យ៉ាកុប ៣
ត្រូវចេះទប់អណ្ដាត
៣បងប្អូនរបស់ខ្ញុំអើយ! កុំធ្វើគ្រូច្រើនគ្នាពេក ព្រោះអ្នករាល់គ្នាដឹងហើយថា យើងត្រូវទទួលទោសធ្ងន់ធ្ងរជាងគេ ២ដ្បិតយើងទាំងអស់គ្នាតែងតែធ្វើខុសជាច្រើន បើអ្នកណាម្នាក់មិនធ្វើខុសដោយសារពាក្យសំដីទេ អ្នកនោះជាមនុស្សគ្រប់លក្ខណ៍ហើយ ក៏អាចគ្រប់គ្រង រូបកាយទាំងមូលបានដែរ។
៣បើយើងដាក់បង្ហៀរ នៅនឹងមាត់សេះ នោះធ្វើឲ្យវាស្តាប់បង្គាប់យើង ហើយអាចញាក់រូបកាយទាំងមូល របស់វាបានទៀតផង។ ៤ចូរមើលនាវាដែរចុះ ទោះបីសំពៅធំសម្បើម ហើយមានខ្យល់បក់ខ្លាំងយ៉ាងណាក្ដី ក៏អ្នកបើកបរអាចបត់បែនទៅមកបានតាមចិត្ត ដោយសារចង្កូតតូចមួយប៉ុណ្ណោះ។ ៥រីឯអណ្តាតក៏ដូច្នោះដែរ វាជាអវយវៈមួយតូចមែន ប៉ុន្ដែពូកែអួតអាងសម្បើមណាស់។ សូមមើល ភ្លើងតែបន្តិចអាចឆេះព្រៃដ៏ធំបាន ៦រីឯអណ្តាតក៏ជាភ្លើងម្យ៉ាងដែរ វាជាពិភពនៃសេចក្ដីទុច្ចរិត ហើយអណ្ដាតត្រូវបានដាក់ក្នុងចំណោម អវយវៈរបស់យើង ដែលអាចធ្វើឲ្យរូបកាយទាំងមូលស្មោកគ្រោក ហើយបញ្ឆេះអស់ទាំងដំណើរជីវិត គឺបញ្ឆេះដោយភ្លើងមកពីនរក ៧ដ្បិតគ្រប់ទាំងពូជសត្វព្រៃ សត្វស្លាប សត្វលូនវារ និងសត្វក្នុងសមុទ្រ នោះអាចផ្សាំងបាន ហើយក៏មានមនុស្សដែលបានផ្សាំងពួកវារួចហើយ ៨ប៉ុន្ដែគ្មានអ្នកណាម្នាក់អាចផ្សាំងអណ្តាតបានទេ វាជាអវយវៈអាក្រក់ដែលមិនអាចគ្រប់គ្រងបាន ហើយពេញដោយពិសដែលអាចឲ្យស្លាប់បាន។ ៩យើងសរសើរតម្កើងព្រះអម្ចាស់ ដែលជាព្រះវរបិតាដោយអណ្ដាតនេះ ហើយយើងដាក់បណ្ដាសាមនុស្ស ដែលព្រះអង្គបានបង្កើតមក ឲ្យមានលក្ខណៈដូចព្រះអង្គដោយអណ្ដាតតែមួយនេះដែរ។ ១០ដូច្នេះ មានទាំងពាក្យសរសើរ និងពាក្យបណ្ដាសាបានចេញពីមាត់តែមួយ។ បងប្អូនរបស់ខ្ញុំអើយ! មិនត្រូវឲ្យមានដូច្នេះឡើយ។ ១១ជាការពិតណាស់ មិនដែលមានប្រភពទឹកណា បញ្ចេញទឹកសាប និងទឹកប្រៃពីរន្ធទឹកតែមួយទេ ១២បងប្អូនរបស់ខ្ញុំអើយ! ដើមល្វាមិនអាចមានផ្លែអូលីវទេ ហើយដើមទំពាំងបាយជូរក៏មិនអាចមានផ្លែល្វាដែរ ដូច្នេះរន្ធទឹកប្រៃក៏មិនអាចបញ្ចេញទឹកសាបបានដែរ។
ប្រាជ្ញាដែលមកពីព្រះជាម្ចាស់
១៣ក្នុងចំណោមអ្នករាល់គ្នា បើមានអ្នកណាម្នាក់មានប្រាជ្ញា និងចំណេះដឹង ចូរឲ្យអ្នកនោះ បង្ហាញការប្រព្រឹត្តិរបស់ខ្លួនតាមរយៈកិរិយាល្អ ដោយចិត្តស្លូតបូតប្រកបដោយប្រាជ្ញាចុះ ១៤ប៉ុន្ដែបើអ្នករាល់គ្នាមានសេចក្ដីច្រណែនដ៏ល្វីងជូរចត់ ហើយមានចិត្ដអាត្មានិយម នោះចូរកុំអួតខ្លួន ហើយកុហកទាស់នឹងសេចក្ដីពិតឡើយ។ ១៥ប្រាជ្ញាបែបនេះមិនមែនមកពីស្ថានលើទេ ផ្ទុយទៅវិញ ជាប្រាជ្ញារបស់លោកិយ ជាប្រាជ្ញារបស់មនុស្ស និងជាប្រាជ្ញារបស់អារក្សសាតាំង ១៦ដ្បិតកន្លែងណាមានសេចក្ដីច្រណែន និងភាពអាត្មានិយម កន្លែងនោះមានភាពវឹកវរ និងអំពើអាក្រក់គ្រប់បែបយ៉ាង។
១៧ប៉ុន្ដែ ប្រាជ្ញាដែលមកពីស្ថានលើ មុនដំបូងបរិសុទ្ធ បន្ទាប់មកផ្ដល់សេចក្ដីសុខសាន្ត ស្លូតបូត អធ្យាស្រ័យ ពេញដោយសេចក្ដីមេត្តាករុណា និងផលល្អគ្រប់បែបយ៉ាង មិនលំអៀង ហើយឥតពុតត្បុតឡើយ។ ១៨រីឯពួកអ្នកដែលបង្កើតសេចក្ដីសុខសាន្ត សាបព្រោះផលនៃសេចក្តីសុចរិត ដោយសេចក្តីសុខសាន្ត។