ហេព្រើរ ១២
ការវាយប្រដៅរបស់ព្រះជាម្ចាស់
១២ដូច្នេះ ដោយសារមាន សាក្សីច្រើនដូចពពកនៅជុំវិញយើងទៅហើយ ចូរយើងបោះបង់បន្ទុកទាំងឡាយ និងបាបដែលងាយនឹងរឹតរួបយើងនោះចោល ហើយត្រូវរត់ក្នុងទីប្រណាំង ដែលបានរៀបនៅចំពោះមុខយើងដោយសេចក្តីអត់ធ្មត់ ២ទាំងសម្លឹងមើលទៅឯព្រះយេស៊ូ ដែលជាអ្នកផ្ដើម និងជាអ្នកបញ្ចប់ជំនឿរបស់យើង។ ដោយព្រោះតែអំណរដែលបានដាក់នៅចំពោះមុខព្រះអង្គ ព្រះអង្គបានស៊ូទ្រាំនៅលើឈើឆ្កាង ដោយមិនខ្វល់នឹងសេចក្ដីអាម៉ាស់ ហើយក៏បានគង់នៅខាងស្តាំបល្ល័ង្ករបស់ព្រះជាម្ចាស់។ ៣ដូច្នេះ ចូរពិចារណាអំពីព្រះអង្គដែលបានស៊ូទ្រាំនឹងការប្រឆាំងរបស់មនុស្សបាបទាស់នឹងព្រះអង្គចុះ ដើម្បីកុំឲ្យអ្នករាល់គ្នានឿយណាយ និងបាក់ទឹកចិត្តឡើយ។ ៤អ្នករាល់គ្នាមិនទាន់តស៊ូ ក្នុងការតយុទ្ធនឹងបាប រហូតដល់បង្ហូរឈាមនៅឡើយទេ ៥ប៉ុន្ដែ អ្នករាល់គ្នាភ្លេចការលើកទឹកចិត្ត ដែលព្រះអង្គបានមានបន្ទូលមកអ្នករាល់គ្នាទុកដូចជាកូនថា៖ «កូនអើយ! កុំមើលងាយការវាយប្រដៅ របស់ព្រះអម្ចាស់ឡើយ ហើយកុំបាក់ទឹកចិត្តនៅពេលដែលព្រះអង្គកែតម្រង់ដែរ ៦ដ្បិតព្រះអម្ចាស់វាយប្រដៅអស់អ្នក ដែលព្រះអង្គស្រឡាញ់ ហើយវាយកូនទាំងអស់ដែលព្រះអង្គទទួល»។
៧ចូរអ្នករាល់គ្នាស៊ូទ្រាំនឹងការនោះទុកជាការវាយប្រដៅចុះ ព្រោះព្រះជាម្ចាស់ប្រព្រឹត្តចំពោះអ្នករាល់គ្នាដូចជាកូន តើមានកូនឯណាដែលឪពុកមិនវាយប្រដៅនោះ? ៨ប៉ុន្ដែ បើអ្នករាល់គ្នាមិនបានទទួលការវាយប្រដៅ ដែលកូនគ្រប់ៗគ្នាត្រូវទទួលទេនោះ អ្នករាល់គ្នាជាកូនក្លែងក្លាយ មិនមែនជាកូនពិតប្រាកដទេ។ ៩ម្យ៉ាងទៀត យើងមានឪពុកខាងសាច់ឈាម ដែលជាអ្នកវាយប្រដៅយើងហើយយើងនៅតែ គោរពគាត់ទៀតផង ដូច្នេះ តើយើងមិនគួរចុះចូលនឹងឪពុកខាងវិញ្ញាណ ឲ្យកាន់តែខ្លាំងទៀតទេឬ ដើម្បីឲ្យយើងមានជីវិត?
១០ដ្បិត ឪពុកខាងសាច់ឈាមវាយប្រដៅយើងតែមួយរយៈពេលខ្លីប៉ុណ្ណោះ តាមដែលគាត់យល់ឃើញថាល្អ រីឯឪពុកខាងវិញ្ញាណវិញ ព្រះអង្គវាយប្រដៅយើងសម្រាប់ជាប្រយោជន៍ដល់យើង គឺដើម្បីឲ្យយើងទទួលបានសេចក្ដីបរិសុទ្ធរបស់ព្រះអង្គ។ ១១ពេលមានការវាយប្រដៅ ពេលនោះ មើលទៅដូចជាព្រួយណាស់ មិនសប្បាយទេ ប៉ុន្ដែក្រោយមក ទើបបង្កើតផលជាសេចក្តីសុខសាន្ត និងសេចក្ដីសុចរិតដល់អស់អ្នក ដែលបានទទួលការហ្វឹកហ្វឺន តាមរបៀបនោះ។ ១២ដូច្នេះ ចូរឲ្យដៃដែលរួយ និងជង្គង់ដែលខ្សោយនោះ មានកម្លាំងឡើង ១៣ហើយចូរតម្រង់ផ្លូវឲ្យត្រង់ សម្រាប់ជើងរបស់អ្នករាល់គ្នា ដើម្បីកុំឲ្យអ្នកដែលពិការជើងត្រូវបែរចេញឡើយ ប៉ុន្តែឲ្យបានជាវិញ។
សេចក្ដីព្រមានអំពីការបដិសេធន៍ ព្រះជាម្ចាស់
១៤ចូរដេញតាមសេចក្ដីសុខសាន្ត និងសេចក្ដីបរិសុទ្ធ ជាមួយមនុស្សទាំងអស់ចុះ ដ្បិតបើគ្មានសេចក្ដីបរិសុទ្ធទេ នោះគ្មានអ្នកណានឹងឃើញព្រះអម្ចាស់ឡើយ ១៥ចូរប្រយ័ត្ន កុំឲ្យមានអ្នកណាម្នាក់មិនបានទទួលព្រះគុណ របស់ព្រះជាម្ចាស់ឡើយ ហើយកុំឲ្យឫសនៃភាពជូរចត់ពន្លកឡើង ដែលនាំឲ្យមានចលាចល ធ្វើឲ្យមនុស្សជាច្រើនមិនបរិសុទ្ធដោយសារសេចក្ដីទាំងនោះ ១៦ចូរប្រយ័ត្ន កុំឲ្យមានអ្នកប្រព្រឹត្ដអំពើអសីលធម៌ ខាងផ្លូវភេទ ឬអ្នកមិនកោតខ្លាចព្រះជាម្ចាស់ ដូចជាអេសាវដែលបានលក់សិទ្ធិកូនច្បងរបស់ខ្លួន ដោយព្រោះអាហារមួយពេលនោះឡើយ ១៧ដ្បិតអ្នករាល់គ្នាដឹងថា ក្រោយមក នៅពេលគាត់ចង់បានពរទុកជាមរតក នោះគាត់ក៏ត្រូវបានបដិសេធវិញ ទោះបីគាត់ខំស្វែងរកទាំងស្រក់ទឹកភ្នែកក៏ដោយ ក៏រកឱកាសប្រែចិត្តមិនបានឡើយ។
១៨អ្នករាល់គ្នាមិនបានចូលមកឯភ្នំដែលអាចប៉ះបាន មានភ្លើងឆេះ មានពពកខ្មួលខ្មាញ់ មានផ្សែងងងឹត មានខ្យល់ព្យុះ ១៩មានស្នូរត្រែ និងសំឡេងព្រះបន្ទូល ដែលពួកអ្នកឮបានអង្វរសុំកុំឲ្យព្រះអង្គ មានបន្ទូលមកពួកគេទៀត ២០ដ្បិត ពួកគេមិនអាចស៊ូទ្រាំនឹងសេចក្ដីដែលបានបង្គាប់មកថា សូម្បីតែសត្វដែលប៉ះពាល់ភ្នំ ក៏ត្រូវគប់នឹងដុំថ្មដែរ។ ២១ទិដ្ឋភាពនោះ គួរឲ្យភ័យខ្លាចណាស់ បានជាលោកម៉ូសេនិយាយថា ខ្ញុំញ័ររន្ធត់ណាស់។
២២តែអ្នករាល់គ្នា បានចូលមកឯភ្នំស៊ីយ៉ូន ជាទីក្រុងរបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ជាក្រុងយេរូសាឡិមនៅស្ថានសួគ៌ ហើយមានទេវតាជាច្រើនអនេក ២៣មានក្រុមជំនុំរបស់ពួកកូនច្បងដែលមានឈ្មោះ កត់ទុកនៅស្ថានសួគ៌ជួបជុំគ្នា មានព្រះជាម្ចាស់ ដែលជាចៅក្រមរបស់មនុស្សទាំងអស់ មានវិញ្ញាណរបស់ពួកអ្នកសុចរិត ដែលបានគ្រប់លក្ខណ៍ហើយ ២៤មានព្រះយេស៊ូ ដែលជាអ្នកសម្រុះសម្រួលកិច្ចព្រមព្រៀងថ្មី ហើយមានឈាមដែលបានប្រោះ គឺជាឈាមដែលបានប្រកាសអំពីសេចក្ដីប្រសើរជាងឈាមរបស់លោកអេបិល។
២៥ចូរប្រយ័ត្ន កុំឲ្យអ្នករាល់គ្នាបដិសេធមិនព្រមស្តាប់តាមព្រះអង្គដែលមានបន្ទូលឡើយ ដ្បិតនៅពេលពួកអ្នកដែលបដិសេធមិនព្រមស្ដាប់តាមមនុស្សដែលផ្ដល់ពាក្យទូន្មានមកពីព្រះជាម្ចាស់នៅលើផែនដីនេះ មិនអាចគេចផុតពីទោសយ៉ាងហ្នឹងទៅហើយ នោះយើងដែលបែរចេញពីព្រះជាម្ចាស់ ដែលមានបន្ទូលពីស្ថានសួគ៌ រឹតតែមិនអាចគេចផុតបានទៅទៀត។ ២៦សំឡេងរបស់ព្រះអង្គនៅពេលនោះ បានធ្វើឲ្យផែនដី កក្រើក ប៉ុន្ដែឥឡូវនេះ ព្រះអង្គបានសន្យាថា៖ «យើងនឹងធ្វើឲ្យកក្រើកម្តងទៀត គឺមិនត្រឹមតែផែនដីប៉ុណ្ណោះទេ ផ្ទៃមេឃក៏កក្រើកដែរ»។ ២៧ពាក្យថា ម្តងទៀត បានបញ្ជាក់ថា អ្វីៗដែលកក្រើកនឹងត្រូវរើចេញ គឺជាអ្វីៗដែលត្រូវបានបង្កើតមក ដើម្បីឲ្យអ្វីៗដែលមិនកក្រើកនឹងនៅស្ថិតស្ថេរ។
២៨ដូច្នេះ ដោយព្រោះយើងបានទទួលនគរមួយដែលមិនកក្រើក នោះយើងត្រូវដឹងគុណ ទាំងបម្រើព្រះជាម្ចាស់ឲ្យសព្វព្រះហឫទ័យព្រះអង្គ ដោយចិត្តគោរពកោតខ្លាច ២៩ដ្បិតព្រះជាម្ចាស់របស់យើងជាភ្លើងដែលឆេះបំផ្លាញ។