KCB - យ៉ូហាន ៩


យ៉ូហាន ៩

ព្រះយេស៊ូប្រោស​មនុស្សខ្វាក់​ពីកំណើត​

កាល​ព្រះអង្គ​ កំពុង​យាងទៅ ព្រះអង្គ​ក៏​ទត​ឃើញ​បុរស​ម្នាក់​ខ្វាក់​ភ្នែក​តាំងពី​កំណើត​ ពួក​សិស្ស​ទូល​សួរ​ព្រះអង្គ​ថា៖ «លោក​​​​គ្រូ តើបុរស​នេះ​ជា​​អ្នក​មាន​បាប ឬមួយ​​​ឪពុក​ម្តាយ​​របស់​គាត់ជាអ្នកមានបាប បានជា​គាត់​​កើត​មក​ ខ្វាក់​ភ្នែក​ដូច្នេះ»​ ព្រះ​យេស៊ូ​មានបន្ទូល​តប​ថា៖ «មិនមែន​ដោយសារ​បុរស​នេះ ឬ​ឪពុក​ម្តាយ​របស់​គាត់​បាន​ធ្វើ​បាប​ទេ ប៉ុន្ដែដើម្បី​ឲ្យកិច្ចការរបស់​ព្រះជាម្ចាស់​បាន​​សំដែង​មក ​តាម​​រយៈ​គាត់​វិញ​ ដ្បិត​យើង​ត្រូវ​បំពេញ​កិច្ចការ​របស់​ព្រះមួយអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យមក​ ទាន់​​នៅ​​ថ្ងៃ​នៅឡើយ ដល់​ពេល​យប់ គ្មាន​នរណា​​អាច​​ធ្វើ​ការ​បាន​ទៀត​ទេ។​ កាល​ណា​ខ្ញុំ​នៅ​ក្នុង​ពិភពលោក​នេះ ខ្ញុំ​ជា​ពន្លឺ​នៃ​ពិភពលោក​នេះ»​ពេល​មានបន្ទូល​អំពី​សេចក្ដី​ទាំងនោះ​រួចហើយ ព្រះ​អង្គក៏​ស្តោះ​ទឹក​មាត់​ទៅលើ​ដី ហើយ​​យក​ទឹក​មាត់​ធ្វើជា​ភក់​ លាប​លើ​ភ្នែក​របស់​បុរសនោះ​ រួច​ព្រះអង្គ​មានបន្ទូល​ទៅ​គាត់​ថា​៖ «ចូរ​ទៅ​លាង​ក្នុង​​ស្រះ​ស៊ីឡោម​ចុះ»​(ពាក្យ​ស៊ីឡោមមាន​ន័យ​ថា ចាត់​ឲ្យ​ទៅ​) ដូច្នេះគាត់​ក៏​ទៅ​លាង ហើយ​ត្រលប់​មកវិញ​ ទាំងមើលឃើញ​ នោះ​ពួក​​អ្នកជិតខាង និង​ពួក​អ្នក​ដែល​​​ធ្លាប់​ឃើញ​គាត់ជា​អ្នក​សុំទាន​ពី​ដើម​មក បាន​និយាយ​ថា៖ «តើ​​បុរស​នេះមិន​មែនជា​អ្នក​ ដែល​ធ្លាប់តែ​អង្គុយ​​សុំទានទេឬ​?» ​អ្នក​ខ្លះ​ថា​៖ «គឺ​គាត់​ហ្នឹង​ហើយ!» អ្នក​ខ្លះ​ទៀតថា៖ «ទេ​! គាត់​គ្រាន់តែ​ស្រដៀង​នឹង​អ្នក​នោះ​!» ប៉ុន្ដែ​គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ!»​​ ១០ដូច្នេះពួកគេ​ក៏​សួរ​គាត់​​ថា៖ «តើ​ដូចម្តេច​ បានជា​ភ្នែក​របស់​អ្នក​ភ្លឺ​?»​ ១១បុរស​នោះ​ឆ្លើយ​ថា៖ «មាន​ម្នាក់​ឈ្មោះយេស៊ូបាន​ធ្វើ​ភក់​លាប​ភ្នែក​របស់​ខ្ញុំ រួច​ប្រាប់​ខ្ញុំ​ឲ្យទៅ​លាង​នៅក្នុង​ស្រះ​ស៊ីឡោម ដូច្នេះខ្ញុំ​បាន​ទៅ​លាង ហើយ​​ក៏​មើលឃើញ»​ ១២ពួកគេ​សួរ​គាត់​ទៀត​ថា៖ «តើ​អ្នក​នោះ​នៅ​ឯណា​?» គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​​មិន​ដឹង​ទេ!»​

១៣ពួកគេ​ក៏​នាំ​បុរស​ខ្វាក់​ភ្នែក​កាល​ពីមុន​នោះ ​ទៅ​​ជួប​ពួក​អ្នកខាងគណៈផារិស៊ី។​ ១៤ថ្ងៃ​ដែល​ព្រះ​យេស៊ូ​បាន​ធ្វើ​ភក់ ហើយ​ប្រោស​ភ្នែក​របស់​គាត់​​ឲ្យភ្លឺ គឺ​ចំ​ថ្ងៃ​សប្ប័ទ។​ ១៥ដូច្នេះ ពួក​អ្នក​ខាង​គណៈផារិស៊ី​​បាន​សួរ​គាត់​ម្តងទៀត ​អំពី​របៀប​​ដែល​ធ្វើឲ្យគាត់​មើលឃើញ នោះ​គាត់​ប្រាប់​ពួកគេវិញ​ថា​៖ «គាត់​បាន​យក​ភក់​មក​លាប​លើ​ភ្នែក​របស់ខ្ញុំ រួច​ខ្ញុំ​បាន​ទៅ​លាង ហើយ​ក៏​មើលឃើញ»។​ ១៦ពេលនោះ ពួក​អ្នកខាង​គណៈ​ផារិស៊ីខ្លះនិយាយ​ថា៖ «អ្នកនោះ​មិន​មែន​​មកពីព្រះជាម្ចាស់​ទេ ពី​ព្រោះគាត់​មិន​គោរព​​ថៃ្ង​សប្ប័ទ» ប៉ុន្ដែ មាន​អ្នក​ខ្លះទៀត​ថា៖ «តើ​​មនុស្ស​បាប​អាច​​ធ្វើ​ទីសំគាល់​​អស្ចារ្យ​បែប​នេះ​ បាន​យ៉ាង​ដូចម្តេច​?» នោះ​ក៏​មាន​ការ​បែកបាក់គ្នា​ ក្នុង​​ចំណោម​ពួកគេ។ ១៧ពួកគេ​ក៏​សួរ​បុរស​ខ្វាក់​ភ្នែក​ពីមុននោះម្តងទៀតថា៖ «តើ​អ្នក​គិត​ថា អ្នក​​​ដែលធ្វើ​ឲ្យភ្នែក​របស់​អ្នក​ភ្លឺ​នោះ ជានរ​ណា​?» ​គាត់​ឆ្លើយ​ថា៖ «គាត់​ជា​អ្នកនាំ​ព្រះ​បន្ទូល»។​ ១៨ប៉ុន្ដែ ពួក​ជនជាតិ​យូដា​មិន​ជឿ​ថា​ គាត់​​ជា​មនុស្ស​ខ្វាក់ ហើយ​បាន​មើល​ឃើញ​វិញ​ទេ ដូច្នេះ​ក៏​ហៅ​ឪពុក​ម្តាយ​របស់​គាត់​ដែល​មាន​ភ្នែក​​ភ្លឺ​នោះ​មក​ ១៩សួរ​ថា៖ «តើ​អ្នក​នេះ​ជា​កូន​ប្រុស​របស់​ពួកអ្នក ដែល​ពួកអ្នក​បាន​ប្រាប់ថា​ ខ្វាក់​​ភ្នែក​ពី​កំណើត​ឬ ចុះ​ឥឡូវនេះ ដូចម្ដេចបានជាគាត់​មើលឃើញ​?»​ ២០ឪពុក​ម្តាយ​របស់​គាត់​ឆ្លើយ​ថា៖ «យើង​ព្រមទទួល​ថា នេះ​ជា​កូន​ប្រុស​របស់​យើង ហើយ​វា​ពិត​ជា​ខ្វាក់​ពី​កំណើត​​មែន!​ ២១ប៉ុន្ដែយើង​មិន​ដឹង​ថា ឥឡូវ​នេះ​​ វា​មើលឃើញ​បាន​យ៉ាងដូច​ម្ដេច​​ទេ ហើយក៏​មិន​​ដឹង​ថា​ នរណា​បាន​ធ្វើ​ឲ្យ​ភ្នែក​របស់​វា​ភ្លឺ​ដែរ វា​ដឹងក្ដី​ហើយ សូម​សួរ​វា​ចុះ វា​អាច​ឆ្លើយ​ដោយ​​ខ្លួន​ឯង​បាន»។​​ ២២ឪពុក​ម្តាយ​របស់​គាត់​និយាយ​​ដូច្នេះ ព្រោះ​ខ្លាច​ពួក​ជនជាតិ​យូដា ដ្បិត​ពួក​​ជនជាតិ​យូដា បាន​ព្រមព្រៀង​គ្នា​ហើយ​ថា បើ​អ្នក​ណា​ទទួល​ស្គាល់​ព្រះអង្គ​ថា​ជា​ព្រះ​គ្រិស្ដ ត្រូវ​កាត់​អ្នកនោះ​ចេញពី​សាលាប្រជុំ។ ២៣ហេតុនេះ​បានជា​ឪពុក​ម្តាយ​របស់​គាត់​និយាយ​ថា វា​ដឹងក្ដី​ហើយ សូម​សួរ​វា​ចុះ។​

២៤ដូច្នេះ ពួកគេ​ក៏​ហៅ​បុរស​ខ្វាក់ភ្នែក​ពី​មុន​នោះ​មក​ជា​លើក​ទីពីរ ប្រាប់​ថា​៖​«ចូរ​​​​ថ្វាយ​សិរី​រុង​រឿង ​​ដល់​ព្រះជាម្ចាស់​ដោយ​និយាយ​ការពិត​ចុះ ដ្បិត​​យើង​ដឹង​ថា អ្នក​នោះ​ជា​មនុស្សបាប»​ ២៥គាត់​​ឆ្លើយ​ថា​៖ «ខ្ញុំ​មិន​ដឹង​ថា តើ​អ្នកនោះ​ជា​មនុស្ស​បាប ឬ​យ៉ាង​ណា​ទេ ខ្ញុំ​គ្រាន់តែ​ដឹង​ថា ពីមុន​ខ្ញុំ​ខ្វាក់​​​ភ្នែក ប៉ុន្ដែ​ឥឡូវនេះ ខ្ញុំ​មើលឃើញ»​ ២៦ពួក​គេ​ក៏​សួរ​គាត់​ទៀត​ថា​៖ «តើ​អ្នកនោះ​បាន​ធ្វើ​អ្វី​ឲ្យអ្នក​? តើ​​គាត់​ធ្វើ​ឲ្យភ្នែក​របស់​អ្នក​ភ្លឺ​ ដោយ​របៀប​ណា​?»​ ២៧គាត់​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​បាន​ប្រាប់​អស់​លោក​រួចហើយ ប៉ុន្ដែ​អស់​លោក​​ពុំ​ស្តាប់​ខ្ញុំ​ទេ ហេតុអ្វី​បានជា​អស់​លោក​ចង់​ស្តាប់​ម្តង​​ទៀត តើ​អស់​លោក​ចង់​ធ្វើ​ជា​សិស្ស​របស់​​គាត់​ដែរ​ឬ​?» ២៨ពួក​គេ​ក៏​ប្រមាថ​គាត់​ថា​៖ «ឯង​ទេ ជា​សិស្ស​របស់​អ្នកនោះ រីឯ​​យើង​វិញ ជា​សិស្ស​របស់​លោក​ម៉ូសេ​ ២៩ព្រោះ​យើង​ដឹង​ថា ព្រះជាម្ចាស់បាន​មានបន្ទូល​មក​លោក​ម៉ូសេ​ពិត​មែន ប៉ុន្ដែ​អ្នកនោះ​វិញ យើង​មិន​ដឹង​ថា ​មក​ពី​ណា​​ទេ​!»​ ៣០បុរស​នោះ​ឆ្លើយ​ទៅ​ពួកគេ​ថា​៖ «រឿង​នេះ​ចម្លែក​ណាស់ ដែល​អស់​លោក​មិន​ដឹង​ថា គាត់​មក​ពីណា ប៉ុន្ដែ​គាត់​បាន​ធ្វើ​ឲ្យ​ភ្នែក​ខ្ញុំ​ភ្លឺ។ ៣១យើងដឹង​ស្រាប់​ហើយថា ព្រះជាម្ចាស់​មិន​ស្តាប់​មនុស្សបាបទេ ប៉ុន្ដែបើ​មាន​អ្នក​ណា​ម្នាក់​កោតខ្លាច​ព្រះជាម្ចាស់ ហើយ​ធ្វើ​តាម​បំណង​​​របស់​ព្រះអង្គ ទើប​ព្រះអង្គ​ស្តាប់​អ្នក​នោះ ៣២តាំងពី​ដើម​មក​មិន​ដែល​ឮថា​ មាន​អ្នក​ណា​ម្នាក់​ធ្វើ​ឲ្យ​ភ្នែក​​របស់​មនុស្ស​ខ្វាក់​ពីកំណើត​ភ្លឺ​ឡើយ ៣៣ដូច្នេះ​ បើ​គាត់​មិន​មែន​មក​ពី​ព្រះជាម្ចាស់​ទេ គាត់​ពុំ​អាច​ធ្វើអ្វី​បាន​ឡើយ» ៣៤ពួកគេ​ឆ្លើយ​តប​ទៅ​គាត់​ថា​៖ «ឯង​កើត​មក​មាន​បាប​ទាំង​ស្រុង តើ​ឯង​កំពុង​បង្រៀន​​យើង​ឬ​?» រួច​ពួកគេ​ក៏​បណ្តេញ​គាត់​ចេញ។

ភាព​ខ្វាក់​ខាង​វិញ្ញាណ

៣៥កាល​ព្រះ​យេស៊ូ​ឮ​ថា ពួកគេ​បណ្តេញ​គាត់​ចេញ នោះ​ពេល​ព្រះអង្គ​ជួប​គាត់ ព្រះអង្គ​ក៏​មានបន្ទូល​សួរ​ថា​៖ «តើ​អ្នក​ជឿលើ​កូនមនុស្ស​ ដែរ​ឬទេ?»​ ៣៦គាត់​​ទូលឆ្លើយថា​៖ «លោក​ម្ចាស់​អើយ! តើ​កូន​មនុស្ស​ជា​នរណា ដែល​អាច​ឲ្យខ្ញុំ​ជឿ​គាត់​បាន​?»​ ៣៧ព្រះ​យេស៊ូ​មានបន្ទូល​ទៅ​គាត់​​ថា​៖ «អ្នក​បាន​ឃើញ​គាត់​ហើយ គឺ​អ្នក​ដែល​កំពុង​និយាយ​ជាមួយ​អ្នក​នេះ​ហើយ ជា​កូន​មនុស្ស»​ ៣៨គាត់​ក៏​ទូល​ថា​៖ «ព្រះអម្ចាស់​អើយ! ខ្ញុំ​ជឿហើយ​!» រួច​គាត់​ក៏​ថ្វាយបង្គំ​ព្រះអង្គ។ ៣៩ព្រះ​​​យេស៊ូ​មានបន្ទូល​ថា​៖ «ខ្ញុំ​បាន​មក​ក្នុងពិភព​លោក​នេះ ដើម្បី​ជំនុំ​ជម្រះ​ គឺ​ដើម្បី​ឲ្យពួក​អ្នក​ដែល​មើលមិន​ឃើញ​បាន​ភ្លឺ​ឡើង ហើយ​ឲ្យពួក​អ្នក​ដែល​មើល​ឃើញ​ ត្រលប់ជា​ខ្វាក់​វិញ»៤០កាល​ពួក​អ្នកខាងគណៈផារិស៊ី​ ខ្លះ​ដែល​នៅ​ជាមួយ​ព្រះអង្គ​បាន​ឮ​ដូច្នេះ ក៏​ទូល​សួរ​ព្រះអង្គ​ថា​៖ «តើយើង​ខ្វាក់​ដែរ​ឬ​ទេ​?»​ ៤១ព្រះ​យេស៊ូ​មានបន្ទូល​ទៅ​ពួកគេ​ថា​៖ ​«បើ​អ្នក​រាល់គ្នា​ជា​មនុស្ស​ខ្វាក់ អ្នករាល់គ្នា​គ្មាន​បាប​ទេ ប៉ុន្ដែ​ឥឡូវនេះ​អ្នករាល់គ្នា​និយាយ​ថា យើង​មើល​ឃើញ នោះ​បាប​របស់​អ្នករាល់គ្នា​នៅ​តែ​មាន​

យ៉ូហាន ៩