KCB - ហេព្រើរ ១១


ហេព្រើរ ១១

អ្នកដែលជាគំរូដ៏អស្ចារ្យអំពីជំនឿ

១១រី‍ឯ​ជំនឿ ​គឺជា​ការ​ជឿ ជាក់​លើ​អ្វី ដែល​បាន​​សង្ឃឹម​ និង​​ជា​ការប្រាកដ​អំពីអ្វី​ ដែល​មើល​មិន​ឃើញ‍។​ មនុស្ស​ជំនាន់​មុន​​បាន​ទទួល​ការ​សរសើរ ដោយសារ​ជំនឿ​នេះ​ឯង។​​ ដោយ​សារ​ជំនឿ យើង​យល់​ថា ពិភព​លោក​នេះ​​កើត​មក​​ដោយសារ​​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ ដូច្នេះ​​អ្វីៗទាំង​ឡាយ​ដែល​មើល​ឃើញ​​ ​កើត​មក​ពី​អ្វីៗ​ដែល​​មើល​មិន​ឃើញ។

​ដោយ​សារ​ជំនឿលោក​អេបិល​បាន​ថ្វាយ​យញ្ញបូជា​​ដល់​ព្រះ​ជាម្ចាស់ ដែល​​ប្រសើរ​ជាង​យញ្ញបូជា​របស់​លោក​កាអ៊ីន ហើយ​ដោយ​សារ​ជំនឿ​ ​គាត់​បាន​ទទួល​ការសរសើរថា ជា​មនុស្ស​សុចរិត ដ្បិត​ព្រះ​ជាម្ចាស់​ បានសរសើរ​តង្វាយ​របស់​គាត់ ហើយ​​​ដោយសារ​​ជំនឿ ទោះបី​គាត់​ស្លាប់​ហើយ​ក៏​ដោយ ក៏​គាត់​នៅ​តែ​​និយាយ។​ ដោយ​សារ​ជំនឿ លោក​ហេណុក​ ត្រូវ​បាន​លើក​ឡើង​ទៅ​ស្ថាន​​សួគ៌​មិន​​ឲ្យជួប​សេចក្ដី​ស្លាប់​ឡើយ គាត់​បាន​បាត់​ខ្លួន​ ​ពី​ព្រោះ​ព្រះជាម្ចាស់​​លើក​គាត់​ឡើង ​ ប៉ុន្ដែ​ មុន​ពេល​ព្រះជាម្ចាស់​​លើក​គាត់​ឡើង គាត់​បាន​ទទួល​ការ​សរសើរ​ថា ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​នឹង​គាត់​ណាស់​ ​ប៉ុន្ដែ​បើ​គ្មាន​​ជំនឿ​ទេ នោះ​មិន​អាច​គាប់​ព្រះ​ហឫទ័យ​ព្រះ​ជាម្ចាស់​បាន​ឡើយ ព្រោះ​​អ្នក​ណា​ដែល​ចូល​មក​ជិត​ព្រះជាម្ចាស់​​ អ្នកនោះត្រូវតែជឿថា ​ពិតជា​មាន​ព្រះ​ជាម្ចាស់ ហើយ​ព្រះអង្គប្រទាន​រង្វាន់ដល់អស់អ្នក ដែលស្វែងរកព្រះអង្គ​ ​ដោយ​សារ​ជំនឿ​ ពេល​លោកណូអេ​បាន​ទទួល​ការ​ព្រមាន​​ពី​ព្រះ​ជាម្ចាស់​អំពី​ហេតុ​ការណ៍​ ដែល​មិន​ទាន់​ឃើញ​នៅ​ឡើយ ​គាត់ក៏​​សង់​ទូក​ធំ​មួយ ​សម្រាប់​សង្គ្រោះ​ក្រុមគ្រួសារ​របស់​គាត់ដោយ​​ចិត្ដ​កោត​ខ្លាច ​​ហើយដោយ​សារ​ជំនឿ​នេះ​ឯង គាត់​បាន​ដាក់​ទោស​ពិភព​លោក និង​បាន​ត្រលប់​ជា​អ្នក​ស្នង​មរតកលើ​​សេចក្ដី​សុចរិត ​​​ស្រប​តាម​ជំនឿ។

​ដោយ​សារ​ជំនឿ លោក​អ័ប្រាហាំ​បាន​ស្តាប់​បង្គាប់ ពេល​ព្រះ​ជាម្ចាស់​ត្រាស់​ហៅ​គាត់​ ឲ្យចេញ​ដំណើរ​ទៅ​កន្លែង​មួយ ដែល​គាត់​ត្រូវ​​ទទួល​ទុក​ជាមរតក​ ហើយ​គាត់​បាន​ចេញ​ទៅ​ ដោយ​មិន​ដឹង​ថា​ទៅ​កន្លែង​ណា​ផង។​ ដោយ​សារ​ជំនឿ លោក​អ័ប្រាហាំ​បាន​ស្នាក់​នៅ​ ដូច​ជា​ជន​បរទេស​​ក្នុង​ទឹកដី​ ដែល​ព្រះជាម្ចាស់​បាន​សន្យា គឺ​រស់​នៅ​ក្នុង​រោង​ជាមួយ​លោក​អ៊ីសាក និង​លោក​យ៉ាកុប​ជា​អ្នក​រួមស្នង​មរតក​​លើ​​សេចក្ដី​សន្យា​តែ​មួយ​ ១០ដ្បិត​គាត់​រង់​ចាំ​ទី​ក្រុង​មួយ​ដែល​មាន​គ្រឹះ​ ជា​ទី​ក្រុង ​ដែល​ព្រះ​ជាម្ចាស់​ជា​អ្នក​គូរ​ប្លង់ ហើយ​ជា​អ្នក​សាង​សង់។

១១​ដោយ​សារ​ជំនឿ សារ៉ា​ដែល​ជា​ស្រ្តី​អា​ ក៏​បាន​ទទួល​អំណាច​ឲ្យមាន​គភ៌​​ដែរ ទោះ​បី​គាត់​ហួស​​វ័យ​​​ក៏ដោយ​ ព្រោះ​គាត់​បាន​រាប់​ព្រះអង្គ​ដែល​បាន​សន្យា​នោះ ​ថា​ស្មោះ​ត្រង់​ ១២​ដូច្នេះ មាន​មនុស្ស​ច្រើនឥត​គណនា​ដូច​​ផ្កាយ​នៅ​លើ​មេឃ និង​ដូច​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ ដែល​​រាប់​មិន​អស់​ បាន​កើត​ពី​មនុស្ស​តែ​ម្នាក់​ដែល​​ដូច​ជា​ស្លាប់​​ហើយ។​ ១៣អ្នក​ទាំង​អស់​នោះ​បាន​ស្លាប់​ទាំងមាន​ជំនឿ​ ដោយ​​មិន​បាន​ទទួល​អ្វី​ៗ​តាម​​សេចក្ដី​សន្យា​ផង ប៉ុន្ដែ​ពួកគេ​បាន​ឃើញ និង​បាន​អបអរ​ចំពោះ​អ្វីៗ​ទាំង​នោះ​ពី​ចម្ងាយ ទាំង​ប្រកាស​ថា​ខ្លួន​ជា​ជន​បរទេស ហើយ​ជា​អ្នក​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​លើ​ផែនដី​នេះ។ ១៤​អ្នក​ដែល​និយាយ​ដូច្នេះ បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា គេ​ស្វែង​រក​ស្រុកមួយ ១៥ហើយ​បើ​គេ​នឹក​ស្រុក​ ដែល​គេ​បាន​ចាក​ចេញ​មក​នោះ គេ​មាន​ឱកាស​វិល​ត្រលប់​ទៅ​វិញ​​បាន​ ១៦ប៉ុន្ដែ​តាម​ពិត ពួកគេ​ចង់​បាន​ស្រុក​មួយដ៏​ប្រសើរ​ជាង​នោះ គឺ​ជា​ស្រុក​ដែល​នៅ‍ស្ថានសួគ៌។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​ជាម្ចាស់ ​មិន​ខ្មាស​នឹង​ឲ្យពួកគេ​ហៅ​ថា​ព្រះ​​របស់​ពួកគេ​ឡើយ ដ្បិត​ព្រះអង្គ​បាន​រៀបចំ​ក្រុង​មួយ ​សម្រាប់​ពួកគេ។

១៧​ដោយ​សារ​ជំនឿ នៅ​ពេល​ព្រះ​ជាម្ចាស់​ល្បងល‍លោក​អ័ប្រាហាំ​ គាត់បានថ្វាយ​អ៊ីសាក​ជា​យញ្ញ​បូជា គឺ​គាត់​ជា​អ្នក ​ដែល​បាន​ទទួល​សេចក្ដី​សន្យា​ទាំង​អស់​​​ បាន​ថ្វាយ​កូន​ប្រុស​តែ​មួយ​របស់​គាត់ ១៨ទោះបី​មាន​សេចក្ដី​ថ្លែង​ទុក​ អំពី​កូន​នោះក៏ដោយ​​ថា៖ «ពូជពង្សរបស់​អ្នក​​នឹង​ត្រូវ​​រាប់​តាមរយៈ​​អ៊ីសាក​​»។ ១៩​គាត់​គិតថា ព្រះជាម្ចាស់​អាច​ប្រោស​មនុស្ស​ស្លាប់​ឲ្យរស់​ឡើង​វិញ​បាន ហើយ​គាត់​ក៏​បាន​ទទួល​អ៊ីសាក​​មក​វិញមែន​​ ទុក​ជា​រឿងប្រៀប​​ប្រដូច​មួយ។ ២០​ដោយសារ​ជំនឿ លោក​អ៊ីសាក​បាន​ឲ្យពរ​លោក​យ៉ាកុប និង​លោក​អេសាវ​អំពី​អ្វី​ដែល​នឹង​កើតឡើង។ ២១​ដោយសារ​ជំនឿ នៅ​ពេល​លោក​យ៉ាកុប​រៀបនឹង​​​ស្លាប់ គាត់​បាន​ឲ្យ​ពរ​ ដល់​កូន​ទាំង​ពីរ​របស់​លោក​យ៉ូសែប ហើយ​បាន​ថ្វាយ​បង្គំ​ព្រះជាម្ចាស់ដោយ​ច្រត់​លើ​ចុង​ឈើ​ច្រត់។ ២២ដោយ​សារ​ជំនឿ នៅពេល​លោក​យ៉ូសែប​រៀបនឹង​ស្លាប់ គាត់​បាន​និយាយ​​អំពី​ការ​​ចាកចេញ​របស់​ជនជាតិ​អ៊ីស្រាអែល ហើយ​បានបង្គាប់​គេ​អំពី​ឆ្អឹង​របស់​គាត់។ ២៣​ដោយ​សារ​ជំនឿ នៅពេល​លោក​ម៉ូសេ​កើត​មក ឪពុក​ម្តាយ​របស់​គាត់​បាន​លាក់​គាត់​ទុក​​បី​ខែ ព្រោះ​ឃើញ​ទារក​នោះ​​ស្អាត ហើយ​ពួកគេ​មិន​ខ្លាច​រាជ​ក្រឹត្យ​​របស់​ស្តេច​ឡើយ។​

២៤ដោយសារ​ជំនឿ នៅពេល​លោក​ម៉ូសេ​ ​ពេញវ័យ គាត់​មិន​ព្រម​ឲ្យគេ​ហៅ​ថា​ ជា​កូនរបស់​​បុត្រី​ស្តេច​ស្រុកអេស៊ីព្ទ​ទេ​ ២៥គាត់​ជ្រើសរើស​​យក​ការ​រងទុក្ខ​លំបាក​​ ជាមួយ​ប្រជារាស្រ្ត​របស់​ព្រះជាម្ចាស់​ជា​ជាង​ការ​សប្បាយ​តែ​មួយ​ភ្លែតក្នុង​​បាប។ ២៦​គាត់​បាន​​រាប់​សេចក្ដី​ត្មះតិះ​ដៀលដោយព្រោះ​ព្រះគ្រិស្ដ​ ថាជា​ទ្រព្យសម្បត្តិ​ ដ៏ប្រសើរ​ជាង​ទ្រព្យសម្បត្តិ​ទាំងឡាយ​​នៅ​ស្រុក​អេស៊ីព្ទ ដ្បិត​គាត់​បាន​សម្លឹង​ទៅឯ​​​រង្វាន់‍។​ ២៧ដោយសារ​ជំនឿ គាត់​បាន​ចាកចេញ​ពី​ស្រុក​អេស៊ីព្ទ​ដោយ​មិន​ខ្លាច​​​ស្តេច​ខឹងឡើយ ដ្បិត​គាត់​បាន​កាន់​ចិត្ត​មាំមួន​ ប្រៀប​ដូចជា​បាន​ឃើញ​ព្រះជាម្ចាស់​ ដែលមនុស្ស​​មិន​អាច​មើល​ឃើញ។ ២៨ដោយសារ​ជំនឿ គាត់​បាន​ធ្វើ​ពិធី​បុណ្យ​រំលង​ និង​បាន​​ប្រោះ​​ឈាម ដើម្បី​កុំ​ឲ្យមេ​បំផ្លាញ​​កូនច្បង​មក​ប៉ះ​ពាល់​ពួក​គេ​​ឡើយ។​

២៩ដោយសារ​ជំនឿ ពួកគេ​បាន​ដើរ​ឆ្លង​សមុទ្រ​ក្រហម ​ប្រៀប​ដូចជា​ដើរ​លើ​ដី​គោក ប៉ុន្ដែ​ពេល​ពួក​អេស៊ីព្ទ​សាក​ល្បង​បែរ​ជា​ត្រូវ​ទឹក​សមុទ្រ ​លេប​ត្របាក់។ ៣០ដោយ​សារ​​ជំនឿ កំផែង​ក្រុង​យេរីខូរ​បាន​ដួល​រលំ​ បន្ទាប់​ពី​ពួក​អ៊ីស្រាអែល​បាន​ដើរ​ព័ទ្ធ​ជុំ​វិញ​ប្រាំពីរ​ថ្ងៃ។ ៣១​ដោយ​សារ​ជំនឿ នាង​រ៉ាហាប​ជា​ស្រ្តី​ពេស្យា​មិន​បាន​វិនាស​ជាមួយ​ពួក​អ្នក ដែល​មិន​ស្តាប់​បង្គាប់​ទេ​ ព្រោះ​នាង​បាន​ទទួល​ពួក​អ្នក​ស៊ើប​ការណ៍​ដោយមេត្រី​ភាព។

៣២​តើ​ឲ្យ​ខ្ញុំ​និយាយ​អ្វី​ទៀត​? ដ្បិត​ខ្ញុំ​គ្មាន​ពេល​រៀបរាប់​ អំពី​លោក​គេឌាន លោក​បារ៉ាក លោក​សាំសុន លោក​យែបថា ស្តេច​ដាវីឌ លោក​សាំយ៉ូអែល និង​ពួក​អ្នក​នាំ​ព្រះបន្ទូល​ទាំងឡាយ​​នោះទេ ៣៣ដ្បិត​ដោយសារ​ជំនឿ អ្នក​ទាំងនោះ​ បាន​យក​​ឈ្នះ​លើ​​នគរ​ទាំង​ឡាយ​ ពួកគេ​បាន​ប្រព្រឹត្ដ​អំពើ​សុចរិត បានទទួលតាម​សេចក្ដី​សន្យា បានបិទ​មាត់​តោ ៣៤បានពន្លត់​អំណាច​​ភ្លើង បានគេច​ផុត​ពី​មុខ​ដាវ បានមាន​កម្លាំង​ឡើង​វិញ​ក្នុង​កាល​ដែល​ទន់​ខ្សោយ ហើយបានត្រលប់​ជាអ្នកពូកែ​ច្បាំង ទាំង​ធ្វើ​ឲ្យ​កង​ទ័ព​របស់​ជនជាតិ​ដទៃ​បាក់ទ័ព​ទៀត​ផង។​ ៣៥រីឯ​ពួក​ស្រីៗ​វិញ​ បាន​ទទួល​យក​មនុស្សស្លាប់​របស់​ខ្លួន ដែល​បាន​រស់ឡើង​វិញ ហើយអ្នក​ខ្លះ​ទៀត​បាន​រង​ទារុណកម្ម​ ដោយ​មិន​ព្រម​ឲ្យគេ​ដោះលែង​ឡើយដើម្បីទទួល​បាន​ការ​រស់​ឡើង​​វិញដ៏​​ប្រសើរ​ជាង​ ៣៦ហើយ​អ្នកខ្លះ​ទៀត​ធ្លាប់​ត្រូវ​គេ​ចំអក​ ត្រូវ​គេ​វាយ​នឹង​រំពាត់ ថែមទាំង​ត្រូវ​ជាប់​គុក​ជាប់​ច្រវាក់​ ៣៧ត្រូវ​គេ​គប់​នឹង​ដុំថ្ម ត្រូវ​គេ​អារ​​ផ្ដាច់ជា​កំណាត់​ ត្រូវគេ​សម្លាប់​ដោយមុខ​ដាវ ត្រូវ​ដើរ​ពនេចរ​ ដោយ​ស្លៀកពាក់​ស្បែក​ចៀម និង​ស្បែក​ពពែ មាន​សេចក្ដី​ខ្វះខាត ត្រូវ​រង​ទុក្ខ​វេទនា​ ព្រមទាំង​​ត្រូវគេ​ធ្វើ​បាប​​ ៣៨ហើយ​ពិភព​លោក​នេះ​មិន​ស័ក្តិសម​នឹង​ពួកគេ​ទេ។​ ពួកគេ​​រសាត់​អណ្ដែត​​តាម​ទី​រហោឋាន តាម​ភ្នំ តាម​រអាង និង​តាម​រូងដី។​

៣៩អ្នក​ទាំងអស់​នោះ ទទួល​បាន​ការ​​សរសើរដោយសារ​ជំនឿ​មែន​ ប៉ុន្តែ​​ពួកគេ​មិន​បាន​ទទួលអ្វីៗ ​តាម​សេចក្ដី​សន្យា​ឡើយ​ ៤០ដ្បិត​ព្រះជាម្ចាស់​បាន​ផ្គត់ផ្គង់​អ្វី​ប្រសើរ​ជាង​នោះ​ដល់យើង ដើម្បី​កុំ​ឲ្យអ្នកទាំងនោះ​​គ្រប់​លក្ខណ៍​ ដោយ​គ្មាន​យើង។

ហេព្រើរ ១១