KCB - អេភេសូរ ៦


អេភេសូរ ៦

កូន និងឪពុកម្ដាយ

ក្មេង​រាល់គ្នា​អើយ!​ ចូរ​ស្តាប់​ បង្គាប់​ឪពុក​ម្តាយ​របស់​ខ្លួន​ក្នុង​ព្រះអម្ចាស់ ដ្បិត​ធ្វើ​ដូច្នេះ​ទើប​ត្រឹម​ត្រូវ។​ ចូរ​គោរព​ឪពុក​ម្តាយ​របស់​ខ្លួន នេះ​​​ជា​បញ្ញត្តិ​ទីមួយ ដែល​​​មាន​សេចក្ដី​សន្យា​​ជាប់មកជាមួយ​ផង​ ដើម្បី​ឲ្យអ្នក​បាន​សេចក្ដី​សុខ ហើយ​មាន​អាយុ​វែង​នៅ​លើ​ផែនដី​នេះ​

ឪ ពុក​រាល់គ្នា​អើយ!​​ ចូរ​កុំរករឿង​ធ្វើ​​ឲ្យ​កូន​របស់​ខ្លួនខឹង​ឡើយ​ ផ្ទុយទៅវិញ ចូរ​ចិញ្ចឹម​​កូន​ទៅតាម​ការ​​អប់រំ​ និងការ​ដាស់តឿន​របស់​ព្រះអម្ចាស់។

បាវបម្រើ និងចៅហ្វាយ

បាវ​បម្រើ​រាល់គ្នា​អើយ!​ ចូរ​ស្តាប់​បង្គាប់​ចៅ​ហ្វាយ​ខាង​សាច់​ឈាម ​​ដោយ​ការ​កោតខ្លាច និង​ញាប់ញ័រ​ ទាំង​មាន​​​ចិត្ដ​ស្មោះ​ត្រង់​ ដូច​ជា​ស្តាប់​បង្គាប់​ព្រះគ្រិស្ដ​ មិន​មែន​​​បម្រើ​តែក្នុង​កាល​​ដែល​គេ​មើល​​ឃើញ ​ដូចជា​​ចង់ផ្គាប់​ចិត្ត​មនុស្ស​ឡើយ ផ្ទុយទៅវិញ ចូរ​បម្រើ​ដូច​ជា​បាវ​បម្រើ​របស់​ព្រះគ្រិស្ដ​ ដោយ​ធ្វើ​តាម​បំណង​​ របស់​ព្រះជាម្ចាស់​អស់​ពី​ចិត្ត​ គឺ​បម្រើ​ដោយ​ស្ម័គ្រ​ចិត្ត​ដូច​ជា​បម្រើ​ព្រះអម្ចាស់ មិន​មែន​ដូចជា​បម្រើ​មនុស្ស​ឡើយ ​ទាំង​ដឹង​ថា ការ​ល្អ​អ្វី​ក៏ដោយ​​ដែល​ម្នាក់ៗ​ធ្វើ ទោះ​ជា​បាវ​បម្រើក្ដី​ ឬ​អ្នក​មានសេរីភាព​ក្តី ​ពួកគេ​នឹង​​ទទួល​បាន​​ការ​ល្អ​នោះ​វិញ​ពី​ព្រះអម្ចាស់។

​ចៅហ្វាយ​រាល់គ្នា​អើយ!​ ចូរ​ប្រព្រឹត្ត​ចំពោះ​បាវ​បម្រើ​ដូច្នោះ​ដែរ ទាំង​ឈប់​​គំរាម​​កំហែង​ ដោយ​ដឹង​ថា ​ចៅហ្វាយ​​ពួកគេ​ដែល​គង់​នៅ​ស្ថានសួគ៌​​ ក៏​ជា​ចៅហ្វាយ​​របស់​អ្នករាល់គ្នា​ដែរ ហើយព្រះអង្គ​មិនមាន​​សេចក្តី​លំអៀង​ឡើយ។

គ្រឿង​សឹក​​របស់​ព្រះជាម្ចាស់

១០​ទីបញ្ចប់​នេះ ចូរ​មាន​​កម្លាំង​ឡើង​​នៅ​ក្នុង​ព្រះ​អម្ចាស់ និង​នៅ​ក្នុង​ព្រះចេស្ដា​ដ៏ខ្លាំង​ពូកែ​របស់​ព្រះអង្គ។​ ១១ចូរ​ពាក់​ គ្រប់​គ្រឿង​សឹក​​របស់​ព្រះជាម្ចាស់ ដើម្បី​ឲ្យអ្នករាល់គ្នា​ អាច​ឈរ​​ទាស់នឹង​ល្បិច​ប៉ិនប្រសប់​ របស់​អារក្សសាតាំង​​បាន‍។ ១២​ដ្បិត​យើង​មិន​មែន​តយុទ្ធ​ទាស់​នឹង​សាច់​ឈាម​ទេ គឺ​យើង​តយុទ្ធ​ទាស់​នឹង​​ការ​​គ្រប់គ្រង សិទ្ធិអំណាច និង​​​ការត្រួតត្រា​​​ទាំងឡាយ​ របស់​សេចក្ដី​ងងឹត​នៅ​​លោកិយ​នេះ ព្រមទាំងទាស់នឹង​​ពួក​វិញ្ញាណ​នៃ​សេចក្ដី​អាក្រក់​នៅ​ស្ថានសួគ៌ ១៣​​ហេតុ​នេះ​ ចូរ​អ្នករាល់គ្នា​​យក​គ្រប់​គ្រឿង​សឹក​របស់​ព្រះជាម្ចាស់ ​ដើម្បី​ឲ្យអ្នករាល់គ្នា​ អាច​តទល់​បាន​នៅ​ថ្ងៃ​ដ៏​អាក្រក់​នោះ រួច​ឈរបាន​ក្រោយពី​​​តទល់​​​សព្វគ្រប់​​ហើយ។ ១៤​ដូច្នេះ​ចូរ​​ឈរ​ដោយ​ក្រវាត់​សេចក្ដី​ពិត​ នៅ​នឹង​ចង្កេះ​របស់​អ្នករាល់គ្នា ហើយ​ពាក់​​​សេចក្តី​សុចរិត​​ជាអាវក្រោះ ១៥​ទាំង​ពាក់​សេចក្ដី​ប្រុង​ប្រៀប​​នៃ​ដំណឹងល្អ​ អំពី​សេចក្ដី​សុខសាន្ត​នៅនឹង​ជើង។​ ១៦ជា​មួយ​នឹង ​សេចក្ដី​ទាំងអស់​នេះ ចូរ​​យក​​ជំនឿ​ ជា​ខែល​ ដែល​​​អ្នករាល់គ្នា​អាច​ពន្លត់​គ្រាប់​ព្រួញ ​ភ្លើង​ទាំង​ឡាយ​​របស់​អារក្ស​សាតាំង​ បាន ​ដោយ​សារ​ខែល​នោះ ​១៧ហើយ​ចូរ​យក​សេចក្ដី​សង្គ្រោះ​ជា​មួក​ និង​យក​ដាវ​របស់ព្រះវិញ្ញាណ​ ដែល​ជា​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​​ ១៨​ទាំង​​អធិស្ឋាន​នៅក្នុង​​ព្រះវិញ្ញាណ​គ្រប់​ពេល​វេលា ​ដោយ​ការ​​អធិស្ឋាន និង​ការ​​ទូលអង្វរ​គ្រប់​បែបយ៉ាង ហើយ​សម្រាប់ការ​នេះ​ឯងចូរ​ប្រុងស្មារតី​​ ដោយ​​សេចក្តី​​ព្យាយាម​គ្រប់បែបយ៉ាង និង​ដោយ​​​​ការ​​ទូលអង្វរ​​សម្រាប់​ពួក​បរិសុទ្ធ​ទាំងអស់ ​១៩ហើយ​សម្រាប់​ខ្ញុំ​ផង គឺ​សូម​​ព្រះអង្គប្រទាន​ពាក្យសំដី​​ដល់​ខ្ញុំ ​នៅ​ពេល​ដែល​ខ្ញុំ​និយាយដើម្បី​ឲ្យខ្ញុំ​ប្រាប់​គេឲ្យ​ដឹង ​អំពី​អាថ៌កំបាំង​នៃ​ដំណឹង​ល្អដោយ​សេចក្តី​ក្លាហាន​​ ២០​ដែល​ខ្ញុំ​ជា​ទូត​​​ជាប់​ច្រវាក់ ដោយសារ​ដំណឹង​ល្អ​នេះ​ ហើយ​​​​នៅក្នុង​ការប្រាប់​ឲ្យដឹង​នេះ សូម​​ឲ្យខ្ញុំ​និយាយ​​ ដោយ​​ក្លាហាន​តាម​​ដែល​ខ្ញុំ​ត្រូវ​​និយាយ។

ពាក្យជម្រាបសួរចុងក្រោយរបស់លោកប៉ូល

២១លោក​ទីឃីកុស​​ ជា​បង​ប្អូន​​ជា​ទីស្រឡាញ់​ និង​ជា​អ្នក​ជំនួយ​ដ៏​ស្មោះ​ត្រង់​នៅ​ក្នុង​ព្រះអម្ចាស់​ នឹង​ប្រាប់​អ្នករាល់គ្នា​ឲ្យ​ដឹង​គ្រប់​ការ​ទាំងអស់ ដើម្បី​ឲ្យអ្នករាល់គ្នា​​ដឹង​អំពី​ខ្ញុំ​ គឺ​​អ្វី​ៗ​ដែល​ខ្ញុំ​កំពុង​ធ្វើ​ ២២​ខ្ញុំ​បាន​ចាត់​គាត់​ ឲ្យមក​ឯ​អ្នករាល់គ្នា​សម្រាប់​​ការ​​នេះ​ឯង គឺ​ដើម្បី​ឲ្យអ្នករាល់គ្នា​បាន​ដឹង​អំពី​​យើង និង​ដើម្បី​​​កម្សាន្ត​​ចិត្ត​អ្នករាល់គ្នា។ ២៣​សូម​ឲ្យបងប្អូន​មាន​​​សេចក្ដី​សុខសាន្ត ​សេចក្ដីស្រឡាញ់​​ ព្រម​ទាំង​​​ជំនឿពី​ព្រះជាម្ចាស់​ជា​ព្រះវរបិតា និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ។

២៤​សូម​ឲ្យអស់​អ្នក​ ដែលស្រឡាញ់​​ព្រះអម្ចាស់​​យេស៊ូ​គ្រិស្ដ​នៃ​យើង ដោយ​សេចក្ដីស្រឡាញ់​​ ដែល​មិន​​សាប​សូន្យ​​ បាន​ប្រកប​ដោយ​ព្រះគុណ​៕​

អេភេសូរ ៦