KCB - កូឡូស ៤


កូឡូស ៤

ចៅ​ហ្វាយ​រាល់គ្នា​អើយ! ចូរ​ផ្ដល់​យុត្ដិធម៌ និង​ភាព​ត្រឹមត្រូវ​ដល់​បាវ​បម្រើ​របស់​អ្នក​ចុះ ដោយ​ដឹង​ថា អ្នករាល់គ្នា​ ក៏​មាន​ចៅ​ហ្វាយ​​នៅ​ស្ថានសួគ៌​​ដែរ។

ការលើកទឹកចិត្ដឲ្យ​អធិស្ឋាន

ចូរ​អធិស្ឋានឲ្យ​បាន​ខ្ជាប់ខ្ជួន​ ទាំង​ប្រុងស្មារតី​​ក្នុង​សេចក្ដី​អធិស្ឋាន​ ដោយ​ការ​​អរ​ព្រះគុណ ហើយ​​អធិស្ឋាន​ឲ្យ យើង​ផង គឺសូម​ឲ្យព្រះជាម្ចាស់​បើក​ទ្វារ​ឲ្យ​យើង​សម្រាប់​ព្រះបន្ទូល ដើម្បី​ឲ្យ​យើង​បាន​ប្រកាស​ អំពី​អាថ៌កំបាំង​របស់​ព្រះគ្រិស្ដ​ ដែល​ខ្ញុំ​​បាន​ជាប់​ចំណង​ដោយសារ​ការ​នេះ​ឯង ​និង​សូម​ឲ្យខ្ញុំ​បង្ហាញ​​អាថ៌កំបាំង​នោះ​​ តាម​ដែល​ខ្ញុំ​ត្រូវ​និយាយ។

​ចូរ​ប្រព្រឹត្ត​ចំពោះ​អ្នក​ក្រៅ​ ដោយ​ប្រាជ្ញា ទាំង​​ចេះ​ប្រើប្រាស់​ពេល​វេលា​ផង‍។​ ចូរ​ឲ្យអ្នក​រាល់គ្នា​មាន​ពាក្យ​សំដី​ល្អៗ​ជា​និច្ច​​ ទាំង​​​មាន​ជាតិ​ប្រៃផង​ ដើម្បី​ឲ្យអ្នករាល់គ្នា​ដឹង​ថា ​ត្រូវ​ឆ្លើយ​នឹង​មនុស្ស​ម្នាក់ៗ​យ៉ាង​ណា។

សេច​ក្ដីណែនាំ និងពាក្យសួរសុខទុក្ខចុងក្រោយរបស់លោកប៉ូល

លោក​ទីឃីកុស​ ​ជា​បងប្អូន​ដ៏​ជា​ទី​ស្រឡាញ់​ ជា​អ្នក​ជំនួយ​ដ៏​ស្មោះ​ត្រង់ ហើយ​ជា​បាវ​បម្រើ​ រួមការងារ​ក្នុង​ព្រះអម្ចាស់ គាត់​នឹង​ប្រាប់​អ្នករាល់គ្នា​ឲ្យ​ដឹង​គ្រប់ការទាំងអស់​អំពី​ខ្ញុំ​ ខ្ញុំ​បាន​ចាត់​គាត់​ឲ្យមក​​ឯ​អ្នករាល់គ្នា ​សម្រាប់​​ការ​នេះ​ឯង គឺ​ដើម្បី​ឲ្យអ្នករាល់គ្នា​ បាន​ដឹង​អំពី​​យើង និង​ដើម្បី​​​កម្សាន្ត​​ចិត្ត​អ្នករាល់គ្នា។ ខ្ញុំ​ចាត់​គាត់​ ឲ្យមកជាមួយ​លោក​អូនេស៊ីម ជា​បងប្អូន​ដ៏​ជា​ទី​ស្រឡាញ់​ និង​ជា​មនុស្ស​ស្មោះ​ត្រង់ ដែល​ជា​ម្នាក់​ក្នុង​ចំណោម​អ្នករាល់គ្នា​ដែរ អ្នក​ទាំងពីរ​នឹង​ប្រាប់​អ្នករាល់គ្នា​ឲ្យដឹង​គ្រប់ការ​ទាំងអស់​ ​ដែល​នៅ​ទីនេះ។​​ ១០លោក​អើរីស្តាក​ជា​អ្នក​ជាប់​ឃុំឃាំង​ជាមួយ​ខ្ញុំ និង​ម៉ាកុស​​ជា​បងប្អូន​ជីដូន​មួយ​របស់​លោក​បារណាបាស​​ ក៏​​ជម្រាប​សួរ​មកអ្នករាល់គ្នា​ដែរ‍។ ចំពោះ​​​ម៉ាកុសវិញ​ អ្នករាល់គ្នា​បាន​ទទួល​បង្គាប់​​រួច​ហើយ គឺ​ពេល​​ណា​គាត់​មក​ដល់ ចូរ​​អ្នករាល់គ្នា​ទទួល​គាត់​ចុះ។ ១១រីឯ​លោក​យេស៊ូដែល​ហៅ​ថា​យូស្ទុស ក៏​ជម្រាប​សួរ​មក​អ្នករាល់គ្នា​ដែរ‍។ ក្នុង​ចំណោម​ពួក​អ្នក​កាត់ស្បែក មាន​តែ​អ្នក​ទាំងនេះ​ទេ ​ដែល​ជា​អ្នក​រួម​ការងារ ​សម្រាប់​នគរ​ព្រះជាម្ចាស់ ហើយ​បាន​លើក​ទឹក​​​ចិត្ដ​ខ្ញុំ​ទៀត​ផង។

១២​លោក​អេប៉ាប្រាស​​ ជា​បាវ​បម្រើ​របស់​ព្រះ​គ្រិស្ដ​យេស៊ូ​ និង​ជា​ម្នាក់​ក្នុង​ចំណោម​អ្នករាល់គ្នា ក៏ជម្រាប​សួរ​មក​អ្នករាល់គ្នា​ដែរ គាត់​ខំប្រឹង​អធិស្ឋាន​ឲ្យអ្នករាល់គ្នា​ជានិច្ច ដើម្បី​ឲ្យអ្នករាល់គ្នា​បាន​ឈរ​មាំមួន ពេញ​វ័យ​ និង​យល់​ច្បាស់​ ពី​បំណង​របស់​ព្រះជាម្ចាស់​គ្រប់​បែបយ៉ាង។

១៣ខ្ញុំ​ធ្វើ​បន្ទាល់​អំពី​គាត់​ថា គាត់​មាន​ការ​ប្រឹងប្រែង​ណាស់ ​ដើម្បី​អ្នករាល់គ្នា និង​ពួក​អ្នក​នៅ​ក្រុង​ឡៅឌីសេ​ ព្រមទាំង​ពួក​អ្នក​នៅ​ក្រុង​ហេរ៉ាប៉ូល។

១៤​លោក​លូកា​​ ​ជា​គ្រូពេទ្យ ​​ជា​ទី​ស្រឡាញ់​ និង​លោក​ដេម៉ាស​ ក៏​ជម្រាប​សួរ​មក​អ្នករាល់គ្នា​ដែរ។​ ១៥​សូម​ជម្រាប​សួរ​ដល់​បងប្អូន​នៅ​ក្រុង​ឡៅឌីសេ​​ និង​នាង​នីមផាស​​ ព្រមទាំង​ក្រុម​ជំនុំ​ដែល​ជួបជុំគ្នា​នៅ​ផ្ទះ​នាង​ដែរ។​

១៦ពេល​ណា​អ្នករាល់គ្នា ​បាន​អាន​សំបុត្រ​នេះ​រួច​ហើយ ចូរ​ឲ្យក្រុមជំនុំ​នៅ​ក្រុង​ឡៅឌីសេ​​​អាន​ផង ហើយ​អ្នករាល់គ្នា​ ក៏​ត្រូវ​អាន​សំបុត្រ​ពី​ក្រុង​ឡៅឌីសេ​​ដែរ។​ ១៧សូម​ប្រាប់​លោក​អើឃីព​​ថា៖​ «ចូរ​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​​មុខងារ​បម្រើ​ ដែល​អ្នក​បាន​ទទួល​ក្នុង​ព្រះអម្ចាស់ចុះ​ ដើម្បីបំពេញ​មុខងារ​បម្រើ​នោះ​ឲ្យ​បាន​សម្រេច»។​ ១៨ខ្ញុំ​ប៉ូល​សរសេរ​ពាក្យ​ជម្រាប​សួរ​នេះដោយ​ផ្ទាល់ដៃ​​ ហើយ​សូម​អ្នករាល់គ្នា​នឹក​ចាំ​អំពីការ​ជាប់​ចំណង​របស់​ខ្ញុំ​ផង‍។ សូម​ឲ្យអ្នករាល់គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ​៕

កូឡូស ៤