KCB - យ៉ូហាន ១០


យ៉ូហាន ១០

អ្នកគង្វាល​ល្អ​ និងចៀម​របស់គាត់

១០ខ្ញុំ​ប្រាប់​អ្នករាល់គ្នា ជា ពិត​ប្រាកដ​​​ថា អ្នក​ណា​ ដែល​មិន​ចូលក្នុង​ក្រោល​ចៀម ​តាម​ទ្វារ ប៉ុន្ដែ​ឡើង​តាម​កន្លែង​ផ្សេង អ្នក​នោះ​ជា​ចោរ​លួច ចោរ​ប្លន់​ រីឯ​​អ្នក​ដែល​ចូល​តាម​ទ្វារ​វិញ អ្នកនោះ​ជា​អ្នក​គង្វាល​​​ចៀម ហើយ ​អ្នកយាមទ្វារ​ក៏​បើក​ទ្វារ​ឲ្យគាត់​ចូល ឯ​ចៀម​ស្តាប់​សំឡេង​របស់​គាត់ រួច​គាត់​ហៅ​ចៀមរបស់​គាត់​ តាម​ឈ្មោះ ហើយ​នាំ​ចេញ​ទៅ​ក្រៅ។​ ពេល​គាត់​បញ្ចេញ​ចៀម​របស់​គាត់​អស់​ហើយ គាត់​ដើរ​មុន​វា ហើយ​ចៀម​ដើរ​តាម​ក្រោយ​គាត់ ព្រោះ​ពួកវា​ស្គាល់​សំឡេង​របស់​គាត់​ ពួកវា​នឹង​មិន​តាម​អ្នក​ដទៃ​ឡើយ ផ្ទុយ​ទៅវិញ ពួកវា​នឹង​រត់ចេញ​ពី​អ្នកនោះ ព្រោះ​ពួកវា​ មិន​ស្គាល់​សំឡេង​របស់អ្នក​ដទៃ​ទេ»។​

ព្រះ​យេស៊ូ​មានបន្ទូល​ពាក្យ​ប្រៀប​ប្រដូច​​នេះ​ទៅ​ពួកគេ ប៉ុន្ដែ​អ្នកទាំង​នោះ​មិនយល់​អំពីអ្វី​ ដែល​ព្រះអង្គ​កំពុង​មានបន្ទូល​ទៅ​កាន់​ពួកគេទេ‍។​ ដូច្នេះ ព្រះ​យេស៊ូ​មានបន្ទូល​ថា​៖ «ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជាពិត​ប្រាកដ​ថា ខ្ញុំ​ជា​ទ្វារ​សម្រាប់​ចៀមអស់​អ្នក​ដែល​មក​មុន​ខ្ញុំ សុទ្ធតែ​ជា​ចោរ​លួច ចោរ​ប្លន់ ប៉ុន្ដែ​ចៀម​មិន​បាន​ស្តាប់​អ្នក​ទាំង​នោះ​ឡើយ។​ ខ្ញុំ​ជា​ទ្វារ បើ​អ្នក​ណា​ចូល​តាម​ខ្ញុំ អ្នក​នោះ​នឹង​ទទួល​​បាន​សេចក្ដី​សង្រ្គោះ ព្រម​ទាំង​​ចេញ​ចូល​បាន ហើយ​នឹង​រក​ឃើញ​វាល​ស្មៅ។​​ ១០ចោរ​វា​មក​ដើម្បី​លួច សម្លាប់ ហើយ​បំផ្លាញ​ប៉ុណ្ណោះ រីឯ​ខ្ញុំ​វិញ​ខ្ញុំមកដើម្បី​ឲ្យពួកវា​​មាន​ជីវិត​ ហើយ​ឲ្យជីវិត​នោះ​​ពេញ​បរិបូរផង។​

១១ខ្ញុំ​ជា​អ្នកគង្វាលល្អ អ្នកគង្វាល​ល្អ​លះ​បង់​​ជីវិត​របស់​ខ្លួន​ដើម្បី​ចៀម​ ១២រីឯ​​អ្នក​ស៊ី​ឈ្នួល​​ ដែល​មិន​មែន​ជា​អ្នកគង្វាល គឺ​មិន​មែន​ជា​ម្ចាស់​របស់​ចៀម ពេល​ណា​ពួកគេ​ឃើញ​ចចក​មក នោះ​ពួកគេ​ក៏​រត់​ចោល​ចៀម បណ្ដោយ​ឲ្យចចក​ឆក់​យក​ចៀម ហើយ​ដេញ​ចៀម​ខ្ចាត់ខ្ចាយ​ ១៣ព្រោះ​ពួកគេ​ជា​អ្នក​ស៊ី​ឈ្នួល ពួកគេ​មិន​យក​ចិត្ត​ទុកដាក់​ចំពោះ​ចៀម​ឡើយ។​ ១៤ខ្ញុំ​ជា​អ្នក​គង្វាល​ល្អ ខ្ញុំ​ស្គាល់​ចៀម​របស់ខ្ញុំ ហើយចៀម​របស់ខ្ញុំក៏​ស្គាល់​ខ្ញុំ ១៥​ដូច​ដែល​ព្រះ​វរបិតា​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ស្គាល់​ព្រះ​វរបិតា​​ដែរ។ ​ខ្ញុំ​​លះ​បង់​​ជីវិតរបស់​ខ្ញុំ​ដើម្បី​ចៀម។​ ១៦ខ្ញុំនៅ​មាន​ចៀម​ដែល​មិន​នៅ​ក្នុង​ក្រោលនេះ ខ្ញុំត្រូវនាំចៀម​ទាំង​នោះ​មក​ដែរ ហើយ​​ពួកវា​នឹង​ស្តាប់​សំឡេង​របស់​ខ្ញុំ រួច​ពួកវា​​ក៏​ត្រលប់​ជា​ហ្វូង​តែ​មួយ ដោយ​មាន​អ្នក​គង្វាល​តែ​ម្នាក់។ ១៧ហេតុ​នេះ​ហើយបានជា​ព្រះ​វរបិតា​ស្រឡាញ់​ខ្ញុំ ព្រោះ​ខ្ញុំ​លះបង់​ជីវិត​របស់​ខ្ញុំដើម្បី​ឲ្យខ្ញុំ​ទទួល​បាន​ជីវិត​មក​វិញ​ ១៨គ្មាន​អ្នក​ណា​ដក​យក​ជីវិត​ពី​ខ្ញុំ​ទេ គឺ​ខ្ញុំ​លះបង់ជីវិត​ដោយ​ខ្លួន​ខ្ញុំ​វិញ ខ្ញុំ​មាន​សិទ្ធិ​អំណាច​លះបង់ជីវិត​នេះ ហើយ​ក៏​មាន​សិទ្ធិ​អំណាច​ទទួល​យក​វិញ​ដែរ ហើយ​សេចក្ដី​បង្គាប់​នេះ ខ្ញុំ​បាន​ទទួល​ពី​ព្រះ​វរបិតា​របស់​​​ខ្ញុំ​មក»​។​

១៩ដោយសារតែ​ពាក្យ​ទាំងនេះ មាន​ការ​បែក​បាក់​គ្នា​ម្តងទៀត ​ក្នុងចំណោម​ពួក​ជនជាតិ​យូដា​ ២០ហើយ​ពួកគេ​ជាច្រើន​និយាយ​ថា​៖ «អ្នក​នេះ​មាន​អារក្សចូល​រហូតដល់​ឆ្កួត​ហើយ ហេតុ​អ្វី​បានជា​ពួកអ្នក​ស្តាប់​វា​?»​ ២១ប៉ុន្ដែ​អ្នក​ខ្លះ​ទៀត​និយាយ​ថា​៖ «ពាក្យ​ទាំងនេះ​មិន​មែន​ជា​សំដី​របស់​មនុស្ស​អារក្ស​ចូល​ទេ តើ​អារក្ស អាច​ធ្វើ​ឲ្យភ្នែក​របស់​មនុស្ស​​ខ្វាក់​ភ្លឺ​បាន​ដែរ​ឬទេ?»​

ព្រះយេស៊ូជា​ព្រះរាជបុត្រា​របស់ ព្រះជាម្ចាស់

២២ពេល​នោះ​ជា​រដូវ​រងា ហើយ​ពួកគេ​កំពុង​ធ្វើ​បុណ្យ​ឆ្លង​ព្រះវិហារ​ នៅ​ក្រុង​យេរូសា​ឡិម​ ២៣ហើយ​នៅក្នុង​ព្រះ​វិហារ ព្រះ​យេស៊ូ​កំពុង​យាងចុះ​ឡើង​នៅ​ក្នុង​​​សាលា​សំណាក់​​​​សាឡូម៉ូន​ ២៤នោះ​មាន​ពួកជនជាតិ​យូដា​ចោម​រោម​ព្រះអង្គ ទាំង​ទូល​សួរថា​៖ «តើឲ្យចិត្ដរបស់​​យើង​នៅ​រារែក​ដល់​ពេល​ណា​? បើ​អ្នក​ជា​ព្រះគ្រិស្ដ​មែន សូម​ប្រាប់​យើង​ត្រង់​ៗ​មក»​ ២៥ព្រះ​យេស៊ូ​ឆ្លើយ​ទៅ​ពួកគេថា​៖ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​រួច​ហើយ ប៉ុន្ដែ​អ្នករាល់​គ្នា​​​មិន​ជឿ ហើយ​កិច្ចការ​ទាំងឡាយ​​ ដែល​ខ្ញុំ​ធ្វើ​ក្នុង​ព្រះ​នាម​ព្រះ​វរ​បិតា​របស់​ខ្ញុំ ក៏​បាន​ធ្វើបន្ទាល់​អំពី​ខ្ញុំ​ដែរ​ ២៦ប៉ុន្ដែ​អ្នករាល់គ្នា​មិន​ជឿ​ទេ ព្រោះ​អ្នក​រាល់​គ្នា​មិនមែន​ជា​ចៀម​របស់​ខ្ញុំ​ ២៧ដ្បិត​ចៀម​របស់​ខ្ញុំ​ស្តាប់​សំឡេង​របស់​ខ្ញុំ ឯ​ខ្ញុំ​ក៏​ស្គាល់​ពួកវា​ ហើយ​ពួកវា​ក៏​មកតាម​ខ្ញុំ​ ២៨រួច​ខ្ញុំ​ឲ្យជីវិត​អស់កល្ប​ជានិច្ច​ដល់​ពួកវា​ នោះ​ពួកវា​​មិន​ត្រូវ​វិនាស​ឡើយ​រហូត​អស់កល្ប ហើយ​គ្មាន​អ្នកណា​នឹង​ឆក់យក​ពួកវា​​ ពី​ដៃ​របស់​ខ្ញុំ​បាន​ឡើយ​ ២៩រីឯព្រះវរ​បិតា​ដែល​បាន​ប្រទានពួក​វា​​មក​ឲ្យខ្ញុំ ព្រះអង្គ​ធំជាង​អ្វីៗ​ទាំងអស់ ដូច្នេះគ្មាន​អ្នក​ណា​អាច​ឆក់​យក​ពួកវា​ ពី​ព្រះហស្ត​​​របស់​ព្រះ​វរបិតា​បាន​ឡើយ ៣០ហើយ​​ខ្ញុំ និង​ព្រះ​វរបិតា គឺ​តែ​មួយ»​

ពួក​ជនជាតិ​យូដា​ចង់​គប់​ព្រះយេស៊ូនឹង​ ដុំថ្ម​

៣១ពួកជន​ជាតិ​យូដា ​ក៏​រើស​ដុំ​ថ្ម​​ម្ដង​ទៀត​ដើម្បី​គប់​ព្រះអង្គ​​​ ៣២ប៉ុន្ដែ ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​ពួក​គេ​ថា​៖ «ខ្ញុំ​បាន​បង្ហាញ​ឲ្យអ្នករាល់គ្នា​ឃើញ​កិច្ចការ​ល្អ​ជា​ច្រើន​ដែល​មកពី​ព្រះ​វរបិតា តើ​ដោយ​ព្រោះ​កិច្ចការ​ណា​មួយ​ឬ ទើប​អ្នករាល់គ្នា​រកគប់​ខ្ញុំ​នឹង​ដុំ​ថ្ម​ដូច្នេះ​?»៣៣ពួក​ជនជាតិ​យូដា​តប​ទៅ​ព្រះអង្គ​ថា​៖ «យើង​គប់​អ្នក​នឹង​ដុំ​ថ្ម​នេះ មិន​មែន​ដោយព្រោះ​កិច្ច​ការ​ល្អ​ណា​មួយ​ទេ គឺ​អ្នក​ប្រមាថ​ព្រះជាម្ចាស់ ដ្បិត​អ្នក​ជា​មនុស្ស ហើយ​តាំង​ខ្លួនឯង​ជា​ព្រះជា​ម្ចាស់»។ ៣៤ព្រះ​យេស៊ូ​ឆ្លើយ​ទៅ​ពួកគេ​ថា​៖ «តើ​គ្មាន​សេចក្ដី​ចែង​ទុក​​ក្នុងគម្ពីរ​​វិន័យ​​របស់​អ្នករាល់គ្នា​ទេ​ឬ​ថា យើង​ប្រាប់​ហើយ​ថា អ្នករាល់​គ្នា​ជា​ព្រះ​? ៣៥​​គេ​មិន​អាចលុបបទគម្ពីរបាន​ ជាដាច់​ខាត ដូច្នេះបើ​ព្រះជាម្ចាស់ហៅ​អស់​អ្នក ដែល​បាន​ទទួល​ព្រះបន្ទូល​​របស់​ព្រះអង្គ​ទាំងនោះ​ថា ព្រះ​ ៣៦ចុះ​ទម្រាំព្រះមួយ​អង្គ​ ដែល​ព្រះវរ​បិតាញែក​ជា​បរិសុទ្ធ ហើយ​បាន​ចាត់ ឲ្យ​មក​ក្នុង​ពិភព​លោក​នេះ​វិញ តើ​អ្នករាល់គ្នា​ស្ដី​ឲ្យខ្ញុំ​ថា អ្នក​ប្រមាថ​ព្រះជាម្ចាស់ ដោយ​ព្រោះ​ខ្ញុំ​និយាយ​ថា ខ្ញុំ​ជា​ព្រះរាជបុត្រា​របស់​ព្រះជាម្ចាស់‍ឬ​?​ ៣៧បើ​ខ្ញុំ​មិន​ធ្វើ​កិច្ចការ​របស់​ព្រះ​វរបិតា​ខ្ញុំ​ទេ ចូរ​កុំជឿ​ខ្ញុំ​ឡើយ​ ៣៨ផ្ទុយទៅវិញ​ បើ​ខ្ញុំ​ធ្វើ នោះ​ទោះជា​អ្នករាល់គ្នា​មិន​ជឿ​ខ្ញុំ​ក្ដី ចូរ​ជឿ​លើ​កិច្ច​ការទាំង​នោះ​ចុះ ដើម្បី​ឲ្យអ្នករាល់គ្នា​បាន​ដឹង ហើយ​យល់​ថែម​ទៀត​ថា ព្រះ​វរបិតា​នៅ​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​ក៏​នៅក្នុង​ព្រះ​វរបិតា​ដែរ»។​​ ៣៩ពេលនោះ ពួកគេ​រក​ចាប់​ព្រះអង្គ​ម្តង​ទៀត ប៉ុន្ដែ​ព្រះអង្គ​បាន​គេចផុតពី​ពួកគេ​ ៤០ហើយ​ក៏​យាង​ទៅ​ឆ្លង​អូរ​យ័រដាន់ ​ម្ដងទៀត ត្រង់​កន្លែង​ដែល​លោក​យ៉ូហាន​បាន​ធ្វើពិធី​ជ្រមុជទឹក​កាល​ពីមុន ហើយ​ព្រះអង្គ​ក៏​បាន​ស្នាក់​នៅទីនោះ​ ៤១រួច​មាន​មនុស្ស​ជាច្រើន​មក​រក​ព្រះអង្គ ហើយ​និយាយ​ថា​៖ «លោក​យ៉ូហាន ​ មិន​បាន​ធ្វើ​ទីសំគាល់​​​អស្ចារ្យ​ណា​មួយ​ទេ ប៉ុន្ដែ​សេចក្ដី​ទាំង​ឡាយដែល​គាត់​និយាយ​អំពី​អ្នក​នេះសុទ្ធតែ​ពិត​ទាំងអស់»​ ៤២ដូច្នេះមាន​មនុស្ស​ជាច្រើន​បាន​ជឿ​លើ​ព្រះអង្គ​នៅ​ទីនោះ។

យ៉ូហាន ១០