KCB - អេភេសូរ ៤


អេភេសូរ ៤

ការរួបរួមគ្នានៅក្នុងរូបកាយ

ដូច្នេះ ខ្ញុំជា​អ្នកទោស​​ក្នុង​ ព្រះអម្ចាស់ ​សូម​ដាស់​តឿន​អ្នករាល់គ្នា​ ឲ្យ​​រស់នៅ​​ស័ក្តិ​សម​នឹង​​ការ​ត្រាស់​ហៅ​ ដែល​​អ្នករាល់គ្នា​បាន​ទទួល​ ដោយ​ការបន្ទាបខ្លួន និង​​​ចិត្ត​ស្លូត​បូតគ្រប់​យ៉ាង​​ ដោយ​សេចក្តី​​អត់ធ្មត់ ​ហើយ​ទ្រាំទ្រ​គ្នា​ទៅវិញ​ទៅមក​ នៅ​ក្នុង​សេចក្ដីស្រឡាញ់​​ ទាំង​ព្យាយាម​​រក្សា​ភាព​​តែមួយ​ដែល​មកពី​​ព្រះវិញ្ញាណ ​ដោយ​ចំណង​នៃ​សេចក្ដី​សុខសាន្ត។​ មាន​រូបកាយ​តែមួយ ​​ព្រះ​វិញ្ញាណ​តែមួយ ដូចដែល​អ្នករាល់គ្នា ​បាន​ទទួល​​ការ​ត្រាស់ហៅ​មក​ក្នុង​សេចក្ដី​សង្ឃឹម​តែមួយនោះដែរ​ មាន​ព្រះអម្ចាស់​តែមួយ ជំនឿ​តែមួយ ពិធី​ជ្រមុជ​តែមួយ​ ព្រះជាម្ចាស់​តែមួយ ជា​ព្រះវរបិតា​នៃ​​ទាំង​អស់​ដែល​ខ្ពស់​​លើ​​ទាំង​អស់​ ហើយ​ធ្វើការ​តាមរយៈ​ទាំង​អស់​ ព្រមទាំង​គង់​នៅ​ក្នុង​​ទាំង​អស់​ តែ​ម្នាក់‍ៗបាន​ទទួល​ព្រះគុណ​តាម​ខ្នាត​នៃ​អំណោយ​ទាន​របស់​ព្រះគ្រិស្ដរៀងៗ​ខ្លួន។

​ហេតុនេះ​ហើយ​ បាន​ជា​មាន​សេចក្ដី​ចែង​ទុក​ថា នៅ​ពេល​ព្រះអង្គ​យាង​ឡើង​ទៅ​ស្ថាន​ដ៏​ខ្ពស់ ព្រះអង្គ​បាន​ចាប់​​ពួក​ឈ្លើយ​យក​ទៅ​ ហើយ​ព្រះអង្គ​បាន​ប្រទាន​អំណោយ​ទាន ​ដល់​មនុស្ស។​ តើ​ពាក្យ យាង​ឡើង​ទៅ មាន​ន័យ​ដូច​ម្តេច‍?​ តើ​​​ព្រះអង្គ​មិន​បាន​​យាង​ចុះ​ទៅ​ឯ​ស្ថាន​ដែល​ទាប​ជាង​ផែនដី​ ​​ទេ​ឬ​អី​?​ ១០ព្រះអង្គ​ដែល​បាន​​យាង​ចុះ​ ក៏​​ជា​ព្រះ​តែ​មួយ​ដែរ ​ដែល​បាន​យាង​ឡើង​ទៅ​ខ្ពស់​លើអស់​​​ទាំង​ស្ថានសួគ៌ ដើម្បី​ឲ្យព្រះអង្គ​អាច​បំពេញគ្រប់ការ​ទាំង​អស់​បាន។

១១ព្រះអង្គ​បាន​ប្រទាន​ឲ្យ អ្នក​ខ្លះ​ធ្វើ​​ជា​សាវក អ្នក​ខ្លះ​ជា​អ្នក​នាំ​ព្រះបន្ទូល​ អ្នក​ខ្លះ​ជា​អ្នក​ប្រកាស​ដំណឹង​ល្អ​ អ្នក​ខ្លះ​ទៀត​ជា​គ្រូ​គង្វាល និង​ជា​គ្រូ​បង្រៀន​ ១២​ដើម្បី​ឲ្យ​ពួក​បរិសុទ្ធ ​បាន​គ្រប់​លក្ខណ៍​សម្រាប់​កិច្ចការ​បម្រើ និង​​ការ​ស្អាង​​​រូបកាយ​របស់​ព្រះគ្រិស្ដ​ ១៣​រហូត​ទាល់តែ​យើង​ទាំងអស់​គ្នា មាន​ភាព​តែមួយ​នៅ​ក្នុង​ជំនឿ​ និង​​ការ​ស្គាល់​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់ ទាំង​​ត្រលប់​ជា​មនុស្ស​ពេញវ័យ​ ហើយ​​ដល់​ខ្នាត​កំពស់​នៃសេចក្តី​ពោរពេញ​​របស់‍ព្រះគ្រិស្ដ‍។​

១៤ដូច្នេះ យើង​មិនត្រូវ​នៅ​​ជា​ទារក​ទៀត​ឡើយ យើង​មិនត្រូវ​​​ឃ្លេងឃ្លោង ហើយ​​រសាត់​ចុះឡើង ​តាម​ខ្យល់​នៃ​សេចក្ដី​បង្រៀន​គ្រប់​បែបយ៉ាង​ និងតាម​ឧបាយ​កល​របស់​មនុស្ស‍ ដែល​មាន​ល្បិចប៉ិន​​ប្រសប់ ក្នុង​ការ​បោកប្រាស់ ​១៥​ផ្ទុយទៅវិញ ចូរ​យើង​និយាយ​សេចក្ដី​ពិតនៅក្នុង​​សេចក្ដីស្រឡាញ់​ ហើយ​ចូរ​ចម្រើន​ឡើង​ ក្នុង​គ្រប់​ការ​ទាំងអស់​ឲ្យ​ដល់​​ព្រះអង្គ​ដែល​ជា​ព្រះសិរ​ គឺជា​​ព្រះគ្រិស្ដ​ ១៦ដែល​បាន​​ផ្គុំ​ និង​ភ្ជាប់​រូបកាយទាំងមូល​ឡើង​ ដោយសារ​​សន្លាក់ទាំង​អស់​ដែល​ទ្រទ្រង់​​ ស្របទៅ​តាម​កម្រិតសមត្ថភាព​រៀងៗខ្លួន ​​របស់​ផ្នែក​និមួយៗ​ដែល​ធ្វើ​ឲ្យរូបកាយ​ចម្រើន​ឡើង​ ដើម្បីនឹង​​​​ស្អាង​រូបកាយ​នោះ​ឡើង ​នៅ​ក្នុង​សេចក្ដីស្រឡាញ់។

រស់នៅឲ្យ​ដូចជាកូននៃពន្លឺ

១៧​ដូច្នេះ​ហើយ ខ្ញុំ​និយាយ​សេចក្ដី​នេះ ទាំង​ធ្វើ​បន្ទាល់​នៅ​ក្នុង​ព្រះអម្ចាស់​ថា អ្នករាល់គ្នា​កុំ​​រស់​នៅ​ដូចជា​សាសន៍​ដទៃ​ដែល​រស់​នៅ​តាម​គំនិត​ ឥត​ប្រយោជន៍​របស់​ពួកគេ​ទៀត​ឡើយ​​ ១៨គំនិត​របស់​ពួកគេ​ត្រូវ​បាន​ធ្វើ​ឲ្យ​ងងឹតសូន្យសុង​ ហើយ​​បាន​ដាច់ចេញ​ពី ​ព្រះជន្ម​របស់​ព្រះជាម្ចាស់‍​ដោយសារ​ភាព​ល្ងង់ខ្លៅ​ដែល​មាន​នៅ​ក្នុង​ពួកគេ និង​ដោយ​សារ​ចិត្ដ​រឹងរូស​របស់​ពួកគេ។​

១៩ពួកគេ​លែង​ដឹង​ខុស​ត្រូវ ហើយ​​បណ្ដោយ​ខ្លួន​ទៅ​តាម ​ការ​ល្មោភ​កាម​​ដើម្បី​ប្រព្រឹត្ដ ​សេចក្តី​​ស្មោក​គ្រោក​គ្រប់​បែបយ៉ាង​ ដោយ​មិន​ចេះ​ស្កប់ស្កល់ឡើយ​ ២០​ប៉ុន្តែ ​​អ្នករាល់គ្នា​មិន​បានរៀន​អំពី​ព្រះគ្រិស្ដ​​ដូច្នោះទេ​ ២១អ្នករាល់គ្នាពិតជាបាន​ឮ​អំពី​ព្រះអង្គ និង​បាន​ទទួល​ការ​បង្រៀន​ក្នុង​ព្រះអង្គ ​ដែល​ស្រប​ទៅតាម​សេចក្ដី​ពិត​ ​ក្នុង​ព្រះ​យេស៊ូហើយ ២២​គឺ​ឲ្យអ្នករាល់គ្នា​ ដោះ​​មនុស្ស​ចាស់​ចោល ជាកិរិយា​កាលពី​មុន ដែល​ត្រូវបំផ្លាញ ដោយ​ចំណង់តណ្ហា​បោកបញ្ឆោត​ ២៣ហើយ​ឲ្យគំនិត និងវិញ្ញាណ​របស់​អ្នករាល់គ្នា ​បាន​កែជាថ្មីឡើងវិញ​ ២៤​ទាំង​ពាក់​​មនុស្ស​ថ្មី​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដូចព្រះជាម្ចាស់​ ដែលមានសេចក្ដី​សុចរិត និង​សេចក្ដី​បរិសុទ្ធ​របស់សេចក្ដីពិត។

២៥ដូច្នេះកាលបានដោះ​សេចក្ដី​ភូតភរ​ចោល​ហើយ ចូរ​យើង​ម្នាក់ៗ​និយាយ​សេចក្ដី​ពិត​ទៅ​កាន់​អ្នក​ជិត​ខាង​របស់​ខ្លួន ដ្បិត​យើង​ជា​អវយវៈ​របស់​គ្នា ​ទៅវិញ​ទៅមក។​ ២៦ចូរ​ខឹង​ចុះ ប៉ុន្ដែ​កុំ​ធ្វើ​បាបឡើយ​ ចូរកុំ​ឲ្យកំហឹង​របស់​អ្នករាល់គ្នា​ នៅ​រហូត​ដល់​ថ្ងៃ​លិច​ ២៧​ក៏កុំ​ឲ្យឱកាស​ដល់​អារក្សសាតាំង​​ឲ្យសោះ។​

២៨អ្នក​ដែល​លួច​ ចូរកុំលួច​​​ទៀត ប៉ុន្តែ​ចូរ​ខំ​ធ្វើ​ការយ៉ាងនឿយហត់ចុះ គឺធ្វើកិច្ចការ ដែលមានប្រយោជន៍​ដោយ​ដៃ​របស់ខ្លួន​​វិញ​ ដើម្បី​ឲ្យ​មាន​​អ្វី​ចែក​ដល់​អ្នក​ដែល​ខ្វះខាត។ ២៩​កុំ​ឲ្យមាន​ពាក្យ​អាក្រក់​ណា​​​ ចេញ​ពី​មាត់​អ្នករាល់គ្នា​ឡើយ ផ្ទុយទៅវិញ ត្រូវ​និយាយ​​ពាក្យ​ល្អៗ‍​​សម្រាប់ការ​ស្អាង​ចិត្តតាម​ ដែលត្រូវការដើម្បី​ផ្តល់​ព្រះគុណ​ ដល់អស់​​អ្នក​ដែល​ស្តាប់។​

៣០​កុំ​ធ្វើ​ឲ្យ ព្រះវិញ្ញាណ​បរិសុទ្ធ​របស់​ព្រះជាម្ចាស់​ ព្រួយ​ព្រះហឫទ័យឡើយ ដ្បិត​​​អ្នករាល់គ្នា ទទួលបានការបោះត្រា ដែលជា​ព្រះវិញ្ញាណ​បរិសុទ្ធ ​សម្រាប់​ថ្ងៃ​នៃ​សេចក្ដី​ប្រោស​លោះ។​

៣១ចូរ​ដក​យក​អស់​​ទាំង​សេចក្ដី​ជូរចត់ កំហឹង ចិត្ត​​ក្ដៅ​ក្រហាយ ជម្លោះ​ឡូឡា ការ​ជេរ​ប្រមាថ​ រួម​ទាំង​សេចក្ដី​អាក្រក់​គ្រប់​បែប​យ៉ាង ​ចេញ​ពី​អ្នករាល់គ្នា​ចុះ​៣២ចូរ​មាន​ចិត្ត​សប្បុរស ចំពោះគ្នា​ទៅវិញ​ទៅមក និងមានចិត្ដ​អាណិតអាសូរ ព្រមទាំងលើកលែង​ទោស​ឲ្យ​គ្នា​ ទៅវិញ​ទៅមក​ ដូច​ដែល​ព្រះជាម្ចាស់​បាន​លើកលែង​ទោស​ឲ្យ​អ្នករាល់គ្នា​ នៅ​ក្នុង​ព្រះគ្រិស្ដ​ដែរ។

អេភេសូរ ៤