យ៉ាកុប ២
ការដាស់តឿនកុំឲ្យប្រកាន់វណ្ណៈ
២បងប្អូនរបស់ខ្ញុំអើយ! ត្រូវមានជំនឿលើព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើងដែលប្រកបដោយសិរីរុងរឿង ដោយមិនមានសេចក្តីលំអៀងឡើយ ២ដ្បិតបើមានមនុស្សម្នាក់ចូលក្នុងសាលាប្រជុំរបស់អ្នករាល់គ្នា ទាំងពាក់ចិញ្ចៀនមាស និងសម្លៀកបំពាក់ភ្លឺផ្លេក ហើយមានអ្នកក្រម្នាក់ស្លៀកពាក់កខ្វក់ចូលមកដែរ ៣រួចអ្នករាល់គ្នាក៏មើលទៅអ្នកដែលស្លៀកពាក់ភ្លឺផ្លេកនោះ ទាំងនិយាយថា សូមអញ្ជើញអង្គុយនៅកន្លែងកិត្តិយសនេះចុះ ហើយនិយាយទៅកាន់អ្នកក្រថា ចូរឈរនៅទីនោះ ឬនិយាយថា ចូរអង្គុយនៅក្បែរកំណល់ជើងរបស់ខ្ញុំនេះចុះ ៤តើនោះមិនបានសេចក្ដីថា អ្នករាល់គ្នារាប់អានមនុស្សដោយរើសមុខ ក្នុងចំណោមអ្នករាល់គ្នា ហើយត្រលប់ជាអ្នកវិនិច្ឆ័យគេ ដោយគំនិតអាក្រក់របស់ខ្លួនទេឬ?
៥ចូរស្តាប់ចុះ បងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ! តើព្រះជាម្ចាស់មិនបានជ្រើសរើសអ្នកក្រនៅក្នុងពិភពលោកនេះ ឲ្យធ្វើជាអ្នកមានខាងឯជំនឿ និងជាអ្នកទទួលបាននគរ ដែលព្រះអង្គបានសន្យាសម្រាប់អស់អ្នក ដែលស្រឡាញ់ព្រះអង្គទុកជាមរតកទេឬ? ៦ប៉ុន្ដែអ្នករាល់គ្នាបែរជាធ្វើឲ្យអ្នកក្រអាម៉ាស់ទៅវិញ តើមិនមែនពួកអ្នកមានទេឬ ដែលសង្កត់សង្កិន ហើយអូសអ្នករាល់គ្នាទៅតុលាការ? ៧តើមិនមែនពួកអ្នកមានទេឬដែលប្រមាថនាមដ៏ល្អ ដែលគេហៅអ្នករាល់គ្នាតាមនាមនោះ?
៨បើអ្នករាល់គ្នាធ្វើតាមក្រឹត្យវិន័យ ដ៏ប្រសើរ ស្របតាមបទគម្ពីរដែលបានចែងថា ចូរស្រឡាញ់អ្នកជិតខាងរបស់ខ្លួនឲ្យដូចខ្លួនឯងនោះអ្នករាល់គ្នាប្រព្រឹត្តបានល្អហើយ ៩ប៉ុន្ដែបើអ្នករាល់គ្នាមានសេចក្តីលំអៀង នោះអ្នករាល់គ្នាប្រព្រឹត្តបាប ហើយក្រឹត្យវិន័យក៏បង្ហាញថា អ្នករាល់គ្នាជាអ្នកល្មើសក្រឹត្យវិន័យដែរ។
១០ដ្បិតអ្នកណា ដែលកាន់តាមក្រឹត្យវិន័យទាំងអស់ ប៉ុន្ដែបានធ្វើខុសត្រង់ចំណុចណាមួយ នោះត្រលប់ជាមានទោស នៅចំពោះក្រឹត្យវិន័យទាំងអស់ហើយ ១១ដ្បិតព្រះជាម្ចាស់ដែលមានបន្ទូលថា កុំប្រព្រឹត្តអំពើផិតក្បត់ ព្រះអង្គក៏បានមានបន្ទូលដែរថា កុំសម្លាប់មនុស្ស។ ដូច្នេះទោះបីអ្នកមិនបានប្រព្រឹត្តអំពើផិតក្បត់ក៏ដោយ ប៉ុន្ដែបានសម្លាប់មនុស្ស នោះអ្នកបានត្រលប់ជាអ្នកល្មើសនឹងក្រឹត្យវិន័យហើយ។
១២ដូច្នេះ ចូរអ្នករាល់គ្នានិយាយ ព្រមទាំងប្រព្រឹត្តឲ្យស័ក្តិសមជា ពួកអ្នកដែលក្រឹត្យវិន័យនៃសេរីភាព រៀបនឹងជំនុំជម្រះចុះ ១៣ដ្បិតការជំនុំជម្រះគ្មានសេចក្ដីមេត្តាករុណាទេ ចំពោះអស់អ្នកដែលគ្មានសេចក្តីមេត្តាករុណា ប៉ុន្ដែសេចក្ដីមេត្តាករុណា នឹងឈ្នះការជំនុំជម្រះ។
ជំនឿគ្មានការប្រព្រឹត្ដិ គឺគ្មានប្រយោជន៍
១៤ឱ បងប្អូនរបស់ខ្ញុំអើយ! បើមានអ្នកណានិយាយថា ខ្លួនមានជំនឿ ប៉ុន្ដែគ្មានការប្រព្រឹត្តិ តើមានប្រយោជន៍អ្វី? តើជំនឿបែបនេះ អាចសង្គ្រោះអ្នកនោះបានដែរឬទេ? ១៥បើមានបងប្អូនប្រុស ឬស្រីណាម្នាក់ រស់នៅដោយខ្វះសម្លៀកបំពាក់ និងខ្វះអាហារបរិភោគប្រចាំថ្ងៃ ១៦ហើយមានម្នាក់ ក្នុងចំណោមអ្នករាល់គ្នា និយាយទៅបងប្អូននោះថា សូមអញ្ជើញទៅឲ្យបានសេចក្ដីសុខ សូមឲ្យបានកក់ក្តៅ និងឆ្អែតចុះ ប៉ុន្ដែមិនបានឲ្យអ្វីៗ ដែលបងប្អូននោះត្រូវការសម្រាប់រូបកាយទេ តើនោះមានប្រយោជន៍អ្វី?
១៧រីឯជំនឿក៏ដូច្នោះដែរ បើគ្មានការប្រព្រឹត្តិទេ នោះស្លាប់ហើយ ១៨ប៉ុន្ដែអ្នកខ្លះនឹងនិយាយថា អ្នកមានជំនឿ រីឯខ្ញុំមានការប្រព្រឹត្តិ។ ដូច្នេះ ចូរបង្ហាញខ្ញុំអំពីជំនឿរបស់អ្នក ដែលគ្មានការប្រព្រឹត្តិ ហើយខ្ញុំនឹងបង្ហាញអ្នកអំពីជំនឿរបស់ខ្ញុំតាមរយៈការប្រព្រឹត្តិវិញ។
១៩អ្នកជឿថា មានព្រះជាម្ចាស់តែមួយ នោះត្រឹមត្រូវហើយ សូម្បីតែអារក្សក៏ជឿដូច្នេះដែរ ហើយវាភ័យខ្លាចទៀតផង។ ២០ឱ មនុស្សឥតប្រាជ្ញាអើយ! តើអ្នកចង់ដឹងដែរឬទេថា ជំនឿដែលគ្មានការប្រព្រឹត្តិ គឺគ្មានប្រយោជន៍អ្វីឡើយ។
២១តើលោកអ័ប្រាហាំ ដែលជាដូនតារបស់យើង មិនត្រូវបានរាប់ជាសុចរិតដោយសារការប្រព្រឹត្តិ នៅពេលគាត់ថ្វាយអ៊ីសាក ជាកូនប្រុសរបស់គាត់នៅលើកន្លែងថ្វាយតង្វាយទេឬ? ២២អ្នកឃើញថា ជំនឿគួបផ្សំជាមួយការប្រព្រឹត្តិរបស់គាត់ ហើយដោយសារការប្រព្រឹត្តិរបស់គាត់ បានធ្វើឲ្យជំនឿគ្រប់លក្ខណ៍ ២៣និងបានសម្រេចតាមបទគម្ពីរ ដែលចែងថា លោកអ័ប្រាហាំបានជឿព្រះជាម្ចាស់ ហើយគាត់ត្រូវបានរាប់ជាសុចរិតដោយសារជំនឿនោះឯង ព្រមទាំងត្រូវបានហៅថា ជាសម្លាញ់របស់ព្រះជាម្ចាស់។ ២៤ដូច្នេះ អ្នករាល់គ្នាឃើញហើយថា មនុស្សត្រូវបានរាប់ជាសុចរិតមិនមែនដោយសារជំនឿប៉ុណ្ណោះទេ គឺដោយសារការប្រព្រឹត្តិដែរ។
២៥រីឯនាងរ៉ាហាប ជាស្រ្តីពេស្យា ក៏ដូច្នោះដែរ តើនាងមិនត្រូវបានរាប់ជាសុចរិត ដោយសារការដែលនាងបានប្រព្រឹត្តទេឬ គឺក្នុងកាលដែលនាងបានទទួលពួកអ្នកនាំសារ ហើយបានឲ្យពួកគេចេញតាមផ្លូវមួយទៀត។ ២៦ដូច្នេះរូបកាយគ្មានវិញ្ញាណ ស្លាប់ជាយ៉ាងណា នោះជំនឿដែលគ្មានការប្រព្រឹត្តិ ក៏ស្លាប់ជាយ៉ាងនោះដែរ។