យ៉ូហាន ១៩
ពួកទាហានវាយព្រះយេស៊ូនឹងខ្សែតី
១៩ដូច្នេះនៅពេលនោះលោកពីឡាត់បានយកព្រះយេស៊ូទៅ ហើយឲ្យគេវាយព្រះអង្គនឹងខ្សែតី ២ពួកទាហាន បានក្រងបន្លា ធ្វើមកុដ ពាក់លើព្រះសិរ របស់ព្រះអង្គ និងបានយកអាវពណ៌ស្វាយ មកបំពាក់ឲ្យព្រះអង្គ ៣ហើយពួកគេក៏មកឯព្រះអង្គ ទាំងទូលថា៖ «សូមថ្វាយបង្គំស្តេចរបស់ជនជាតិយូដា!» រួចពួកគេក៏ទះកំផ្លៀងព្រះអង្គ។ ៤លោកពីឡាត់ បានចេញមកខាងក្រៅហើយប្រាប់ពួកគេម្តងទៀតថា៖ «មើល៍ខ្ញុំនាំគាត់មកឯអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំមិនឃើញថា បុរសម្នាក់នេះមានទោសសោះ!»
គេកាត់ទោសប្រហារជីវិតព្រះយេស៊ូ
៥ដូច្នេះ ព្រះយេស៊ូក៏យាងចេញមកក្រៅ ទាំងពាក់មកុដបន្លា និងអាវពណ៌ស្វាយនោះ រីឯលោកពីឡាត់វិញនិយាយទៅពួកគេថា៖ «មើលចុះ គឺបុរសនេះហើយ»។ ៦ពេលពួកសម្តេចសង្ឃ និង ពួកឆ្មាំព្រះវិហារបានឃើញព្រះអង្គ ពួកគេក៏ស្រែកឡើងថា៖ «ឆ្កាងវាទៅ! ឆ្កាងវាទៅ!» លោកពីឡាត់និយាយទៅពួកគេថា៖ «ចូរអ្នករាល់គ្នាយកគាត់ទៅឆ្កាងចុះ! ដ្បិតខ្ញុំមិនឃើញថាបុរសនេះមានទោសសោះ!» ៧ពួកជនជាតិ យូ ដា ឆ្លើ យ ទៅ លោ ក ពីឡាត់ថា៖ «យើងមានក្រឹត្យវិន័យមួយ ហើយតាមក្រឹត្យវិន័យនោះ វាត្រូវស្លាប់ ព្រោះវាបានតាំងខ្លួនឡើងជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់»។
៨ដូច្នេះ ពេលលោកពីឡាត់បានឮពាក្យនោះ គាត់កាន់តែភ័យខ្លាចថែមទៀត ៩គាត់ក៏ចូលទៅក្នុងបន្ទាយទ័ពម្ដងទៀត ហើយសួរព្រះយេស៊ូថា៖ «តើអ្នកមកពីណា?» ប៉ុន្ដែ ព្រះយេស៊ូមិនឆ្លើយប្រាប់គាត់ឡើយ។ ១០ដូច្នេះ លោកពីឡាត់សួរព្រះអង្គទៀតថា៖ «តើអ្នកមិនប្រាប់ខ្ញុំទេឬ? តើអ្នកមិនដឹងទេថា ខ្ញុំមានសិទ្ធិអំណាចដោះលែងអ្នកក៏បាន ឬឆ្កាងអ្នកក៏បាន?» ១១ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «លោកគ្មានសិទ្ធិអំណាចលើខ្ញុំឡើយ លុះត្រាតែសិទ្ធិអំណាចនោះ បានប្រទានមកពីស្ថានលើ ដូច្នេះហើយ បានជាពួកអ្នកដែលបញ្ជូនខ្ញុំមកឲ្យលោក ពួកគេមានបាបធ្ងន់ជាង»។
១២បន្ទាប់ពីនោះមក លោកពីឡាត់ព្យាយាមដោះលែងព្រះអង្គ ប៉ុន្ដែពួកជនជាតិយូដាស្រែកឡើងថា៖ «បើលោកដោះលែងវា លោកមិនមែនជាមិត្តរបស់ព្រះចៅអធិរាជទេ ព្រោះអ្នកណាតាំងខ្លួនធ្វើជាស្ដេច អ្នកនោះប្រឆាំងព្រះចៅអធិរាជហើយ!» ១៣ពេលលោកពីឡាត់ឮពាក្យដូច្នេះ ក៏នាំព្រះយេស៊ូចេញមក ហើយគាត់បានអង្គុយលើទីកាត់ក្តី ត្រង់កន្លែងមួយដែលហៅថា ទីលានក្រាលថ្ម ភាសាហេព្រើរហៅថាកាបាថា។ ១៤ពេលនោះជាថ្ងៃរៀបចំបុណ្យរំលង ហើយប្រហែលជាម៉ោងដប់ពីរថ្ងៃត្រង់ លោកពីឡាត់និយាយទៅពួកជនជាតិយូដាថា៖ «មើល៍ នេះជាស្តេចរបស់អ្នករាល់គ្នា»។ ១៥ពេលនោះ អ្នកទាំងនោះបានស្រែកថា៖ «សម្លាប់ទៅ! សម្លាប់ទៅ! ឆ្កាងវាទៅ!» លោកពីឡាត់សួរពួកគេថា៖ «តើឲ្យខ្ញុំឆ្កាងស្តេចរបស់អ្នករាល់គ្នាឬ?» ពួកសម្ដេចសង្ឃឆ្លើយថា៖ «យើងគ្មានស្តេចណាទៀតទេ ក្រៅពីព្រះចៅអធិរាជ!»
ការឆ្កាងព្រះយេស៊ូ
១៦ដូច្នេះ លោកពីឡាត់ក៏ប្រគល់ព្រះយេស៊ូឲ្យគេឆ្កាង ហើយពួកគេក៏យកព្រះអង្គទៅ ១៧ព្រះអង្គបានយាងចេញទៅ ទាំងលីឈើឆ្កាងដោយខ្លួនឯងឆ្ពោះទៅកន្លែងមួយហៅថា តំបន់លលាដ៌ក្បាល ដែលភាសាហេព្រើរហៅថា គាល់កូថា។ ១៨ពួកគេបានឆ្កាងព្រះអង្គនៅកន្លែងនោះ ជាមួយមនុស្សពីរនាក់ទៀតនៅសងខាងព្រះអង្គ គឺព្រះយេស៊ូនៅកណ្តាល។ ១៩លោកពីឡាត់បានសរសេរប្រកាសមួយ ឲ្យគេបិទនៅលើឈើឆ្កាង ដោយសរសេរថា៖ «យេស៊ូ អ្នកក្រុងណាសារ៉ែត ស្តេចរបស់ជនជាតិយូដា»។ ២០មានជនជាតិយូដាជាច្រើនបានអានប្រកាសនោះ ព្រោះកន្លែងដែលគេឆ្កាងព្រះយេស៊ូនោះ នៅជិតក្រុងហើយប្រកាសនោះ គេបានសរសេរជាភាសាហេព្រើរ ភាសាឡាតាំង និងភាសាក្រេក។ ២១ពេលនោះ ពួកសម្តេចសង្ឃរបស់ជនជាតិយូដា បានប្រាប់លោកពីឡាត់ថា៖ «សូមកុំសរសេរថា ស្តេចរបស់ជនជាតិយូដា គឺសូមដាក់ថា វាបាននិយាយថា ខ្ញុំជាស្តេចរបស់ជនជាតិយូដា»។ ២២លោកពីឡាត់ឆ្លើយថា៖ «ខ្ញុំសរសេរអ្វី ខ្ញុំសរសេរហើយ»។
២៣ពេលពួកទាហាន បានឆ្កាងព្រះយេស៊ូរួចហើយ ពួកគេក៏យកអាវរបស់ព្រះអង្គមកចែកជាបួនចំណែក ហើយម្នាក់ៗបានមួយចំណែក ព្រោះអាវក្នុងជាអាវត្បាញគ្មានថ្នេរពីលើរហូតដល់ក្រោម ២៤ដូច្នេះ ពួកគេក៏និយាយគ្នាថា៖ «កុំហែកអាវនេះអី ចូរយើងចាប់ឆ្នោតវិញដើម្បីឲ្យដឹងថា អាវនេះនឹងទៅជារបស់អ្នកណា!» ពួកទាហានធ្វើដូច្នេះសម្រេចតាមបទគម្ពីរដែលចែងទុកថា គេបានយកអាវរបស់ខ្ញុំចែកគ្នា ហើយចាប់ឆ្នោតយកសម្លៀកបំពាក់របស់ខ្ញុំ។
២៥នៅក្បែរឈើឆ្កាង មានម្ដាយរបស់ព្រះយេស៊ូ និងប្អូនស្រីរបស់ម្ដាយព្រះយេស៊ូ ព្រមទាំងនាងម៉ារា ជាប្រពន្ធរបស់លោកក្លូប៉ាស និងម៉ារា ជាអ្នកក្រុងម៉ាក់ដាឡា កំពុងឈរនៅទីនោះ។ ២៦ពេលព្រះយេស៊ូឃើញម្ដាយ និងសិស្សម្នាក់ដែលព្រះអង្គស្រឡាញ់ កំពុងឈរនៅក្បែរនោះ ក៏មានបន្ទូលថា៖ «អ្នកម្ដាយអើយ! មើល៍ នេះជាកូនរបស់អ្នកម្ដាយហើយ!» ២៧ហើយព្រះអង្គមានបន្ទូលទៅសិស្សម្នាក់នោះថា៖ «មើល៍ នេះជាម្តាយរបស់អ្នកហើយ!» តាំងពីពេលនោះមក សិស្សម្នាក់នោះបានយកនាងម៉ារាទៅនៅផ្ទះរបស់គាត់។
ការសោយទិវង្គតរបស់ព្រះយេស៊ូ
២៨បន្ទាប់មកព្រះយេស៊ូ បានដឹងថាការទាំងអស់បានសម្រេចហើយ រួចដើម្បីឲ្យសម្រេចតាមបទគម្ពីរ ព្រះអង្គក៏មានបន្ទូលថា៖ «ខ្ញុំស្រេកទឹកណាស់!» ២៩នោះគេបានយកក្រឡមួយ មានទឹកខ្មេះពេញមក ហើយយកសារាយស្ងួតរុំនឹងមែកហ៊ីសុប ជ្រលក់ទឹកខ្មេះជោក រួចហុចដល់ព្រះឱស្ឋរបស់ព្រះអង្គ។ ៣០ពេលព្រះយេស៊ូទទួលទឹកខ្មេះរួចហើយក៏មានបន្ទូលថា៖ «កិច្ចការបានសម្រេចហើយ!» រួចព្រះអង្គក៏ឱនព្រះសិរប្រគល់វិញ្ញាណរបស់ព្រះអង្គ។
៣១ថ្ងៃនោះជាថ្ងៃរៀបចំ ដ្បិតជាថ្ងៃដ៏វិសេសសម្រាប់ថ្ងៃសប្ប័ទ ហើយដោយព្រោះនៅក្នុងថ្ងៃសប្ប័ទ មិនអនុញ្ញាតឲ្យមានសាកសពលើឈើឆ្កាង ដូច្នេះពួកជនជាតិយូដាបានសុំលោកពីឡាត់ ឲ្យបំបាក់ជើងរបស់អ្នកទោស ហើយដាក់សពចុះ។ ៣២ពួកទាហានក៏មកបំបាក់ជើងអ្នកទីមួយ ហើយជើងម្នាក់ទៀតដែលត្រូវបានឆ្កាងក្បែរព្រះអង្គ ៣៣ប៉ុន្ដែពេលមកដល់ព្រះយេស៊ូ ពួកទាហានបានឃើញថា ព្រះអង្គសោយទិវង្គតហើយ ពួកគេមិនបានបំបាក់បាទារបស់ព្រះអង្គទេ ៣៤ប៉ុន្ដែ ទាហានម្នាក់បានយកលំពែងចាក់ព្រះអង្គ ត្រង់ចំហៀងខ្លួន ភ្លាមនោះឈាម និងទឹកក៏ហូរចេញមក ៣៥រីឯអ្នក ដែលបានឃើញគាត់ បានធ្វើបន្ទាល់ ហើយសេចក្ដីបន្ទាល់របស់គាត់ពិតប្រាកដ រួចគាត់ដឹងថា គាត់និយាយពិត ដើម្បីឲ្យអ្នករាល់គ្នាអាចជឿបានដែរ។ ៣៦ដ្បិតហេតុការណ៍ទាំងនេះ បានកើតឡើងដើម្បីឲ្យសម្រេចបទគម្ពីរ ដែលចែងថា គ្មានឆ្អឹងណាមួយរបស់ព្រះអង្គ ត្រូវបាក់ឡើយ ៣៧និងបទគម្ពីរមួយទៀត ដែលចែងថា ពួកគេនឹងពិនិត្យមើលព្រះអង្គ ដែលពួកគេបានចាក់។
ការបញ្ចុះសពព្រះយេស៊ូ
៣៨ក្រោយហេតុការណ៍ទាំងនេះ លោកយ៉ូសែប អ្នកក្រុងអើរីម៉ាថេ បានសុំលោកពីឡាត់យកសពព្រះយេស៊ូ ហើយលោកពីឡាត់បានយល់ព្រម ដូច្នេះលោកយ៉ូសែប ក៏មកយកសពរបស់ព្រះអង្គ។ លោកយ៉ូសែប ជាសិស្សម្នាក់របស់ព្រះយេស៊ូ ប៉ុន្ដែគាត់បានលាក់មុខព្រោះខ្លាចពួកជនជាតិយូដា។ ៣៩រីឯលោកនីកូដេមដែលបានទៅជួបព្រះយេស៊ូ ទាំងយប់កាលពីមុនក៏បានមកជាមួយដែរ ហើយគាត់បានយកល្បាយជ័រក្រអូប និងគ្រឿងក្រអូបប្រហែលហាសិបគីឡូក្រាមមកជាមួយ។ ៤០ពេលនោះពួកគេបានយកសពព្រះយេស៊ូ មករុំជាមួយគ្រឿងក្រអូប និងក្រណាត់ទេសឯកទៅតាមទំនៀមទម្លាប់បញ្ចុះសព របស់ជនជាតិយូដា។ ៤១នៅត្រង់កន្លែងដែលគេបានឆ្កាងព្រះអង្គនោះ មានសួនច្បារមួយ ហើយក្នុងសួនច្បារនោះ មានផ្នូរមួយថ្មី ដែលមិនទាន់បានបញ្ចុះសពណានៅឡើយ ៤២ដូច្នេះពួកគាត់ក៏បញ្ចុះសពព្រះយេស៊ូនៅទីនោះ ដ្បិតផ្នូរនោះនៅជិត ហើយនោះជាថ្ងៃរៀបចំ របស់ជនជាតិយូដាផង។