KCB - អេភេសូរ ២


អេភេសូរ ២

ប្រោស​​ឲ្យមាន​ជីវិត​ជាមួយ​ព្រះគ្រិស្ដ

រីឯ​​អ្នករាល់គ្នា​វិញ អ្នករាល់គ្នា​ បាន​ស្លាប់​នៅក្នុង​កំហុស​​​ និង​បាប​របស់​អ្នករាល់គ្នា ​កាល​ពី​មុន​អ្នករាល់គ្នា​​រស់​នៅ​ តាមរបៀប​​របស់​លោកិយ​នេះ គឺ​តាម​ចៅហ្វាយ​នៃ​សិទ្ធិ​អំណាច​​នៅលើ​អាកាស ជា​វិញ្ញាណ​ដែល​កំពុង​ធ្វើ​ការសព្វ​ថ្ងៃ​នេះ​ក្នុង​ពួក​កូនៗ​ ដែល​មិន​ស្តាប់​បង្គាប់។ ​កាល​ពី​មុន​យើង​ទាំងអស់​គ្នា ក៏​ធ្លាប់​រស់​នៅ​​តាម​ចំណង់​តណ្ហា​​​សាច់​ឈាម​របស់​យើង ក្នុង​ចំណោម​ពួកគេ​ដែរ​ ទាំង​បាន​ប្រព្រឹត្ដ​តាម​បំណង​ និង​គំនិតខាង​សាច់​ឈាម ហើយ​យើង​ជា​កូន​នៃ​សេចក្ដី​ក្រោធ​ពី​កំណើត​ដូច​ជា​អ្នក​ដទៃ​ទៀត​ដែរ​​ ប៉ុន្ដែ​ព្រះជាម្ចាស់​ដែលមាន​សេចក្ដី​មេត្តាករុណាដ៏​បរិបូរ​​ ព្រះអង្គ​ស្រឡាញ់​​យើង ​ដោយ​សេចក្ដីស្រឡាញ់​​ដ៏​​ខ្លាំង​​របស់​ព្រះអង្គ​ ទោះបី​យើង​បាន​ស្លាប់​ នៅក្នុង​កំហុស​របស់​យើង​ក៏ដោយ​​ ក៏ព្រះអង្គ​ប្រោស​យើង​ ឲ្យ​មាន​ជីវិត​រួម​ជាមួយ​ព្រះគ្រិស្ត​ដែរ​ ដូច្នេះ​អ្នករាល់គ្នា​ទទួល​បាន​សេចក្តី​សង្គ្រោះ​ ​​ដោយ​សារ​ព្រះគុណ ហើយ​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ ព្រះអង្គ​​បាន​ប្រោស​យើង​ឲ្យរស់​ឡើង​វិញរួម​ជាមួយ​ព្រះគ្រិស្ត​ និង​​​បាន​ឲ្យ​យើង​ អង្គុយ​រួម​ជាមួយ​ព្រះអង្គ​នៅ‍ឯ​ស្ថានសួគ៌​ ​ដើម្បី​ឲ្យព្រះអង្គ​បង្ហាញ​​​ជំនាន់​ខាង​មុខ ​ឲ្យ​ឃើញ​ពី​ព្រះគុណ​ដ៏​បរិបូរ​​លើស​​​លប់​របស់​ព្រះអង្គ ​​ដែល​បាន​ប្រទានដល់​​​យើង​​ ដោយ​សេចក្ដី​សប្បុរសក្នុង​ព្រះគ្រិស្ដ​​យេស៊ូ​​ ដ្បិត​អ្នករាល់គ្នា​ទទួល​​សេចក្ដី​សង្គ្រោះ​​ ដោយសារ​ព្រះគុណតាមរយៈជំនឿ​ ហើយ​សេចក្ដី​នេះ​មិន​មែន​មក​ពីអ្នករាល់គ្នា​ទេ គឺ​​ជា​អំណោយ​ទាន​របស់​ព្រះជាម្ចាស់​ ហើយ​ក៏​មិន​មែន​មក​ពី​ការ​ប្រព្រឹត្តិ​ដែរ ក្រែង​លោ​មាន​អ្នកណា​ម្នាក់​អួត​ខ្លួន​​ ១០ព្រោះ​យើង​ ជា​ស្នា​ព្រះហស្ត​របស់​ព្រះជាម្ចាស់ ​ដែល​ត្រូវ​បាន​បង្កើត​មក​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​សម្រាប់​ការ​ល្អ​ ដែល​ព្រះជាម្ចាស់​បាន​រៀបចំ​ទុក​ជាមុន​ ដើម្បី​ឲ្យយើង​ប្រព្រឹត្ត​តាម។

ការរួបរួម និងសេចក្ដីសុខសាន្ដក្នុង ​ព្រះគ្រិស្ដ

១១ដូច្នេះ ចូរ​ចាំ​ថា ​ពី​​មុន​អ្នករាល់គ្នា​ជា​សាសន៍​​ដទៃ​ខាង​សាច់​ឈាម​​​​ ដែល​ត្រូវ​​​​បាន​ពួក​អ្នក​ដែលហៅ​ថា ​ពួក​កាត់​ស្បែកខាង​សាច់​ឈាម​ដោយ​ដៃ​មនុស្ស ហៅអ្នករាល់គ្នា​ថា​ ពួក​មិន​កាត់​ស្បែក ១២​ពេល​​​នោះ អ្នករាល់គ្នា​គ្មាន​ព្រះគ្រិស្ដ​ទេ​ ហើយ​មិន​ត្រូវ​បាន​រាប់​បញ្ចូល​ថា​​ ជា​ជនជាតិ​អ៊ីស្រាអែល​ឡើយ​ ក៏​ជា​អ្នកក្រៅ​ខាង​ឯ​កិច្ច​ព្រមព្រៀង​ នៃ​សេចក្ដី​សន្យា ​​គ្មាន​សង្ឃឹម និង​​គ្មាន​ព្រះជាម្ចាស់​នៅ​ក្នុង​លោកិយ​នេះផង​ ១៣​ប៉ុន្ដែ​​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ អ្នករាល់គ្នា​ដែល​ពីមុន​​នៅ​ឆ្ងាយ ឥឡូវនេះត្រូវ​បាន​នាំ​មក​ជិត​​​វិញ​ ដោយសារ​​ឈាម​​របស់​ព្រះគ្រិស្ដ។

១៤​ដ្បិត​ព្រះអង្គ ​ជា​សេចក្ដី​សុខសាន្ត​របស់​យើង ព្រះអង្គ​​​បាន​ធ្វើ​ឲ្យទាំង​ពីរ​រួម​មក​តែ​មួយ ​ហើយ​បំផ្លាញ​ជញ្ជាំង​​ដែល​ខណ្ឌ​ផ្ដាច់​​​ និង​ភាព​​ជា​សត្រូវ​ ដោយ​រូបកាយ​របស់​ព្រះអង្គ ១៥​គឺ​ព្រះអង្គ​បាន​​លុប​​បំបាត់​ក្រឹត្យវិន័យ ដែល​មាន​បញ្ញត្តិ​​​​ និង​សេចក្ដី​បង្គាប់​ទាំងឡាយ​​ចោល​ដើម្បី​ឲ្យព្រះអង្គ​យក​ទាំង​​ពីរ ​មក​បង្កើត​ជា​​​មនុស្ស​​ថ្មី​តែ​មួយនៅ​ក្នុង​ព្រះអង្គ​ ទាំង​​ធ្វើ​ឲ្យមាន​សេចក្ដី​សុខសាន្ត ១៦​ហើយ​ដើម្បី​ឲ្យ​​​ព្រះអង្គ​ផ្សះផ្សាទាំង​ពីរ​ ជាមួយ​ព្រះជាម្ចាស់​ នៅ​ក្នុង​រូបកាយ​តែ​មួយ​តាមរយៈ​ឈើ​ឆ្កាង ដោយ​​បាន​លុបបំបាត់​ភាព​ជា​សត្រូវ​ចោល​តាមរយៈ​ឈើ​ឆ្កាង។​

១៧​​​ពេល​ព្រះអង្គ​​យាង​មក ព្រះអង្គ​បាន​ប្រកាស​ ដំណឹងល្អ​នៃ​សេចក្ដី​សុខសាន្ត​ដល់​អ្នករាល់គ្នា ​ជា​អ្នក​​​ឆ្ងាយ និង​ដល់​អស់​អ្នកជា​អ្នក​​ជិត​ដែរ​ ១៨ព្រោះតាម រយៈ​ព្រះអង្គ​ យើង​ទាំង​ពីរ​មាន​ផ្លូវ​ទៅ‍ឯ​ព្រះវរ​បិតា​ដោយ​ព្រះវិញ្ញាណ​តែ​មួយ។

ព្រះវិហារសម្រាប់ព្រះអម្ចាស់

១៩​ហេតុនេះ​ អ្នករាល់គ្នា​លែង​ជា​អ្នក​ក្រៅ ឬ​ជាជនបរទេស​ទៀត​ហើយ ផ្ទុយទៅវិញ អ្នករាល់គ្នា​ជា​ជន​រួម​ជាតិ​របស់​ពួក​បរិសុទ្ធ ព្រមទាំង​ជា​អ្នកនៅ​​ក្នុង​ដំណាក់ ​របស់​ព្រះជាម្ចាស់​ទៀត​ផង ២០​ហើយ​​អ្នករាល់គ្នា​ត្រូវ​បាន​សង់​​​លើ​គ្រឹះ​របស់​ពួក​សាវក និង​ពួក​អ្នក​នាំ​ព្រះបន្ទូល ដែល​​​ព្រះគ្រិស្ដ​យេស៊ូ​ផ្ទាល់​ជា​ថ្ម​ជ្រុង​ដ៏​សំខាន់ ២១​ហើយ​នៅក្នុង​​ព្រះអង្គ អគារ​ទាំងមូល​ត្រូវ​បាន​ផ្គុំ​ឡើង​ ទាំង​ចម្រើន​​ ទៅ​ជា​ព្រះវិហារ​ដ៏​បរិសុទ្ធ​នៅ​ក្នុង​ព្រះអម្ចាស់​ ២២រីឯ​អ្នករាល់គ្នា​​ក៏​ដូច្នោះ​​ដែរ​ អ្នករាល់គ្នា​កំពុងត្រូវ​បាន​​សង់​​ឡើង​ជាមួយ​គ្នា ឲ្យ​ទៅជា​ដំណាក់​របស់​ព្រះជាម្ចាស់​​​នៅក្នុង​​ព្រះវិញ្ញាណ។

អេភេសូរ ២