ហេព្រើរ ៤
សេចក្ដីសន្យាអំពីការសម្រាកសម្រាប់ រាស្រ្ដរបស់ព្រះជាម្ចាស់
៤ដូច្នេះ កាលដែលសេចក្ដីសន្យាអំពីការចូលក្នុងការសម្រាករបស់ព្រះអង្គនៅមាននៅឡើយ ចូរយើងខ្លាចចុះ ដើម្បីកុំឲ្យមានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា មិនបានចូលនោះឡើយ ២ដ្បិតដំណឹងល្អដែលយើងបានឮនោះក៏ជាដំណឹងល្អ ដែលពួកគេបានឮដែរ ប៉ុន្ដែព្រះបន្ទូលដែលពួកគេឮ គ្មានប្រយោជន៍សម្រាប់ពួកគេទេ ព្រោះព្រះបន្ទូលដែលពួកគេបានឮនោះ មិនបានជ្រួតជ្រាបទៅក្នុងពួកគេដោយជំនឿទេ។ ៣រីឯយើងដែលជាអ្នកជឿនឹងបានចូលក្នុងការសម្រាកនោះ ដូចដែលព្រះជាម្ចាស់មានបន្ទូលថា៖ «យើងស្បថដោយកំហឹងរបស់យើងថា ពួកគេនឹងមិនបានចូលទៅក្នុងការសម្រាករបស់យើងឡើយ»។ ទោះជាយ៉ាងណា កិច្ចការទាំងឡាយបានសម្រេច តាំងពីដើមកំណើតពិភពលោកមកហើយ។ ៤ដ្បិតមានកន្លែងមួយ ដែលព្រះអង្គបានមានបន្ទូលអំពីថ្ងៃទីប្រាំពីរដូច្នេះថា៖ «ព្រះជាម្ចាស់បានសម្រាកពីកិច្ចការទាំងឡាយរបស់ព្រះអង្គនៅថ្ងៃទីប្រាំពីរ» ៥ហើយមានបន្ទូលនៅកន្លែងនេះទៀតថា៖ «ពួកគេនឹងមិនបានចូលទៅ ក្នុងការសម្រាករបស់យើងឡើយ»។
៦ដូច្នេះហើយ នៅតែឲ្យអ្នកខ្លះចូលទៅក្នុងការសម្រាកនោះបាន ប៉ុន្ដែពួកអ្នកដែលឮដំណឹងល្អកាលពីមុន មិនបានចូលដោយព្រោះការមិនស្ដាប់បង្គាប់ ៧នោះព្រះអង្គក៏កំណត់ថ្ងៃមួយទៀតទុក គឺថ្ងៃនេះ ដោយបានមានបន្ទូលតាមរយៈស្តេចដាវីឌជាយូរក្រោយមកទៀត ដូចដែលបានមានបន្ទូល កាលពីមុនថា៖ «នៅថ្ងៃនេះ បើអ្នករាល់គ្នាឮសំឡេងរបស់ព្រះអង្គ ចូរកុំមានចិត្តរឹងរូស»។ ៨ដ្បិត បើលោកយ៉ូស្វេឲ្យពួកគេបានសម្រាកមែន នោះព្រះអង្គមិនមានបន្ទូលអំពីថ្ងៃផ្សេងទៀតនៅពេលក្រោយឡើយ ៩ដូច្នេះហើយ នៅតែមានការសម្រាកទុកសម្រាប់រាស្រ្តរបស់ព្រះអង្គ។ ១០ដ្បិតអ្នកណាដែលបានចូល ទៅក្នុងការសម្រាករបស់ព្រះអង្គ អ្នកនោះក៏បានសម្រាក ពីកិច្ចការទាំងឡាយរបស់ខ្លួន ដូចដែលព្រះជាម្ចាស់បានសម្រាកពីកិច្ចការរបស់ព្រះអង្គដែរ។ ១១ដូច្នេះ ចូរយើងខិតខំព្យាយាម ឲ្យបានចូលទៅក្នុងការសម្រាកនោះ ដើម្បីកុំឲ្យមានអ្នកណាម្នាក់ដួលចុះ តាមគំរូមិនស្តាប់បង្គាប់ដដែលនោះឡើយ។
១២ដ្បិតព្រះបន្ទូលរបស់ព្រះជាម្ចាស់មានជីវិត មានអំណាច ហើយមុតជាងដាវមុខពីរដែលចាក់ទម្លុះរហូតដល់កាត់ព្រលឹង និងវិញ្ញាណ ព្រមទាំងសន្លាក់ឆ្អឹង និងខួរឆ្អឹងឲ្យដាច់ចេញពីគ្នា រួចវិនិច្ឆ័យទាំងគំនិត និងបំណងចិត្តទៀតផង។ ១៣អ្វីៗដែលព្រះជាម្ចាស់ បានបង្កើតមក គ្មានអ្វីអាចលាក់បាំង ពីព្រះភក្ដ្រព្រះអង្គបានឡើយ ដ្បិតអ្វីៗទាំងអស់សុទ្ធតែនៅទទេ ឥតបិទបាំងសោះឡើយ នៅចំពោះព្រះនេត្រ របស់ព្រះអង្គ ដែលយើងត្រូវរាយរាប់ប្រាប់។
ព្រះគ្រិស្ដជាសម្ដេចសង្ឃដ៏ធំបំផុតរបស់យើង
១៤ដូច្នេះ ដោយព្រោះយើងមានសម្ដេចសង្ឃដ៏ធំបំផុត ដែលបានយាងកាត់ស្ថានសួគ៌ គឺព្រះយេស៊ូជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ចូរយើងកាន់តាមជំនឿ ដែលយើងបានប្រកាសនោះឲ្យបានខ្ជាប់ខ្ជួនចុះ ១៥ព្រោះសម្ដេចសង្ឃដែលយើងមាននោះ មិនមែនមិនចេះអាណិតអាសូរដល់ភាពទន់ខ្សោយរបស់យើងទេ ដ្បិតព្រះអង្គក៏ធ្លាប់ត្រូវល្បួងគ្រប់បែបយ៉ាងដូចយើងដែរ ប៉ុន្ដែព្រះអង្គគ្មានបាបឡើយ។ ១៦ដូច្នេះ ចូរយើងចូលជិតបល្ល័ង្កនៃព្រះគុណដោយចិត្ដក្លាហាន ដើម្បីទទួលសេចក្ដីមេត្តាករុណា និងទទួលបានព្រះគុណ សម្រាប់ជាជំនួយនៅពេលត្រូវការ។