KCB - កាឡាទី ៤


កាឡាទី ៤

ខ្ញុំចង់​​និយាយ​ដូច្នេះ​ កាល​ណា​អ្នក​ស្នង​មរតក​នៅ​ក្មេង​នៅ​ឡើយ នោះ​មិន​ខុស​ពី​បាវ​បម្រើ​ទេ ទោះបី​គាត់ជា​ម្ចាស់​លើ​អ្វីៗ​ទាំង​អស់​​ក៏​ដោយ​ ប៉ុន្ដែ​គាត់​ត្រូវ​ស្ថិត​នៅ​ក្រោមមេការ​ និង​អ្នក​មើល​ការ​ខុស​ត្រូវ​ រហូត​ដល់​ពេលដែល​ឪពុក​បាន​កំណត់ទុក​ ​រីឯ​​យើង​វិញ ​ក៏​ដូច្នេះ​ដែរ ពេល​យើង​នៅ​ជា​ទារក​​នៅ​ឡើយ ​យើង​បាន​ជាប់​​នៅ​ក្រោម​គោលការណ៍​បឋម​របស់​លោកិយនេះ​ លុះ​​​ដល់ពេល​កំណត់​​ហើយ​​​ ព្រះជាម្ចាស់​ក៏​ចាត់​ព្រះរាជបុត្រា​របស់​ព្រះអង្គ​ ឲ្យ​មក​ប្រសូត​ពី​ស្រ្តី​ម្នាក់ គឺ​ឲ្យ​ប្រសូត​នៅ​ក្រោម​​គម្ពីរ​វិន័យ ដើម្បី​​លោះ​អស់​​អ្នក​ដែល​ស្ថិត​នៅ​ក្រោម​គម្ពីរ​វិន័យ​ឲ្យរួច​​ និង​ដើម្បី​ឲ្យយើង​បាន​ទទួល​ឋានៈ​ជា​កូន ​ហើយ​ដោយ​ព្រោះ​អ្នករាល់គ្នា​ជា​កូន នោះ​ព្រះ​ជា​ម្ចាស់​​បញ្ជូន​​វិញ្ញាណ​ ​នៃ​ព្រះរាជបុត្រា​របស់​​ព្រះអង្គ​ឲ្យមក​គង់​​នៅ​ក្នុង​ចិត្ត​យើង គឺ​វិញ្ញាណ​នេះ​ហើយ​ដែល​បន្លឺ​សំឡេង​​ថា អ័ប្បា​! ព្រះវរបិតា​អើយ! ដូច្នេះ អ្នករាល់គ្នា​មិន​​មែន​ជា ​បាវ​បម្រើ​​ទៀត​ទេ ប៉ុន្តែ​ជា​កូន​វិញ ហើយ​បើ​​អ្នករាល់គ្នា​ជា​កូន​​ អ្នករាល់គ្នា​ក៏​ជា​អ្នក​ស្នង​​មរតក​ដោយ​សារ​​ព្រះជាម្ចាស់​ដែរ។​

ការ​ព្រួយ​បារម្ភ​របស់​លោក​ប៉ូល​

កាល​អ្នករាល់គ្នា​ មិន​ទាន់​ស្គាល់​ព្រះជាម្ចាស់​នៅ​​ឡើយ ​អ្នករាល់គ្នា​បាន​បម្រើ​​ព្រះ​ទាំង​ឡាយ ដែល​​មិនមែន​​ជា​ព្រះដ៏​ពិត​​ ប៉ុន្ដែ ​ឥឡូវនេះ​អ្នករាល់គ្នា​ស្គាល់​ព្រះជាម្ចាស់​ហើយ តែ​​ស៊ូ​និយាយ​ថា ​​​ព្រះជាម្ចាស់​ បាន​ស្គាល់​អ្នក​រាល់គ្នា​វិញ​ ហេតុ​អ្វី​បាន​ជា​​អ្នករាល់គ្នា​ ត្រលប់​ទៅ​ឯ គោល​ការណ៍​បឋម​ដ៏​ទន់​ខ្សោយ និង​គ្មាន​​តម្លៃ​​ម្តង​ទៀត​ដូច្នេះ‍? តើ​អ្នករាល់គ្នា​ចង់​បម្រើ​អ្វីៗ​ទាំងនោះ​​សា​ថ្មី​ទៀត‍ឬ‍? ១០​អ្នករាល់គ្នា​ប្រតិបត្តិតាម​ថ្ងៃ ខែ រដូវ និង​ឆ្នាំ។​ ១១ចំពោះ​អ្នករាល់គ្នា​ ខ្ញុំ​ខ្លាច​​តែ​​ខ្ញុំ ​ធ្វើ​​​​ការនឿយ​ហត់​សម្រាប់​អ្នករាល់គ្នា​ឥត​​ប្រយោជន៍។ ១២បងប្អូន​អើយ! ខ្ញុំ​ សូម​ឲ្យអ្នករាល់គ្នា​ត្រលប់​ដូចជា​ខ្ញុំ ដ្បិត​ខ្ញុំ​ក៏​បាន​ត្រលប់​ដូចជា​អ្នករាល់គ្នា​ដែរ‍។ អ្នករាល់គ្នា​មិន​បាន​ធ្វើ​ខុស​នឹង​ខ្ញុំ​ទេ​ ១៣​អ្នករាល់គ្នា​ដឹង​ថា កាល​ពីមុន​​ ខ្ញុំ​បាន​ប្រកាស​ដំណឹង​ល្អ​ប្រាប់​អ្នករាល់គ្នា ​​ដោយ​ភាព​កម្សោយ​​ខាង​ឯ​សាច់​ឈាម​​របស់​ខ្ញុំ ​១៤ហើយ​ទោះ បី​មាន​សេចក្ដី​ល្បួង​​​ ចំពោះ​អ្នករាល់គ្នា​ដោយ​សារ​​សាច់​ឈាម​របស់​ខ្ញុំ​ក៏ដោយ ក៏​អ្នករាល់គ្នា​មិន​បាន​មើល​ងាយ ឬ​ស្អប់​ខ្ពើម​ខ្ញុំ​ដែរ​ ផ្ទុយ​ទៅវិញ អ្នករាល់គ្នា​បាន​ទទួល​ខ្ញុំ​ ដូច​ជា​​ទេវតា​របស់​ព្រះជាម្ចាស់ ឬ​​​ដូចជា​​ព្រះគ្រិស្ដ​យេស៊ូ។ ១៥​ដូច្នេះ តើ​អំណរ​ ដែល​អ្នក​រាល់គ្នា​មាន​ពី​មុន​នោះ ​នៅ​ឯ​ណា​? ដ្បិត​ខ្ញុំ​ធ្វើ​បន្ទាល់​​អំពី​អ្នករាល់គ្នា​ថា បើ​អាចធ្វើ​បាន​ អ្នក​រាល់​គ្នា​​នឹង​ខ្វេះ​ភ្នែក​ឲ្យ​ខ្ញុំ​ហើយ។​ ១៦ដូច្នេះ​ តើ​ខ្ញុំ​ត្រលប់​ជា​ខ្មាំង​សត្រូវ​ របស់​អ្នករាល់គ្នា​ ដោយ​ព្រោះ​ ខ្ញុំ​និយាយ​សេចក្ដី​ពិត​ឬ?

១៧ពួកគេ​​​សង្វាត​​ចង់​បាន​អ្នករាល់គ្នា​ មិនមែន​ដោយបំណង​ល្អ​ទេ ផ្ទុយ​ទៅ​វិញ​ ពួកគេ​ចង់​បំបែក​​អ្នករាល់គ្នា​ចេញ​ពី​យើង​ ដើម្បី​​ឲ្យអ្នករាល់គ្នា​ សង្វាត​ចង់​បាន​ពួកគេ​វិញ។​ ១៨​ល្អ​ហើយ ដែល​សង្វាត​ចង់​បាន​​ការ​ល្អ​ជានិច្ច មិនមែន​តែ​នៅ​ពេល​​ដែល​ខ្ញុំ​នៅ​ជាមួយ​ អ្នករាល់គ្នា​ប៉ុណ្ណោះ‍ទេ‍។​ ១៩កូន​រាល់​គ្នា​អើយ!​ ដើម្បី​អ្នក​រាល់គ្នា ខ្ញុំ​ឈឺចាប់​ម្តង​ទៀត​ដូច​​​គេ​​សម្រាល​កូន​ ​ទម្រាំ​​ព្រះគ្រិស្ដ​មាន​រូបរាង​នៅ​ក្នុង​អ្នករាល់គ្នា។​ ២០ខ្ញុំ​ចង់​​​នៅ​ជាមួយ​អ្នក​រាល់​គ្នា​​នា​ពេល​ឥឡូវ​នេះ និង​ផ្លាស់​ប្ដូរ​សំដី​របស់​ខ្ញុំ ព្រោះ​ខ្ញុំ​ទ័ល​គំនិត​អំពី​អ្នក​រាល់​គ្នា​ហើយ។

កូន​ទាំង​ពីរ​របស់​លោក​អ័ប្រាហាំ​

២១​ឱពួក​អ្នក​ចង់​នៅ​ក្រោម​ក្រឹត្យវិន័យ​អើយ!​ សូម​ប្រាប់​ខ្ញុំ​មើល៍ តើ​អ្នករាល់គ្នា​មិន​ឮ​​​​សេចក្តី ​ដែល​ក្រឹត្យវិន័យចែង​ទេ​ឬ? ២២​ដ្បិត​មាន​សេចក្ដី​ចែង​ទុក​ថា លោក​អ័ប្រាហាំ​មាន​កូន​ប្រុស​ពីរ​នាក់ គឺ​ម្នាក់​កើត​ពី​ស្ត្រី​ជា​អ្នក​បម្រើ​ ហើយ​ម្នាក់​ទៀត​ កើត​ពី​ស្ត្រីជា​អ្នក​មាន​សេរីភាព​​ ២៣ប៉ុន្ដែ​កូន​ដែល​កើត​ពី​ស្ត្រី​​ជា​អ្នក​បម្រើ​ បាន​កើត​តាម​សាច់​ឈាម រីឯ​​កូន​ដែល​កើត​ពី​ស្ត្រី​​ ជា​អ្នក​មាន​សេរីភាព ​បាន​កើត​តាម​សេចក្ដី​សន្យា។​

២៤នេះ​​ជា​ការ​ប្រៀបធៀប​ គឺស្រ្តី​ទាំង​ពីរ​នាក់​នេះ​ជា​កិច្ច​ព្រមព្រៀង​ពីរ មួយ​មក​ពី​ភ្នំ​ស៊ីណាយ​ ដែល​បាន​បង្កើត​​​កូន​សម្រាប់​​ភាពជា​បាវ​បម្រើ‍​ នោះ​ជា​នាង​ហាការ។​ ២៥នាង​ហាការ​ជា​ភ្នំ​ស៊ីណាយ​នៅ​ស្រុក​អារ៉ាប់ ក៏​​​​ដូច​​​​ជា​​ក្រុង​យេរូសាឡិម​នា​សព្វថ្ងៃ​នេះដែរ​ ព្រោះ​​នាង​ត្រូវ​​នៅ​ជា​បាវ​បម្រើ​​ ជាមួយ​កូន​ចៅ​របស់​នាង​​ ២៦តែ​​​ក្រុង​យេរូ​សាឡិម​ ​ដែល​នៅ​ស្ថាន​លើ​វិញ​​​​ គឺជា​ស្ត្រី​​ជា​អ្នក​មាន​សេរីភាព ដែល​ជា​ម្តាយ​របស់​យើង។​ ២៧ដ្បិត​មាន​សេចក្ដី​ចែង​ទុក​ថា ឱ ស្រ្តី​អារ​ដែល​មិន​​បង្កើត​កូន​អើយ!​ ចូរ​អរ​សប្បាយ​ឡើង ឱ​ស្ត្រី​ដែល​មិន​​ស្គាល់​ការ​ឈឺ​ចាប់​នៅពេល​​សម្រាល​កូន​អើយ!​ ចូរ​បន្លឺ​សំឡេង​​ ហើយ​ស្រែក​ចុះ ព្រោះ​កូន​របស់​ស្ត្រី​​ឯកោ​ ​មាន​​ច្រើន​ជាង​កូន​របស់​ស្ត្រីដែល​មាន​ប្តី​ទៅ​ទៀត​​

២៨​បង​ប្អូន​អើយ!​ អ្នករាល់គ្នា​ជា​កូន​តាម​សេចក្ដី​សន្យា ដូច​លោក​​អ៊ីសាក​ដែរ ​២៩ប៉ុន្តែ​​​ ពេល​នោះ​ កូន​ដែល​​កើត​តាម​សាច់​ឈាម ​​​បាន​បៀត​​​បៀន​​​កូន​ដែល​កើត​តាម​ព្រះវិញ្ញាណ​​​ ជា​យ៉ាង​ណា​​ ឥឡូវ​នេះ​ក៏​យ៉ាង​នោះ​ដែរ​​ ៣០តើ​បទ​គម្ពីរ​ចែង​យ៉ាង​ដូច​ម្តេច គឺ​ចែង​ថា៖ «ចូរ​ដេញ​ស្ត្រី​​ជា​អ្នក​បម្រើ និង​កូន​ប្រុស​របស់​នាង​ចេញ​ទៅ ដ្បិត​កូន​ប្រុស​របស់​ស្ត្រី​​ជា​អ្នក​បម្រើ​ មិន​ត្រូវ​ទទួល​មរតក​ជាមួយ​កូន​ប្រុស​របស់​ស្ត្រី​ ​ជា​អ្នក​មាន​សេរីភាព​ឡើយ»​ ៣១ដូច្នេះ បង​ប្អូន​​អើយ!​ យើង​មិន​មែន​ជា​កូន​របស់​ស្ត្រី​​ជាអ្នក​បម្រើ​ទេ គឺ​ជា​កូន​របស់​ស្ត្រី​ ​ជា​អ្នក​មាន​សេរីភាព​វិញ។

កាឡាទី ៤