KCB - អេភេសូរ ៣


អេភេសូរ ៣

អាថ៌កំបាំង​ព្រះជាម្ចាស់ត្រូវបានបើកសំដែង​

ហេតុនេះ​ហើយ​ខ្ញុំប៉ូល​ ​ជា​​​អ្នកទោស​ ដោយ​ព្រោះ​ព្រះគ្រិស្ដ​យេស៊ូសម្រាប់​​អ្នករាល់គ្នា ​ដែល​ជា​សាសន៍​ដទៃ ​​​អ្នករាល់គ្នា​ពិត​ជា​បាន‍ឮហើយ​ អំពី​តួនាទី​មើល​ការ​ខុស​ត្រូវ​ ដែល​ជា​​​ព្រះគុណ ​របស់​ព្រះជាម្ចាស់​​​​បាន​ប្រទាន​មក​ឲ្យខ្ញុំសម្រាប់​អ្នករាល់គ្នា​​ គឺ​ព្រះអង្គ​បានបង្ហាញ​​ឲ្យ​ ខ្ញុំ​​ស្គាល់​អាថ៌កំបាំង​​តាមរយៈ​ការ​បើកសំដែង​​ដូច​​​ដែល​ខ្ញុំ​បាន​សរសេរ​​​ ដោយ​សង្ខេបរួច​ហើយ​ ​កាល​អ្នករាល់គ្នា​អាន​សេចក្ដី​នោះ អ្នករាល់គ្នា​អាច​យល់​បាន​អំពី​ចំណេះ​​របស់​ខ្ញុំ​ចំពោះ​អាថ៌កំបាំង​របស់​ព្រះ​គ្រិស្ដ ​ដែល​មិន​បាន​បង្ហាញ​​ឲ្យ​ កូនចៅ​មនុស្ស​ជំនាន់​មុនៗ​ស្គាល់ ដូច​ដែល​បាន​បើក​សំដែង​​ដល់​ពួក​សាវក​ និង​ពួក​អ្នក​នាំ​ព្រះបន្ទូលដ៏​បរិសុទ្ធ​របស់​ព្រះអង្គ ​​នា​ពេល​បច្ចុប្បន្ន​នេះ​ តាមរយៈ​ព្រះវិញ្ញាណ​ឡើយ។​

​​តាម​រយៈ​​ដំណឹង​ល្អ​​​ ពួក​សាសន៍​ដទៃ​ត្រលប់​ជា​អ្នក​រួមស្នង​មរតក ជា​អ្នក​រួម​ក្នុង​រូបកាយ​តែមួយ ហើយ​ជា​អ្នក​រួម​ចំណែក​សេចក្ដី​សន្យា ​នៅ​ក្នុង​ព្រះ​គ្រិស្ដ​យេស៊ូ​ ​ហើយ​ខ្ញុំ​បាន​ត្រលប់​ជា​អ្នក​បម្រើ​ដំណឹងល្អ​នេះ​ តាមរយៈ​អំណោយ​ទាន ​​ជា​​ព្រះ​គុណ​របស់​ព្រះជាម្ចាស់ដែលបាន​ប្រទាន​​​ឲ្យខ្ញុំស្រប​​ទៅ​តាម​អំណាចដ៏​មាន​អានុភាព​​របស់​ព្រះអង្គ។

ព្រះអង្គ​បាន​ប្រទាន​ព្រះគុណ​នេះ​ឲ្យ ខ្ញុំ​ ដែល​ជា​អ្នក​តូចតាច​បំផុត​នៅក្នុង​ចំណោម​ពួក​បរិសុទ្ធ​ទាំង​អស់ ដើម្បី​ឲ្យខ្ញុំ​ប្រកាស​ដំណឹង​ល្អ ​ប្រាប់​ពួក​សាសន៍ដទៃ​អំពី​ភាព​បរិបូរ​របស់​ព្រះគ្រិស្ដ​ ដែល​វាស់ស្ទង់មិន​​​បាន ​និង​ឲ្យ​​បំភ្លឺ​ដល់​មនុស្ស​ទាំងអស់​​អំពី​អ្វី ​ដែល​ជា​​​គម្រោង​ការ​​​​​អាថ៌កំបាំង​ ដែល​បាន​លាក់​ទុក​តាំង​ពី​អស់កល្ប​នៅ​ក្នុង​ព្រះជាម្ចាស់​ ជា​ព្រះ​ដែល​បាន​បង្កើត​អ្វីៗ​ទាំងអស់ ១០ដើម្បី​បង្ហាញ​ឲ្យ​ការ​​​គ្រប់គ្រង និង​​សិទ្ធិ​អំណាច​ទាំង ឡាយ ​ដែល​នៅ​ស្ថានសួគ៌​ស្គាល់​ប្រាជ្ញា​​​របស់​ព្រះជាម្ចាស់ ​ដែល​មាន​​ជា​ច្រើន​យ៉ាង ​នៅ​ពេលនេះ​ តាម​រយៈ​ក្រុម​ជំនុំ​ ១១ស្របទៅ​​តាម​​គម្រោង​ការ​ដ៏​អស់កល្ប​ ដែល​​​ព្រះអង្គ​ធ្វើ ​​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ ដែល​ជា​ព្រះអម្ចាស់​នៃ​យើង។​

១២​នៅ​ក្នុង​ព្រះអង្គ យើង​មានសេចក្តី​ក្លាហាន​ និង​មាន​ផ្លូវ​​ទៅ​​​​ព្រះជាម្ចាស់​ដោយការ​ទុកចិត្ត ​​តាម​រយៈ​ជំនឿ​លើ​​ព្រះអង្គ។ ១៣​ដូច្នេះ សូម​អ្នករាល់គ្នា​កុំ​រសាយ​ចិត្ដដោយ​ព្រោះ​តែសេចក្តី​វេទនា​​របស់​ខ្ញុំ សម្រាប់​អ្នករាល់គ្នា​នេះ​ឡើយ ដ្បិត​គឺជា ​សេចក្ដី​រុងរឿង​របស់​អ្នករាល់គ្នា​ទេ។​

លោកប៉ូលអធិស្ឋាន​សុំកម្លាំង

១៤ហេតុ​នោះ​ហើយ បាន​ជា​ខ្ញុំ​លុត​ជង្គង់​នៅ​ចំពោះ​​​មុខ​​ព្រះវរបិតា​ ១៥ដែល​គ្រួសារ​ទាំងអស់ ​ទាំង​នៅ​ស្ថានសួគ៌ និង​ផែនដី​មាន​ឈ្មោះ​​មក​ពី​ព្រះអង្គ ១៦​សូម​ឲ្យព្រះអង្គ​ ប្រទាន​ឲ្យ​មនុស្ស​ខាង​ក្នុង​របស់​អ្នករាល់គ្នា​ រឹង​មាំ​​ឡើងដោយ​សារ​​អំណាច​ តាមរយៈ​​វិញ្ញាណ​របស់​ព្រះអង្គស្រប​​ទៅ​តាម ​ភាពបរិបូរ​នៃ​សិរី​រុងរឿង​របស់​ព្រះអង្គ​​ ១៧​ដើម្បី​ឲ្យ​ព្រះគ្រិស្ដ​គង់​នៅ​ក្នុង​ចិត្ត​របស់​អ្នករាល់គ្នា ​តាម​រយៈ​ជំនឿ ហើយសូម​ឲ្យ​​​​​អ្នក​រាល់គ្នា​ដែល​ត្រូវ​បាន​ចាក់​ឫស​ និង​​ចាក់​គ្រឹះ​នៅ​ក្នុង​សេចក្ដីស្រឡាញ់​​ ១៨​អាច​យល់​ច្បាស់​ជាមួយ​​ពួក​បរិសុទ្ធ​ទាំងអស់ អំពី​​​​ទទឹង បណ្តោយ ជម្រៅ និង​កម្ពស់ ១៩​ព្រមទាំង​​ស្គាល់​សេចក្ដីស្រឡាញ់​​ របស់​ព្រះគ្រិស្ដ​ដែល​ហួស​​​​ពី​ការ​យល់ដឹងដើម្បី​ឲ្យអ្នករាល់គ្នា​បាន​ពេញ ​រហូត​​ដល់​​គ្រប់ទាំង​សេចក្ដី​ពោរពេញ​​​របស់​ព្រះជាម្ចាស់។​

២០សូម​ឲ្យព្រះអង្គ​ ដែល​អាច​ធ្វើ​លើស​លប់​ហួស​ពី​ សេចក្ដី​ទាំងឡាយ​​ដែល​យើង​​​សុំ ឬ​គិត ស្រប​តាម​​អំណាច​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​យើង​ ២១បាន​ប្រកប​ដោយ​សិរីរុងរឿង ​នៅ​ក្នុង​ក្រុម​ជំនុំ និង ​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​​គ្រប់​ជំនាន់​ អស់កល្ប​ជានិច្ច អាម៉ែន។

អេភេសូរ ៣