KCB - យ៉ូហាន ៤


យ៉ូហាន ៤

ព្រះយេស៊ូ និងស្ដ្រី​ជនជាតិ​សាម៉ារី​

ដូច្នេះ នៅ​ពេល​ព្រះយេស៊ូដឹងថា​ ពួក​អ្នកខាង​គណៈ​ផារិស៊ី​​បាន​​ឮ​ថា ព្រះអង្គបង្កើត​សិស្ស ​ ហើយធ្វើពិធីជ្រមុជ​ទឹក​ច្រើនជាង​លោក​យ៉ូហាន (​ទោះបី​ព្រះ​យេស៊ូ​ មិន​បាន​ធ្វើ​ពិធី​ជ្រមុជ​​ទឹក​ ដោយ​ផ្ទាល់ ហើយ​ពួក​សិស្ស​របស់​ព្រះអង្គ​ធ្វើ​ក៏ដោយ​) ​នោះ​ព្រះអង្គ​​ក៏​យាង​ចេញ​ពី​ស្រុក​យូដា​ ត្រលប់​ទៅ​ស្រុក​កាលីឡេ​វិញ ​ហើយ​ព្រះអង្គ​ត្រូវ​យាង​កាត់​ស្រុក​សាម៉ារី។​

ព្រះអង្គក៏​យាង មក​ដល់​ក្រុង​មួយ​ក្នុង​ស្រុក​សាម៉ារី ឈ្មោះ​ស៊ូខារ នៅ​ជិត​ដី​ ដែល​លោក​យ៉ាកុបបាន​ឲ្យទៅលោក​យ៉ូសែប ជា​កូន​របស់គាត់ ហើយនៅ​ទីនោះ មាន​អណ្ដូងទឹកមួយរបស់លោកយ៉ាកុប។​​ កាល​ព្រះយេស៊ូអស់កម្លាំង ក្នុងការ​ធ្វើ​ដំណើរ​​ នោះព្រះអង្គក៏​អង្គុយ​នៅក្បែរមាត់អណ្តូង នៅពេលនោះ ម៉ោងប្រហែល​ដប់​ពីរ​ថ្ងៃ​ត្រង់​ហើយ។ មាន​ស្ត្រី​ម្នាក់​មក​​ពី​ស្រុក​សាម៉ារី បាន​មក​ដង​ ទឹក ព្រះ​យេស៊ូ​មានបន្ទូល​ទៅ​នាង​ថា​៖ «ខ្ញុំ​សុំ​ទឹក​ផឹក​ផង»រីឯ​ពួក​សិស្ស​របស់ព្រះអង្គបាន​ចេញ​ទៅ​ក្នុងក្រុងអស់ហើយ ដើម្បីទិញ​អាហារ។​ ស្ត្រី​ជន​ជាតិ​​​សាម៉ារី​នោះ​បាន​ទូល​ទៅ​ព្រះអង្គ​ថា​៖ «លោកជា​ជន​ជាតិ​​យូដា​ ម្តេច​ក៏​លោកសុំ​ទឹក​​ពី​ខ្ញុំ ដែល​​ជា​ស្ត្រី​ជនជាតិ​សាម៉ារី​ដូច្នេះ​?»​(​ដ្បិត​ជន​ជាតិ​យូដាមិន​រាប់​អាន​​ជន​ជាតិ​សាម៉ារី​ទេ​) ១០ព្រះ​​យេស៊ូ​មាន​បន្ទូល​​ឆ្លើយ​​ទៅ​​នាង​​ថា​៖ «បើ​អ្នកបានស្គាល់​​អំណោយ​​ទាន​របស់ព្រះជាម្ចាស់ ទាំង​​ដឹង​ថា អ្នក​ដែល​និយាយ​ទៅ​អ្នក​ថា ខ្ញុំ​សុំ​ទឹក​ផឹក​​ផងជា​អ្នកណា អ្នក​មុខជា​សុំ​ទឹក​ពី​គាត់​​វិញ ហើយគាត់នឹង​ឲ្យទឹក​ដែល​ផ្ដល់​ជីវិត​ដល់​អ្នក»១១ស្ត្រី​នោះ​ទូល​ទៅ​ព្រះអង្គ​ថា​៖ «លោក​​ម្ចាស់​អើយ​! លោក​​គ្មាន​អ្វី​សម្រាប់​ដង​ទឹក​ទេ ហើយ​អណ្តូង​ក៏​ជ្រៅ ដូច្នេះតើលោកបាន​ទឹក​ដែល​ផ្ដល់​ជីវិត​នោះ​មក​ពីណា​? ១២លោកយ៉ាកុប​បាន​ឲ្យ​អណ្ដូង​នេះ​មកយើង​ ហើយ​លោក​ផ្ទាល់ និង​កូន​ចៅ ព្រមទាំងហ្វូង​សត្វ​របស់​លោក ក៏​បាន​ផឹក​ពី​អណ្តូង​នេះ​ដែរ ចុះ​លោកវិញ តើ​ធំ​ជាង​លោកយ៉ាកុប​​ជាដូនតា​របស់​យើង​ឬ​?»​​ ១៣ព្រះ​​យេស៊ូ​​មានបន្ទូល​ឆ្លើយ​ទៅ​នាង​ថា​៖ «អស់​​អ្នក​ដែល​ផឹក​ទឹក​នេះ គេនឹងស្រេក​ទៀត ១៤ប៉ុន្ដែ​អស់​អ្នក​ផឹក​ទឹក​ដែល​ខ្ញុំឲ្យ​ គេ​នឹងមិន​ស្រេក​ទៀត​ឡើយ ហើយទឹក​ដែល​ខ្ញុំឲ្យនោះ នឹង​ត្រលប់​ជា​ប្រភពទឹក​នៅក្នុងអ្នកនោះ​ ដែល​ផុស​ឡើង​ផ្ដល់​​​ជីវិត​អស់កល្ប​ជា​និច្ច» ១៥ស្រ្ដី​នោះ​ទូល​ទៅ​ព្រះអង្គថា​៖​ «លោក​ម្ចាស់​អើយ​! សូម​ឲ្យទឹក​នោះ​ដល់​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យខ្ញុំ​ស្រេក ឬ​មក​ដង​នៅទីនេះ​ទៀត»។

១៦ព្រះអង្គ​មានបន្ទូល​ទៅនាងថា​៖ «ចូរ​ទៅ​ហៅ​ប្តី​របស់​អ្នកមក​ទី​នេះ»​ ១៧ស្ត្រី​នោះ​ទូល​ទៅ​ព្រះអង្គ​វិញ​ថា​៖ «ខ្ញុំ​គ្មាន​ប្តី​ទេ»។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ «អ្នក​និយាយ​ថាគ្មាន​ប្តី នោះ​ត្រូវ​ហើយ ១៨ដ្បិត​អ្នក​មាន​ប្តី​ប្រាំ​នាក់​មក​ហើយ រីឯបុរសដែល​នៅ​ជាមួយ​អ្នក​សព្វ​ថ្ងៃនេះ​ មិន​មែន​​ ជា​ប្តី​របស់​អ្នក​ទេ ដូច្នេះពាក្យ​ដែល​អ្នក​និយាយ​នេះពិតប្រាកដ​ហើយ» ១៩ស្ត្រីនោះទូលទៅ​ព្រះអង្គ​ថា​៖ «លោក​ម្ចាស់​អើយ​! ខ្ញុំ​យល់​ថា លោក​ជា​អ្នក​នាំព្រះបន្ទូល​ ២០ពួក​ដូនតា​របស់យើងបាន​ថ្វាយបង្គំ​នៅ​លើ​ភ្នំ​នេះ ប៉ុន្ដែពួកជន​ជាតិ​​របស់លោក​និយាយថា ត្រូវថ្វាយបង្គំ​នៅ​ក្រុងយេរូសាឡិមវិញ»។​ ២១ព្រះ​យេស៊ូ​មាន​បន្ទូល​​​ទៅ​នាងថា​៖ «នាង​អើយ! ចូរ​ជឿ​ខ្ញុំ​ចុះ​ថា នឹងមានពេលមួយមក​ដល់ ដែល​អ្នករាល់គ្នា​នឹង​មិន​ថ្វាយបង្គំ​ព្រះ​វរបិតា​នៅលើភ្នំនេះ ឬនៅក្រុង​យេរូសាឡិម​ទៀតឡើយ​ ២២ពួក​ជនជាតិ​របស់​អ្នក​​​មិន​ស្គាល់អ្វី ដែល​​ពួកអ្នក​​កំពុង​ថ្វាយបង្គំ​ទេ ប៉ុន្ដែយើង​ស្គាល់អ្វី​ ដែល​​យើង​កំពុង​ថ្វាយ​បង្គំ ដ្បិត​សេចក្ដីសង្គ្រោះកើត​ពី​ជន​ជាតិ​យូដា​មក ២៣ប៉ុន្ដែនឹងមាន​ពេល​មួយ​​មក​ដល់ គឺ​ពេល​នេះ​ហើយដែល​ពួក​អ្នក​ថ្វាយបង្គំ​ពិតប្រាកដ គេ​នឹង​ថ្វាយបង្គំ​ព្រះ​វរបិតា​ដោយ​វិញ្ញាណ និង​សេចក្តី​​ពិត ដ្បិត​ព្រះ​វរបិតា​ស្វែងរកពួក​អ្នក​ ដែល​ថ្វាយបង្គំ​ព្រះអង្គ​បែបនេះ។​ ២៤​​ព្រះ​ជា​ម្ចាស់​ជា​វិញ្ញាណ ដូច្នេះអស់​អ្នក​ដែល​ថ្វាយ​បង្គំ​ព្រះអង្គ​ ត្រូវថ្វាយបង្គំ​ដោយ​វិញ្ញាណ និង​សេចក្តី​ពិត»។​​ ២៥ស្ត្រី​នោះ​ទូល​ព្រះអង្គ​ថា​៖ «ខ្ញុំ​បាន​ដឹង​ថា ព្រះ​មែស៊ីដែល​ហៅ​ថា ព្រះ​គ្រិស្ដ នឹង​យាង​មក ហើយ​នៅពេល​ព្រះអង្គ​យាង​មក នោះ​ព្រះអង្គ​នឹង​ប្រាប់​យើង​ឲ្យដឹង​ទាំង​អស់»។ ២៦ព្រះ​យេស៊ូ​មានបន្ទូល​ទៅ​នាង​ថា​៖ «គឺ​ខ្ញុំ​ដែល​កំពុង​ប្រាប់​អ្នក​នេះ​ហើយ»​។​

២៧ពេល​នោះ ពួក​សិស្សរបស់​ព្រះអង្គ​បាន​មក​​ដល់ គេ​ងឿងឆ្ងល់ចំពោះព្រះអង្គដែល​កំពុង​មាន​​​បន្ទូល ​ជាមួយ​ស្ត្រី​ដូច្នេះ ប៉ុន្ដែគ្មាន​អ្នកណា​ម្នាក់​ទូលទៅព្រះអង្គថា ព្រះ​អង្គ​​រក​អ្វី ឬ​ហេតុអ្វី​បានជា​ព្រះអង្គ​មានបន្ទូល​ជាមួយ​នាង​ទេ។​ ២៨រីឯ​​​ស្រ្ដី​នោះ​ក៏​ទុក​ក្អម​ទឹក​ចោល​ រួច​ចូល​ទៅ​ក្នុង​ក្រុង​ ប្រាប់​មនុស្សទាំង​ឡាយ​ថា​៖​ ២៩«ចូរ​មក​មើល​បុរស​ម្នាក់​ ដែល​ប្រាប់​ខ្ញុំ​ពី​ការ​ទាំង​អស់​ដែល​ខ្ញុំ​បានប្រព្រឹត្ត​ តើ​គាត់​ជា​ព្រះគ្រិស្ដ​ទេ​ដឹង​?»​ ៣០ពួកគេ​ក៏​ចេញ​ពី​ក្រុងទៅ​រក​ព្រះអង្គ‍។

វាល​ស្រែ​​មហាចម្រូត​

៣១នៅ​ពេល​ជាមួយ​គ្នា​នោះ ពួក​សិស្ស​ទូល​ទៅ​ព្រះ​អង្គ​ថា​៖ «លោកគ្រូ សូម​អញ្ជើញ​បរិភោគអាហារ» ៣២ប៉ុន្ដែ​ព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេ​ថា​៖ «ខ្ញុំ​មាន​អាហារ​សម្រាប់​បរិភោគ​ហើយ ជា​អាហារ ​ដែល​អ្នករាល់គ្នា​មិន​ស្គាល់»។​ ៣៣ដូច្នេះ ពួក​សិស្ស​ក៏​និយាយ​គ្នា​ថា​៖ «មាន​អ្នកណា​យក​អ្វី​ មក​ជូន​លោក​បរិភោគ​​ទេ​ដឹង​?»​ ៣៤ព្រះ​យេស៊ូ​មានបន្ទូល​ទៅ​ពួកគេ​ថា​៖ «អាហារ​របស់​ខ្ញុំ គឺ​ ការ​ធ្វើតាម​បំណង​របស់​ព្រះជាម្ចាស់ ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ហើយ​ធ្វើឲ្យកិច្ចការ​របស់​ព្រះអង្គ​សម្រេច៣៥តើ​អ្នករាល់គ្នា​មិន​និយាយទេ​ឬថា នៅ​បួនខែ​ទៀត ដល់​រដូវ​ចម្រូត​ហើយ​? មើល៍​ ខ្ញុំ​ប្រាប់​អ្នករាល់​គ្នា​ថា ចូរសម្លឹងមើល​​ទៅ​វាល​ស្រែ​ដែល​ទុំ​ល្មម​ច្រូត​ហើយ​ ៣៦អស់​​​អ្នក​ដែល​ច្រូត នោះ​ទទួល​បាន​ថ្លៃឈ្នួល ហើយ​ប្រមូល​បាន​ផល​សម្រាប់​ជីវិតអស់កល្ប​ជានិច្ច ដូច្នេះហើយ ទាំង​ពួក​អ្នក​ព្រោះ និង​ពួក​អ្នក​ច្រូត​អាច​អរសប្បាយ​ជាមួយ​គ្នា។ ៣៧ដូច្នេះសេចក្ដី​ដែល​ថា ម្នាក់​ព្រោះ ហើយ​ម្នាក់​ទៀត​ច្រូត ពាក្យ​នេះ​ពិត​ណាស់​ ៣៨ខ្ញុំ​បាន​ចាត់​អ្នក​រាល់​គ្នា​​ឲ្យទៅ​ច្រូត​ចម្រូត ដែល​អ្នក​រាល់​គ្នា​មិន​បាន​​​បញ្ចេញ​កម្លាំង​សោះ គឺមានអ្នក​ផ្សេង​ទៀត​បាន​បញ្ចេញ​កម្លាំង ហើយ​អ្នករាល់គ្នា​បាន​ចូល​រួម​​ នៅក្នុង​ការងារ​របស់​ពួកគេ»

ជនជាតិ​សាម៉ារី​ជា​ច្រើន​ជឿ​​ព្រះយេស៊ូ

៣៩មាន​ជនជាតិ​សាម៉ារី​ជាច្រើន​នៅ​ក្រុង​នោះបាន​​ជឿ​ព្រះយេស៊ូ ដោយសារ​តែ​សំដីដែល​ស្រ្ដី​នោះ​ធ្វើ​បន្ទាល់​ថា ​លោក​បាន​ប្រាប់​ខ្ញុំ​ពី​ការ​​ទាំងអស់​ ដែល​ខ្ញុំ​បាន​​ប្រព្រឹត្ដ ៤០ដូច្នេះ​ហើយ ពេល​ពួក​ជនជាតិ​សាម៉ារី​មក​ជួប​ព្រះអង្គ នោះ​ពួកគេ​ទូល​សុំ​ឲ្យព្រះអង្គ​ ស្នាក់នៅ​ជាមួយ​ពួកគេ ហើយ​ព្រះអង្គ​ក៏​ស្នាក់​នៅទីនោះពីរថ្ងៃ។​ ៤១មាន​មនុស្ស​ជាច្រើន​ទៀត​ បាន​ជឿ ដោយ​សារ​ព្រះបន្ទូល​របស់​ព្រះអង្គ​ ៤២ហើយ​ពួកគេ​និយាយ​ទៅ​ស្រ្តី​នោះ​ថា​៖ «ឥឡូវនេះ យើង​ជឿ មិនមែនដោយ​សារ​តែ​សំដី​របស់​នាង​ទៀតទេ គឺ​ដោយ​សារ​យើង​​បាន​ឮ​ផ្ទាល់ ហើយ​ដឹង​ថា ព្រះអង្គ​ជា​ ព្រះអង្គ​​សង្គ្រោះ​​មនុស្ស​​លោក​ពិតមែន»។

អ្នកស្រុក​កាលី​ឡេ​ស្វាគមន៍​ព្រះយេស៊ូ

៤៣ពីរ​ថ្ងៃ​ក្រោយមក ព្រះអង្គ​បាន​យាង​ចេញ​​ពីទីនោះ ទៅ​ស្រុក​កាលីឡេ​ ៤៤ដ្បិត​ព្រះ​យេស៊ូផ្ទាល់​ បាន​ធ្វើ​បន្ទាល់​ថា​៖ «អ្នកនាំព្រះបន្ទូលមិនបានទទួល​ការ​គោរព​ នៅ​ក្នុងស្រុក​របស់ខ្លួន​ទេ»៤៥ពេល​ព្រះអង្គយាង មកដល់ស្រុកកាលី​ឡេ នោះ​ពួក​អ្នក​ស្រុក​កាលីឡេបានទទួល​ព្រះអង្គ ព្រោះ​ពួក​គេ​បាន​ឃើញ​ការ​ទាំងអស់ ​ដែល​ព្រះអង្គ​បាន​ធ្វើ​នៅ​ក្រុង​យេរូសាឡិម ក្នុង​ពិធី​បុណ្យ​ ដ្បិត​ពួកគេបាន​ទៅ​ក្នុង​ពិធី​បុណ្យ​ នោះ​​​​​ដែរ។

ព្រះយេស៊ូប្រោស​កូន​ប្រុ​ស​មន្ដ្រី​ម្នាក់​

៤៦ក្រោយមក ព្រះយេស៊ូ​បាន​យាងមក​ដល់​ភូមិ​​កាណា ក្នុង​ស្រុក​កាលីឡេម្តង​ទៀត ជាភូមិដែល​​ព្រះអង្គ​បាន​ធ្វើ​ទឹក​ឲ្យត្រលប់ជា​ស្រា​ទំពាំង​​បាយ​ជូរ​​ ហើយនៅទីនោះ មាន​មន្ត្រី​ម្នាក់មាន​កូន​ប្រុស​ឈឺ​នៅឯ​ក្រុង​កាពើណិម​ ៤៧ពេល​គាត់​ឮ​ថា ព្រះ​យេស៊ូ​កំពុង​យាង​ពី​ស្រុក​យូដាមក​ស្រុក​កាលីឡេ នោះ​គាត់​ក៏​ចេញទៅ​ជួប​ព្រះអង្គ ហើយអង្វរសុំ​ឲ្យព្រះអង្គយាង​ទៅ​ប្រោស​កូនប្រុស​របស់​គាត់ ដ្បិត​កូន​នោះ​ជិត​ស្លាប់​ហើយ។​ ៤៨ព្រះ​យេស៊ូ​ក៏​មានបន្ទូល​ទៅ​គាត់​ថា​៖ «បើ​អ្នក​រាល់​គ្នា​មិន​ឃើញ​ទីសំគាល់​​ និង​​ការអស្ចារ្យ​ទេ នោះ​អ្នករាល់គ្នា​មុខជា​មិន​ជឿ​ឡើយ» ៤៩មន្ត្រី​នោះ​​ទូលព្រះអង្គថា​៖ «លោក​ម្ចាស់​អើយ! សូមអញ្ជើញ​ទៅ មុន​ពេល​កូន​របស់​ខ្ញុំ​ស្លាប់» ៥០ព្រះយេស៊ូមាន​បន្ទូល​ទៅ​គាត់​ថា​៖ «ទៅ​ចុះ កូន​របស់​​អ្នក​​នៅ​រស់​ទេ»​ មន្ដ្រី​នោះ​ក៏​ជឿ​សេចក្ដីដែល​ព្រះយេស៊ូបាន​មាន​បន្ទូល ហើយគាត់​ក៏​ចេញ​ទៅ។​ ៥១កាល​គាត់កំពុង​ធ្វើ​ ដំណើរ ​ទៅ នោះពួក​បាវបម្រើ​របស់​គាត់ ​ក៏​មក​ជួប​​គាត់ប្រាប់​ថា កូន​របស់​លោក​នៅ​រស់​ទេ​ ៥២ដូច្នេះ ​គាត់​ក៏​សួរ​ពួកគេពី​ពេលវេលា ដែល​កូនរបស់​គាត់​បាន​ធូរស្បើយ ពួកគេ​ក៏​ប្រាប់​ថា​៖ «ជំងឺ​​គ្រុន​បាន​បាត់​ នៅ​ម៉ោង​មួយ​រសៀល​ម្សិល​មិញ»​ ៥៣នោះឪពុក​បាន​ដឹង​ថា គឺ​នៅ​ពេល​នោះឯង ​ដែល​​ព្រះ​យេស៊ូ​មានបន្ទូល​មក​គាត់​ថា កូន​ប្រុស​របស់​អ្នក​នៅ​រស់​ទេ ដូច្នេះ​ហើយគាត់ និង​គ្រួសារ​ទាំង​មូល​​របស់​គាត់​ក៏​ជឿ​ព្រះអង្គ។​​ ៥៤នេះ​ជា​ទី​សំគាល់​​​អស្ចារ្យ​ទីពីរ ដែល​ព្រះ​យេស៊ូ​បាន​ធ្វើ នៅ​ពេល​​ព្រះអង្គ​វិល​ត្រលប់​​ពី​ស្រុក​យូដា មក​ស្រុក​កា​លីឡេវិញ។​

យ៉ូហាន ៤