យ៉ូហាន ២០
ព្រះយេស៊ូរស់ឡើងវិញ
២០នៅព្រលឹមស្រាងៗ ក្នុង ថ្ងៃទីមួយនៃសប្តាហ៍ នោះ កាលងងឹតនៅឡើយ នាងម៉ារាអ្នកក្រុងម៉ាក់ដាឡាបានទៅឯផ្នូរ នាងក៏ឃើញថ្មនៅមាត់ផ្នូរ ត្រូវគេយកចេញទៅហើយ ២ពេលនោះ នាងក៏រត់ទៅឯលោកស៊ីម៉ូនពេត្រុស និងសិស្សម្នាក់ទៀតដែលព្រះយេស៊ូស្រឡាញ់ ហើយប្រាប់ពួកគេថា៖ «មានគេយកព្រះអម្ចាស់ ចេញពីផ្នូរហើយ យើងមិនដឹងថា គេដាក់ព្រះអង្គនៅកន្លែងណាទេ»។ ៣ដូច្នេះលោកពេត្រុស និងសិស្សម្នាក់នោះក៏បានចេញទៅឯផ្នូរ ៤អ្នកទាំងពីរក៏រត់ទៅជាមួយគ្នា ប៉ុន្ដែសិស្សម្នាក់ទៀតនោះ បានរត់លឿនជាងលោកពេត្រុស ហើយបានទៅដល់ផ្នូរមុន។ ៥ពេលគាត់ឱនចុះ នោះក៏ឃើញមានតែក្រណាត់ទេសឯកប៉ុណ្ណោះ ប៉ុន្ដែគាត់មិនបានចូលទៅទេ។ ៦បន្ទាប់មក លោកស៊ីម៉ូនពេត្រុសក៏មកដល់តាមក្រោយដែរ គាត់ចូលទៅក្នុងផ្នូរ ហើយឃើញក្រណាត់នៅទីនោះ ៧រីឯកន្សែងដែលបានរុំព្រះសិររបស់ព្រះអង្គ មិននៅជាមួយក្រណាត់ទេសឯកនោះទេ គឺបានឆ្មូល ទុកនៅកន្លែងមួយដោយឡែក។ ៨បន្ទាប់មក សិស្សម្នាក់ដែលមកដល់ផ្នូរមុនបានចូលទៅដែរ រួចគាត់ក៏ឃើញ ហើយជឿ ៩ប៉ុន្ដែទោះជាយ៉ាងណាក្ដី ពួកគេមិនទាន់យល់នៅឡើយ អំពីបទគម្ពីរដែលចែងថា ព្រះអង្គត្រូវរស់ពីការសោយទិវង្គតឡើងវិញ ១០ដូច្នេះ សិស្សទាំងពីរនោះក៏ទៅផ្ទះរបស់ពួកគេវិញ។
ម៉ារាអ្នកក្រុងម៉ាក់ដាឡាជួបព្រះយេស៊ូ
១១រីឯនាងម៉ារាវិញ បានឈរយំខាងក្រៅផ្នូរ ពេលនាងកំពុងយំ នាងក៏ឱនទៅក្នុងផ្នូរ ១២ហើយឃើញទេវតាពីរនាក់ស្លៀកពាក់ស កំពុងអង្គុយនៅកន្លែងដែលគេផ្តេកសពព្រះយេស៊ូ គឺម្នាក់នៅខាងក្បាល និងម្នាក់ទៀតនៅខាងចុងជើង។ ១៣ទេវតាទាំងនោះបានសួរនាងថា៖ «នាងអើយ ហេតុអ្វីនាងយំ?» នាងឆ្លើយប្រាប់ថា៖ «ពួកគេបានយកព្រះអម្ចាស់របស់ខ្ញុំ ខ្ញុំមិនដឹងថា ពួកគេដាក់ព្រះអង្គនៅកន្លែងណាទេ!» ១៤ពេលប្រាប់អំពីសេចក្ដីទាំងនេះហើយ នាងក៏បែរក្រោយ ហើយឃើញព្រះយេស៊ូកំពុងឈរ ប៉ុន្ដែនាងមិនស្គាល់ថា នោះជាព្រះយេស៊ូទេ។ ១៥ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «នាងអើយ! ហេតុអ្វីបានជាអ្នកយំ? តើអ្នករកអ្នកណា?» ដោយគិតថា ព្រះអង្គជាអ្នកថែសួន ទើបនាងទូលទៅព្រះអង្គថា៖ «ឱ លោកអើយ! បើលោកបានយកសព សូមប្រាប់ខ្ញុំអំពីកន្លែងដែលលោកបានដាក់សពផង ខ្ញុំនឹងទទួលយកវិញ»។ ១៦ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «ម៉ារា!» នោះនាងក៏បែរទៅ ហើយទូលព្រះអង្គជាភាសាហេព្រើរថា៖ «រ៉ាបូនី!» (ដែលប្រែថា លោកគ្រូ) ១៧ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «កុំពាល់ខ្ញុំ ព្រោះខ្ញុំមិនទាន់ឡើងទៅឯព្រះវរបិតានៅឡើយ ប៉ុន្ដែចូរអ្នកទៅឯពួកបងប្អូនរបស់ខ្ញុំ ហើយប្រាប់ពួកគេថា ខ្ញុំនឹងឡើងទៅឯព្រះវរបិតារបស់ខ្ញុំ ហើយជាព្រះវរបិតារបស់អ្នករាល់គ្នា គឺជាព្រះរបស់ខ្ញុំ ហើយជាព្រះរបស់អ្នករាល់គ្នាដែរ»។ ១៨ពេលនោះ នាងម៉ារាអ្នកក្រុងម៉ាក់ដាឡាក៏នាំដំណឹងនេះទៅប្រាប់ពួកសិស្សថា៖ «ខ្ញុំបានឃើញព្រះអម្ចាស់» ព្រមទាំងសេចក្ដីដែលព្រះអង្គបានមានបន្ទូលប្រាប់នាងផង។
ព្រះយេស៊ូបង្ហាញខ្លួនដល់ពួកសិស្ស
១៩នៅពេលល្ងាច ក្នុងថ្ងៃទីមួយនៃសប្តាហ៍នោះ ពួកសិស្សបាននៅកន្លែងមួយដោយបានបិទទ្វារ ព្រោះតែខ្លាចពួកជនជាតិយូដា។ ពេលនោះ ព្រះយេស៊ូក៏យាងមកឈរ នៅកណ្តាលពួកសិស្ស ហើយមានបន្ទូលថា៖ «សូមឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្ដ!» ២០ពេលព្រះអង្គមានបន្ទូលដូច្នោះហើយ ព្រះអង្គក៏បង្ហាញព្រះហស្ដ និងចំហៀងខ្លួនរបស់ព្រះអង្គឲ្យពួកគេឃើញ ពេលនោះពួកសិស្សក៏មានចិត្តត្រេកអរ ដោយបានឃើញព្រះអម្ចាស់។ ២១ព្រះយេស៊ូមានបន្ទូលទៅពួកគេម្តងទៀតថា៖ «សូមឲ្យអ្នករាល់គ្នា មានសេចក្ដីសុខសាន្ត! ព្រះវរបិតាបានចាត់ខ្ញុំឲ្យមកជាយ៉ាងណា ខ្ញុំក៏ចាត់អ្នករាល់គ្នា ឲ្យទៅជាយ៉ាងនោះដែរ»។ ២២ពេលព្រះអង្គមានបន្ទូលដូច្នេះហើយ ព្រះអង្គក៏ផ្លុំលើពួកគេទាំងមានបន្ទូលថា៖ «ចូរទទួលព្រះវិញ្ញាណបរិសុទ្ធចុះ! ២៣បើអ្នករាល់គ្នាលើកលែងទោសបាបឲ្យអ្នកណា នោះពួកគេនឹងទទួលបានការលើកលែងទោស ប៉ុន្ដែបើអ្នករាល់គ្នាមិនលើកលែងទោសបាប ឲ្យពួកគេទេ នោះពួកគេនឹងនៅតែមានបាប»។
ព្រះយេស៊ូបង្ហាញខ្លួនដល់លោកថូម៉ាស
២៤លោកថូម៉ាសជាម្នាក់ក្នុងចំណោម សាវកទាំងដប់ពីរ ហើយជាម្នាក់ដែលគេហៅថាឌីឌីម គាត់មិនបាននៅជាមួយពួកគេទេ នៅពេលព្រះយេស៊ូយាងមក។ ២៥ដូច្នេះ ពួកសិស្សផ្សេងទៀតបានប្រាប់គាត់ថា៖ «យើងបានជួបព្រះអម្ចាស់ហើយ!» ប៉ុន្ដែគាត់ឆ្លើយទៅពួកគេថា៖ «បើខ្ញុំមិនបានឃើញស្នាមដែកគោលនៅនឹងព្រះហស្ដរបស់ព្រះអង្គ ហើយមិនបានលូកម្រាមដៃខ្ញុំ ទៅក្នុងស្នាមដែកគោលនោះ និងទៅក្នុងចំហៀងខ្លួនរបស់ព្រះអង្គទេ នោះខ្ញុំមិនជឿជាដាច់ខាត»។ ២៦ប្រាំបីថ្ងៃក្រោយមក ពួកសិស្សរបស់ព្រះអង្គបាននៅក្នុងផ្ទះម្តងទៀត ហើយលោកថូម៉ាសក៏នៅជាមួយពួកគេដែរ ឯទ្វារបិទជិតនៅឡើយ ព្រះយេស៊ូក៏យាងមកឈរនៅកណ្តាលចំណោមពួកគេទាំងមានបន្ទូលថា៖ «សូមឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្ដ!» ២៧រួចព្រះអង្គមានបន្ទូលទៅលោកថូម៉ាសថា៖ «ចូរលូកម្រាមដៃរបស់អ្នកមកទីនេះ ហើយមើលដៃខ្ញុំចុះ! ចូរលូកដៃរបស់អ្នកមកក្នុងចំហៀងខ្លួនរបស់ខ្ញុំចុះ! ចូរកុំធ្វើជាអ្នកគ្មានជំនឿ ប៉ុន្ដែ ចូរធ្វើជាអ្នកមានជំនឿវិញ!» ២៨ពេលនោះ លោកថូម៉ាសទូលឆ្លើយទៅព្រះអង្គថា៖ «ឱ ព្រះអម្ចាស់របស់ខ្ញុំ និងជាព្រះរបស់ខ្ញុំអើយ!» ២៩ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «តើអ្នកជឿ ដោយព្រោះអ្នកបានឃើញខ្ញុំឬ? អស់អ្នកដែលជឿ ដោយមិនបានឃើញ អ្នកនោះមានពរហើយ!»
គោលបំណងរបស់ដំណឹងល្អយ៉ូហាន
៣០ព្រះយេស៊ូបានធ្វើទីសំគាល់អស្ចារ្យជាច្រើនទៀត នៅមុខពួកសិស្សរបស់ព្រះអង្គ ដែលមិនបានកត់ត្រាទុកក្នុង សៀវភៅនេះទេ ៣១ប៉ុន្ដែសេចក្ដីទាំងនេះបានចែងទុកមកដើម្បីឲ្យអ្នករាល់គ្នាបានជឿថា ព្រះយេស៊ូជាព្រះគ្រិស្ដ ជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ និងដើម្បីឲ្យអ្នករាល់គ្នាមានជីវិត ក្នុងព្រះនាមរបស់ ព្រះអង្គដោយសារជំនឿនោះ។