KCB - ហេព្រើរ ១៣


ហេព្រើរ ១៣

សេចក្ដីបញ្ចប់

១៣ចូរឲ្យ​មាន​សេចក្ដី​ ស្រឡាញ់​ជា​បងប្អូន​ជានិច្ច‍។ ​កុំ​ភ្លេច​​​ទទួល​ភ្ញៀវដោយ​រាក់​ទាក់ ដ្បិត​ដោយសារ​​ការ​នេះ មាន​អ្នកខ្លះ​បាន​ទទួល​ពួក​ទេវតា​ ឲ្យស្នាក់​នៅ​ទាំង​មិន​ដឹងខ្លួនផង។​ ចូរ​នឹក​ចាំ​ពីអស់​អ្នក​ដែល​ជាប់​ឃុំឃាំង​ ទុក​ដូចជា​​ជាប់​ឃុំឃាំង​ជាមួយ​គេ​ដែរ ហើយ​ចូរ​នឹកចាំ​ពី​អស់អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប ទុក​ដូច​ជា​នៅក្នុង​រូបកាយនោះដែរ។

​ចូរឲ្យមនុស្សគ្រប់គ្នា គោរពការរៀបការ​ ហើយ​ការ​រួម​ដំណេក​ក៏​ត្រូវបរិសុទ្ធដែរ ដ្បិតព្រះជាម្ចាស់​នឹង​ជំនុំជម្រះ​ពួកអ្នក​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ និង​ពួក​ផិត​ក្បត់។ ​ចូរ​កុំ​រស់នៅដោយ​​ការស្រឡាញ់​លុយឡើយ​​​ ចូរ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​​មាននៅពេលនេះ​ចុះ​ ដ្បិត​ព្រះអង្គ​មាន​បន្ទូល​ថា៖ «យើង​មិន​ចាកចេញ​ពី​អ្នក​ ហើយ​ក៏​មិន​បោះ​បង់​អ្នក​ចោលជាដាច់ខាត»។​ ហេតុនេះ​ហើយ​បានជា​យើង​និយាយ ​ដោយ​ចិត្ត​ក្លាហាន​ថា៖ «ព្រះអម្ចាស់​ជាអ្នក​ជួយ​​ខ្ញុំ ខ្ញុំ​មិន​ខ្លាច​អ្វី​ឡើយ តើ​មនុស្ស​ធ្វើ​អ្វី​ខ្ញុំ​បាន

​ចូរ​នឹក​ចាំ​ពី​ពួក​អ្នកដឹកនាំ​របស់​អ្នករាល់គ្នា ​ដែល​បាន​និយាយ​ប្រាប់​អ្នករាល់គ្នា​អំពី​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ចូរ​សង្កេត​មើល​លទ្ធផល​នៃ​​ការ​ប្រព្រឹត្តិ​​របស់​ពួកគេ​ ហើយ​​ត្រាប់​តាម​ជំនឿ​របស់​ពួកគេ​ចុះ។​ ព្រះ​យេស៊ូ​គ្រិស្ដ​នៅតែ​ដដែល ម្សិលមិញ ថ្ងៃ​នេះ និង​រហូត​ដល់​អស់កល្ប​ជានិច្ច។ ​កុំ​បណ្តោយ​តាម​​សេចក្ដី​បង្រៀន​ផ្សេងៗ និង​ប្លែកៗ​ឡើយ។ ដ្បិតជាការប្រសើរ ដែលតាំងចិត្ដឲ្យ​ខ្ជាប់ខ្ជួន​ដោយ​ព្រះគុណ មិនមែនដោយ​អាហារ​​ទេ​ ព្រោះអ្នកដែល​ប្រព្រឹត្ត​បែប​​នេះ​ គ្មាន​ប្រយោជន៍​អ្វីឡើយ។

១០​យើង​មាន​កន្លែង​ថ្វាយ​តង្វាយ​មួយ​ដែល​ពួក​អ្នក​បម្រើ​នៅ​ក្នុង​រោង​ គ្មាន​សិទ្ធិ​បរិភោគ​អ្វីៗ​ ពី​កន្លែង​ថ្វាយតង្វាយ​នោះ​ឡើយ ១១​ដ្បិតសម្ដេចសង្ឃ​យកឈាមរបស់សត្វទាំងឡាយ ​​មកក្នុងទីបរិសុទ្ធទុក​ជា​តង្វាយលោះបាប ប៉ុន្ដែសាក​សពរបស់ពួកវាវិញ​ ត្រូវដុតចោលនៅក្រៅជំរំ ​១២ហេតុនេះ​ហើយ​បាន​ជា​ព្រះ​យេស៊ូ​​ត្រូវ​រង​ទុក្ខ​នៅ​​ក្រៅ​ទ្វារក្រុងដែរ ដើម្បី​ញែក​ប្រជារាស្ដ្រ​ជា​​បរិសុទ្ធ​ ​ដោយ​ឈាម​របស់​ព្រះអង្គ ១៣​ដូច្នេះ ចូរ​ឲ្យយើង​ចេញ​ទៅ​ឯ​ព្រះអង្គ​នៅ​ក្រៅ​ជំរំ ទាំង​ផ្ទុក​សេចក្ដី​ត្មះតិះ​ដៀល​របស់​ព្រះអង្គ​ចុះ​ ១៤ដ្បិត​​នៅ​ផែន​ដី​នេះ យើង​គ្មាន​ក្រុងដែលនៅ​ស្ថិតស្ថេរ​​ទេ គឺយើងកំពុង​​ស្វែង​រក​ក្រុង​ដែល​នឹងមក​ដល់។

១៥​ដូច្នេះ តាមរយៈ​ព្រះអង្គ ចូរ​ឲ្យ​យើង​​ថ្វាយការសរសើរជា​​យញ្ញបូជា​​ដល់​ព្រះជាម្ចាស់​ជានិច្ច គឺ​ជា​ផល​ពី​បបូរ​មាត់​ ដែល​ប្រកាស​អំពី​ព្រះនាម​របស់​ព្រះអង្គ។ ១៦​កុំ​ភ្លេច​ប្រព្រឹត្ត​ល្អ និង​បរិច្ចាកជួយ​គ្នា​​ឡើយ ដ្បិត​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យនឹង​យញ្ញបូជា​បែប​នេះ​ណាស់។

១៧​ចូរ​ស្តាប់​បង្គាប់​ពួក​អ្នកដឹកនាំ​របស់​អ្នករាល់គ្នា ហើយ​ចុះ​ចូល​នឹង​​អ្នក​ទាំងនោះ​ចុះ ដ្បិតពួកគេមើល​ថែ​ព្រលឹងរបស់អ្នករាល់គ្នា ក្នុងនាម​ជា​អ្នក​ដែល​ត្រូវ​រាយរាប់​ប្រាប់ព្រះជាម្ចាស់។ ចូរ​អ្នករាល់គ្នា​ស្តាប់​បង្គាប់​ពួកគេដើម្បី​ឲ្យពួកគេ​បំពេញ​មុខងារ​នេះ​ដោយ​អំណរ មិន​មែន​ដោយ​ថ្ងូរ​ឡើយ បើ​មិន​ដូច្នោះ​ទេ គ្មាន​ប្រយោជន៍ ​សម្រាប់​​អ្នករាល់គ្នា​ឡើយ។ ១៨​សូម​​អធិស្ឋាន​សម្រាប់​យើង​ផង ដ្បិត​យើង​ជឿ​ជាក់​ថា យើង​​មាន​មនសិការ​ល្អ ហើយ​ចង់​ប្រព្រឹត្ត​ត្រឹមត្រូវ ក្នុង​គ្រប់​ការ​ទាំង​អស់។ ១៩​ជាពិសេស ខ្ញុំ​អង្វរ​អ្នករាល់គ្នា​ឲ្យធ្វើ​ការនេះ ដើម្បីឲ្យ​​ខ្ញុំ​បាន​វិល​ត្រលប់​មក‍ឯ​អ្នករាល់គ្នា​ ​កាន់​តែ​ឆាប់។​ ២០សូម​ឲ្យព្រះជាម្ចាស់​នៃ​សេចក្ដី​សុខសាន្ត​​ដែល​បាន​ប្រោស​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​របស់​​យើង និង​ជា​​អ្នក​គង្វាល​ចៀម​ដ៏​ឧត្ដម ​ឲ្យរស់​ពី​ការ​សោយទិវង្គត​ឡើង​​វិញ​នោះ​ ២១ប្រោស​អ្នករាល់គ្នា​ឲ្យ​បាន​​គ្រប់លក្ខណ៍​ ក្នុង​ការល្អ​គ្រប់​យ៉ាងដោយ​សារ​ឈាម​នៃ​កិច្ចព្រមព្រៀង ​ដ៏​​អស់កល្ប​ជានិច្ច ដើម្បី​ឲ្យអ្នករាល់គ្នា​ធ្វើ​តាម​បំណង​​របស់​ព្រះអង្គ​ ដោយព្រះអង្គ​ធ្វើការដែល​​សព្វ​ព្រះហឫទ័យ​ព្រះអង្គ​​នៅក្នុងយើង​ តាមរយៈព្រះយេស៊ូគ្រិស្ត។ សូម​ឲ្យព្រះអង្គ​​ បានប្រកប​ដោយ​សិរីរុងរឿង​​អស់កល្ប​ជានិច្ច​! អាម៉ែន​!​

២២ប៉ុន្ដែ​បង​ប្អូន​អើយ!​ ខ្ញុំ​សូម​អង្វរ​​អ្នករាល់គ្នា​ ឲ្យ​ស៊ូទ្រាំ​ស្ដាប់​​ពាក្យដាស់តឿន​​​នេះ​ចុះ ដ្បិត​ខ្ញុំ​បាន​សរសេរ​មក​អ្នករាល់គ្នា​ដោយ​សង្ខេប​ប៉ុណ្ណោះ។​

២៣សូម​ជ្រាបថា គេ​បាន​ដោះលែង​ធីម៉ូថេ ​ជា​បង​ប្អូន​របស់​យើង​ហើយ បើ​គាត់​មក​ដល់​ឆាប់ៗ‍នេះ ខ្ញុំ​នឹង​មក​ជួប​អ្នករាល់គ្នា​ជាមួយ​នឹង​គាត់​ដែរ។ ២៤​សូម​ជម្រាប​សួរ​ ដល់​ពួកអ្នក​ដឹកនាំ​របស់​អ្នករាល់គ្នា ព្រមទាំង​ពួក​បរិសុទ្ធ​ទាំងអស់​ផង‍។ ពួក​​អ្នក​ដែល​មក​ពី​ស្រុក​អ៊ីតាលី​ក៏​ជម្រាប​សួរ​មក​អ្នករាល់គ្នា​ដែរ‍ ២៥សូម​ឲ្យ​អ្នក​រាល់​គ្នា​ បាន​ប្រកប​ដោយ​ព្រះគុណ​៕

ហេព្រើរ ១៣