KCB - កិច្ចការ ៨


កិច្ចការ ៨

ការបៀតបៀន​ធ្វើ​ឲ្យ​​ពួកអ្នក​ជឿ​ ខ្ចាត់​ខ្ចាយ​

រីឯ​​លោកសុល ក៏​បាន​យល់ស្រប​សម្លាប់​លោក​ស្ទេផាន​ដែរ។ នៅ​ថ្ងៃ​នោះ មាន​ការ​បៀតបៀន​ជាខ្លាំង​មក​លើ​ក្រុម​ជំនុំ​ នៅ​ក្នុង​ក្រុង​​យេរូសាឡិម ហើយ​អ្នកជឿ​ទាំងអស់​ បាន​ខ្ចាត់ខ្ចាយទៅ​ពាសពេញតំបន់នានា​ក្នុងស្រុក​យូដានិង​ស្រុក​សាម៉ារី លើកលែងតែ​ពួក​សាវក។​ ពេលនោះពួក​ប្រុសៗ​ដែល​កោតខ្លាច​ព្រះជាម្ចាស់​ បាន​យក​សព​លោក​ស្ទេផាន​ទៅ​បញ្ចុះ ហើយ​យំ​ស្រណោះ​​គាត់​យ៉ាង​ខ្លាំង រីឯ​​លោក​សុល​បាន​បំផ្លាញ​ក្រុម​ជំនុំដោយ​ចូល​ទៅ​ចាប់​អូស​ពួក​អ្នកជឿទាំង​ប្រុស ទាំង​សី្រ ​នៅ​តាម​ផ្ទះ​​​យក​ទៅ​ដាក់​គុក។​​

លោក​ភីលីព​ប្រកាស​ព្រះបន្ទូល​នៅស្រុក​សាម៉ារី

រីឯ​ពួក​អ្នក​ដែល​បាន​ខ្ចាត់ខ្ចាយ​ទៅ​នោះ​បាន​​ធ្វើ​ដំណើរ ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ ទាំង​ប្រកាស​ព្រះបន្ទូល​ផង។​ពេលនោះលោក​​ភីលីព បានចុះ​ទៅ​ក្រុង​មួយក្នុង​ស្រុក​សាម៉ារី ហើយ​ប្រកាស ​បា្រប់​ពួកគេ​អំពី​ព្រះគិ្រស្ដ​ ​ពេល​បណ្ដាជន​បាន​ស្ដាប់ និង​បាន​ឃើញ​ទីសំគាល់​អស្ចារ្យ​នានា​ដែល​គាត់​បាន​ធ្វើ​ ពួកគេទាំង​អស់​គ្នា ក៏យកចិត្ដទុកដាក់ស្ដាប់​​អ្វី ដែល​គាត់​បាន​និយាយ ​ដ្បិត​ពួក​វិញ្ញាណ​អាក្រក់​​​​​ ដែល​បាន​ចូល​មនុស្ស​ជាច្រើន ពួកវា​បាន​ចេញ​មក ​ទាំង​ស្រែក​ខ្លាំងៗ ហើយ​មនុស្ស​ស្លាប់​ដៃ​ជើង និង​មនុស្ស​ខ្វិន​ជាច្រើន​ត្រូវ​បាន​ប្រោស​ឲ្យ​ជា​ ដូច្នេះ​ហើយ ក៏​មាន​អំណរ​ជាខ្លាំង​នៅ​ក្នុង​ក្រុង​នោះ។​

នៅក្នុង​ក្រុង​នោះ​ មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ដែល​កាល​ពី​មុនធ្លាប់​ប្រើ ​មន្ដអាគម​ ធ្វើឲ្យ​ប្រជាជននៅ​ក្នុងស្រុក​សាម៉ារី​ស្ញប់ស្ញែង ​ព្រមទាំងបានអះអាង​ថាខ្លួន​ជាមនុស្ស​ដ៏អស្ចារ្យ​ម្នាក់​ ១០មនុស្ស​ទាំងអស់​ ចាប់​ពី​អ្នក​តូច​ដល់​អ្នក​​ធំ​បាន​យកចិត្ដ​ទុកដាក់​ស្ដាប់​គាត់​ ទាំង​និយាយថា​៖ «មនុស្ស​នេះ​ហើយ ដែល​គេ​ហៅ​ថា អំណាច​​ដ៏អស្ចារ្យ​របស់​ព្រះជាម្ចាស់»​ ១១ដោយ​គាត់​បាន​ធ្វើ​ឲ្យ​​ពួកគេស្ញប់ស្ញែងចំពោះ​មន្ដអាគម​របស់​គាត់​យូរ​មក​ហើយ​បានជា​ពួកគេ​យកចិត្ដ​ទុកដាក់​ស្ដាប់​គាត់​ដូច្នេះ​ ១២ប៉ុន្ដែពេល​ពួកគេ​ជឿ​ដំណឹងល្អ​ដែល​លោក​ភីលីព​ បាន​ប្រកាស​អំពី​នគរ​ព្រះជាម្ចាស់​​ និង​អំពី​ព្រះនាម​របស់ព្រះ​យេស៊ូ​គ្រិស្ដ ពួកគេ​ក៏​ទទួលពិធី​ជ្រមុជ​ទឹក​​ទាំង​ប្រុស​ ទាំង​សី្រ​ ១៣សូម្បីតែ​លោក​ស៊ីម៉ូន​ផ្ទាល់​ក៏​បាន​ជឿ​ដែរ ហើយ​ក្រោយ​ពី​ទទួលពិធី​ជ្រមុជទឹក​​រួច គាត់​ក៏​នៅ​ជាមួយ​ លោក​ភីលីពតទៅ​ទៀត​ ហើយ​គាត់​បាន​ស្ញប់ស្ញែង​យ៉ាងខ្លាំង ពេល​គាត់​បាន​ឃើញ​ទីសំគាល់ និង​ការ​អស្ចារ្យ​ធំៗ​ដែល​កំពុង​កើតឡើង។​

១៤បន្ទាប់មក ពេល​ពួក​សាវកនៅ​ក្នុង​ក្រុងយេរូសាឡិមបានឮ​ថា ស្រុក​សាម៉ារី​ បាន​ទទួលព្រះបន្ទូលរបស់​ព្រះជាម្ចាស់​ ពួកគេ​ក៏​ចាត់​លោក​ពេត្រុស និង​លោក​យ៉ូហាន ​ឲ្យ​ទៅ​ឯ​អ្នក​ទាំង​នោះ​ ១៥អ្នក​ទាំងពីរ​ក៏​ចុះ​មក ហើយ​អធិស្ឋាន​សម្រាប់​ពួកគេ ដើម្បី​ឲ្យ​​ពួកគេ​បាន​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ ១៦ដ្បិត​ព្រះវិញ្ញាណ​មិនទាន់​យាងមក​សណ្ឋិតលើ​ពួកគេ​ណា​ម្នាក់​នៅឡើយ ពួកគេ​គ្រាន់​តែ​បាន​ទទួលពិធី​ជ្រមុជទឹក​ ក្នុង​ព្រះនាម​របស់ព្រះអម្ចាស់​យេស៊ូ​ប៉ុណ្ណោះ ១៧ដូច្នេះ​ហើយ អ្នកទាំងពីរ​នោះ​បាន​ដាក់​ដៃ​លើ​​ពួកគេ ហើយ​ពួកគេ​ក៏​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ ១៨ពេល​លោក​ស៊ីម៉ូន​ឃើញ​ថា ព្រះ​វិញ្ញាណ​បាន​សណ្ឋិត​តាមរយៈ​ការ​ដាក់​ដៃ​​ របស់​សាវកទាំងពីរ​ដូច្នេះ គាត់​ក៏​ជូន​បា្រក់ ដល់​សាវកទាំងពីរ​នោះ១៩ទាំង​​និយាយ​ថា​៖ «សូម​ឲ្យ​​សិទ្ធិអំណាច​នេះ​ដល់​ខ្ញុំ​ដែរ ដើម្បី​ឲ្យអស់អ្នក​ដែល​ខ្ញុំដាក់ដៃ​លើ បានទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ» ​២០ប៉ុន្ដែ លោក​ពេត្រុស​និយាយ​ទៅ​គាត់​ថា​៖ «ចូរ​ឲ្យ​​បា្រក់​របស់​អ្នកវិនាស​ជាមួយ​អ្នក​ចុះ ព្រោះ​អ្នក​ស្មាន​ថា អ្នក​អាច​យក​បា្រក់​ទិញអំណោយ​ទាន ​របស់​ព្រះជាម្ចាស់​បាន​!​ ២១ដោយសារតែ​ចិត្ដ​របស់អ្នក មិន​ទៀង​ត្រង់នៅ​ចំពោះ​​​ព្រះជាម្ចាស់​ នោះ​អ្នក​គ្មានចំណែក ឬ​ភាគ​ណា​មួយ​នៅ​ក្នុង​កិច្ចការ​នេះ​ឡើយ។​ ២២ដូច្នេះចូរ​ប្រែចិត្ដ​ពី​សេចក្ដី​អាក្រក់​របស់​អ្នក​នេះ​ចុះ ហើយ​អធិស្ឋាន​ទៅ​ព្រះជាម្ចាស់ ក្រែងលោ​ព្រះអង្គ​ នឹងលើកលែងទោស​ដល់អ្នកចំពោះ​គំនិត​អាក្រក់​ នៅ​ក្នុង​ចិត្ដរបស់​អ្នក​ ២៣ដ្បិត​ខ្ញុំ​ឃើញ​ថា អ្នក​ជាប់​នៅ​ក្នុង​សេចក្ដី​ជូរ​ល្វីង និង​ចំណង​នៃ​សេចក្ដី​ទុច្ចរិត»​ ២៤ពេលនោះ លោក​ស៊ីម៉ូន​បាន​ឆ្លើយ​ថា​៖ «សូម​លោក​អធិស្ឋាន​ទៅ​ព្រះអម្ចាស់​ឲ្យ​​ខ្ញុំ​ផង ដើម្បី​​កុំ​ឲ្យ​​ហេតុ​អាក្រក់​ណាមួយ​ដែល​លោក​បាន​និយាយ​នោះ កើត​ឡើង​ចំពោះ​ខ្ញុំ​ឡើយ»។​

២៥ពេល​អ្នកទាំងពីរ​នោះ​ បាន​ធ្វើ​បន្ទាល់ និង​បាន​ប្រកាស​ព្រះបន្ទូល​របស់ព្រះអម្ចាស់​រួច​ហើយ ពួកគេ​ក៏​ត្រលប់​មក​ក្រុង​យេរូសាឡិម​វិញ ទាំង​ប្រកាស​ដំណឹងល្អ​តាម​ភូមិ​ជា​ច្រើន​របស់​ជនជាតិ​ សាម៉ារី​ផង។​

លោក​ភីលីព និង​មនុស្ស​កម្រៀវ​ដែល​ជា​មន្រ្ដី​ជនជាតិ​អេធីយ៉ូពី​

២៦នៅ​ពេលនោះ ​ទេវតា​របស់​ព្រះអម្ចាស់​ប្រាប់​លោក​ភីលីព​ថា​៖ «ចូរ​ក្រោក​ឡើង ហើយ​ធ្វើ​ដំណើរទៅ​ទិស​ខាង​ត្បូង​​​​​​​ តាម​ផ្លូវ​ ដែល​ឡើង​ពី​ក្រុង​យេរូសាឡិម​ទៅ​ក្រុង​កាសា​ចុះ»។ ផ្លូវ​នេះ​ស្ងាត់​ណាស់។ ​២៧ដូច្នេះ គាត់​ក៏​ក្រោក​ឡើង ហើយ​ចេញ​ទៅ។ មាន​ជនជាតិ​អេធីយ៉ូពី​ម្នាក់ជា​មនុស្ស​កម្រៀវ ហើយ​ជា​មន្រ្តី​រាជវាំង​របស់​ព្រះនាង​កាន់ដេស ដែល​ជា​មហាក្សត្រិ​យានី​របស់​ជនជាតិ​អេធីយ៉ូពី។​គាត់​មើលខុសត្រូវ​លើ​ទ្រព្យសម្បតិ្ដ​ទាំងអស់​របស់​ព្រះនាង។ គាត់​បាន​មក​ក្រុង​យេរូសាឡិមដើម្បី​ថ្វាយ​បង្គំ​​​​​​​​ ២៨ហើយ​ពេល​គាត់​ កំពុង​ជិះរទេះ​សេះ​របស់​គាត់​ត្រលប់ទៅវិញ គាត់​ក៏​អាន​បទគម្ពីរ​របស់លោកអេសាយ ជា​អ្នកនាំ​ព្រះបន្ទូល​ ២៩ព្រះ​វិញ្ញាណមានបន្ទូល​ប្រាប់​លោក​ភីលីព​ថា​៖ «ចូរ​ទៅ​ឲ្យ​​កៀក​រទេះ​​សេះ​នោះ​ចុះ»។

៣០នៅពេល​​រត់​ទៅ​ទាន់​រទេះសេះ​នោះ លោក​ភីលីព​ ក៏​ឮ​គាត់​​កំពុង​អាន​បទគម្ពីររបស់លោកអេសាយ ជាអ្នកនាំ​ព្រះបន្ទូល​​​​​​ ​​ដូច្នេះលោក​ភីលីព​ក៏​សួរ​ថា​៖ «តើ​លោក​យល់​សេចក្ដី​ដែល​លោក​កំពុង​អាន​នេះ​ដែរ​ឬ​ទេ​?»​ ៣១គាត់​​ឆ្លើយ​ថា​៖ «តើ​ឲ្យ​​ខ្ញុំ​យល់​យ៉ាងដូចម្ដេច​បាន បើ​គ្មាន​អ្នកណា​ម្នាក់​ណែនាំ​ខ្ញុំ​ផង​​?» ​ហើយគាត់ ​​ក៏​អញ្ជើញ​លោក​ភីលីព​ឲ្យ​​ឡើង​ជិះ​រទេះសេះ​ជាមួយ​គាត់។​ ៣២បទ​គម្ពីរ​ដែល​មន្ដ្រី​ម្នាក់​នោះ​កំពុង​អានគឺ លោក​ត្រូវ​គេ​នាំ​ទៅ ​ដូច​ជា​ចៀម ដែល​គេ​យក​ទៅ​សម្លាប់ ហើយ​ដូចជា​កូន​ចៀមដែល​ស្ងាត់ស្ងៀម នៅ​ចំពោះ​មុខ​អ្នក​កាត់​រោម ដូច្នេះ​ហើយបានជា​លោក​ មិន​បើក​មាត់​និយាយ​សោះ​។ ​៣៣នៅពេល​លោក​ត្រូវ​គេ​បន្ទាបបន្ថោក លោកមិន​បាន​ទទួល​​សេចក្ដី​យុត្តិធម៌​ទេ​។​ តើ​អ្នកណា​នឹង​អាច​ប្រាប់​អំពី​ពូជពង្ស​របស់លោក​​បាន​? ព្រោះ​គេ​បាន​ដក​យក​ជីវិតរបស់លោកពី​ផែនដី​នេះ​បាត់​ហើយ​។ ​

៣៤មនុស្ស​កម្រៀវ​នោះ​ បានសួរលោក​ភីលីព​ថា​៖ «ខ្ញុំ​សូម​សួរ​អ្នក​ទៅ​មើល៍ តើ​អ្នកនាំ​ព្រះបន្ទូលនិយាយ​យ៉ាងដូច្នេះអំពី​អ្នក​ណា​? អំពី​ខ្លួន​គាត់ ឬ​អំពី​អ្នកដទៃ​?» ៣៥ដូច្នេះលោក​ភីលីព​ក៏​បើក​មាត់​ប្រកាស​ប្រាប់​មន្ដ្រី​នោះ ​អំពី​ព្រះ​យេស៊ូ ដោយ​ចាប់ផ្ដើម​ពី​បទគម្ពីរ​នោះ។​

៣៦ពេល​អ្នក​ទាំងពីរ​ កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ ពួក​គេ​ក៏​មក​ដល់​កន្លែង​មួយ​មាន​ទឹក។ មនុស្ស​កម្រៀវ​នោះ​ក៏​ប្រាប់​ថា​៖ «មើល៍ នៅ​ទីនេះ​មាន​ទឹក​! តើ​មាន​អ្វីរា​រាំង​ខ្ញុំ​មិន​ឲ្យ​​ទទួលពិធី​ជ្រមុជ​ទឹក​​បាន​?»៣៧[លោក​ភីលីព​តប​ថា​៖ «បើ​លោក​​ជឿ​អស់​ពី​ចិត្ដ​មែន នោះ​លោក​អាច​ទទួល​បាន» មន្ដ្រី​នោះ​ក៏​ឆ្លើយ​ថា​៖ «ខ្ញុំជឿថាព្រះ​យេស៊ូគិ្រស្ដ ជាព្រះ​រាជបុត្រា​របស់​ព្រះជាម្ចាស់»​​]​​ ៣៨ពេលនោះ​គាត់​ក៏​បញ្ជា​ឲ្យ​​រទេះ​សេះ​ឈប់ ហើយ​ពួកគេ​បាន​ចុះ​ទៅ​ក្នុង​ទឹក​ទាំង​ពីរ​នាក់ ទាំង​លោក​ភីលីព​និង​មនុស្ស​កម្រៀវ រួច​លោក​ភីលីព​ក៏​ធ្វើពិធី​ជ្រមុជទឹក ឲ្យ​​មនុស្ស​កម្រៀវ​នោះ។​ ៣៩ពេល​អ្នក​ទាំងពីរ​ឡើង​ពី​ទឹក​មក​វិញ ព្រះ​វិញ្ញាណ​របស់​ព្រះអម្ចាស់ក៏​ឆក់​យក​លោក​ភីលីព​ទៅ ហើយ​មនុស្ស​កម្រៀវ​នោះ ​មិន​ឃើញ​លោក​ភីលីព​ទៀត​ទេ ប៉ុន្ដែ​គាត់​បាន​បន្ដ​ដំណើរ​ទៅ​ទាំង​អរ​សប្បាយ។​ ៤០រីឯ​​លោកភីលីព​វិញ គេ​បាន​ឃើញ​គាត់​នៅ​ឯ​ក្រុង​អាសូត​ ហើយ​ពេល​គាត់​ធ្វើដំណើរ​ទៅ​ គាត់​ក៏​ប្រកាស​ដំណឹងល្អ​ ក្នុងក្រុងទាំងអស់​រហូត​ទាល់​តែ​គាត់​បាន​មក​ដល់​ក្រុង​ សេសារា។

កិច្ចការ ៨