អេភេសូរ ៥
រស់នៅក្នុងពន្លឺ
៥ដូច្នេះ ចូរយកតម្រាប់តាម ព្រះជាម្ចាស់ ដូចជាកូនដ៏ជាទីស្រឡាញ់ចុះ ២ហើយរស់នៅក្នុងសេចក្ដីស្រឡាញ់ ដូចដែលព្រះគ្រិស្ដបានស្រឡាញ់យើង ហើយប្រគល់អង្គទ្រង់សម្រាប់យើងទុកជាតង្វាយ និងយញ្ញបូជា ដែលមានក្លិនពិដោរដ៏ក្រអូបថ្វាយដល់ព្រះជាម្ចាស់។
៣រីឯ អំពើអសីលធម៌ខាងផ្លូវភេទ សេចក្ដីស្មោកគ្រោកគ្រប់បែបយ៉ាង ឬសេចក្តីលោភលន់ នោះមិនត្រូវឲ្យមានឮនិយាយ ក្នុងចំណោមអ្នករាល់គ្នាឡើយ ដើម្បីឲ្យសមជាពួកបរិសុទ្ធ ៤ហើយរឿងគួរខ្មាស សំដីចម្កួត ឬសំដីកំប្លែងអាសអាភាសក៏មិនត្រូវឲ្យមានដែរ ព្រោះសេចក្ដីទាំងនោះមិនសមរម្យទេ ប៉ុន្ដែ ចូរមានសំដីអរព្រះគុណវិញ។ ៥ចូរអ្នករាល់គ្នាដឹង ហើយយល់ការនេះចុះថា អស់អ្នកដែលប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ ឬមនុស្សស្មោកគ្រោក ឬមនុស្សលោភលន់ ដែលជាអ្នកថ្វាយបង្គំរូបព្រះគ្មានមរតក នៅក្នុងនគររបស់ព្រះគ្រិស្ដ និងព្រះជាម្ចាស់ទេ។
៦កុំឲ្យអ្នកណាម្នាក់បញ្ឆោតអ្នករាល់គ្នាដោយពាក្យសំដី ឥតប្រយោជន៍ឡើយ ដ្បិតដោយព្រោះសេចក្ដីទាំងនេះ សេចក្ដីក្រោធរបស់ព្រះជាម្ចាស់ កើតមានចំពោះពួកកូនៗដែលមិនស្តាប់បង្គាប់។ ៧ដូច្នេះ ចូរកុំរួមចំណែក ជាមួយពួកគេឡើយ។ ៨ព្រោះកាលពីមុន អ្នករាល់គ្នាជាសេចក្ដីងងឹត ប៉ុន្ដែឥឡូវនេះ អ្នករាល់គ្នាជាពន្លឺនៅក្នុងព្រះអម្ចាស់ ដូច្នេះ ចូររស់នៅឲ្យដូចជាកូនរបស់ពន្លឺចុះ ៩ដ្បិតផលផ្លែរបស់ពន្លឺ មាននៅក្នុងគ្រប់ទាំងសេចក្ដីល្អ សេចក្ដីសុចរិត និងសេចក្ដីពិត ១០ព្រមទាំងពិនិត្យឲ្យដឹងនូវអ្វី ដែលព្រះអម្ចាស់សព្វព្រះហឫទ័យ។
១១កុំចូលរួមក្នុងកិច្ចការ នៃសេចក្ដីងងឹតដែលគ្មានផលផ្លែនោះឡើយ ប៉ុន្តែត្រូវលាតត្រដាង កិច្ចការទាំងនោះវិញ ១២ព្រោះកិច្ចការទាំងឡាយ ដែលគេបានប្រព្រឹត្តដោយសម្ងាត់នោះ សូម្បីតែនិយាយក៏គួរឲ្យខ្មាសទៅហើយ។ ១៣ប៉ុន្ដែអ្វីៗទាំងអស់ នឹងត្រូវលាតត្រដាងឲ្យឃើញដោយសារពន្លឺ ១៤ព្រោះជាពន្លឺទេតើ ដែលបង្ហាញឲ្យឃើញអ្វីៗទាំងអស់។ ដូច្នេះហើយបានជាមានសេចក្ដីចែងទុកមកថា ចូរក្រោកឡើង អ្នកដែលដេកលក់អើយ ចូរក្រោកចេញពីពួកមនុស្សស្លាប់មក នោះព្រះគ្រិស្ដនឹងចាំងពន្លឺមកលើអ្នក។
រស់នៅដោយអំណាចរបស់ ព្រះវិញ្ញាណ
១៥ដូច្នេះ ចូរប្រយ័ត្នឲ្យមែនទែនអំពីរបៀបដែលអ្នករាល់គ្នារស់នៅ មិនមែនដូចជាមនុស្សគ្មានប្រាជ្ញាទេ ប៉ុន្ដែដូចជាមនុស្សមានប្រាជ្ញាវិញ ១៦ទាំងចេះប្រើប្រាស់ពេលវេលាផង ពីព្រោះសម័យនេះអាក្រក់ណាស់។ ១៧ដូច្នេះ កុំល្ងង់ឡើយចូរយល់អំពីអ្វី ដែលជាបំណងរបស់ព្រះអម្ចាស់។ ១៨កុំស្រវឹងស្រាដែលនាំឲ្យប្រព្រឹត្ដផ្ដេសផ្ដាសឡើយ ប៉ុន្តែចូរឲ្យបានពេញដោយព្រះវិញ្ញាណ ១៩ហើយនិយាយគ្នាទៅវិញទៅមក ដោយទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងវិញ្ញាណ ព្រមទាំងច្រៀង និងសរសើរព្រះអម្ចាស់ ចេញពីចិត្តរបស់អ្នករាល់គ្នាចុះ ២០ហើយអរព្រះគុណព្រះជាម្ចាស់ ជាព្រះវរបិតាជានិច្ច សម្រាប់គ្រប់ការទាំងអស់ ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង
ប្រពន្ធ និងប្ដី
២១ព្រមទាំងចុះចូលនឹងគ្នាទៅវិញទៅមក ដោយការកោតខ្លាចព្រះគ្រិស្ដ។ ២២ប្រពន្ធរាល់គ្នាអើយ! ចូរចុះចូលនឹងប្តីរបស់ខ្លួនឲ្យដូចជាចុះចូលនឹងព្រះអម្ចាស់ចុះ ២៣ដ្បិតប្តីជាក្បាលរបស់ប្រពន្ធដូចជាព្រះគ្រិស្ដ ជាព្រះសិររបស់ក្រុមជំនុំ ហើយព្រះអង្គផ្ទាល់ក៏ជាព្រះអង្គសង្គ្រោះរបស់រូបកាយដែរ។ ២៤ដូច្នេះ ក្រុមជំនុំចុះចូលនឹង ព្រះគ្រិស្ដជាយ៉ាងណា ប្រពន្ធក៏ត្រូវចុះចូលនឹងប្តី ក្នុងគ្រប់ការទាំងអស់ជាយ៉ាងនោះដែរ។
២៥ប្ដីរាល់គ្នាអើយ! ចូរស្រឡាញ់ប្រពន្ធ ឲ្យដូចជាព្រះគ្រិស្ដស្រឡាញ់ក្រុមជំនុំ ហើយបានប្រគល់អង្គទ្រង់សម្រាប់ក្រុមជំនុំដែរ ២៦ដើម្បីឲ្យព្រះអង្គញែកក្រុមជំនុំជាបរិសុទ្ធ ទាំងបានសំអាតដោយលាងនឹងទឹក និងដោយព្រះបន្ទូល ២៧ហើយដើម្បីឲ្យព្រះអង្គបានថ្វាយក្រុមជំនុំ ដែលប្រកបដោយសិរីរុងរឿងនោះដល់អង្គទ្រង់ ដោយគ្មានស្លាកស្នាម គ្មានជ្រីវជ្រួញ ឬអ្វីមួយយ៉ាងនោះឡើយ គឺឲ្យបានបរិសុទ្ធ និងឥតបន្ទោសបាន។ ២៨ដូច្នេះ ប្តីត្រូវស្រឡាញ់ប្រពន្ធរបស់ខ្លួន ឲ្យដូចជាស្រឡាញ់រូបកាយរបស់ខ្លួនដែរ។ អ្នកណាស្រឡាញ់ប្រពន្ធរបស់ខ្លួន អ្នកនោះក៏ស្រឡាញ់ខ្លួនឯងដែរ ២៩ដ្បិតមិនដែលមានអ្នកណាស្អប់រូបកាយរបស់ខ្លួនឡើយ ផ្ទុយទៅវិញ គេចិញ្ចឹម ហើយថ្នាក់ថ្មមវាដូចជាព្រះគ្រិស្ដ បានធ្វើចំពោះក្រុមជំនុំដែរ ៣០ពីព្រោះ យើងជាអវយវៈនៃរូបកាយរបស់ព្រះអង្គ។
៣១ដោយហេតុនេះ បានជាមនុស្សប្រុសនឹងចាកចេញពីឪពុកម្តាយ ទៅរួមរស់ជាមួយប្រពន្ធរបស់ខ្លួន ហើយអ្នកទាំងពីរ នឹងត្រលប់ជាសាច់តែមួយ។ ៣២សេចក្ដីអាថ៌កំបាំងនេះ ជ្រាលជ្រៅណាស់ ប៉ុន្ដែខ្ញុំនិយាយនេះសំដៅលើព្រះគ្រិស្ដ និងក្រុមជំនុំប៉ុណ្ណោះ។ ៣៣ទោះជាយ៉ាងណាក្ដី ចូរអ្នករាល់គ្នាស្រឡាញ់ប្រពន្ធរបស់ខ្លួនរៀងៗខ្លួន ឲ្យ ដូចជាស្រឡាញ់ខ្លួនឯងចុះ ហើយប្រពន្ធត្រូវគោរពប្ដី។