KCB - កាឡាទី ៣


កាឡាទី ៣

ជំនឿ​ ឬ​ការ​កាន់​តាម​ក្រឹត្យ​វិន័យ​

ឱ​ ពួក​អ្នក​ស្រុក​កាឡាទី ​ដ៏ល្ងង់​អើយ​​! តើ​អ្នកណា‍ដាក់​អំពើ​លើ​អ្នករាល់គ្នា​ឬ​? នៅចំពោះ​ភ្នែក​អ្នករាល់គ្នា អ្នករាល់គ្នា​បាន​ទទួល​ការពិពណ៌នា​យ៉ាង​ច្បាស់​ អំពីព្រះ​យេស៊ូ​គ្រិស្ដ​ដែល​ត្រូវ​​គេ​ឆ្កាងនោះហើយ ខ្ញុំ​​គ្រាន់​តែ​ចង់​​ដឹង​​សេចក្ដី​​​នេះ​ ពី​អ្នករាល់គ្នាប៉ុណ្ណោះ​ តើ​អ្នក​រាល់​គ្នា​​ទទួល​ព្រះ​វិញ្ញាណ ​ដោយ​សារ​ការ​ប្រព្រឹត្តិ​តាម​គម្ពីរ​​វិន័យ ឬ​ដោយ‍សារ​ការស្ដាប់​ ទាំងមានជំនឿ? ​ម្ដេច​អ្នករាល់គ្នា​ល្ងង់​ម្ល៉េះ?​ អ្នករាល់គ្នា​បាន​ចាប់ផ្ដើម ​ដោយ​វិញ្ញាណ តើឥឡូវ​នេះ​​ បញ្ចប់​ដោយ​សាច់​ឈាម‍​ឬ‍​? តើ​អ្នក​រាល់​គ្នា​​​រងទុក្ខ​ច្រើន​​​ដល់​ម្ល៉េះ​ ដោយ​ឥត​​ប្រយោជន៍ឬ? ប្រហែល​ជា​ឥត​ប្រយោជន៍​មែន​​ទេ​ដឹង។​

​ដូច្នេះ​​ ដែលព្រះអង្គ​​ប្រទាន​ព្រះ​វិញ្ញាណ​ដល់​អ្នករាល់គ្នា ព្រមទាំង​ធ្វើ​កិច្ចការ​ដ៏មាន​អំណាច​ ​​ក្នុង​ចំណោម​អ្នករាល់គ្នា តើ​ដោយ​សារ​ការប្រព្រឹត្តិ​តាម​គម្ពីរ​​វិន័យឬ​ដោយ‍សារ​ការស្ដាប់​ ទាំងមានជំនឿ? ​ដូចដែល​​លោក​អ័ប្រាហាំ​​ជឿ​ព្រះជាម្ចាស់ ហើយ​ព្រះជា​ម្ចាស់​​ក៏​រាប់​គាត់​ជា​សុចរិត​ដោយសារ​ជំនឿ​នោះ ដូច្នេះ ចូរ​ដឹង​ថា​ ពួក​អ្នក​ដែល​មាន​ជំនឿ គឺ​​ជា​កូន​ចៅ​របស់​លោក​អ័ប្រាហាំ​ ​ហើយ​បទ​គម្ពីរ​បាន​​ដឹង​ជាមុន​ថា ព្រះជាម្ចាស់​នឹង​រាប់​ជន​ជាតិ​​​ទាំងឡាយ ​ជា​សុចរិត​ដោយសារ​ជំនឿ ដូច្នេះ​ហើយ​បាន​ជា​​ដំណឹង​ល្អ​ត្រូវ​​ប្រកាស​ប្រាប់លោក​អ័ប្រាហាំ​ជា​មុន​ថា៖ ​«ជន​ជាតិ​​ទាំងអស់​នឹង​ទទួល​​ពរតាមរយៈ​អ្នក​»។ ​​ដូច្នេះពួក​អ្នកដែល​មាន​ជំនឿ​ ក៏​ទទួល​ព្រះ​ពរ​ជាមួយ​លោកអ័ប្រាហាំ ​ដែល​ជា​អ្នកមាន​ជំនឿ​ដែរ។​

១០​រី‍ឯ​អស់​អ្នក ​ដែល​ពឹង​ផ្អែក​លើ​ការ​ប្រព្រឹត្តិ​តាម​គម្ពីរ​​វិន័យ នោះ​ត្រូវ​បណ្តាសា​ហើយ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​ថា៖ «ត្រូវ​បណ្តាសា​ហើយ អស់​អ្នក​ដែល​មិន​កាន់​តាម​សេចក្ដី​ទាំងអស់ដែល​​បាន​ចែង​ទុក ​នៅ​ក្នុង​គម្ពីរ​វិន័យ​ឲ្យប្រព្រឹត្ដ​តាម»។​

១១ដូច្នេះ​ ច្បាស់​ជា​គ្មាន​អ្នកណា​ម្នាក់​ត្រូវ​បាន​រាប់​ជា​សុចរិត ​ នៅ​ចំពោះព្រះជាម្ចាស់​ ដោយ​សារ​គម្ពីរ​​វិន័យ​ឡើយ ព្រោះ​មនុស្ស​សុចរិត​នឹង​រស់​ដោយ​ជំនឿ​​ ១២រីឯ​គម្ពីរ​វិន័យ ​មិន​ពឹងផ្អែក​​លើ​ជំនឿ​ទេ ផ្ទុយទៅវិញ អ្នក​ណា​ដែល​ប្រព្រឹត្ត​តាមសេចក្ដីទាំងនេះ​ ​អ្នកនោះ​នឹង​រស់ដោយ​​សារ​សេចក្ដី​ទាំង​នេះ​ឯង‍។​

១៣​មាន​សេចក្ដី​ចែង​ទុក​​ថា៖ «ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​ជាប់​ព្យួរ​នៅ​លើ​ឈើ» ដូច្នេះ​ហើយបាន​ជា​ព្រះគ្រិស្ដ​ បាន​លោះឲ្យ​យើង​រួច​ពី​បណ្តាសា​របស់​គម្ពីរ​​វិន័យ​ ដោយ​ព្រះអង្គ​​ត្រូវ​​បណ្តាសា​ជំនួស​យើង ១៤​ដើម្បី​ឲ្យពរ​របស់​លោក​អ័ប្រាហាំ​ មាន​​ដល់​ពួក​សាសន៍​ដទៃ ​ដោយសារ​ព្រះ​គ្រិស្ដ​​យេស៊ូ និង​ដើម្បី​ឲ្យយើង​បាន​ទទួលព្រះ​វិញ្ញាណ​ ដែល​ជា​សេចក្ដីសន្យា​តាមរយៈ​ជំនឿ។

ក្រឹត្យ​វិន័យ​ និង​ព្រះបន្ទូលសន្យា​

១៥​បងប្អូន​អើយ!​ ខ្ញុំ​សូម​និយាយ​តាម​បែប​មនុស្ស​ថា សូម្បី​តែ​កិច្ច​ព្រមព្រៀង​របស់​មនុស្ស បើ​គេ​ព្រមព្រៀង​គ្នា​ហើយ ​គ្មាន​អ្នក​ណា​​ម្នាក់​អាច​លុប​ចោល ឬ​បន្ថែម​បាន​ឡើយ។​ ១៦រីឯ​សេចក្ដីសន្យា​ទាំងឡាយនោះ​​ ​ត្រូវ​បាន​សន្យា​​ដល់​លោក​អ័ប្រាហាំ និង​ពូជពង្ស​របស់​គាត់​ប៉ុណ្ណោះ​ ព្រះអង្គមិនបាន​​មាន​បន្ទូល​​ថា​ «ដល់​​ពូជពង្ស​ទាំង​ឡាយ» ដែល​សំដៅ​​លើ​ចំនួន​ច្រើននោះ​​ទេ ផ្ទុយទៅវិញ​​​ មាន​បន្ទូល​​ថា «ដល់​ពូជពង្ស​របស់​អ្នក» ដែល​សំដៅ​លើ​ចំនួន​តែ​មួយ ​គឺ​ជា​​ព្រះ​គ្រិស្ដ​ ១៧​ខ្ញុំចង់​​និយាយ​ដូច្នេះ​ គម្ពីរ​វិន័យ​ដែល​មាន​នៅបួន​រយ​សាម​សិប​ឆ្នាំ​ក្រោយ​​ មិន​អាច​លុប​​កិច្ច​ព្រមព្រៀង​ ដែល​ព្រះជាម្ចាស់​ បាន​​ធ្វើ​​កាល​ពី​មុនបានឡើយ ហើយក៏​មិន​អាច​​​ធ្វើ​ឲ្យ​សេចក្ដី​សន្យា​ត្រលប់​ជា​ឥត​​ប្រយោជន៍បាន​ដែរ​​​​ ១៨ព្រោះ​​បើ​ មរតក​ពឹងផ្អែកលើ​ក្រឹត្យវិន័យ នោះ​លែង​​ពឹងផ្អែក​លើសេចក្ដី​សន្យា​ទៀត​ហើយ ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​ប្រទាន​​ដល់​លោក​អ័ប្រាហាំ​ តាម​រយៈសេចក្ដី​សន្យា។

១៩ដូច្នេះ ​ ហេតុអ្វី​បាន​ជា​មាន​គម្ពីរ​វិន័យ? គម្ពីរ​វិន័យ​ត្រូវ​បាន​បន្ថែម​មក​ដោយព្រោះការល្មើស​ រហូត​ទាល់​តែ​​ពូជពង្ស​​​ ដែល​​​​បាន​សន្យា​នោះ​មក​ដល់ ហើយ‍គម្ពីរ​វិន័យ​ ត្រូវ​បានបង្គាប់​មក​​​តាម​រយៈ​ពួក​ទេវតា​ ដោយ​ដៃ​របស់​អ្នក​សម្រុះ​សម្រួល​ម្នាក់។​ ២០​​អ្នក​សម្រុះ​សម្រួល​មិន​មែន ​សម្រាប់​ភាគី​​តែ​ម្ខាង​ឡើយ​​​ ប៉ុន្តែ​ ​​​ព្រះជា​ម្ចាស់​​​គឺ​​មួយអង្គ​ប៉ុណ្ណោះ។

២១​ដូច្នេះ តើ​គម្ពីរ​​វិន័យ​​ទាស់​​នឹង​សេចក្ដី​សន្យា​របស់​ព្រះជាម្ចាស់​ឬ? ទេ មិន​​មែន​ទេ​! ដ្បិត​បើ​ក្រឹត្យ​វិន័យ​ដែល​បាន​ប្រទាន​មក ​អាច​ផ្ដល់​ជីវិត​បាន​ នោះ​សេចក្ដី​សុចរិត​ នឹង​​មក​​តាមរយៈ​ក្រឹត្យវិន័យ​​​​យ៉ាង​​ពិត​ប្រាកដ ​២២តែ​បទ​គម្ពីរ​បាន​បង្ខាំង​អ្វីៗ​ទាំង​អស់ ​​ឲ្យនៅ​ក្រោម​បាប ​ដើម្បី​ឲ្យសេចក្ដី​សន្យា​​តាម​រយៈ​​​ជំនឿ​លើ​ព្រះ​យេស៊ូ​​គ្រិស្ដ ​បាន​ប្រទាន​មក​​ដល់​ពួក​អ្នក​ដែល​ជឿ ២៣ប៉ុន្តែ​​មុន​ពេល​ជំនឿ​មក​ដល់ យើង​​ត្រូវ​បាន​ឃុំ​ទុក​នៅ​ក្រោម​ក្រឹត្យវិន័យ​ គឺ​ត្រូវ​បានបង្ខាំង​រហូត​ដល់​ជំនឿដែល​នឹងមក ត្រូវ​​បើកសំដែង។

ត្រលប់​ជា​កូន​របស់​ព្រះជាម្ចាស់​ តាម​រយ:​ជំនឿ​

២៤​ដូច្នេះ គម្ពីរ​វិន័យ​ជា​អ្នក​មើល​ថែ​​យើង​ដែល​នាំ​យើង​ទៅ‍ឯ​ព្រះគ្រិស្ដ ដើម្បី​ឲ្យយើង​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយសារ​ជំនឿ​ ២៥ប៉ុន្ដែ​ពេល​ជំនឿ​មក​ដល់​ហើយ នោះ​យើង​មិន​ស្ថិត​​ក្រោម ​អ្នក​មើល​ថែ​ទៀតឡើយ​​ ២៦ព្រោះអ្នក​ទាំងអស់​គ្នា​​ជា​កូន​របស់​ព្រះជាម្ចាស់ ​ដោយសារ​ជំនឿ​លើ​ព្រះគ្រិស្ដ​យេស៊ូ ២៧​ដ្បិត​អស់​អ្នកដែល​ទទួល​ពិធី​ជ្រមុជ​ទឹក​ នៅក្នុង​ព្រះ​គ្រិស្ដ នោះ​បាន​ប្រដាប់​ខ្លួន​ដោយ​ព្រះគ្រិស្ដ​​ហើយ។

២៨ដូច្នេះ ដោយ​ព្រោះ​អ្នក​​ទាំង​អស់​គ្នាបាន​ត្រលប់​ជា​តែ​មួយ ​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ នោះ​គ្មាន​ជនជាតិ​យូដា គ្មាន​ជនជាតិ​ក្រេក គ្មាន​បាវបម្រើ​ គ្មាន​អ្នកមាន​សេរីភាព​ ហើយ​ក៏​គ្មាន​ប្រុស គ្មាន​ស្រី​ទៀត​ដែរ​ ២៩​បើ​អ្នករាល់គ្នា​ជា​របស់​ព្រះគ្រិស្ដ នោះ​អ្នករាល់គ្នា​ជា​ពូជពង្ស​របស់​លោក​​អ័ប្រាហាំ​ដែរ ហើយ​ជា​អ្នក​ស្នង​​​មរតក​តាម​សេចក្ដី​សន្យា​ទៀត​​ផង។

កាឡាទី ៣