KCB - យ៉ូហាន ៧


យ៉ូហាន ៧

ព្រះយេស៊ូ និងបងប្អូនរបស់ព្រះអង្គ

បន្ទាប់ពី​ហេតុការណ៍​ទាំងនេះ ព្រះ​យេស៊ូ​​បាន​យាង ​នៅក្នុង​ស្រុក​កាលីឡេ​តែ​ប៉ុណ្ណោះ ដ្បិត​ព្រះអង្គ​មិន​ចង់​យាង​នៅ​ក្នុង​ស្រុក​យូដាទេ ព្រោះ​ពួក​ជនជាតិ​យូដា ​រក​សម្លាប់​ព្រះ​អង្គ។​ពិធី​បុណ្យ​របស់​ជនជាតិ​យូដា គឺ​បុណ្យ​សង់​រោង​​កំពុង​ខិតជិត​មកដល់​ ដូច្នេះ ប្អូន​ៗ​របស់​ព្រះអង្គ​ទូល​ព្រះអង្គ​ថា​៖ «ចូរ​ចេញ​ពី​ទី​នេះ​​ទៅ​ឯ​ស្រុក​យូដា​ទៅ ដើម្បី​ឲ្យពួក​សិស្ស​របស់​បង​បាន​ឃើញ​កិច្ចការ​ដែល​បង​ធ្វើ។​ បើ​អ្នក​ណា​ចង់​ឲ្យគេ​ស្គាល់​ខ្លួន អ្នកនោះ​មិន​ធ្វើ​អ្វី​ស្ងាត់កំបាំង​ឡើយ ដូច្នេះបើ​បង​ធ្វើ​ការ​ទាំងនេះ​មែន ចូរ​បង្ហាញ​ខ្លួន​ ​ឲ្យ​មនុស្ស​លោក​ឃើញ​ផង»​​ គឺ​សូម្បី​​តែ​ប្អូនៗ​របស់​ព្រះអង្គ ក៏​មិន​ជឿ​ព្រះអង្គ​ដែរ​ ដូច្នេះ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេថា​៖ «ពេល​វេលា​របស់​បង​មិន​ទាន់​មក​ដល់​ទេ ប៉ុន្ដែ​​ប្អូនរាល់គ្នា​ធ្វើ​អ្វី​ នៅ​ពេល​ណា​ក៏​បាន។​ មនុស្ស​លោក ​មិន​អាច​ស្អប់​ប្អូនរាល់គ្នា​បាន​ទេ ប៉ុន្ដែ​គេ​ស្អប់​បង ព្រោះ​បង​ធ្វើបន្ទាល់​ពី​គេ​ថា ការប្រព្រឹត្ដិ​របស់​គេ​ជា​សេចក្ដី​អាក្រក់​ ដូច្នេះ ​ចូរ​ប្អូនរាល់គ្នា​ទៅ​ចូលរួម​ពិធី​បុណ្យ​ចុះ រីឯ​​បង​វិញមិន​ទៅ​ចូលរួម​ពិធី​បុណ្យ​នោះ​ទេ ព្រោះ​ពេលវេលា​របស់​បង មិនទាន់​មកដល់»​ កាល​​ព្រះអង្គ​មាន​បន្ទូល ​​​អំពី​សេចក្ដី​ទាំងនេះ​រួចហើយ ព្រះអង្គ​ក៏​នៅ​​​ក្នុង​ស្រុក​កាលីឡេត​ទៅ​ទៀត។

ព្រះយេស៊ូបង្រៀន​នៅក្នុងព្រះវិហារ​

១០ប៉ុន្ដែ ក្រោយពេល​ប្អូនៗ​របស់​ព្រះអង្គ​ បាន​ទៅ​ចូលរួម​ពិធីបុណ្យ​អស់ ព្រះអង្គ​ក៏​យាងទៅ​ដែរ គឺ​ទៅ​ជា​សម្ងាត់​មិន​ឲ្យ​គេ​ដឹង​ឡើយ។​ ១១ពួក​​ជន​ជាតិ​​យូដា​បាន​រក​ព្រះអង្គ​ នៅ​ក្នុង​ពិធី​បុណ្យ​​នោះ ដោយ​សួរ​ថា​៖ «តើ​អ្នក​នោះ​នៅ​ឯ​ណា​?» ១២នោះ​ក៏​កើត​មាន​ការ​ខ្សឹបខ្សៀវ​ជា​ច្រើនក្នុង​ចំណោម​បណ្តា​ជន​អំពី​ព្រះអង្គ មាន​អ្នក​ខ្លះ​ថា៖ «គាត់​ជា​មនុស្ស​ល្អ» ប៉ុន្ដែ​ខ្លះ​ទៀត​ថា «ទេ គឺ​គាត់​កំពុង​បោកបញ្ឆោត​បណ្តាជន»។​

១៣ទោះយ៉ាងណាក្ដី ក៏​គ្មាន​អ្នកណា​និយាយ​អំពី​ព្រះអង្គ​ ដោយ​បើកចំហ​ដែរ ព្រោះ​ខ្លាច​ពួក​ជនជាតិ​យូដា។ ១៤ពេល​ពិធី​បុណ្យ​ឈាន​ដល់​ពាក់​​​កណ្តាល ព្រះ​យេស៊ូ​ក៏​យាងទៅ​បង្រៀន នៅ​ក្នុង​ព្រះ​វិហារ ​១៥ពេលនោះពួក​ជនជាតិ​យូដា​ឆ្ងល់​ថា៖ «អ្នក​នេះ​មិនដែល​រៀន​អ្វី​ឡើយ ចុះ​ហេតុអ្វី​បានជា​គាត់​ចេះ​បទគម្ពីរ​ច្រើន​ម៉្លេះ?»​​ ១៦ព្រះ​យេស៊ូ​ក៏​មានបន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា​៖ «ខ្ញុំ​មិន​បង្រៀន​អំពីសេចក្ដីបង្រៀន​របស់ខ្ញុំទេ​ ប៉ុន្ដែជា​សេចក្ដី​បង្រៀន​របស់​ព្រះជាម្ចាស់​ ដែល​បាន​ចាត់​ខ្ញុំ​ឲ្យមក១៧បើ​អ្នកណា​ចង់​ធ្វើ​តាម​​​បំណង​របស់​ព្រះអង្គ អ្នក​នោះ​មុខជា​ដឹង​អំពី​​សេចក្ដី​បង្រៀន​នេះ ថា​តើ​ជា​សេចក្ដី​បង្រៀន​មក​ពី​​ព្រះជាម្ចាស់ ឬ​ខ្ញុំ​និយាយ​តែពី​ខ្លួនខ្ញុំ។​ ១៨អ្នក​ណា​និយាយ​តែពី​ខ្លួនឯង អ្នកនោះ​រក​កិត្តិយស​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ប៉ុន្ដែ​អ្នក​ណា​ស្វែង​រក​​សិរី​រុង​រឿង​របស់ព្រះជាម្ចាស់ ដែល​ចាត់​ខ្លួន​ឲ្យ​មក​ អ្នកនោះជា​អ្នកពិត​ត្រង់​ ហើយគ្មាន​សេចក្ដីទុច្ចរិត​នៅក្នុងខ្លួន​សោះ។ ១៩តើលោកម៉ូសេ មិន​បានប្រគល់គម្ពីរ​វិន័យ​​ឲ្យ​​អ្នករាល់គ្នា​ទេឬ​? ប៉ុន្ដែក្នុងចំណោម​អ្នករាល់គ្នាគ្មាន​អ្នក​ណា​ម្នាក់​ប្រ​ពឹ្រត្តតាមគម្ពីរ​​វិន័យ​​នោះ​ឡើយ​ ហេតុអ្វី​បាន​ជា​អ្នករាល់គ្នា​រក​សម្លាប់​ខ្ញុំ​?»​ ២០បណ្តាជន​ក៏​ឆ្លើយ​​ថា​៖ «អ្នក​ត្រូវ​អារក្សចូល​ហើយ​! តើ​អ្នក​ណា​រក​សម្លាប់​អ្នក?» ​២១ព្រះ​យេស៊ូ​មានបន្ទូល​ឆ្លើយ ​ទៅ​ពួកគេ​ថា៖​«ខ្ញុំ​បាន​ធ្វើ​ការ​មួយ ហើយ អ្នកទាំងអស់​គ្នា​បែរ​ជា​ងឿង​ឆ្ងល់​ទៅ​វិញ​ ២២លោក​​ម៉ូសេ​បាន​ឲ្យ​ពិធី​កាត់​ស្បែក​ ដល់​អ្នករាល់គ្នា (​ពិធី​នោះ​មិន​បាន​មក​ពី​លោក​ម៉ូសេ​ទេ គឺ​បាន​មក​ពី​ដូន​តា​) ហើយ​នៅថ្ងៃ​សប្ប័ទ​ អ្នករាល់​គ្នា​ក៏កាត់​ស្បែក​ឲ្យ​មនុស្ស​ដែរ។ ២៣បើ​ធ្វើ​ពិធី​កាត់​ស្បែក​​ឲ្យមនុស្ស​ម្នាក់​នៅ​ថ្ងៃ​សប្ប័ទ ដើម្បី​កុំ​ឲ្យល្មើសគម្ពីរ​វិន័យ​​របស់​លោកម៉ូសេ ចុះ​ដូចម្ដេច​ក៏​អ្នក​រាល់​គ្នា​ខឹង​ខ្ញុំ ដោយ​ព្រោះតែខ្ញុំ​ បាន​ប្រោស​រូប​កាយ​ទាំងមូល​របស់មនុស្ស​ម្នាក់ឲ្យ​ជា​នៅ​ថ្ងៃ​សប្ប័ទ? ​២៤ចូរ​កុំ​វិនិច្ឆ័យ​តាម​បែប​ខាងក្រៅ​ឡើយ ប៉ុន្ដែចូរ​វិនិច្ឆ័យ​តាម​សេចក្ដី​យុត្ដិធម៌​វិញ»។​

អ្នកណា​ជា​ព្រះគ្រិស្ដ​

២៥ពួក​អ្នក​ ក្រុងយេរូសាឡិម​​ខ្លះនិយាយ​ថា​៖ «តើអ្នកនេះ​មិន​មែន​ជា​មនុស្ស​ដែលគេ​រកសម្លាប់ទេ​ឬ​?​ ២៦មើល៍ គាត់និយាយដោយ​បើក​ចំហ ប៉ុន្ដែគ្មាន​អ្នកណា​ថា​អ្វី​ឲ្យគាត់​សោះ ប្រហែល​ជា​ពួក​មេដឹកនាំ​បាន​ដឹង​ថា អ្នក​នេះ​ជា​ព្រះគ្រិស្ដ​ពិតប្រាកដ​មែន​ទេដឹង​?​ ២៧យើង​ដឹង​ថា អ្នក​នេះគាត់​មក​ពី​ណា ប៉ុន្ដែ​ពេល​ព្រះគ្រិស្ដ​​​យាងមក នោះ​គ្មាន​អ្នកណា​ម្នាក់​ដឹង​ថា ព្រះអង្គ​មក​ពី​ណា​ទេ» ២៨ពេលនោះ ព្រះ​យេស៊ូ​កំពុង​បង្រៀន​នៅ​ក្នុង​ព្រះ​វិហារ ព្រះអង្គ​ក៏​បន្លឺ​សំឡេង​ឡើង​ថា​៖ «អ្នករាល់គ្នា​ស្គាល់​ខ្ញុំ ហើយ​​ដឹង​ថាខ្ញុំ​មក​ពី​ណា ប៉ុន្ដែ​ខ្ញុំ​មិន​បាន​មក​ដោយ​ខ្លួនខ្ញុំ​ទេ គឺ​ព្រះជាម្ចាស់​ចាត់​ខ្ញុំ​ឲ្យ​មក ព្រះអង្គ​ពិតត្រង់ ហើយ​​អ្នករាល់គ្នា​មិន​ស្គាល់​ព្រះអង្គ​ទេ២៩ប៉ុន្ដែ​ ខ្ញុំ​ស្គាល់​ព្រះអង្គ ព្រោះ​ខ្ញុំ​មក​ពី​ព្រះអង្គ គឺ​ព្រះអង្គ​ហើយ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក»​។​

៣០ពេលនោះពួកគេ​ក៏​រក​ចាប់​ព្រះអង្គ ប៉ុន្ដែ​​ គ្មាន​អ្នកណា​លូក​ដៃ​ចាប់​ព្រះអង្គ​សោះ ព្រោះ​មិន​ទាន់​ដល់​ពេល​វេលា​ របស់ ព្រះអង្គនៅឡើយ ​៣១មាន​​មនុស្ស​ជាច្រើន​ក្នុងចំណោម​បណ្តាជន ​បាន​ជឿ​លើព្រះអង្គ ហើយពួកគេនិយាយ​ថា៖ «ពេល​​ព្រះគ្រិស្ដ​យាងមក ព្រះអង្គនឹង​ធ្វើ​ទីសំគាល់​​អស្ចារ្យ​​ ច្រើនជាង​ម្នាក់​នេះ​ធ្វើដែរឬទេ?» ៣២ពួកអ្នកខាងគណៈផារិស៊ី​ បាន​ឮ​សេចក្ដី​ទាំង​អស់ ដែល​បណ្តា​ជន​បាន​ខ្សឹបខ្សៀវ​គ្នា​អំពី​ព្រះអង្គ។​ ដូច្នេះ​ពួក​សម្តេច​សង្ឃ​ និង​ពួក​អ្នក​ខាង​គណៈផារិស៊ី​​​ ក៏​​ចាត់​ពួក​ឆ្មាំព្រះវិហារឲ្យ​ទៅ​ចាប់​ព្រះអង្គ។​ ៣៣ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ «ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់​គ្នា​តែ​បន្តិច​ទៀត​ប៉ុណ្ណោះ បន្ទាប់មក ខ្ញុំ​នឹង​ទៅ​ជួប​ព្រះ​អង្គ​ ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក៣៤អ្នក​រាល់គ្នា​នឹងរក​ខ្ញុំ ប៉ុន្ដែ​រក​មិន​ឃើញ​ទេ ហើយ​​កន្លែង​ដែល​ខ្ញុំ​ទៅ​​នោះ អ្នករាល់គ្នា​ ក៏​ពុំ​អាច​​ទៅ​បាន​ដែរ» ៣៥ពួក​ជនជាតិ​យូដាក៏​និយាយ​គ្នា​ថា​៖ «តើ​អ្នក​នេះ​បម្រុង​ទៅ​ណា បានជា​យើង​រក​គាត់​មិន​ឃើញ​? តើ​គាត់បម្រុង​ទៅ​ឯ​ពួក​អ្នកខ្ចាត់​ខ្ចាយ​នៅ​ក្នុងចំណោម​ជនជាតិ​ក្រេក ហើយ​បង្រៀន​ជនជាតិ​ក្រេក​ឬ​?​ ៣៦ពាក្យ​ដែល​គាត់​និយាយ​ថា អ្នក​រាល់គ្នា​នឹង​រក​ខ្ញុំ ប៉ុន្ដែ​រក​មិន​ឃើញ​​ទេ កន្លែង​ដែល​ខ្ញុំ​ទៅ​ អ្នករាល់គ្នា​ពុំ​អាច​ទៅ​​បាន​ដែរ តើ​នេះ​មាន​ន័យ​ដូចម្តេច​?»​

ព្រះយេស៊ូសន្យា​អំពីព្រះវិញ្ញាណបរិសុទ្ធ

៣៧នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ពិធី​បុណ្យ ជាថ្ងៃ​ដ៏​សំខាន់ ព្រះ​យេស៊ូ​ក៏​ក្រោកឈរឡើង ហើយ​បន្លឺ​សំឡេង​ថា​៖ «បើ​អ្នកណា​ស្រេក ចូរ​មក​ឯ​ខ្ញុំ ហើយ​​ផឹក​ចុះ​ ៣៨អស់​អ្នក​ដែល​ជឿ​លើ​ខ្ញុំ អ្នកនោះ​នឹង​​មាន​ទន្លេ​ដែល​មាន​ទឹកផ្ដល់​​ជីវិត​ ហូរ​ចេញពី​ក្នុង​​ចិត្ដ​មក ដូច​បាន​ចែង​នៅក្នុង​បទគម្ពីរ​ស្រាប់»​​ ៣៩ប៉ុន្ដែ ​សេចក្ដី​ដែល​ព្រះអង្គ​បាន​មានបន្ទូល​នេះ គឺ​អំពី​ព្រះ​វិញ្ញាណ​ដែល​អស់​អ្នក​ជឿលើ​​ព្រះអង្គ​នឹង​ទទួល​បាន ដ្បិត​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មិន​ទាន់​យាង​មក​ទេ ព្រោះ​ព្រះ​យេស៊ូ​មិនទាន់​បាន​ទទួល​ការ​​លើក​តម្កើង​ឡើង​នៅ​ឡើយ។

បណ្ដាជនបែក​បាក់​គ្នា​​ព្រោះ​ព្រះយេស៊ូ

៤០ពេល​បាន​ឮ​ពាក្យ​ទាំងនេះ អ្នក​ខ្លះ​ក្នុង​ចំណោម​​បណ្តាជន​ ក៏​និយាយ​ថា​៖ «អ្នក​នេះ​ពិត​ជា​អ្នកនាំ ​ព្រះ បន្ទូល​ហើយ» ៤១អ្នកខ្លះទៀត​ថា៖ «អ្នក​នេះ​ជា​ព្រះ​គ្រិស្ដ» ប៉ុន្ដែ អ្នក​ខ្លះ​ទៀតថា​៖ «តើ​ព្រះគ្រិស្ដ អាច​យាងមក​ពី​ស្រុក​កាលីឡេដែរឬ​ទេ​?​ ៤២តើគម្ពីរមិនចែង​ទេ​ឬថា ព្រះគ្រិស្ដ​ នឹង​យាងមក​ពី​ពូជពង្ស​របស់​ស្ដេច​ដាវីឌ និង​ពី​ភូមិ​​បេថ្លេហិម ជា​ភូមិ​ដែល​ស្តេច​ដាវីឌ​បាន​រស់​នៅ​?» ៤៣ដូច្នេះ ក៏​កើត​មាន​ការ​បែកបាក់​គ្នា​នៅ​ក្នុង​​​បណ្ដាជន ដោយ​​ព្រោះ​ព្រះយេស៊ូ ​៤៤ហើយមានអ្នកខ្លះនៅក្នុង​ចំណោម​ពួកគេ​ចង់​ចាប់​ព្រះអង្គ ប៉ុន្ដែ​គ្មាន​អ្នកណា​លូក​ដៃ​ចាប់​ព្រះអង្គ​ឡើយ។​

៤៥នៅ​ពេល​នោះ ពួក​ឆ្មាំ​ព្រះ​វិហារ​ក៏​វិល​ត្រលប់​​មក​ឯ​ពួក​សម្តេចសង្ឃ​​ និង​ពួក​អ្នក​ខាង​​គណៈផារិស៊ី​​ ហើយ​អ្នក​ទាំង​នោះ​ក៏​សួរ​ពួកឆ្មាំថា​៖ «តើ​ហេតុ​អ្វី​បានជាអ្នករាល់គ្នា មិនចាប់អ្នកនោះ​មក?» ៤៦ពួក​ឆ្មាំព្រះវិហារ​ឆ្លើយ​ថា​៖ «មិន​ដែល​មាន​អ្នក​ណា​និយាយ​ ដូច​អ្នក​នោះ​​ទេ»។​ ៤៧ពួក​​អ្នកខាងគណៈផារិស៊ី​​​ក៏​តប​ទៅ​ពួកឆ្មាំថា​៖ «តើ​អ្នករាល់គ្នា​ចាញ់បោក​អ្នក​នោះ​​ដែរ​​ឬ​?​ ៤៨តើ​មាន​នរណានៅ​ក្នុងចំណោម​ពួក​មេ​ដឹក​នាំ​ និងពួក​អ្នកខាង​គណៈ​ផារិស៊ី​​ ជឿ​អ្នកនោះ​ដែរ​ឬ​ទេ​? ៤៩ប៉ុន្ដែ​ បណ្ដាជនដែល​មិន​ស្គាល់គម្ពីរ​​វិន័យ​​នេះ​ ពួកគេត្រូវ​បណ្ដាសា​ហើយ!»​ ៥០លោកនីកូដេមជា​អ្នក​ ដែល​មក​ជួប​ព្រះអង្គ​ពី​លើកមុន ហើយក៏​ជា​ម្នាក់​ក្នុងចំណោម​ពួក​អ្នកខាង​គណៈ​ផារិស៊ី​​​ដែរ គាត់​បាន​និយាយ​ទៅ​ពួក​គេ​ថា​៖​ ៥១«គម្ពីរ​​វិន័យ​​របស់​យើង​មិន​ដាក់​ទោស​​​អ្នក​ណា​​ម្នាក់​ឡើយ លុះត្រាតែ​បាន​ស្ដាប់ ហើយ​ដឹងអំពី​អ្វី​ដែល​​អ្នកនោះ​បាន​ប្រព្រឹត្ត​ជាមុន​សិន»​ ៥២ពួកគេ​ក៏​​ឆ្លើយ​ទៅ​គាត់​ថា​៖ «តើ​អ្នក​ក៏​មក​ពី​ស្រុក​​កាលី​ឡេ​​ដែរ​ឬ​? ចូរ​ស្រាវ​ជ្រាវមើល៍ នោះ​អ្នកនឹង​ដឹង​ថា​ មិន​ដែល​មាន​អ្នកនាំ​ព្រះបន្ទូលណា​​ម្នាក់​ ចេញ​មកពី​ស្រុក​កាលីឡេទេ» ​​​៥៣[បន្ទាប់​មកពួក​គេ​​គ្រប់គ្នា​ក៏​ត្រលប់​ទៅ​ផ្ទះ​រៀងៗ​​ខ្លួន។

យ៉ូហាន ៧