយ​បាន​វិនាស​នៅក្នុង​ការ​បះបោ​ររបស់​កូរេ។

១២មនុស្ស​ទាំង​នោះ​ជា​ស្នាម​ប្រឡាក់​នៅក្នុង​ពិធីបរិភោគ​អាហារ​រួមគ្នា​ ដោយ​ក្តី​ស្រឡាញ់​របស់​អ្នក​រាល់គ្នា​ ពួកគេ​បរិភោគ​ជាមួយ​អ្នក​រាល់​គ្នា ​ដោយ​ឥត​ភ័យ​ខ្លាចឡើយ​​ ពួកគេ​​ចិញ្ចឹម​តែ​ខ្លួន​ឯង​ទេ​ ពួកគេ​ជា​ពពកគ្មាន​ទឹក ដែល​ត្រូវ​ខ្យល់​បក់​ផាត់​ទៅ​មក ជា​ដើម​ឈើ​នៅ​រដូវ​ត្រជាក់​ដែលគ្មានផ្លែ ងាប់​ពីរ​ដង​ ហើយ​ត្រូវ​រម្លើង​​ឫស​ ១៣ពួកគេ​ជា​រលក​សមុទ្រ​ដ៏​កំណាច ដែល​បែក​ពពុះ​ចេញ​ជា​សេចក្ដី​អាម៉ាស់​របស់ខ្លួនឯង​ ​​​ជា​ផ្កាយ​វង្វេង​ទិស ដែល​មានសេចក្ដី​ងងឹត​សូន្យ​សុង​អស់​កល្ប​​ជានិច្ច បាន​បម្រុង​ទុក​សម្រាប់​ពួកគេ។​

១៤​លោក​ហេណុកដែល​​ជា​តំណ​ទី​ប្រាំ​ពីរ​បន្ទាប់​ពី​លោក​អ័ដាម គាត់​បាន​ថ្លែង​ទុក​អំពី​មនុស្ស​ទាំង​នោះ​ថា​ ​មើល៍ ព្រះ​អម្ចាស់​​បាន​យាង​មក ជា​មួយ​ពួក​បរិសុទ្ធ​របស់​ព្រះ​អង្គ​ជា​ច្រើន​អនេក​ ១៥ដើម្បី​​ជំនុំ​ជម្រះ​មនុស្ស​ទាំង​អស់ ហើយ​​បង្ហាញ​ពួកគេ​គ្រប់គ្នា​ឲ្យ​ដឹង​កំហុស ​អំពី​ការ​ប្រព្រឹត្តិ​ទាំង​ឡាយ​របស់​ពួកគេដោយ​​មិន​គោរពកោត​ខ្លាច​ព្រះជាម្ចាស់​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ និង​អំពី​ពាក្យ​សំដី​អសុរោះ​ទាំងឡាយ ដែល​មនុស្ស​បាប​​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់​បាន​និយាយ​​ទាស់​នឹង​ព្រះអង្គ​។​ ១៦មនុស្ស​ទាំង​នោះ​ជា​ពួក​រអ៊ូ​រទាំ ហើយ​ត្អូញត្អែរ ពួក​គេ​រស់នៅ​​តាម​​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន ហើយ​​មាត់​របស់​ពួកគេ​ និយាយ​ពាក្យ​អួត​អាង ពួក​គេ​តែងតែ​បញ្ចើចបញ្ចើ​មនុស្ស ដើម្បី​​ផល​ប្រយោជន៍។​

ការ​រក្សា​ភាព​ស្មោះត្រង់​

១៧បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ ចូរ​នឹក​ចាំ​ពី​​ពាក្យ ដែល​ពួក​សាវក​របស់​ព្រះយេស៊ូ​គ្រិស្ដ​​ ជាព្រះអម្ចាស់​​នៃ​យើងបាន​ប្រាប់ជាមុន​រួចហើយ។​ ១៨ពួក​គាត់​​បាន​ប្រាប់​អ្នករាល់គ្នា​ថា​ ​នៅ​គ្រា​ចុង​ក្រោយ​បំផុតនឹង​មាន​មនុស្ស​​ចំអក​ ពួកគេ​រស់នៅ​​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​ដែល​មិនគោរពកោតខ្លាច​ព្រះជាម្ចាស់។​ ១៩អ្នក​​ទាំង​នេះ ​ជា​អ្នកធ្វើ​ឲ្យ​មាន​ការ​បែកបាក់​ ជា​​មនុស្ស​ខាង​សាច់​ឈាម​ ហើយ​គ្មាន​ព្រះ​វិញ្ញាណ​​ទេ។​

២០រីឯអ្នករាល់គ្នា​វិញ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ ចូរ​​ស្អាង​ខ្លួនឡើង​នៅក្នុង​​​ជំនឿ​ដ៏​បរិសុទ្ធ​​បំផុត​របស់​អ្នករាល់គ្នា​ ទាំងអធិស្ឋាន​​ក្នុង​ព្រះ​វិញ្ញាណ​​បរិសុទ្ធ​​ចុះ ២១ចូរ​រក្សា​ខ្លួន​​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ជាម្ចាស់​ចុះ ទាំង​ទន្ទឹងរង់ចាំ​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​​របស់​​យើង សម្រាប់​ជីវិត​អស់កល្ប​ជានិច្ច។​

២២ចូរ​​​​មេត្តា​ដល់​​អ្នក​ខ្លះដែល​សង្ស័យ ២៣ហើយ​ជួយ​សង្គ្រោះ​​អ្នក​ដទៃ ដោយ​​ឆក់​យក​ពួកគេ​ចេញ​​ពី​ភ្លើងផង។​​ ចូរ​​មេត្តា​ដល់​អ្នក​ខ្លះ​ទៀត ទាំង​ភ័យ​ខ្លាច ព្រម​ទាំងស្អប់ខ្ពើម សូម្បីតែអាវ​​ដែលស្មោក​គ្រោក​ ដោយសារ​រូបកាយ​របស់គេ។​

សេចក្ដីអធិស្ឋាន និងការ​សរសើរ​

២៤សូម​ឲ្យ​​​​ព្រះអង្គ​​ដែល​អាច​រក្សា​អ្នករាល់គ្នា​មិន​ឲ្យ​​ជំពប់​ដួល និង​បាន​ដាក់​​​អ្នករាល់គ្នា​ ឲ្យ​​នៅ​ពីមុខ​សិរី​រុងរឿង​របស់​​ព្រះអង្គដោយ​ឥត​​បន្ទោស​បាន​ និង​ដោយ​មាន​អំណរ​​ ២៥គឺ​ជា​ព្រះជាម្ចាស់​តែ​មួយ​ ដែល​​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ តាមរយៈព្រះ​យេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ បាន​​​ប្រកប​ដោយ​សិរីរុងរឿង ភាព​ឧត្តុង្គ​ឧត្ដម ព្រះចេស្ដា និង​សិទ្ធិ​អំណាច តាំង​ពី​មុន​អស់​កល្បជានិច្ច ទាំង​នៅ​ពេល​ឥឡូវ​នេះ​ ដរាប​​អស់​កល្ប​ជានិច្ច។ អាម៉ែន​៕

យូដាស