KCB - យ៉ូហាន ១


យ៉ូហាន ១

យ៉ូហាន

ព្រះយេស៊ូជាព្រះបន្ទូលនៅ​អស់កល្បជានិច្ច

កាលពី​​ដើមដំបូង​ មានព្រះបន្ទូល ព្រះ​បន្ទូល​គង់នៅ​ជាមួយ​ព្រះជាម្ចាស់ ហើយ​ព្រះបន្ទូល​ជា​ព្រះជាម្ចាស់។​ ព្រះបន្ទូល​បាន​គង់នៅ​ជា​មួយ​ព្រះជាម្ចាស់​ តាំង​​​ពី​ដើម​ដំបូង​មក​ គ្រប់​របស់​ទាំងអស់​បាន​កើតមក​ដោយ​សារ​​ព្រះ​បន្ទូល ហើយ​ក្នុង​បណ្តា​របស់​ដែល​បាន​កើត​មក​ទាំង​ឡាយ​ បើ​គ្មាន​ព្រះបន្ទូល​ទេ គ្មាន​របស់​ណា​មួយ​កើត​មក​ឡើយ​ ដ្បិត​នៅក្នុង​ព្រះបន្ទូល​មាន​ជីវិត ហើយ​ជីវិត​នោះ​ជា​ពន្លឺ​ដល់​​មនុស្ស​លោក ពន្លឺ​នោះ​បាន​ភ្លឺ​ក្នុង​សេចក្ដីងងឹត​ ហើយ​សេចក្ដី​ងងឹត​មិន​ឈ្នះ​ពន្លឺ​ឡើយ។​

មានមនុស្ស​ម្នាក់​ដែល​ព្រះជាម្ចាស់​បាន​ចាត់​​ឲ្យ​មក ឈ្មោះ​យ៉ូហាន​ គាត់​បាន​មក​​ជា​សាក្សី ដើម្បី​ធ្វើ​បន្ទាល់​អំពី​ពន្លឺ និងឲ្យមនុស្ស​ទាំងអស់​បាន​ជឿ​ដោយ​សារ​គាត់​ ប៉ុន្ដែ​គាត់​មិន​​មែន​ជា​ពន្លឺ​ទេ គឺ​គាត់​ធ្វើ​បន្ទាល់​អំពី​ពន្លឺ‍។​ ព្រះ​អង្គ​​ដែល​ជា​ពន្លឺ​ពិតប្រាកដ ​បានយាងមក​ក្នុង​​ពិភព​​លោក ដើម្បី​បំភ្លឺ​មនុស្ស​ទាំង​អស់។​​ ១០ព្រះ​អង្គ​បាន​គង់ នៅ​ក្នុង​ពិភពលោក ហើយ​ពិភព​លោក​បាន​កើត​មក​ដោយ​សារ​ព្រះអង្គ ប៉ុន្ដែ​​ពិភព​លោក​មិន​ស្គាល់​ព្រះអង្គ​ទេ‍។​ ១១ព្រះអង្គ​បាន​​យាងមក‍ផែន​ដី​​​​របស់​ព្រះអង្គ​ ប៉ុន្ដែប្រជា​រាស្រ្ដ​​​របស់​ព្រះអង្គ​ មិន​​បាន​ទទួល​ព្រះអង្គ​ឡើយ​ ១២រីឯ​​អស់​អ្នក​ដែល​បាន​ទទួល​ព្រះអង្គ គឺ​អស់​​អ្នក​ដែល​ជឿ​លើ​ព្រះនាម​របស់​ព្រះអង្គ ព្រះអង្គ​បាន​ប្រទាន​សិទ្ធិ​ដល់​​ពួកគេ ឲ្យត្រលប់ជា​កូន​របស់​ព្រះជាម្ចាស់​ ១៣គឺជា​កូន​ដែល​មិនមែន​កើត​មកពី​ឈាម ឬពី​ប្រាថ្នា​ខាង​រូបសាច់ ឬ​ពី​ចំណង់​របស់​មនុស្ស​ឡើយ គឺ​កើត​ពី​ព្រះជាម្ចាស់​វិញ។​

១៤ព្រះបន្ទូល​ បានត្រលប់ជា​សាច់​ឈាម​គង់​នៅ​ក្នុងចំណោមយើង ហើយ​យើងបាន​ឃើញ​សិរីរុងរឿង​របស់​ព្រះអង្គ​ ដែល​ជា​សិរី​រុង​រឿង​ នៃ​ព្រះរាជបុត្រា​តែមួយគត់ ​ មកពី​ព្រះ​វរបិតា ​ ដែល​​ពេញ​ដោយ​ព្រះគុណ និងសេចក្តីពិត។​ ១៥លោក​​យ៉ូហាន​ បាន​ធ្វើបន្ទាល់​អំពី​ព្រះអង្គ ទាំង​​ប្រកាស​ថា​៖ «គឺ​ព្រះអង្គ​នេះ​ហើយ​ដែល​ខ្ញុំ​បាន​ប្រាប់​ថា ​ជា​ព្រះ​មួយអង្គ​ដែល​យាងមក​ក្រោយ​ខ្ញុំ​ ត្រលប់​ជា​មុន​ខ្ញុំ ព្រោះ​ព្រះអង្គ​គង់នៅ​មុន​ខ្ញុំ»។ ​១៦យើង​​ទាំងអស់​គ្នា​​បាន​ទទួល​ពី​សេចក្ដី​ពោរ​ពេញរបស់​ព្រះ​អង្គ ដែល​ជា​ព្រះគុណ​ថែម​លើ​ព្រះ​គុណ​ ១៧ដ្បិត​​គម្ពីរ​វិន័យបានប្រទាន​​មក ​តាមរយៈ​លោក​ម៉ូសេ ឯព្រះគុណ និងសេចក្តី​ពិត​​មក​តាម​រយៈ​​ព្រះយេស៊ូ​គ្រិស្ដ​​ ១៨គ្មានអ្នក​ណា​​ធ្លាប់​ឃើញ​​ព្រះជាម្ចាស់​ទេ មាន​តែ​ព្រះរាជ​បុត្រា​​ តែមួយ​របស់​​ព្រះជាម្ចាស់​ប៉ុណ្ណោះ​ ដែល​នៅ​នឹង​ព្រះឱរា​របស់​ព្រះវរបិតា គឺ​ព្រះរាជបុត្រា​នោះ​ហើយបាន​សំដែង​​​ឲ្យ​ស្គាល់​ព្រះជាម្ចាស់។​

លោកយ៉ូហានធ្វើ​បន្ទាល់​

១៩កាល​​ពួក​ជនជាតិ​យូដា​ បាន​ចាត់​ពួក​សង្ឃ និងពួក​លេវី ពី​ក្រុង​យេរូសាឡិម​​ ឲ្យ​មក​សួរ​លោកយ៉ូហាន​​​​ថា​៖​ «តើ​អ្នកជា​នរណា​?»​ គាត់​បាន​ធ្វើ​បន្ទាល់ដូច​តទៅ​ ២០គឺ​គាត់​បាន​ប្រកាស​​ដោយ​មិន​បដិសេធ គឺ​​​ប្រកាស​ថា​៖ «ខ្ញុំ​មិនមែន​ជា​ព្រះ​គ្រិស្ដ​ទេ» ​២១នោះ​ពួកគេ​សួរ​គាត់​ថា​៖ «ដូច្នេះតើ​អ្នកជា​នរណា​? តើ​អ្នក​ជា​អេលីយ៉ា​ឬ​?» គាត់​ឆ្លើយ​ថា​៖ «មិនមែន​ខ្ញុំ​ទេ​!» ពួកគេសួរ​ទៀត​ថា​៖ «តើ​អ្នក​ជា​អ្នកនាំព្រះបន្ទូលឬ?» គាត់​ក៏​ឆ្លើយ​ថា​៖ «ទេ​!»​ ២២ដូច្នេះ​ពួកគេ​ក៏​សួរ​ទៀត​ថា៖ «តើ​អ្នក​ជា​នរណា​? តើ​អ្នក​ថា​ខ្លួនអ្នក​ជា​នរណា​ ដើម្បី​ឲ្យយើង​អាច​មាន​ចម្លើយ​ សម្រាប់​ពួកអ្នកដែល​ចាត់​យើងឲ្យមក» ២៣គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ជា​សំឡេង​មួយ​ កំពុង​ស្រែក​នៅ​ទីរហោឋាន​ថា ចូរ​តម្រង់​ផ្លូវ​របស់​ព្រះអ​ម្ចាស់ដូច​ដែល​លោក​អេសាយជា​អ្នកនាំព្រះបន្ទូលបាន​ថ្លែងទុក»។​ ២៤ពួក​អ្នក​ដែល​គេ​បាន​ចាត់ឲ្យ​មក​នេះ ពួកគេ​មក​ពីខាង​គណៈ ​ផារិស៊ី​ ២៥ហើយ​ពួកគេ​សួរ​គាត់​ម្ដង​ទៀត​​ថា​៖ «បើ​អ្នក​មិនមែន​ជា​ព្រះ​គ្រិស្ដឬ​លោក​អេលីយ៉ា ឬអ្នកនាំ​ព្រះបន្ទូល​​ទេ ​ហេតុអ្វី​បានជា​អ្នក​ធ្វើពិធី​ជ្រមុជទឹក​ដូច្នេះ​?»​ ២៦លោក​យ៉ូហាន​ឆ្លើយ​​ទៅ​ពួកគេ​ថា៖ «ខ្ញុំ​ធ្វើ​ពិធី​​ជ្រមុជ​ដោយទឹក ប៉ុន្ដែមាន​ព្រះមួយ​អង្គ​នៅ​​ក្នុងចំណោម​អ្នករាល់គ្នា ដែល​អ្នករាល់គ្នា​មិន​ស្គាល់ ២៧ព្រះអង្គ​យាង​មក​ក្រោយ​ខ្ញុំ ហើយខ្ញុំ​មិន​ស័ក្តិ​សម​នឹង​ស្រាយ​ខ្សែ​ស្បែក​ជើង​ឲ្យព្រះអង្គ​ផង»។​ ២៨ហេតុ​ការណ៍​​​ទាំងនេះ​បាន​កើតឡើង​ ក្នុង​ក្រុង​បេថានី ​​នៅ​ត្រើយ​​ម្ខាងនៃ​អូរ​យ័រដាន់​​ ជា​​កន្លែង​ដែល​លោក​យ៉ូហាន​ កំពុង​ធ្វើ​ពិធី​ជ្រមុជទឹក។

ព្រះយេស៊ូជា​កូន​ចៀមរបស់ ព្រះជាម្ចាស់

២៩ថ្ងៃ​បន្ទាប់មក លោក​យ៉ូហាន​​​បាន​ឃើញ​ព្រះយេស៊ូយាងមកឯ​គាត់ នោះ​​គាត់និយាយ​ថា​៖​«មើល៍ នោះ​ជា​កូន​ចៀមរបស់​ព្រះជា​ម្ចាស់ដែលដក​​យក​បាបរបស់មនុស្សលោក ៣០គឺ ​​ព្រះអង្គ​នេះ​ហើយដែលខ្ញុំ​ប្រាប់​ថា ជា​ព្រះ​មួយ​អង្គ​ ដែល​យាង​មក​ក្រោយ​ខ្ញុំ ហើយ​ត្រលប់​ជា​មុន​ខ្ញុំ ដ្បិត​ព្រះអង្គ​បាន​គង់​នៅ​មុន​ខ្ញុំ។ ៣១ខ្ញុំមិន​បាន​ស្គាល់​ព្រះអង្គទេ ដូច្នេះបាន​ជា​ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ដោយ​​ទឹក​ ដើម្បី​ឲ្យអ៊ីស្រាអែល​ស្គាល់​ព្រះអង្គ»។ ៣២លោក​យ៉ូ​ហា​ន​​​បាន​ធ្វើ​បន្ទាល់​ថា​៖​ «ខ្ញុំ​បាន​ឃើញ​ព្រះវិញ្ញាណយាងចុះ​ពី​ស្ថាន​សួគ៌ ដូច​ជា​សត្វ​ព្រាបមក​សណ្ឋិតលើ​ព្រះអង្គ ៣៣ខ្ញុំមិន​បាន​ស្គាល់​ព្រះអង្គទេ ​ប៉ុន្ដែព្រះអង្គដែលចាត់​ខ្ញុំ​ឲ្យមក​ធ្វើពិធី​ជ្រមុជ​ដោយ​​​ទឹកបាន​មានបន្ទូល​ប្រាប់​ខ្ញុំ​ថា៖ «ពេល​អ្នកឃើញ​ព្រះវិញ្ញាណយាង​ចុះ​មកសណ្ឋិត​លើ​អ្នកណា​ គឺ​អ្នកនោះ​ហើយ ដែល​ធ្វើ​ពិ​ធី​​ជ្រមុជ​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ»។ ៣៤ដូច្នេះខ្ញុំ​បាន​ឃើញ​ហើយ បានជា​ខ្ញុំ​ធ្វើបន្ទាល់​ថា គឺ​ព្រះអង្គ​នេះ​ហើយ ជា​ព្រះរាជបុត្រា​របស់​ព្រះជា​ម្ចាស់»។

ព្រះយេស៊ូត្រាស់​ហៅ​ពួក​សិស្ស​ដំបូង​

៣៥នៅ​ថ្ងៃ​បន្ទាប់មក លោក​យ៉ូហាន​បាន​ឈរ​ម្ដង​ទៀត ជាមួយ​សិស្ស​របស់​គាត់​ពីរ​នាក់ ​៣៦គាត់​​មើល​ឃើញ​ព្រះយេស៊ូ​កំពុង​យាង​កាត់​ទី​នោះ គាត់​​ក៏​និយាយ​ថា​៖ «មើល៍ ​ នោះជា​កូន​ចៀម​របស់​ព្រះជាម្ចាស់»។ ​៣៧ពេល​សិស្ស​ទាំង​ពីរ​របស់​គាត់​ ឮ​គាត់​និយាយ​ដូច្នេះ ពួកគេ​ក៏​ដើរ​តាម​ព្រះយេស៊ូទៅ។​ ៣៨ពេល​ព្រះយេស៊ូងាកមក ឃើញអ្នកទាំងពីរ​នោះ​កំពុង​ដើរតាម​ព្រះអង្គ​ដូច្នេះ ក៏​មានបន្ទូល​ទៅ​ពួកគេ​ថា​៖ «តើ​ពួក​អ្នក​មក​រក​អ្វី​?» ពួកគេ​ទូល​ទៅ​ព្រះអង្គ​ថា៖ «រ៉ាប់​ប៊ី! ​(ដែល​​ប្រែ​ថា លោក​គ្រូ​) តើ​លោក​ស្នាក់​នៅ​កន្លែងណា​?»​​ ៣៩ព្រះអង្គ​មានបន្ទូល​ទៅ​ពួក​គេ​​ថា​៖ «មក​មើល​ចុះ​!» ដូច្នេះពួកគេ​ក៏​ទៅ ហើយ​ឃើញ​កន្លែង​ដែល​ព្រះអង្គ​គង់នៅ ​រួច​បាន​ស្នាក់​នៅ​ជាមួយ​ព្រះអង្គ​នៅ​ថ្ងៃ​នោះ ព្រោះ​ពេល​នោះ​ ម៉ោង​ប្រហែល​បួន​រសៀល​ហើយ។ ៤០ក្នុង​ចំណោម​សិស្ស​ទាំង​ពីរ​នាក់ដែល​បាន​ឮ​លោក​យ៉ូហាន​និយាយ ហើយ​បាន​ដើរតាម​ព្រះអង្គនោះ​​​ មាន​ម្នាក់​ឈ្មោះ​អនទ្រេ ជា​ប្អូន​របស់​លោក​ស៊ីម៉ូន​ពេត្រុស​ ៤១លោក​អនទ្រេ​បាន​ទៅ​ជួប​លោក​ស៊ីម៉ូន ​ជា​បង​ប្រុស​របស់​គាត់​មុនគេ ហើយ​ប្រាប់​ថា៖ «យើង​​បាន​ជួប​ព្រះ​មែស៊ី​ហើយ​!»​ (ដែល​​​ប្រែ​ថា ព្រះ​គ្រិស្ដ​)។​ ៤២គាត់​ក៏​នាំ​លោក​ស៊ីម៉ូន​​ទៅ​ឯ​ព្រះ​យេស៊ូ កាល​ព្រះ​យេស៊ូ​ឃើញ​​លោកស៊ីម៉ូន ក៏​មានបន្ទូលថា​៖ «អ្នក​ឈ្មោះ​ស៊ីម៉ូនជា​កូន​​យ៉ូហាន អ្នក​នឹងត្រូវ​គេ​ហៅ​ថា កេផាស» ​(​ដែល​ប្រែ​ថា​ ពេត្រុស​)។​

៤៣ថ្ងៃ​បន្ទាប់​មក ព្រះយេស៊ូចង់​ទៅ​ស្រុក​កាលីឡេ​ ហើយព្រះអង្គ​បាន​ជួប​លោក​ភីលីព ក៏​​​មានបន្ទូល​ទៅ​គាត់ថា៖​«ចូរ​មកតាម​ខ្ញុំ»៤៤លោក​​​ភីលីព​នេះមក​ពី​ក្រុង​បេតសៃដា ដែល​លោក​​អនទ្រេ​ និង ​លោក​ពេត្រុស​នៅ​ក្រុង​នោះ​ដែរ។​ ៤៥លោកភីលីពបាន​ទៅ​ជួប​លោក​ណាថា​ណែល ហើយ​ប្រាប់​គាត់​ថា​៖ «យើង​បាន​ជួប​ព្រះអង្គ ដែលលោក​ម៉ូសេ និង​ពួក​អ្នកនាំ​ព្រះ​បន្ទូល បាន ​ចែង​ទុក​នៅ​ក្នុង​គម្ពីរ​វិន័យហើយ គឺ​ព្រះ​យេស៊ូ​ជា​អ្នក​ក្រុង​ណាសារ៉ែត​ ត្រូវ​ជា​កូន​របស់លោក​យ៉ូសែប»​ ៤៦ពេលនោះ លោក​​ណា​ ថា ​ណែ ល ​​ក៏ ​សួរ​គាត់​ថា​៖ «តើ​មាន​អ្វី​ដែល​ល្អ អាច​ចេញពី​ក្រុងណាសារ៉ែត​បាន​ដែរ​ឬ?» លោក​​ភីលីព​ឆ្លើយថា​៖ «ចូរ​មក​មើលចុះ»។​ ៤៧ពេល​ព្រះយេស៊ូ​​ឃើញ​លោក​ណាថាណែល​មក​ឯ​ព្រះអង្គ ក៏​មានបន្ទូល​អំពី​គាត់​ថា​៖ «មើល៍​ នោះជា​ជនជាតិ​អ៊ីស្រាអែល​ពិត​ប្រាកដ ដែល​គ្មាន​​ឧបាយកល​សោះ» ៤៨លោក​ណាថា​ណែល​​ទូលសួរ​ព្រះអង្គ​ថា​៖ «តើ​លោក​ស្គាល់​ខ្ញុំ​យ៉ាង​ដូច​ម្ដេច​?» ព្រះយេស៊ូ​ឆ្លើយ​ថា​៖ «មុន​ពេល​ភីលីព​ហៅ​អ្នក ខ្ញុំ​បាន​ឃើញ​អ្នក​នៅ​ក្រោម​ដើម​ល្វា​រួច​ទៅហើយ»​។​ ៤៩លោក​ណាថាណែល​ក៏​ទូល​ព្រះអង្គ​ថា​៖ «លោក​គ្រូ​! លោក​ជា​ព្រះរាជ​បុត្រា​​របស់​ព្រះជាម្ចាស់ និង​ជា​ស្តេច​របស់អ៊ីស្រា​អែល​​មែន​ហើយ»។​៥០ព្រះ​យេស៊ូ​មានបន្ទូល​ទៅ​គាត់​ថា​៖«តើ​អ្នក​ជឿ ដោយសារ​តែ​ខ្ញុំ​ប្រាប់​អ្នក​ថា ខ្ញុំ​បាន​ឃើញ​អ្នក ​នៅ​ក្រោម​ដើម​ល្វា​ឬ​? អ្នក​នឹង​ឃើញ​ការ​អស្ចារ្យ​ជាង​នេះ​ទៀត»៥១រួច​ព្រះអង្គ​មាន​បន្ទូល ​ទៅ​គាត់​ទៀត​ថា​៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា អ្នក​រាល់គ្នា​នឹង​ឃើញ​​​​​​មេឃ​បើក​ចំហ ហើយ​ពួក​ទេវតា​របស់​ព្រះជា​ម្ចាស់​ ចុះ​ឡើង​ៗ​ពីលើ​កូន​មនុស្ស»

យ៉ូហាន ១