KCB - យ៉ូហាន ១៨


យ៉ូហាន ១៨

ព្រះយេស៊ូត្រូវ​គេ​ក្បត់​

១៨កាល​ព្រះ​យេស៊ូ មានបន្ទូល​អំពី​សេចក្ដី​ទាំងនោះ​រួចហើយ ព្រះអង្គ​ក៏ចាកចេញ​ជាមួយ​ពួក​សិស្ស​របស់​ព្រះអង្គ ហើយបាន​ឆ្លង​ជ្រលង​កេដ្រុន។ នៅ​ទីនោះ​ មាន​សួនច្បារ​មួយ ហើយ​ព្រះអង្គ​បាន​យាង​ជាមួយ​ពួក​សិស្ស​របស់​ព្រះអង្គ​ ទៅ​ក្នុង​សួនច្បារ​នោះ​​ យូដាស ​​ជា​អ្នក​ក្បត់​ព្រះអង្គ​បាន​ស្គាល់​កន្លែង​នោះ​ដែរ ព្រោះ​ព្រះ​យេស៊ូ និង​ពួក​សិស្ស​របស់​ព្រះអង្គ​ជួប​ជុំ​គ្នា​ជា​ញឹកញាប់នៅ​ទីនោះ។ ដូច្នេះពេល​យូដាស​ បាន​ទទួល​កង​ទាហាន​រ៉ូម និង​ពួកឆ្មាំ​ព្រះវិហារ ​ពី​ពួក​សម្តេចសង្ឃ និង​ពួក​អ្នកខាងគណៈផារិស៊ី​ ​រួចហើយ ​ក៏​ទៅ​ទីនោះ​ដោយ​​មាន​កាន់​គោម ចន្លុះ និង​អាវុធ​ផង។​ ព្រះ​​យេស៊ូ​បាន​ជ្រាប​អំពី​អ្វីៗ ដែល​នឹង​កើតឡើង​ចំពោះ​ព្រះអង្គ នោះព្រះអង្គ​ក៏​យាង​ចេញ​មក ហើយ​មានបន្ទូល​ទៅ​ពួកគេ​ថា​៖ «តើ​អ្នករាល់​គ្នា​រក​អ្នកណា​?»ពួកគេ​ទូល​ទៅ​ព្រះអង្គ​ថា​៖ «រក​យេស៊ូ ជា​អ្នកក្រុង​ណាសារ៉ែត»។ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា​៖ «គឺ​ខ្ញុំ​នេះ​ហើយ​!» ឯ​យូដាស​​ដែល​ជា​អ្នក​ក្បត់​ព្រះអង្គ​ក៏​ឈរ​ជាមួយ​ពួកគេ​ដែរ។​ ពេល​ព្រះអង្គ​មានបន្ទូល​ទៅ​ពួក​គេ​ថា៖ «គឺខ្ញុំ​នេះ​ហើយ» នោះ​ពួកគេ​ក៏​ថយ​ក្រោយ ហើយ​​ដួល​ទៅ​លើ​​ដី។​ ដូច្នេះព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ម្តង​ទៀត​ថា​៖ «តើ​អ្នករាល់គ្នា​រក​អ្នកណា​?» ពួក​គេ​ទូល​ឆ្លើយ​ថា​៖ «រកយេស៊ូ ជាអ្នកក្រុង​ណា​សារ៉ែត» ព្រះ​យេស៊ូ​មានបន្ទូល​ឆ្លើយ​ថា​៖ «ខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា​ហើយ​ថា គឺខ្ញុំ​នេះ​ហើយ ដូច្នេះបើ​អ្នករាល់គ្នា​រក​ខ្ញុំ ចូរ​ឲ្យអ្នក​ទាំង​នេះ​ទៅ​​ចុះ​!»​​ ដូច្នេះក៏​បានសម្រេច​តាម​ពាក្យ​ ដែល​ព្រះអង្គ​បាន​មានបន្ទូល​ថា៖ «ក្នុងចំណោមអស់​អ្នក​ ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​ខ្ញុំ គ្មាន​អ្នក​ណា​ម្នាក់​ត្រូវ​វិនាស​ឡើយ»។​ ១០រីឯលោក​ស៊ីម៉ូនពេត្រុស គាត់​មាន​ដាវ​មួយ គាត់​ក៏​ហូត​ដាវ​នោះ​ កាប់​បាវបម្រើ​របស់​សម្តេចសង្ឃម្នាក់ ហើយ​កាត់​ដាច់​ត្រចៀក​ស្តាំ​របស់​បាវបម្រើ​នោះ។​ បាវបម្រើ​នោះ​មាន​ឈ្មោះ​ថា ​ម៉ាលកុស។​ ១១ព្រះ​យេស៊ូ​មានបន្ទូល​ទៅ​លោក​ពេត្រុស​ថា​៖ «ចូរ​ដាក់​ដាវ​ទៅ​ក្នុង​ស្រោម​វិញ​ទៅ តើ​មិន​ត្រូវ​ឲ្យខ្ញុំ​ផឹក​ពី​ពែង ដែល​ព្រះវរបិតា​បាន​ប្រទានឲ្យ​ខ្ញុំ​ទេ​ឬ​?»

ការ​ចាប់​ខ្លួន​ និងការ​សួរ​ចម្លើយ​ ព្រះយេស៊ូ

១២ពេលនោះ កង​ទាហាន​រ៉ូម និង​មេ​ទ័ព​ធំ ព្រមទាំងពួកឆ្មាំ​ព្រះវិហារ​របស់​ជនជាតិ​យូដា បាន​​​ចាប់ចង​ព្រះ​យេស៊ូ ១៣ហើយ​ នាំ​ទៅ​ឲ្យលោក​អាណ​ជាមុន ដ្បិត​គាត់​ជា​ឪពុក​ក្មេក​របស់​លោក​កៃផា​ដែល​ជា​សម្តេចសង្ឃ នៅ​ឆ្នាំ​នោះ។ ១៤លោក​​កៃផា​នេះ​ហើយ ដែល​បានឲ្យ​យោបល់​ទៅ​ជន​ជាតិ​​យូដា​ថា បើ​មាន​មនុស្ស​ម្នាក់​ស្លាប់​ជំនួស​ប្រជាជន នោះ​ជា​ការ​ប្រសើរ​ហើយ។

ពេត្រុស​បដិសេធ​ព្រះយេស៊ូលើក​ទី​មួយ​

១៥លោក​ស៊ីម៉ូនពេត្រុស និង​សិស្ស​ម្នាក់​ទៀតបាន​ទៅ​តាម​ព្រះ​យេស៊ូ ហើយសម្តេចសង្ឃ ស្គាល់​សិស្ស​ម្នាក់​នោះដូច្នេះ សិស្ស​ម្នាក់​នោះក៏​ចូលទៅ​ក្នុង​សាលា​របស់​​សម្តេចសង្ឃ ជាមួយ​ព្រះ​យេស៊ូ​ ១៦រីឯលោក​ពេត្រុស​វិញ គាត់​បាន​ឈរ​នៅ​មាត់​ទ្វា​រ​ខាង​ក្រៅ ដូច្នេះសិស្ស​ម្នាក់​​ដែល​​សម្តេច​សង្ឃស្គាល់នោះ បាន​ចេញមក​បា្រប់​អ្នក​យាម​ទ្វារ រួច​ក៏​នាំ​លោក​ពេត្រុស​ចូល​ទៅ​ខាង​ក្នុង។​១៧ពេលនោះបាវបម្រើ​ស្រី​ ដែល​ជា​អ្នកយាម​ទ្វារ ក៏​និយាយ​ទៅលោក​​ពេត្រុស​ថា​៖ «តើ​អ្នក​មិនមែន​ជា​សិស្ស​ម្នាក់​របស់​អ្នក​នោះ​ដែរ​ទេ​ឬ​?» គាត់​ឆ្លើយ​ថា​៖ «ខ្ញុំ​មិន​មែន​ទេ​!» ១៨ដោយ​ព្រោះ​ពេល​នោះ​រងា ពួក​​បាវ​បម្រើ និង​ពួក​ឆ្មាំ​ព្រះវិហារ​ក៏​ឈរ​អាំង​​ភ្លើង​ដែល​បង្កាត់​ហើយ​ជា​ស្រេច រីឯ លោក​ពេត្រុសក៏​ឈរ​អាំងភ្លើង ​ជាមួយ​ពួកគេ​ដែរ។​

សម្ដេច​សង្ឃ​សួរ​ចម្លើយ​ព្រះយេស៊ូ

១៩ហើយ​នៅ​ពេលនោះសម្តេចសង្ឃ​បាន​សួរ​ព្រះ​យេស៊ូ​ អំពី​ពួក​សិស្ស​របស់​ព្រះអង្គ និង​អំពី​សេចក្ដី​បង្រៀន​របស់​ព្រះអង្គ​ ២០ព្រះ​យេស៊ូ​មាន​បន្ទូល​​ឆ្លើយ​ទៅ​សម្ដេចសង្ឃថា​៖ «ខ្ញុំ​បាន​ប្រកាស​ប្រាប់​មនុស្ស​លោក​នៅ​ទីសាធារណៈ ខ្ញុំ​តែងតែ​បង្រៀន​នៅ​ក្នុង​សាលាប្រជុំ​ និង​នៅ​ក្នុង​ព្រះ​វិហារ​ ជា​​កន្លែង​​ដែល​ជនជាតិ​យូដា​ទាំងអស់​ជួបជុំគ្នា ហើយ​ខ្ញុំ​មិន​ដែល​និយាយ​អ្វី​ដោយ​លាក់​កំបាំង​ទេ​ ២១ហេតុអ្វី​លោក​សួរ​ខ្ញុំ​ដូច្នេះ​? ចូរលោកសួរ​អស់​អ្នក​ដែលបាន​ឮ​សេចក្ដី​ ដែល​ខ្ញុំ​ប្រាប់​​ពួកគេ​ចុះ ពួកគេ​ក៏​ដឹង​អំពី​សេចក្ដី​ដែល​ខ្ញុំ​បាន​និយាយ​ដែរ»​។​ ២២ប៉ុន្ដែ​ពេល​ព្រះអង្គ​មាន​បន្ទូល​អំពី​សេចក្ដី​ទាំងនេះ ឆ្មាំ​ព្រះវិហារ​ម្នាក់​ដែល​ឈរ​ជិត​នោះ បាន​ទះ​កំផ្លៀង​ព្រះ​យេស៊ូទាំង​និយាយ​ថា​៖ «ឯង​ឆ្លើយ​ជាមួយ​សម្តេចសង្ឃ​ម្នាក់ យ៉ាងដូច្នេះ​ឬ​?»​ ២៣ព្រះ​យេស៊ូ​ឆ្លើយ​ទៅ​អ្នក​​នោះថា​៖ «បើ​ខ្ញុំ​និយាយ​អាក្រក់​មែន ចូរ​ធ្វើ​បន្ទាល់​ អំពី​សេចក្ដី​អាក្រក់​នោះ​ចុះប៉ុន្ដែ​បើ​ល្អ​វិញ តើ​ហេតុអ្វី​បានជា​អ្នក​វាយ​ខ្ញុំ​?»២៤ពេល​នោះលោក​​អាណ​ក៏​បញ្ជូន​ព្រះអង្គ ​ទាំង​ជាប់​ចំណង​ទៅ​​សម្តេចសង្ឃ​កៃផា។​​

លោក​ពេត្រុស​បដិសេធ​ព្រះយេស៊ូម្ដងទៀត​

២៥ពេលនោះ​ ពួកគេ​បាន​សួរលោកស៊ីម៉ូន​ពេត្រុស ដែល​កំពុង​ឈរ​អាំងភ្លើង​ថា​៖ «តើ​អ្នក​មិនមែន​ជា​សិស្ស​ម្នាក់​របស់​អ្នក​នោះ​ដែរ​ទេ​ឬ​?» គាត់​ក៏​បដិសេធ​ថា៖ «ខ្ញុំមិន​មែន​ទេ»។ ​២៦មាន​បាវ​​បម្រើ​របស់​សម្តេចសង្ឃ​ម្នាក់ដែលត្រូវជា​សាច់​ញាតិ​របស់បាវ​បម្រើ​ម្នាក់ ដែល​លោក​ពេត្រុស​បាន​​កាត់​ដាច់​ត្រចៀកនោះ បាននិយាយ​ថា​៖ «តើ​ខ្ញុំមិនបាន​ឃើញ​អ្នក​នៅ​ជាមួយ​អ្នក​នោះក្នុង​សួន​ទេ​ឬ​?» ២៧លោក​ពេត្រុស​បាន​បដិសេធ​ម្ដង​ទៀត ​ហើយមាន់​ក៏​រងាវ​ឡើង​ភ្លាម។​

លោកពីឡាត់​កាត់​ក្ដី​ព្រះយេស៊ូ

២៨បន្ទាប់មក នៅ​ព្រលឹម​ស្រាងៗ ពួកគេ​ក៏​នាំ​ព្រះ​យេស៊ូ​ ចេញពី​ផ្ទះ​លោក​កៃផាទៅ​បន្ទាយ​ទ័ព ប៉ុន្ដែ​ពួកគេ​មិន​បាន​ចូល​ទៅ​ក្នុង​បន្ទាយទ័ព​ទេ ក្រែង​​លោ​ធ្វើ​ឲ្យពួកគេ​មិន​បរិសុទ្ធ ហើយ​មិន​អាច​បរិភោគ​ នៅថ្ងៃបុណ្យរំលង​​បាន។ ២៩ដូច្នេះ លោក​​ពីឡាត់​ក៏​ចេញ​មក​ខាងក្រៅ​សួរ​ពួកគេ​ថា​៖ «តើ​អ្នករាល់គ្នា​ចោទ​ប្រកាន់​បុរស​នេះ​ពី​រឿង​អ្វី?»​​ ៣០ពួក​គេ​ឆ្លើយ​ទៅ​គាត់​ថា​៖ «បើ​បុរស​ម្នាក់​​នេះ​មិន​បាន​ធ្វើ​អ្វី​អាក្រក់​ទេ នោះ​យើង​មិន​បញ្ជូន​​គាត់​​មក​ឲ្យលោក​ទេ​!» ៣១ដូច្នេះលោក​​ពីឡាត់​ក៏​និយាយ​ទៅ​ពួកគេ​ថា​៖ «ចូរ​អ្នក​រាល់​គ្នា​យក​គាត់​ទៅកាត់ទោស ​តាម​ច្បាប់​​របស់​អ្នក​រាល់គ្នា​ចុះ​!» ប៉ុន្ដែ​ពួក​ជនជាតិ​យូដា​បា្រប់​គាត់​ថា​៖ «យើង​គ្មាន​ច្បាប់​សម្លាប់​មនុស្ស​ណាម្នាក់​ទេ»។​៣២នោះ​ក៏​សម្រេច ​តាម​ពាក្យ​​របស់​ព្រះ​​យេស៊ូ ដែល​ព្រះអង្គ​បានមាន​បន្ទូល​បង្ហាញ​អំពី​​របៀប ​ដែល​ព្រះអង្គ​ត្រូវ​​សោយ​ទិវង្គត។​

៣៣លោក​ពីឡាត់​ក៏​ចូល​ទៅ​ក្នុង​បន្ទាយទ័ព​វិញ ហើយហៅ​ព្រះ​យេស៊ូ​មកសួរ​ថា​៖ «តើ​អ្នក​ជា​​​ស្តេច​ជនជាតិ​យូដា​ឬ​?» ៣៤ព្រះ​យេស៊ូ​មាន​បន្ទូល​​ឆ្លើយ​ថា​៖ «តើ​លោក​និយាយ​ដូច្នេះដោយ​ខ្លួនឯង ឬ​ក៏​មាន​អ្នក​ណា​ម្នាក់​ទៀត​ ប្រាប់​លោក​អំពី​ខ្ញុំ​ឬ​?»៣៥លោក​ពីឡាត់​ឆ្លើយ​ថា​៖ «តើ​ខ្ញុំ​ជា​ជន​ជាតិ​យូដា​ឬ​អី? ពួក​ជនរួមជាតិ​របស់​អ្នក និង​ពួក​សម្តេចសង្ឃបាន​បញ្ជូន​អ្នក​ឲ្យខ្ញុំ តើ​អ្នក​​បាន​ធ្វើ​អ្វី​ឬ​?»៣៦ព្រះ​យេស៊ូ​មាន​បន្ទូល​ឆ្លើយ​​ថា​៖ «នគរ​របស់ខ្ញុំ មិន​មែន​នៅ​ក្នុងលោកិយ​នេះ​ទេ បើ​នគរ​របស់​ខ្ញុំ​នៅក្នុង​លោកិយ​នេះ​មែន នោះ​​ពួកអ្នកបម្រើ​របស់​ខ្ញុំ​ មុខជា​វាយ​តយុទ្ធ​វិញ​មិន​ខាន ដើម្បី​កុំ​ឲ្យគេ​បញ្ជូន​ខ្ញុំ​ទៅ​ជនជាតិ​យូដា ប៉ុន្ដែ​ឥឡូវនេះនគរ​របស់​ខ្ញុំ​មិន​មែន​នៅ​ទីនេះ​ទេ»។​ ៣៧លោក​​ពីឡាត់​ក៏​សួរ​ព្រះអង្គ​ថា​៖ «ដូច្នេះអ្នក​ជា​ស្តេច​ឬ?» ព្រះ​យេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា​៖ «លោក​ទេតើ​និយាយ​ថា ខ្ញុំ​ជា​ស្តេច ខ្ញុំ​បាន​កើត​មក​ក្នុង​លោកិយ​នេះ សម្រាប់​ការ​នេះ គឺ​ឲ្យខ្ញុំ​ធ្វើ​បន្ទាល់​អំពី​សេចក្ដី​ពិត ហើយ​អស់​អ្នក ​ដែល​កើត​ពីសេចក្ដី​ពិត អ្នក​នោះ​​ឮសំឡេង​របស់​ខ្ញុំ»។​ ៣៨លោក​ពីឡាត់​​ទូល​សួរ​​ព្រះអង្គ​ថា​៖ «តើ​សេចក្ដី​ពិត​ជា​អ្វី​?» ពេល​ទូល​ដូច្នោះ​ហើយ លោក​ពីឡាត់​ក៏​ចេញ​ទៅ​ជួប​ពួក​ជនជាតិ​យូដា​ម្តង​​ទៀត ហើយ​និយាយ​​ថា​៖ «ខ្ញុំ​ឃើញ​ថា អ្នក​នេះ​​គ្មាន​ទោស​អ្វី​ឡើយ​ ៣៩អ្នក​រាល់គ្នា​មាន​ទំនៀម​​ទម្លាប់​​ ឲ្យខ្ញុំ​ដោះ​លែង​មនុស្ស​ម្នាក់ សម្រាប់អ្នករាល់គ្នានៅពេល​បុណ្យ​រំលង​ ដូច្នេះ តើ​​អ្នករាល់គ្នា​ចង់​ឲ្យខ្ញុំ​ ដោះ​លែង​​​ស្តេច​របស់​ជន​ជាតិ​យូដា​នេះ​សម្រាប់​អ្នករាល់គ្នា​ដែរឬ​ទេ?»​ ៤០ពេលនោះ​ពួកគេ​ស្រែក​​​ឡើង​ម្តង​ទៀត​ថា​៖ «កុំ​លែង​ម្នាក់​នេះ​! លែង​បារ៉ាបាស​វិញ​!» ​បារ៉ាបាស​គឺ​ជា​ចោរប្លន់។

យ៉ូហាន ១៨