KCB - កូឡូស ១


កូឡូស ១

កូឡូស

ពាក្យជម្រាប​សួរពីលោកប៉ូល

ខ្ញុំ​ ប៉ូល ​ជា​សាវក​​របស់​ព្រះ​ យេស៊ូគ្រិស្ដ​ តាម​បំណង​របស់​​ព្រះជាម្ចាស់ និង​ ធីម៉ូថេ​ជា​បង​ប្អូន​ ជូន​ចំពោះ​ ពួក​បរិសុទ្ធ និង​ពួក​បងប្អូន ​ស្មោះ​ត្រង់​ទាំង​ឡាយ ​នៅ​ក្នុង​ព្រះគ្រិស្ដ​ ដែល​នៅ​ ក្រុង​កូឡូស​ សូម​ឲ្យព្រះជាម្ចាស់​ជា​ព្រះវរបិតា​របស់​យើង​​ប្រទាន​​ព្រះគុណ និង​សេចក្ដី​សុខសាន្តដល់​អ្នករាល់គ្នា។​

ការអរព្រះគុណ និងការអធិស្ឋានរបស់លោកប៉ូល

ពេល​យើង​អធិស្ឋាន ​សម្រាប់​អ្នករាល់គ្នា យើង​តែង​តែ​អរ​ព្រះគុណ​ព្រះជាម្ចាស់​ ជា​ព្រះវរបិតា​របស់​ព្រះ​យេស៊ូ​គ្រិស្ដ​ ដែល​ជា​ព្រះអម្ចាស់​នៃ​យើង​ជានិច្ច​ ព្រោះ​យើង​ បាន​ឮ​អំពី​ជំនឿ​របស់​អ្នករាល់គ្នា​លើ​​ព្រះគ្រិស្ដ​យេស៊ូ និង​អំពី​សេចក្ដី​ស្រឡាញ់​​ ដែល​អ្នករាល់គ្នា​មាន ​ចំពោះ​ពួក​បរិសុទ្ធ​ទាំងអស់​ គឺ​ជា​សេចក្ដី​ស្រឡាញ់​​ មក​ពី​សេចក្ដី​សង្ឃឹម ​ដែល​បាន​​បម្រុង​ទុក សម្រាប់​អ្នករាល់គ្នា​នៅ​ស្ថានសួគ៌​ ជា​សេចក្ដី​សង្ឃឹម​ដែល​អ្នករាល់គ្នា​ បាន​ឮ​រួច​មក​ហើយ​នៅក្នុង​ព្រះបន្ទូល​នៃ​សេចក្តី​ពិត ដែល​ជា​​ដំណឹង​ល្អ​ ដែល​បាន​មក​ដល់​អ្នករាល់គ្នា ហើយ​ដំណឹង​ល្អ​នេះ​បង្កើត​ផលផ្លែ និង​ចម្រើន​ឡើង​ នៅ​ក្នុង​ពិភព​លោក​ទាំង​មូល​​ ដូច​ជា​​នៅក្នុង​ចំណោម​អ្នករាល់គ្នា​​ដែរ តាំង​ពី​ថ្ងៃ​ដែល​អ្នករាល់គ្នា​បាន​ឮ និង​បាន​យល់​​ព្រះគុណ​របស់​ព្រះជាម្ចាស់​ ទៅតាម​​​សេចក្ដី​ពិត​ ដូច​ដែល​អ្នករាល់គ្នា​​បាន​រៀន​​​ពី​លោក​អេប៉ាប្រាស​ ជា​បាវ​បម្រើ​រួមការងារ ​ដ៏​ជា​ទី​ស្រឡាញ់​​របស់​​យើងស្រាប់ហើយ​ គាត់​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះគ្រិស្ដ​សម្រាប់​អ្នករាល់គ្នា ​ហើយ​គាត់​ក៏​បាន​ប្រាប់​យើង​ឲ្យដឹង​ដែរ អំពី​សេចក្ដី​ស្រឡាញ់​​របស់​អ្នករាល់គ្នា​នៅ​ក្នុង​ព្រះវិញ្ញាណ។​

ហេតុ​នេះហើយ បានជា​ចាប់​តាំង​ពី​ថ្ងៃ​ ដែល​យើង​បាន‍ឮ​​អំពី​អ្នករាល់គ្នា យើង​បាន​អធិស្ឋាន សម្រាប់​អ្នករាល់គ្នា​ឥត​ឈប់​ឈរ​ឡើយ ទាំង​ទូល​សូម​ឲ្យ​​អ្នករាល់គ្នាបាន​​ពេញ ដោយ​ការ​យល់ដឹង​អំពី​បំណង​​របស់​ព្រះអង្គ​​​ តាមរយៈ​​ប្រាជ្ញា និង ​ចំណេះដឹង​ទាំងឡាយ​ខាង​វិញ្ញាណ​ ១០ដើម្បី​ឲ្យអ្នករាល់គ្នា​ រស់​នៅ​ស័ក្ដិសម​នឹង​ព្រះអម្ចាស់ ទាំងឲ្យ​ព្រះអង្គសព្វ​ព្រះហឫទ័យ​នៅក្នុង​ការ​ទាំងអស់​ និង​ដើម្បី​ឲ្យ​អ្នករាល់គ្នា ​បង្កើត​ផលផ្លែ​នៅក្នុង​គ្រប់​ការ​ល្អ​ ព្រមទាំង​ចម្រើន​ឡើង​នៅក្នុងការ​យល់ដឹង​អំពី​ព្រះជាម្ចាស់​ ១១ហើយ​ឲ្យ​​មាន​កម្លាំង​ ប្រកប​ដោយ​អំណាច​គ្រប់​បែបយ៉ាង​ ស្របតាម​​ព្រះចេស្តា​ដ៏​រុងរឿង​របស់​ព្រះអង្គ ដើម្បី​ឲ្យអ្នករាល់គ្នា​មាន​ការ​ស៊ូទ្រាំ និង​ការ​អត់ធ្មត់គ្រប់​បែបយ៉ាង​ ១២រួច​​អរ​ព្រះគុណ​ដល់​ព្រះវរបិតា​ ដោយ​អំណរ ដ្បិត​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​​អ្នករាល់គ្នា​ស័ក្តិសម ​​នឹង​មាន​ចំណែកក្នុង​មរតក​របស់​ពួក​បរិសុទ្ធ ​ដែល​នៅ​ក្នុង​ពន្លឺ‍។ ១៣ព្រះអង្គ​បាន​សង្គ្រោះ​យើង​ពី​សិទ្ធិ​អំណាច​​នៃ​សេចក្ដី​ងងឹត រួច​​នាំ​យើង​មក​ក្នុង​នគរនៃ​ព្រះរាជបុត្រា​​​ ដ៏​ជា​ទី​ស្រឡាញ់​​របស់​ព្រះអង្គ ១៤ហើយនៅក្នុង​​​ព្រះរាជបុត្រា​ យើង​មាន​ការ​ប្រោសលោះ​ដែល​​​ជា​ការ​លើក​លែង​ទោស​​បាប‍។

ព្រះគ្រិស្ត​ខ្ពស់លើទាំងអស់

១៥​ព្រះ​រាជបុត្រា​នោះ​ ជា​រូប​អង្គ​​របស់​ព្រះជាម្ចាស់ ដែល​មនុស្ស​​មិន​អាច​មើល​ឃើញ និង​ជា​កូន​ច្បង​​ក្នុង​ចំណោម​អ្វីៗ​ទាំងអស់ ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក ១៦ដ្បិត​អ្វីៗ​ទាំងអស់​ដែល​​នៅ​ស្ថានសួគ៌​ និង ​នៅផែនដី​បាន​កើត​មក​ដោយសារ​ព្រះអង្គ ទាំង​អ្វីៗ​ដែល​មនុស្ស​អាច​​មើល​ឃើញ និង​មិន​អាច​មើល​ឃើញ​ មិន​ថា​រាជ្យ​បល្ល័ង្ក​ អំណាច​គ្រប់គ្រង​ ការគ្រប់គ្រង​ ឬ​សិទ្ធិ​អំណាច​ គឺ​អ្វីៗ​ទាំងអស់​កើត​មក​ដោយសារ​​ព្រះអង្គ ហើយ​សម្រាប់​ព្រះអង្គ។ ១៧មុន​មាន​អ្វីៗ​ទាំងអស់ មាន​ព្រះអង្គ​រួច​ហើយ រីឯ​​អ្វីៗ​ទាំងអស់​នៅ​ស្ថិតស្ថេរ​ដោយសារ​ព្រះអង្គ។​

១៨ព្រះអង្គ​ជា​ព្រះសិរ​ របស់​រូបកាយ​ ដែល​ជា​ក្រុមជំនុំ ហើយ​ព្រះអង្គ​ជា​ដើម​ដំបូង ជា​កូន​ច្បងដែល​បាន​រស់​ពី​ស្លាប់​ឡើង​វិញ ដើម្បី​ឲ្យ​ព្រះអង្គ​ត្រលប់​ជា​មេលើ​អ្វីៗ​ទាំងអស់​ ១៩ដ្បិត​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​ ឲ្យគ្រប់ទាំង​សេចក្តី​ពោរពេញ​​របស់​ព្រះអង្គ ​​ស្ថិត​នៅ​ក្នុង​ព្រះ​រាជបុត្រា ២០ហើយ​ឲ្យអ្វីៗ​ទាំងអស់​ផ្សះផ្សា​នឹង​ព្រះអង្គ ​តាមរយៈ​ព្រះ​រាជបុត្រា​នោះ គឺតាមរយៈ​ឈាម​​របស់​ព្រះ​រាជបុត្រា​ ដែល​បាន​បង្ហូរ​នៅ​លើ​ឈើ​ឆ្កាង ​ព្រះអង្គ​បាន​បង្កើត​​សន្តិភាព​ ជាមួយ​​អ្វីៗទាំង​អស់​ មិន​ថា​​នៅ​ស្ថានសួគ៌​ ឬ​នៅ​ផែនដីទេ។ ២១ដូច្នេះ កាល​ពី​ដើម​អ្នករាល់គ្នា​​ បានដាច់​ចេញ​​ពី​ព្រះជាម្ចាស់​ ហើយ​បាន​តាំង​ចិត្ដ​ធ្វើ​ជា​​សត្រូវ ​ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់ ២២ប៉ុន្តែ ​ឥឡូវ​នេះ​ ព្រះអង្គ​ បាន​ឲ្យអ្នករាល់គ្នា​ផ្សះផ្សា​នឹង​ព្រះអង្គ​ តាមរយៈ​ការ​សោយទិវង្គត​នៃ​រូបកាយ​ខាង​សាច់​ឈាម​ ​របស់​ព្រះគ្រិស្ដ​ ដើម្បី​ឲ្យអ្នករាល់គ្នា​​បាន​បរិសុទ្ធ គ្មាន​កំហុស​ ហើយ​ឥត​បន្ទោស​បាន​​នៅ​ចំពោះ​​​ព្រះជាម្ចាស់​ ២៣បើ​អ្នករាល់គ្នា​ពិត​ជា​ស្ថិត​នៅ​ក្នុង‍ជំនឿ​ ដែល​បាន​ចាក់​គ្រឹះ ហើយ​​មាំមួន ទាំង​​មិន​ងាក​ចេញ​ពី​សេចក្ដី​សង្ឃឹម​របស់​ដំណឹង​ល្អ​ ដែល​អ្នករាល់គ្នា​បាន‍ឮ​នោះ។ ដំណឹង​ល្អ​នោះ​ត្រូវ​បាន​ប្រកាស​ប្រាប់​ដល់ ​មនុស្ស​ទាំងអស់ ដែល​ត្រូវ​បាន​បង្កើត​មក​ នៅ​ក្រោមមេឃ ហើយ​ប៉ូល​ខ្ញុំនេះ​បាន​ត្រលប់​ជា​អ្នក​បម្រើ​ដំណឹង​ល្អ​នោះ។

ការប្រឹងប្រែងរបស់លោកប៉ូលដើម្បីក្រុមជំនុំ

២៤​ឥឡូវ​នេះ ខ្ញុំ​មាន​អំណរ​នឹង​ការ​រងទុក្ខ​លំបាក​របស់​ខ្ញុំ ​ដោយព្រោះ​អ្នករាល់គ្នា ដ្បិត​ខ្ញុំ​កំពុង​​បំពេញក្នុង​រូប​សាច់​របស់​ខ្ញុំ​ នូវ​ភាព​ខ្វះខាត​នៃ​ការ​រង​ទុក្ខ​លំបាក​​របស់​ព្រះគ្រិស្ត​​ សម្រាប់​រូបកាយ​របស់​ព្រះអង្គ​​ដែល​​ជា​ក្រុម​ជំនុំ ២៥ហើយ​ខ្ញុំ​ក៏​ត្រលប់​ជា​អ្នក​បម្រើ​ក្រុមជំនុំ​ ស្របតាម​តួនាទី​មើលការ​ខុស​ត្រូវ ​ដែល​ព្រះជាម្ចាស់​ប្រទានឲ្យខ្ញុំ​ សម្រាប់​អ្នករាល់គ្នា ដើម្បី​​ឲ្យ​អ្នករាល់គ្នា ​ស្គាល់​​ព្រះបន្ទូល​របស់​ព្រះអង្គ​សព្វគ្រប់​ ២៦គឺ​ជា​សេចក្តី​អាថ៌កំបាំង​ ដែល​បាន​លាក់​ទុក​តាំងពី​អស់កល្ប​តរៀង​មក ប៉ុន្ដែ​ឥឡូវ​នេះ បាន​បង្ហាញ​ឲ្យពួក​បរិសុទ្ធ​របស់​ព្រះអង្គ​ស្គាល់​ ២៧ដោយ​ព្រះជាម្ចាស់ ​សព្វ​ព្រះហឫទ័យ​បង្ហាញ​ឲ្យពួក​គេ​ស្គាល់​​សិរីរុងរឿង​ ដ៏​បរិបូរ​នៃ​សេចក្តី​អាថ៌កំបាំង​​នេះ ​នៅក្នុង​ចំណោម​សាសន៍ដទៃ គឺ​ព្រះគ្រិស្ដ​គង់​នៅ​ក្នុង​អ្នករាល់គ្នា​ ជា​សេចក្ដី​សង្ឃឹម​សម្រាប់​សិរីរុងរឿង។ ២៨យើង​ប្រកាស​អំពី​ព្រះអង្គ ហើយ​ដាស់​តឿន និង​បង្រៀន​មនុស្ស​គ្រប់គ្នា ​ដោយ​ប្រាជ្ញា​សព្វ​បែបយ៉ាង ដើម្បី​នាំ​មនុស្ស​គ្រប់គ្នា​ឲ្យពេញវ័យ​នៅ​ក្នុង​ព្រះគ្រិស្ដ​ ២៩ហើយ​សម្រាប់ការនេះ ​ខ្ញុំ​ធ្វើ​ការ​នឿយ​ហត់​​ ទាំង​តយុទ្ធ​ ដោយ​អានុភាព​​របស់​ព្រះអង្គ​ដែល​ធ្វើ​ការ​ យ៉ាង​មាន​អំណាច​នៅ​ក្នុង​ខ្ញុំ។

កូឡូស ១