កូឡូស ៣
រស់នៅជាជីវិតបរិសុទ្ធ
៣ដូច្នេះ បើសិនជាអ្នករាល់គ្នា បានរស់ឡើងវិញ រួមជាមួយព្រះគ្រិស្ដមែន ចូរស្វែងរកអ្វីៗដែលនៅស្ថានលើ ជាស្ថានដែលព្រះគ្រិស្ដគង់ខាងស្តាំនៃព្រះជាម្ចាស់នោះវិញ។ ២ចូរគិតពីអ្វីៗដែលនៅស្ថានលើ កុំគិតពីអ្វីៗដែលនៅផែនដីឲ្យសោះ។ ៣ដ្បិតអ្នករាល់គ្នាបានស្លាប់ហើយ រីឯជីវិតរបស់អ្នករាល់គ្នា ក៏បានលាក់ទុកជាមួយព្រះគ្រិស្ដនៅក្នុងព្រះជាម្ចាស់ដែរ។ ៤ពេលព្រះគ្រិស្ដ ដែលជាជីវិតរបស់អ្នករាល់គ្នាបង្ហាញខ្លួន នោះអ្នករាល់គ្នាក៏នឹងបង្ហាញខ្ឡួនជាមួយព្រះអង្គ នៅក្នុងសិរីរុងរឿងដែរ។
៥ដូច្នេះ ចូរសម្លាប់អ្វីៗខាងលោកិយចោលទៅ គឺអំពើអសីលធម៌ខាងផ្លូវភេទ សេចក្តីស្មោកគ្រោក តណ្ហាថោកទាប សេចក្ដីប៉ងប្រាថ្នាអាក្រក់ និងសេចក្ដីលោភលន់ ដែលជាការថ្វាយបង្គំរូបព្រះ ៦ដ្បិតដោយព្រោះតែ អំពើទាំងនោះហើយ បានជាសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ធ្លាក់លើពួកកូន ដែលមិនស្តាប់បង្គាប់ ៧ហើយកាលពីមុន ពេលអ្នករាល់គ្នារស់នៅក្នុងចំណោមអ្នកទាំងនោះ ក៏បានប្រព្រឹត្តអំពើទាំងនោះដែរ ៨ប៉ុន្ដែឥឡូវនេះ ចូរអ្នករាល់គ្នាលះបង់អំពើទាំងអស់នោះចោលទៅ គឺចិត្តក្ដៅក្រហាយ កំហឹង សេចក្ដីអាក្រក់ ការជេរប្រមាថ និង ពាក្យមិនសមរម្យចេញពីមាត់របស់អ្នករាល់គ្នា ៩កុំកុហកគ្នាឡើយ ដ្បិតអ្នករាល់គ្នាបានដោះមនុស្សចាស់ជាមួយនឹងការប្រព្រឹត្តិរបស់វាចោលហើយ ១០រួចអ្នករាល់គ្នាក៏បានពាក់មនុស្សថ្មី ដែលកំពុងផ្លាស់ប្រែជាថ្មីខាងឯការយល់ដឹង ដើម្បីឲ្យត្រូវនឹងរូបអង្គរបស់ព្រះដែលបានបង្កើតមនុស្សថ្មីនោះ ១១នៅសណ្ឋាននោះលែងមានជនជាតិក្រេក ឬជនជាតិយូដា ពួកកាត់ស្បែក ឬពួកមិនកាត់ស្បែក ពួកមនុស្សព្រៃ ឬពួកជនជាតិភាគតិច បាវបម្រើ ឬអ្នកមានសេរីភាពទៀតហើយ ព្រោះព្រះគ្រិស្ដជាទាំងអស់ ហើយគង់នៅក្នុងអ្វីៗទាំងអស់។
១២ដូច្នេះ ដោយព្រោះព្រះជាម្ចាស់បានរើសតាំងអ្នករាល់គ្នា ជាពួកបរិសុទ្ធ និងជាទីស្រឡាញ់របស់ព្រះអង្គ ចូរពាក់ចិត្តអាណិតអាសូរ ចិត្ដសប្បុរស ចិត្តសុភាព ចិត្តស្លូតបូត និងចិត្តអត់ធ្មត់ចុះ ១៣ចូរទ្រាំទ្រគ្នា ទោះបីមានរឿងអ្វីមួយទាស់នឹងអ្នកណាក៏ដោយ ត្រូវលើកលែងទោសឲ្យគ្នាទៅវិញទៅមក ដ្បិតព្រះអម្ចាស់ បានលើកលែងទោសឲ្យអ្នករាល់គ្នាជាយ៉ាងណា អ្នករាល់គ្នាក៏ត្រូវធ្វើដូច្នោះដែរ ១៤លើសពីសេចក្ដីទាំងអស់នេះ ចូរពាក់សេចក្ដីស្រឡាញ់ដែលនាំឲ្យមានការរួបរួមគ្នាយ៉ាងគ្រប់លក្ខណ៍ចុះ។ ១៥ចូរឲ្យសេចក្ដីសុខសាន្តរបស់ព្រះគ្រិស្ដគ្រប់គ្រង នៅក្នុងចិត្តរបស់អ្នករាល់គ្នាដ្បិតព្រះជាម្ចាស់ បានត្រាស់ហៅអ្នករាល់គ្នាឲ្យចូលមកក្នុង រូបកាយតែមួយ ដើម្បីសេចក្ដីនោះឯង ហើយចូរអរព្រះគុណផង។
១៦ចូរឲ្យព្រះបន្ទូល របស់ព្រះគ្រិស្ដស្ថិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ ហើយបង្រៀន និងទូន្មានគ្នាដោយប្រាជ្ញាគ្រប់បែបយ៉ាង ទាំងច្រៀងទំនុកតម្កើង ទំនុកបរិសុទ្ធ ព្រមទាំងចម្រៀងខាងវិញ្ញាណថ្វាយព្រះជាម្ចាស់ ដោយអរព្រះគុណព្រះអង្គនៅក្នុងចិត្តចុះ។ ១៧ការអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ មិនថាពាក្យសំដី ឬការប្រព្រឹត្ដិក្ដី ចូរធ្វើការទាំងអស់ នៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូចុះ ទាំងអរព្រះគុណព្រះជាម្ចាស់ ជាព្រះវរបិតាតាមរយៈព្រះអង្គ។
សេចក្ដីណែនាំដល់គ្រួសារគ្រិស្ដ បរិស័ទ
១៨ប្រពន្ធរាល់គ្នាអើយ! ចូរចុះចូលនឹងប្តីរបស់ខ្លួនចុះ ដោយព្រោះជាការសមរម្យនៅក្នុងព្រះអម្ចាស់។ ១៩ប្តីរាល់គ្នាអើយ! ចូរស្រឡាញ់ប្រពន្ធរបស់ខ្លួនចុះ កុំមួម៉ៅដាក់នាងឡើយ។
២០ក្មេងរាល់គ្នាអើយ! ចូរស្តាប់បង្គាប់ឪពុកម្តាយ នៅក្នុងការទាំងអស់ ដ្បិតនេះជាការ ដែលព្រះអម្ចាស់សព្វព្រះហឫទ័យ។ ២១ឪពុករាល់គ្នាអើយ! ចូរកុំរករឿងធ្វើឲ្យកូនរបស់ខ្លួនខឹងឡើយ ក្រែងលោវាខូចចិត្ត។
២២បាវបម្រើរាល់គ្នាអើយ! ចូរស្តាប់បង្គាប់ចៅហ្វាយខាងសាច់ឈាម នៅក្នុងការទាំងអស់ចុះ មិនមែនបម្រើតែក្នុងការដែលគេមើលឃើញ ដូចជាចង់ផ្គាប់ចិត្តមនុស្សឡើយ គឺត្រូវធ្វើដោយចិត្តស្មោះត្រង់ ទាំងកោតខ្លាចព្រះអម្ចាស់ ២៣ហើយការអ្វីក៏ដោយ ដែលអ្នករាល់គ្នាធ្វើ ចូរធ្វើឲ្យអស់ពីចិត្តចុះ ដូចជាបម្រើព្រះអម្ចាស់ មិនមែនដូចជាបម្រើមនុស្សទេ ២៤ដោយដឹងថា អ្នករាល់គ្នានឹងទទួលបានមរតក ជារង្វាន់ពីព្រះអម្ចាស់ ដ្បិតអ្នករាល់គ្នាបម្រើព្រះគ្រិស្ដ ជាព្រះអម្ចាស់។ ២៥អ្នកណាធ្វើខុស អ្នកនោះនឹងទទួលផលតាមដែលធ្វើខុស ហើយព្រះអង្គ មិនមានសេចក្តីលំអៀងឡើយ។