កូឡូស ២
២ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំ តយុទ្ធខ្លាំងយ៉ាងណា ដើម្បីអ្នករាល់គ្នា ដើម្បីពួកអ្នកក្រុងឡៅឌីសេ និងដើម្បីពួកមនុស្សទាំងឡាយដែលមិនទាន់បានជួបមុខខ្ញុំនៅឡើយ ២គឺឲ្យពួកគេទទួលបានការកម្សាន្ដចិត្ត រួបរួមគ្នានៅក្នុងសេចក្ដីស្រឡាញ់ ហើយមានការយល់ដឹងយ៉ាងជឿជាក់ និងយ៉ាងបរិបូរ ដើម្បីឲ្យពួកគេស្គាល់ អាថ៌កំបាំងរបស់ព្រះជាម្ចាស់ ដែលជាព្រះគ្រិស្ដ ៣ដ្បិតកំណប់នៃប្រាជ្ញា និងចំណេះដឹងទាំងឡាយបានលាក់ទុកនៅក្នុងព្រះអង្គ។
៤ខ្ញុំនិយាយដូច្នេះ ដើម្បីកុំឲ្យអ្នកណាម្នាក់បញ្ឆោតអ្នករាល់គ្នា ដោយពាក្យលួងលោមបានឡើយ។ ៥ដ្បិតទោះបីខ្ញុំមិននៅជាមួយអ្នករាល់គ្នា ខាងសាច់ឈាមក្ដី ក៏ខ្ញុំនៅជាមួយអ្នករាល់គ្នាខាងវិញ្ញាណដែរ ហើយខ្ញុំមានអំណរ ដែលឃើញអ្នករាល់គ្នាមានសណ្តាប់ធ្នាប់ ទាំងមានជំនឿខ្ជាប់ខ្ជួននៅក្នុងព្រះគ្រិស្ដ។
ការមានសេរីភាពពីក្រឹត្យវិន័យ និងជីវិតថ្មីក្នុង ព្រះគ្រិស្ដ
៦ដូច្នេះ អ្នករាល់គ្នាទទួលព្រះអម្ចាស់យេស៊ូគ្រិស្ដជាយ៉ាងណា ចូររស់នៅក្នុងព្រះអង្គជាយ៉ាងនោះចុះ ៧ហើយចាក់ឫស និងស្អាងឡើងនៅក្នុងព្រះអង្គ ព្រមទាំងមានជំនឿមាំមួន ដូចដែលអ្នករាល់គ្នា បានទទួលការបង្រៀនរួចមកហើយ ទាំងអរព្រះគុណឲ្យច្រើនឡើង។
៨ចូរប្រយ័ត្ន ក្រែងលោមានអ្នកណាម្នាក់ចាប់អ្នករាល់គ្នាជាឈ្លើយ ដោយប្រើទស្សនវិជ្ជា និងពាក្យបញ្ឆោតឥតប្រយោជន៍ដែលស្របតាមទំនៀមទម្លាប់របស់មនុស្ស និងគោលការណ៍បឋមរបស់លោកិយនេះ ដែលមិនស្របតាមព្រះគ្រិស្ដ ៩ដ្បិតគ្រប់ទាំងសេចក្តីពោរពេញនៃលក្ខណៈ របស់ព្រះជាម្ចាស់ស្ថិតជារូបរាងនៅក្នុងព្រះគ្រិស្ដ ១០ហើយអ្នករាល់គ្នា ក៏បានពេញនៅក្នុងព្រះអង្គដែរ ដ្បិតព្រះអង្គជាព្រះសិរលើការគ្រប់គ្រង និងសិទ្ធិអំណាចទាំងអស់ ១១ហើយនៅក្នុងព្រះអង្គ អ្នករាល់គ្នាក៏បានទទួលការកាត់ស្បែកដែរ គឺមិនមែនជាការកាត់ស្បែក ដោយដៃមនុស្សទេ ប៉ុន្តែ ជាការកាត់ស្បែក ខាងឯព្រះគ្រិស្ដ ដែលជាការដោះរូបកាយខាងសាច់ឈាមចេញ។ ១២អ្នករាល់គ្នាត្រូវបានបញ្ចុះជាមួយព្រះគ្រិស្ដ តាមរយៈពិធីជ្រមុជទឹក ហើយក៏បានរស់ឡើងវិញជាមួយព្រះអង្គដែរតាមរយៈជំនឿលើអានុភាពរបស់ព្រះជាម្ចាស់ ដែលបានប្រោសព្រះគ្រិស្ដឲ្យរស់ឡើងវិញ ១៣នៅពេលអ្នករាល់គ្នាស្លាប់នៅក្នុងបាប និងការមិនកាត់ស្បែក ខាងសាច់ឈាម ព្រះអង្គបានប្រោសអ្នករាល់គ្នា ឲ្យមានជីវិតរួមជាមួយព្រះអង្គ ទាំងលើកលែងទោសបាបទាំងអស់របស់យើងផង ១៤ហើយព្រះអង្គ បានលុបចោលកំណត់ត្រាដែលទាស់នឹងយើង គឺបញ្ញត្ដិទាំង ឡាយដែលប្រឆាំងយើង ហើយព្រះអង្គបានដកបញ្ញត្ដិទាំងនោះចេញ ដោយដំភ្ជាប់ទៅនឹងឈើឆ្កាង។ ១៥ព្រះអង្គបានបំផ្លាញអំណាចនៃការគ្រប់គ្រង និងសិទ្ធិអំណាចទាំងឡាយ ដោយបំបាក់មុខពួកវានៅទីសាធារណៈ ហើយបានយកឈ្នះពួកវាដោយឈើឆ្កាង។
១៦ដូច្នេះ កុំឲ្យអ្នកណាម្នាក់ថ្កោលទោសអ្នករាល់គ្នាអំពីការបរិភោគ ការផឹក ឬអំពីពិធីបុណ្យ បុណ្យចូលខែ និងថ្ងៃសប្ប័ទឡើយ ១៧ដ្បិតការទាំងនេះគ្រាន់តែជាស្រមោលនៃអ្វីៗដែលត្រូវមកប៉ុណ្ណោះ រីឯរូបពិតមាននៅក្នុងព្រះគ្រិស្ដ។ ១៨ចូរកុំឲ្យអ្នកណាដែលចូលចិត្ដធ្វើពុតបន្ទាបខ្លួន និងថ្វាយបង្គំទេវតាមកបញ្ឆោតអ្នករាល់គ្នា ឲ្យបាត់រង្វាន់ឡើយ ពួកគេជាមនុស្សនិយាយស៊កសៀតអំពីអ្វីដែលពួកគេឃើញ ហើយអួតឥតប្រយោជន៍ដោយគំនិតខាងសាច់ឈាមរបស់ពួកគេ ១៩ពួកគេមិននៅជាប់នឹងព្រះគ្រិស្ដដែលជាក្បាលទេ គឺដោយសារក្បាលហើយ ទើបរូបកាយទាំងមូលត្រូវបានផ្គត់ផ្គង់ ហើយភ្ជាប់គ្នាដោយសារសន្លាក់ និងសរសៃទាំងឡាយ ទាំងចម្រើនឡើង តាមសេចក្ដីចម្រើនរបស់ព្រះជាម្ចាស់។
២០បើអ្នករាល់គ្នា បានស្លាប់ជាមួយព្រះគ្រិស្ដ ហើយរួចផុតពីគោលការណ៍បឋមរបស់លោកិយនេះមែន ហេតុអ្វីបានជាអ្នករាល់គ្នា ហាក់ដូចជារស់នៅក្នុងលោកិយ ដោយចុះចូលនឹងបញ្ញត្តិទាំងឡាយដូចជា ២១កុំកាន់ កុំភ្លក់ ឬកុំពាល់ដូច្នេះ? ២២បញ្ញត្តិទាំងនេះសុទ្ឋតែជាបទបញ្ជា និងសេចក្ដីបង្រៀនរបស់មនុស្ស ដែលសាបសូន្យទៅតាមការប្រើប្រាស់។ ២៣បញ្ញត្ដិទាំងនោះទំនងដូចជាមានប្រាជ្ញា ដោយឲ្យថ្វាយបង្គំស្ម័គ្រចិត្ដ បន្ទាបខ្លួន និងលត់ដំរូបកាយជាដើម ប៉ុន្ដែ គ្មានតម្លៃអាចតទល់នឹងចំណង់របស់សាច់ឈាមបានឡើយ។