ហេព្រើរ ៣
ព្រះយេស៊ូប្រសើរជាងលោកម៉ូសេ
៣ដូច្នេះ ឱ បងប្អូនដ៏បរិសុទ្ធដែលមានចំណែកក្នុងការត្រាស់ហៅពីស្ថានសួគ៌ របស់ព្រះជាម្ចាស់អើយ! ចូរពិចារណាអំពីព្រះយេស៊ូជាសាវក និងជាសម្ដេចសង្ឃ ដែលយើងបានប្រកាសថា យើងជឿនោះចុះ ២ព្រះអង្គស្មោះត្រង់ ចំពោះព្រះជាម្ចាស់ ដែលបានតែងតាំងព្រះអង្គ គឺដូចជាលោកម៉ូសេស្មោះត្រង់ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ទាំងមូលដែរ។
៣អ្នកសង់ផ្ទះ មានកិត្តិយសប្រសើរជាងផ្ទះជាយ៉ាងណា ព្រះយេស៊ូក៏ត្រូវរាប់ជាស័ក្ដិសមនឹងទទួលសិរីរុងរឿងប្រសើរជាងលោកម៉ូសេជាយ៉ាងនោះដែរ ៤ដ្បិតផ្ទះទាំងឡាយ សុទ្ធតែមានអ្នកសង់ឡើង ប៉ុន្ដែព្រះជាម្ចាស់ទេតើ ដែលបានបង្កើតរបស់សព្វសារពើ។
៥ដោយឡែក លោកម៉ូសេបានស្មោះត្រង់ក្នុងនាមជាអ្នកបម្រើនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ទាំងមូល ដើម្បីជាបន្ទាល់អំពីសេចក្ដី ដែលនឹងត្រូវប្រកាស ៦ប៉ុន្ដែ ព្រះគ្រិស្ដវិញ ស្មោះត្រង់ក្នុងនាមជាព្រះរាជបុត្រា ដែលគ្រប់គ្រងលើដំណាក់របស់ព្រះជាម្ចាស់ ហើយយើងជាដំណាក់របស់ព្រះអង្គ ប្រសិនបើយើងរក្សាការជឿជាក់ និងមោទនភាពរបស់យើងចំពោះសេចក្ដីសង្ឃឹមយ៉ាងខ្ជាប់ខ្ជួននោះ។
សេចក្ដីព្រមានទាស់នឹងការមិនជឿ
៧ដូច្នេះ ដូចដែលព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលថា៖ «នៅថ្ងៃនេះ បើអ្នករាល់គ្នាឮសំឡេងរបស់ព្រះអង្គ ៨ចូរកុំមានចិត្តរឹងរូស ដូចជានៅថ្ងៃដែលគេល្បងលព្រះជាម្ចាស់ ហើយបណ្ដាលឲ្យព្រះអង្គក្រោធនៅទីរហោឋាននោះឡើយ ៩ជាកន្លែងដែលដូនតារបស់អ្នករាល់គ្នា បានល្បងលយើង ទាំងសាកមើលយើង ហើយក៏ឃើញកិច្ចការដែលយើងបានធ្វើ ១០អស់រយៈពេលសែសិបឆ្នាំ។ ហេតុនេះហើយបានជាយើងក្រោធចំពោះមនុស្សជំនាន់នេះ ហើយបាននិយាយថា ចិត្តរបស់ពួកគេវង្វេងជានិច្ច ពួកគេមិនស្គាល់ផ្លូវរបស់យើងឡើយ ១១បានជាយើងស្បថដោយកំហឹងរបស់យើងថា ពួកគេនឹងមិនបានចូល ក្នុងការសម្រាករបស់យើងឡើយ»។
១២បងប្អូនអើយ! ចូរប្រយ័ត្ន កុំឲ្យមានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាមានចិត្តអាក្រក់ និងចិត្តមិនជឿដែលនាំឲ្យបែកចេញពីព្រះជាម្ចាស់ ដ៏មានព្រះជន្មរស់នោះឡើយ ១៣ផ្ទុយទៅវិញ ចូរដាស់តឿនគ្នាទៅវិញទៅមករៀងរាល់ថ្ងៃ ក្នុងកាលដែលហៅថាថ្ងៃនេះនៅឡើយ ដើម្បីកុំឲ្យអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាមានចិត្ដរឹងរូស ដោយព្រោះការបោកបញ្ឆោតរបស់បាបឡើយ ១៤ដ្បិតបើយើងរក្សាការជឿជាក់ ដែលយើងមានពីដំបូងយ៉ាងខ្ជាប់ខ្ជួន រហូតដល់ទីបញ្ចប់ នោះយើងនឹងត្រលប់ជាអ្នកមានចំណែករួមជាមួយព្រះគ្រិស្ដ ១៥ដូចដែលមានចែងថា៖ «នៅថ្ងៃនេះ បើអ្នករាល់គ្នាឮសំឡេងរបស់ព្រះអង្គ ចូរកុំមានចិត្តរឹងរូស ដូចជានៅគ្រាដែលបណ្ដាលឲ្យព្រះអង្គក្រោធនោះឡើយ»។
១៦តើពួកអ្នកដែលបានឮ ហើយធ្វើឲ្យព្រះអង្គក្រោធនោះជាអ្នកណា? តើមិនមែនជាអស់អ្នក ដែលលោកម៉ូសេបាននាំចេញពីស្រុកអេស៊ីព្ទទេឬ? ១៧តើព្រះអង្គក្រោធចំពោះអ្នកណា អស់រយៈពេលសែសិបឆ្នាំ? តើមិនមែនចំពោះអស់អ្នកដែលបានប្រព្រឹត្តបាប ហើយសាកសពរបស់គេ ត្រូវចោលនៅទីរហោឋានទេឬ? ១៨តើព្រះអង្គបានស្បថនឹងអ្នកណាថា ពួកគេនឹងមិនបានចូលទៅ ក្នុងការសម្រាករបស់ព្រះអង្គ? តើមិនមែននឹងអស់អ្នក ដែលមិនបានស្ដាប់បង្គាប់ទេឬ? ១៩ដូច្នេះយើងឃើញថា ដោយសារភាពគ្មានជំនឿ ពួកគេមិនអាចចូលក្នុងការសម្រាកបានទេ។