KCB - យ៉ូហាន ៣


យ៉ូហាន ៣

លោកនីកូដេម​ជួប​ព្រះយេស៊ូដោយ​សម្ងាត់​

នៅ​ពេល​នោះ មាន​បុរស​ម្នាក់​មក​ពី​​ខាងគណៈផារិស៊ី​ ឈ្មោះនីកូដេមដែល​​​ជា​អ្នកដឹកនាំ​របស់​ជនជាតិ​យូដា​ គាត់​បាន​មក​ជួបព្រះ​យេស៊ូ​ទាំង​យប់ ទូល​ថា​៖ «លោក​​​គ្រូ យើង​ដឹង​ថា លោក​ជា​គ្រូ​មក​ពី​ព្រះជា​ម្ចាស់​មែន ដ្បិតទីសំគាល់​​​អស្ចារ្យ​​ ដែល​លោក​កំពុង​ធ្វើ​ទាំងនេះ គ្មាន​អ្នកណា​អាច​ធ្វើ​បាន​ទេ លើកលែង​តែ​ព្រះជាម្ចាស់​គង់​ជាមួយ​ប៉ុណ្ណោះ»​ ព្រះយេស៊ូ​មានបន្ទូល​ឆ្លើយ​ទៅ​គាត់​ថា​៖ «ខ្ញុំ​ប្រាប់​​អ្នក​ជា​ពិត​ប្រាកដ​ថា បើ​អ្នក​ណា​មិន​កើត​ជាថ្មី អ្នកនោះ​មិន​អាច​ឃើញ​នគរ​ព្រះជា​ម្ចាស់​ បាន​ទេ»។​​ លោក​នីកូដេម​ក៏​សួរ​ព្រះអង្គ​ថា​៖ «តើ​មនុស្ស​ដែល​ចាស់​ទៅ​ហើយ គេ​អាច​កើត​ម្ដងទៀត​យ៉ាង​ដូចម្តេច​បាន​? គេ​មិន​អាច​ចូល​ទៅ​​ក្នុង​ផ្ទៃ​ម្ដាយ រួច​កើត​មក​ម្តងទៀត​បាន​ទេ»។​ ព្រះយេស៊ូ​មានបន្ទូល​ថា​៖ «ខ្ញុំ​ប្រាប់​អ្នក​ជា​ពិត​ប្រាកដ​​ថា បើ​អ្នក​ណា​មិន​កើត​ពី​ទឹក និង​ព្រះ​វិញ្ញាណ​​ទេ អ្នក​នោះ​មិន​អាច​ចូលទៅក្នុង​នគរ​ព្រះជាម្ចាស់​បាន​ឡើយ​ ដ្បិត​អ្វី​ដែល​កើត​ពី​សាច់​​​ឈាម នោះ​ជា​សាច់​ឈាម ប៉ុន្ដែ​អ្វី​ដែល​កើត​ពី​វិញ្ញាណ នោះ​ជា​វិញ្ញាណ​ ដូច្នេះកុំ​ឆ្ងល់​ឡើយដែល​ខ្ញុំ​ប្រាប់​អ្នក​ថាអ្នក​ត្រូវ​កើត​ជា​ថ្មី​ ខ្យល់បក់​ទៅ​ទីណា​តាម​តែ​វា​ចង់​ទៅ ហើយ​អ្នក​ឮ​ស្នូរ​របស់​វា ប៉ុន្ដែ​អ្នក​មិន​ដឹង​ថា វា​មកពី​ណា ឬទៅណា​ទេ រីឯ​អស់​អ្នក​ដែល​កើត​ពី​ព្រះ​វិញ្ញាណក៏​ដូច្នេះ​ដែរ»។​ លោក​​នីកូដេម​សួរ​ព្រះ​អង្គ​​ទៀត​ថា​៖ «តើ​ការ​ទាំងនេះ​អាច​កើតឡើងយ៉ាង​​ដូចម្តេច​?» ​១០ព្រះយេស៊ូ​មានបន្ទូល​ឆ្លើយ​ថា៖ «អ្នក​ជា​គ្រូ​របស់​ជនជាតិ​អ៊ីស្រាអែល ហើយ​​អ្នក​មិន​យល់​ការនេះ​ទេ​ឬ​?១១ខ្ញុំ​ប្រាប់​អ្នក​ជា​ពិត​ប្រាកដ​ថា យើង​ប្រាប់​ពី​ការ​ដែល​យើង​បាន​ដឹង ហើយធ្វើបន្ទាល់​ពី​ការ​ដែល​យើង​បាន​ឃើញ ប៉ុន្ដែអ្នករាល់គ្នា មិន​ទទួលយក​សេចក្ដីបន្ទាល់​របស់យើងទេ ១២ដូច្នេះ បើ​ខ្ញុំប្រាប់​អ្នករាល់គ្នាអំពីរឿងហេតុ​លោកិយ​ អ្នករាល់គ្នាមិន​ជឿទៅ​ហើយ ចុះ​ទម្រាំ​បើ​ខ្ញុំប្រាប់​អ្នករាល់គ្នាអំពីរឿង​ហេតុ​ស្ថាន​សួគ៌​វិញ តើ​អ្នករាល់គ្នានឹង​ជឿ ​យ៉ាង​ដូច​ម្ដេច​បាន​?​ ១៣មិន​ដែល​មាន​អ្នកណា​ ធ្លាប់​ទៅ​ដល់​ស្ថាន​សួគ៌​ទេ មាន​តែ​ព្រះអង្គ ​ដែល​បាន​យាង​ចុះ​ពី​ស្ថានសួគ៌​ប៉ុណ្ណោះ គឺ​ជា​កូន​មនុស្ស​​​នោះ​ហើយ ១៤លោក​ម៉ូសេ​បានលើក​សត្វ​ពស់ឡើង​នៅ​​​ទីរហោឋាន​យ៉ាង​ណា នោះ​កូន​មនុស្ស​ ​នឹង​ត្រូវ​គេ​លើក​ឡើង​យ៉ាងនោះដែរ​ ១៥ដើម្បី​ឲ្យ​អស់​អ្នក​ដែលជឿ​លើ​កូន​មនុស្ស​ មាន​ជីវិត​អស់កល្ប​​ជានិច្ច​ ១៦ដ្បិត​ព្រះជា​ម្ចាស់ស្រឡាញ់​មនុស្ស​លោក​ដល់​ម៉្លេះ បាន​ជា​ព្រះ​អង្គ​ ប្រទាន​ព្រះ​រាជ​បុត្រា​តែ​មួយដើម្បី​ឲ្យ​អស់​អ្នក​ ដែល​ជឿ​លើ​ព្រះ​រាជ​បុត្រា​នោះ មិន​​ត្រូវ​​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់កល្ប​ជានិច្ច​វិញ​ ១៧ព្រោះ​ព្រះជា​ម្ចាស់​​មិន​បាន​ចាត់​ព្រះ​រាជ​បុត្រា​ឲ្យ​មក​ក្នុង​ពិភព​លោក​នេះ ដើម្បី​ជំនុំ​ជម្រះ​ពិភព​លោក​ទេ ប៉ុន្ដែ​ដើម្បី​ឲ្យពិភព​លោក​ទទួល​បាន​សេចក្ដី​​សង្គ្រោះ​ តាមរយៈ​ព្រះ​រាជ​បុត្រា​វិញ​ ១៨ហើយ​​អស់​​អ្នក​ដែល​ជឿ​លើ​ព្រះ​រាជ​បុត្រា អ្នក​នោះ​មិន​ជាប់​ទោស​ឡើយ ប៉ុន្ដែ​អស់​អ្នក​ដែល​មិន​ជឿ អ្នក​នោះ​ជាប់ទោសហើយ ​​​ដោយ​ព្រោះ​មិន​បាន​ជឿ​លើ​ព្រះ​នាម​នៃ​ព្រះ​រាជ​បុត្រា​តែ​មួយ​របស់​ព្រះ​ជា​​ម្ចាស់​ ១៩នេះ​ជា​ការ​ដាក់​ទោស ដ្បិត​ពន្លឺ​បាន​មក​​ក្នុង​ពិភព​លោក​នេះ ប៉ុន្ដែ​មនុស្ស​​ស្រឡាញ់​សេចក្ដី​ងងឹត​ជាង​ពន្លឺ​ ព្រោះ​ការប្រព្រឹត្ដិ​របស់​គេ​សុទ្ធតែ​អាក្រក់ ​២០ហើយ​អស់​អ្នក​ដែល​ប្រព្រឹត្ដអាក្រក់ គេ​ស្អប់​ពន្លឺ មិន​មក​ឯ​ពន្លឺ​ទេ ក្រែង​ការ​ប្រព្រឹត្តិ​​របស់​គេ​ត្រូវ​លាតត្រដាង​ ២១ប៉ុន្ដែ​អស់​អ្នក​​​ដែល​ប្រព្រឹត្តតាម​សេចក្ដី​ពិត​វិញ គេ​មក​ឯ​ពន្លឺដើម្បី​ឲ្យ​ការប្រព្រឹត្តិ​​របស់​គេ ត្រូវបាន​បើក​​សំដែង​ឲ្យដឹង​ថា គេ​បាន​ធ្វើ​នៅ​ក្នុង​ព្រះ​ជា​ម្ចាស់​មែន»

ព្រះយេស៊ូសរសើរ​លោកយ៉ូហាន​

២២បន្ទាប់ពី​ហេតុការណ៍​​ទាំងនេះ ព្រះ​យេស៊ូ និងពួក​សិស្ស​របស់ព្រះអង្គបាន​មក​ក្នុងស្រុក​យូដា ហើយព្រះអង្គក៏​ស្នាក់​នៅ​ទីនោះ​ជាមួយ​ពួកគេ និងធ្វើ​ពិធី​​ជ្រមុជទឹកឲ្យពួកគេ​ដែរ​ ២៣រីឯ​​លោក​យ៉ូហាន គាត់​ក៏​ធ្វើពិធី​ជ្រមុជ​ទឹក​នៅ​អេណូន​ដែរ គឺ​នៅ​ជិត​សាលីម ព្រោះ​នៅ​ទីនោះ​​មាន​ទឹក​ច្រើន ហើយ​មាន​មនុស្ស​​មក​ទទួល​​​ពិធី​ជ្រមុជទឹក។​

២៤លោក​យ៉ូហាន​ មិនទាន់​ជាប់​គុក​ទេ។ ​២៥ពេលនោះកើត​មាន​ការ​ជជែក​ដេញដោល​គ្នា​រវាង​ពួក​សិស្ស​របស់​លោក​យ៉ូហាន និង​ជន​ជាតិ​​យូដា​ម្នាក់អំពី​ពិធី​ជម្រះកាយ​ ២៦ដូច្នេះ ពួកគេ​ក៏​​មក​ជួប​លោក​យ៉ូហាន​ ប្រាប់​ថា​៖ «លោក​គ្រូអ្នក​​ដែល​បាន​​នៅ​ជាមួយលោក​ កាល​នៅ​ត្រើយ​ម្ខាង​​នៃ​​អូរ​យ័រដាន់ គឺ​ជា​អ្នក​ដែល​លោក​បាន​ធ្វើ​បន្ទាល់​​នោះ ឥឡូវនេះ មើល៍ គាត់​កំពុង​ធ្វើពិធី​ជ្រមុជទឹក​ដែរ ហើយ​មនុស្ស​គ្រប់​គ្នា​នាំគ្នា​ទៅ​ឯ​គាត់»។​២៧លោក​យ៉ូហាន​តប​វិញ​ថា​៖ «គ្មាន​មនុស្ស​ណា​ម្នាក់​អាច​ទទួល​បាន​អ្វី​ទេ លុះត្រាតែ​ព្រះជាម្ចាស់​ ប្រទាន​ពី​ស្ថាន​សួគ៌​មក ​២៨ហើយ​អ្នករាល់គ្នាផ្ទាល់​ជា​សា​ក្សី ​អំពីខ្ញុំ កាល​ដែល​ខ្ញុំប្រាប់​ថា ខ្ញុំមិន​មែន​ជា​ព្រះគ្រិស្ដ​ទេ ប៉ុន្ដែ​ព្រះ​ ជា ​ម្ចា ស់​ បាន​ចាត់​ខ្ញុំឲ្យ​មក​មុន​ព្រះអង្គប៉ុណ្ណោះ​ ២៩អ្នក​ណា​រៀប​ការ​នឹង​កូន​ក្រមុំ អ្នក​នោះ​ហើយ​ជា​កូនកំលោះ រីឯ​​មិត្ត​សម្លាញ់​​របស់​កូនកំលោះ​ ដែល​ឈរ​ស្តាប់​កូន​កំលោះនោះ​ក៏​ត្រេក​អរជា​ខ្លាំង​ ចំពោះ​សំឡេង​របស់កូន​កំលោះ​​ដែរ ដូច្នេះអំណរ​របស់​ខ្ញុំ​បរិបូរ​ហើយ​ ៣០ដ្បិត​​ព្រះអង្គ​ត្រូវ​តម្កើង​ឡើង ឯ​ខ្ញុំ​ត្រូវ​បន្ទាប​ចុះ​​វិញ​ ៣១ហើយ​ព្រះ​មួយ​អង្គដែល​យាង​មក​​ពី​ស្ថានលើ ព្រះអង្គ​គង់​ខ្ពស់​លើស​ទាំង​អស់ រីឯ​​អ្នក​ដែល​នៅក្នុង​លោកិយ​នេះ គេ​កើត​ពី​លោកិយ​មក និង​​និយាយ​តាម​របៀប​លោកិយ​ដែរ ប៉ុន្ដែព្រះ​មួយអង្គដែលយាង​មក​ពីស្ថាន​សួគ៌ ព្រះអង្គគង់​ខ្ពស់​លើស​ទាំង​អស់​ ៣២ព្រះអង្គធ្វើ​បន្ទាល់​អំពីអ្វី​ដែល​ព្រះអង្គ​បាន​ឃើញ និង​បាន​ឮ ប៉ុន្ដែ​គ្មាន​អ្នកណា​ទទួល​យក​សេចក្ដីបន្ទាល់របស់ព្រះអង្គទេ​ ៣៣ប៉ុន្ដែ​អ្នក​ណា​ទទួល​យក​សេចក្តី​បន្ទាល់​របស់​ព្រះអង្គ អ្នកនោះ​ក៏​អះអាង​ដែរ​ថា​ ព្រះជាម្ចាស់​ពិតត្រង់​ ៣៤ដ្បិត​ព្រះ​មួយ​អង្គ​ ដែលព្រះជាម្ចាស់​បាន​ចាត់​ឲ្យមក​​នោះ ព្រះអង្គ​ថ្លែង​ពី​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់ ដ្បិត​ព្រះជាម្ចាស់​​ប្រទាន​ព្រះ​វិញ្ញាណ​មក​ ដោយ​គ្មាន​កម្រិត​ ៣៥គឺ​ព្រះវរបិតា​ស្រឡាញ់​ព្រះរាជ​បុត្រា និង​​បាន​​ប្រគល់​អ្វីៗទាំងអស់​ មក​ក្នុង​ព្រះហស្ដ​របស់​​ព្រះ​រាជ​បុត្រា​ ៣៦ដូច្នេះ​ អ្នក​ណា​ជឿ​លើ​ព្រះ​រាជ​បុត្រា អ្នក​នោះ​មាន​ជីវិត​អស់កល្ប​ជានិច្ច ប៉ុន្ដែ អ្នក​ណា​មិន​ស្ដាប់​បង្គាប់​ព្រះ​រាជ​បុត្រា អ្នកនោះ​នឹង​មិន​បាន​ទទួល​​ជីវិត​ទេ​ ផ្ទុយទៅវិញ សេចក្ដី ​ក្រោធរបស់ព្រះជាម្ចាស់ ​នៅ​ ជាប់ ​នឹង ​អ្នក​នោះ»។

យ៉ូហាន ៣