KCB - ហេព្រើរ ៩


ហេព្រើរ ៩

ក្បួន​តម្រាចាស់​សម្រាប់​ការ​ថ្វាយ​បង្គំ

នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​មុន​ មាន​ក្បួន​តម្រា​សម្រាប់​ការបម្រើ​ ហើយ​ក៏មាន​ទី​បរិសុទ្ធ​ នៅ​លោកិយ៍​នេះ​ដែរ។​ ដ្បិត​ពួកគេ​សង់​រោង​ ហើយ​នៅ​ផ្នែក​ខាង​មុខ​ដែល​គេ​ហៅ​ថា ទី​បរិសុទ្ធនោះ​ មាន​ជើង​ចង្កៀង តុ និង​នំប៉័ង​តាំង​ថ្វាយ។ រីឯ​នៅ​ខាង​ក្រោយ​វាំង​នន​ទី​ពីរ មាន​ផ្នែក​មួយ​ទៀត​​ ដែល​ហៅ​ថា ទី​បរិសុទ្ធ​បំផុត ​នៅ​ទីនោះ​មាន​ឧបករណ៍​​សម្រាប់​ដុត​គ្រឿង​ក្រអូប​​ធ្វើ​អំពី​មាស និង​ហិប​នៃ​កិច្ច​ព្រម​ព្រៀង​ ដែល​ស្រោប​​មាស​ជុំ​វិញ​ទាំង​អស់ ហើយ​នៅ​ក្នុង​ហិប​នោះ​មាន​ពាន​មាស​មួយ​ដាក់​នំ​ម៉ាណា ព្រមទាំង​ដំបង​របស់​លោក​អើរ៉ុន​ ដែល​មាន​ស្លឹក​ដុះ​ចេញ​មក និង​បន្ទះ​ថ្ម​នៃ​កិច្ច​ព្រម​ព្រៀង​ ​ហើយ​​ពី​លើ​ហិប​នោះ មាន​រូប​ចេរ៉ូប៊ីន​ដ៏​មាន​សិរី​រុងរឿង​បាំង​ពី​លើ​ទី​សណ្តោស​ប្រោស ប៉ុន្ដែ​នៅ​ពេល​នេះ យើង​មិន​អាច​និយាយ​អំពី​រឿង​ទាំង​នេះ ​ឲ្យ​បាន​ល្អិតល្អន់​​ទេ។​

ពេលរបស់​ទាំង​នេះ​ បាន​រៀបចំ​រួច​រាល់​ហើយ ពួក​សង្ឃ​ក៏​ចូល​ទៅ​ក្នុងរោង​ផ្នែក​ខាង​មុខដើម្បី​ធ្វើ​ការ​បម្រើ​​​ ប៉ុន្ដែ​នៅ​ផ្នែក​ទី​ពីរ មាន​តែ​សម្ដេច​សង្ឃ​ប៉ុណ្ណោះ​ ដែល​អាច​ចូល​បាន​​ក្នុង​មួយ​ឆ្នាំ​ម្តង ដោយ​មាន​​​ឈាម ​ដែល​គាត់​ត្រូវ​ថ្វាយ​​សម្រាប់​ខ្លួនឯង​ និង​សម្រាប់​​បាប​របស់​ប្រជាជន។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​ បានបង្ហាញ​ឲ្យ​ឃើញ​​អំពី​ការ​នេះ​ថា ដរាប​ណា​ផ្នែក​ខាង​មុខ​នៃ​រោង​​ នៅ​មាន​នៅ​ឡើយ នោះ​ផ្លូវ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​ក៏​ពុំ​ទាន់​បើក​ចំហ​ដែរ។​ ​នេះ​គឺជា​ការ​ប្រៀប​ប្រដូច​អំពី​​បច្ចុប្បន្ន​​កាល ដែល​ការ​ថ្វាយ​តង្វាយ និង​យញ្ញបូជា​ពុំ​អាច​ធ្វើ​ឲ្យ​មនសិការ​របស់​អ្នក​បម្រើ​គ្រប់​លក្ខណ៍​​បាន​ឡើយ។ ​១០ទាំង​នោះ​គ្រាន់​តែ​ជា​ក្បួន​តម្រា​ខាង​សាច់​ឈាម​អំពី​ម្ហូប​អាហារ ភេសជ្ជៈ​ និង​ការ​លាង​សំអាត​ផ្សេងៗ​ប៉ុណ្ណោះ​ ដែល​បាន​ប្រើ​រហូត​ដល់​ពេល​ដែល​មាន​ការ​កែ​ប្រែឡើង​វិញ។​

ព្រះគ្រិស្ដជាយញ្ញបូជាដ៏គ្រប់​លក្ខណ៍​

១១​កាល​ព្រះគ្រិស្ដ​ បានយាង​មក​ធ្វើ​ជា​សម្ដេច​សង្ឃ​ខាង‍ឯ​សេចក្ដី​ល្អ​ ដែល​ត្រូវ​មក​ ព្រះអង្គ​បាន​យាង​កាត់​រោង​ដ៏​វិសេស​ជាង​ ហើយ​គ្រប់​លក្ខណ៍​ជាង ដែល​មិន​មែន​ធ្វើ​ឡើង​ ដោយ​ដៃ​មនុស្ស​ទេ ហើយ​ក៏មិន​មែន​ជា​របស់​​ពិភព​លោក​នេះ​ដែរ។​ ១២ព្រះអង្គ​​មិនបាន​​​យក​ឈាម​ពពែ​ឈ្មោល ឬ​ឈាម​កូន​គោ​ទេ តែ​បាន​យក​​ឈាម​របស់​ព្រះអង្គ​ផ្ទាល់ ​ចូលក្នុង​ទី​បរិសុទ្ធ​បំផុត​តែម្តង​​ជា​ការ​ស្រេច​ ទាំង​ទទួល​បាន​​​សេចក្ដីប្រោសលោះ ដ៏អស់​កល្ប​ជានិច្ច​ ១៣​ដ្បិត​បើ​ឈាម​គោ​ឈ្មោល ឈាម​ពពែ​ឈ្មោល និង​ផេះ​គោ​ក្រមុំ ដែល​គេ​ប្រោះ​លើ​ពួក​អ្នក​ស្មោក​គ្រោក​ធ្វើ​ឲ្យអ្នក​ទាំងនោះ​​បរិសុទ្ធ ហើយ​ធ្វើ​ឲ្យសាច់ឈាម​​ជ្រះ​ស្អាត​ទៅ​ហើយ ១៤​​នោះ​ឈាម​​របស់​ព្រះ​គ្រិស្ដ​​ ដែល​បាន​ថ្វាយ​អង្គ​ទ្រង់ ​ទុក​ជា​តង្វាយ​ដ៏​ឥត​សៅហ្មង​ដល់​ព្រះ​ជាម្ចាស់​ តាមរយៈ​ព្រះ​វិញ្ញាណ​ដ៏​អស់​កល្ប​ជានិច្ច​វិញ​ ​កាន់​តែ​ធ្វើ​ឲ្យ​​មនសិការ​របស់​យើង​ ស្អាត​​ពី​កិច្ចការ​ខាង‍ឯ​សេចក្ដី​ស្លាប់ទៅ​ទៀត​ ដើម្បី​ឲ្យបម្រើ​ព្រះ​ជាម្ចាស់​ ដ៏​មាន​ព្រះជន្ម​រស់​ ១៥ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ ជា​អ្នក​សម្រុះ​សម្រួល​កិច្ច​ព្រម​ព្រៀង​ថ្មី ដើម្បី​ឲ្យ​អស់​​អ្នក ​ដែល​ព្រះជាម្ចាស់​ត្រាស់​ហៅ​ ទទួល​បាន​មរតក​ដ៏​អស់​កល្ប​ជានិច្ចដែល​បាន​​សន្យា ដោយព្រះអង្គ​សោយទិវង្គត​ ដើម្បី​លោះ​គេ ​ឲ្យ​រួច​ពី​ការ​ល្មើស​ទាំង​ឡាយ​​​ដែល​បាន​ប្រព្រឹត្ត​ កាល​នៅ​ក្រោមកិច្ច​ព្រម​ព្រៀង​មុន។​

១៦ដ្បិត​ទី​ណា​មាន​បណ្តាំ​មរតក ទី​នោះ​ត្រូវ​តែ​មាន​សេចក្ដី​បញ្ជាក់​ថា​​ អ្នក​ដែល​សរសេរ​បណ្តាំ​ ​​បាន​ស្លាប់​ហើយ ១៧​ដ្បិត ​បណ្តាំ​មរតក​អាច​យក​ជា​ការ​បាន លុះ​ត្រា​តែ​អ្នក​សរសេរ​​ បាន​ស្លាប់​ហើយ​ ប៉ុន្ដែ​ ពេល​​អ្នក​សរសេរ​​នៅ​រស់​នៅ​ឡើយ បណ្ដាំ​នោះ មិន​អាច​យក​ជា​ការ​បាន​ទេ ១៨​ដូច្នេះហើយ ​​​កិច្ច​ព្រម​ព្រៀង​មុន ​​ក៏​មិន​អាច​យក​ជា​ការ​បាន​ដែរ​ បើ​​គ្មានឈាម‍។ ១៩​ដ្បិត​ពេល​លោក​ម៉ូសេ​បាន​ប្រកាស​ប្រាប់​ប្រជាជន​ទាំង​អស់​ អំពី​បញ្ញត្តិ​ទាំង​ឡាយ ​​ស្រប​តាម​គម្ពីរ​វិន័យ​រួច​ហើយ គាត់​​ក៏​​យក​រោម​ចៀម​ពណ៌​ក្រហម​ទុំ និង​​ស្លឹកហ៊ីសុប​មក​ជ្រលក់​នៅ​ក្នុង​​ឈាម​កូន​គោ ​ឈាម​ពពែ ​និង​ទឹក​ ហើយ​ប្រោះ​​លើ​គម្ពីរ និង​ប្រជាជន​ទាំង​អស់​ ២០ទាំង​និយាយ​ថា នេះ​ជា​ឈាម​នៃ​កិច្ច​ព្រម​ព្រៀង​ ដែល​ព្រះ​ជាម្ចាស់​បាន​បង្គាប់​មក​អ្នករាល់គ្នា​២១​បន្ទាប់​មក គាត់​​​ក៏ប្រោះ​ឈាម​​បែប​ដូច្នោះ​​ដែរ ទៅ​​លើ​រោង​ និង​ទៅលើ​ឧបករណ៍ទាំង​អស់​សម្រាប់​ការ​បម្រើ។ ២២​ស្រប​តាម​គម្ពីរ​​វិន័យ ​អ្វីៗ​ស្ទើរ​តែទាំង​អស់​បាន​ស្អាត ដោយ​សារ​ឈាម ហើយ​បើ​គ្មាន​ការ​បង្ហូរ​ឈាម​ទេ នោះ​ក៏​គ្មាន​ការ​លើក​លែង​ទោស​ដែរ។ ​​២៣ដូច្នេះចាំបាច់​ត្រូវឲ្យគំរូ​នៃ​អ្វី​ៗដែល​នៅ​ស្ថានសួគ៌​ មាន​ការ​សំអាត​ដោយ​ពិធី​ទាំង​​នេះ ប៉ុន្ដែ​អ្វីៗ​ដែល​នៅ​ស្ថានសួគ៌​នោះ​ត្រូវ​សំអាត​ ដោយ​យញ្ញ​បូជា​ដ៏​ប្រសើរ​ជាង​​នេះ​ ២៤​ដ្បិត​ព្រះគ្រិស្ដ​ មិន​បាន​យាង​ចូល​ក្នុង​ទី​បរិសុទ្ធ​ដែល​ធ្វើ​ឡើង​ដោយ​ដៃ​មនុស្សដែល​គ្រាន់​តែ​ជា​រូប​តំណាង​នៃ​របស់​ពិត​ប៉ុណ្ណោះ​ទេ គឺ​ ព្រះអង្គ​បាន​យាង​ចូល​ក្នុង​ស្ថានសួគ៌​តែ​ម្ដង ដើម្បី​នឹង​បង្ហាញ​អង្គ​ទ្រង់​ជំនួស​យើង ​ នៅ​ចំពោះ​ព្រះ​ភក្រ្ត​​ របស់​ព្រះ​ជាម្ចាស់​ នៅ​ពេល​ឥឡូវ​នេះ‍។

២៥ព្រះអង្គ​មិន​បាន​ថ្វាយ​អង្គ​ទ្រង់​ជាច្រើន​លើក​ ​ដូច​ជា​សម្ដេច​សង្ឃ​ដែល​ចូល​ក្នុង​ទី​បរិសុទ្ធ​បំផុត​ ជា​រៀង​រាល់​ឆ្នាំ​ ដោយ​យក​ឈាម ដែល​មិន​មែន​ជា​​របស់​ខ្លួន​ឯងនោះ​​ឡើយ​ ២៦​ដ្បិត​បើ​ដូច្នេះ​មែន នោះ​ព្រះអង្គ ​មុខ​ជា​ត្រូវ​រងទុក្ខ​ជា​ច្រើន​លើក​​ តាំង​ពី​កំណើត​ពិភព​លោក​មក​ម៉្លេះ ប៉ុន្ដែ​នៅ​គ្រា​ចុង​ក្រោយ​នេះ ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​តែ​មួយ​ដង​​​គត់​ ដើម្បី​លុប​បំបាត់​បាប ដោយ​ថ្វាយ​អង្គ​ទ្រង់​ទុក​ជា​យញ្ញបូជា។​ ២៧​​មនុស្ស​ត្រូវ​កំណត់​​ឲ្យ​ស្លាប់​មួយ​ដង​ ហើយ​បន្ទាប់​មក​​ត្រូវ​ជាប់​ជំនុំ​ជម្រះ​ជា​យ៉ាង​ណា​ ២៨​ព្រះគ្រិស្ដ​ក៏​ថ្វាយ​អង្គ​ទ្រង់​តែ​មួយ​ដង ដើម្បី​ដក​យក​បាប​ចេញ​ពី​មនុស្ស​ជា​ច្រើន​ជា​យ៉ាង​នោះ​ដែរ ព្រះអង្គ​នឹង​បង្ហាញ​ខ្លួន​​ជា​លើក​ទី​ពីរ ប៉ុន្ដែ ​គ្មាន​ការ​ដក​យក​បាប​ទៀត​ទេ គឺ​​សង្គ្រោះ​អស់​អ្នក​ដែល​ទន្ទឹង​រង់​ចាំ​ព្រះអង្គ​វិញ។

ហេព្រើរ ៩