KCB - កិច្ចការ ៥


កិច្ចការ ៥

អាណានាស​ និង​សាភីរ៉ា​ កុហក​ពួក​សាវក​

មាន​បុរស​ម្នាក់​ ឈ្មោះ​ អាណានាស និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ​សាភីរ៉ា បាន​លក់​ទ្រព្យសម្បត្ដិ​របស់​ខ្លួន​​ ប៉ុន្ដែគាត់​បាន​លាក់​មួយ​ចំណែក​​នៃ​ប្រាក់លក់ទ្រព្យ​​នោះ​ ទុក​សម្រាប់​ខ្លួនឯង​ ដោយ​មាន​ការដឹងឮពី​ប្រពន្ធ​ដែរ ហើយគាត់បានយកមួយ​ចំណែកទៀតមកដាក់​នៅទៀប​ជើង​​របស់​ពួក​សាវក។​

ពេលនោះ លោក​ពេត្រុស​និយាយ​ថា​៖ «ឱ​ អាណានាស​អើយ​! ហេតុអ្វីបានជាអារក្ស​សាតាំង នៅ​ពេញ​ក្នុង​​ចិត្ដ​របស់​អ្នក ធ្វើ​ឲ្យអ្នក​​​កុហកព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​លាក់​ប្រាក់លក់ដី​មួយ​ចំណែក​ទុក​ដូច្នេះ​?​ កាល​អ្នក​នៅ​មាន​ដី​នៅ​ឡើយ តើ​វា​មិន​មែន​ជា​របស់​អ្នក​ទេ‍ឬ​? ក្រោយ​ពី​បាន​លក់​ហើយ តើ​ប្រាក់​មិន​ស្ថិត​នៅ​ក្រោម​សិទ្ធិអំណាច​របស់​អ្នក​ទេ​ឬ​? ហេតុអ្វី​បានជា​អ្នក​កើត​គំនិត​នេះ​ នៅក្នុង​ចិត្ត​ដូច្នេះ​? អ្នក​មិន​បាន​កុហក​មនុស្ស​ទេ គឺ​បានកុហក​ព្រះជាម្ចាស់ទេតើ​​!»​ កាល​លោក​អាណានាស​ឮ​ពាក្យ​ទាំងនេះ​ហើយ គាត់​ក៏​ដួល​ដាច់ខ្យល់​ស្លាប់​ទៅ ហើយ​អស់អ្នក​ដែលបាន​ឮអំពីហេតុការណ៍​នេះ ក៏​មាន​សេចក្ដីកោតខ្លាច​ជាខ្លាំង។ ពេលនោះពួក​យុវជន​ក៏​ក្រោក​ឡើងរុំ​សព​គាត់ ហើយ​សែងយកទៅ​បញ្ចុះ។ ប្រហែល​ជាបី​ម៉ោងក្រោយមក ប្រពន្ធ​របស់​លោកអាណានាសក៏​ចូលមក​ដែរ ដោយមិនដឹងអំពីហេតុការណ៍​ដែល​បាន​កើតឡើង​នោះ​ទេ។​ លោក​ពេត្រុស​ក៏​សួរ​នាង​ថា​៖ «សូម​បា្រប់​ខ្ញុំ​មើល៍ តើ​អ្នក​លក់​ដី​បាន​ប្រាក់​ប៉ុណ្ណឹង​មែន​ឬ​?» នាង​ឆ្លើយ​ថា «ចាស​! ប៉ុណ្ណឹង​មែន»។​ ពេល​នោះលោក​ពេត្រុស​ ក៏​និយាយ​ទៅ​នាងថា​៖ «ហេតុអ្វី​បានជា​អ្នក​ ព្រមព្រៀង​គ្នា​ល្បងល​ព្រះវិញ្ញាណ​ របស់​ព្រះអម្ចាស់ដូច្នេះ​? មើល៍​ ជើង​របស់​ពួកអ្នក​ដែល​បញ្ចុះ​សព​ប្ដី​របស់​នាង​នៅ​មាត់ទ្វារ​ហើយ ពួកគេ​នឹង​សែង​នាង​យកទៅ​ដែរ»។​

១០ភ្លាមនោះ នាង​ក៏​ដួល​នៅ​ទៀប​ជើង​របស់​លោក​ពេត្រុស ហើយ​ដាច់ខ្យល់​ស្លាប់​ទៅ។ ពេល​ពួក​យុវជន​ចូលមក ហើយ​ឃើញ​នាង​ស្លាប់​ដូច្នេះ ពួកគេ​ក៏​សែង​នាង​ យកទៅ​បញ្ចុះ​ក្បែរ​ប្ដី​របស់​នាង។​ ១១ក្រុម​ជំនុំ​ទាំងមូល ព្រមទាំង​អស់អ្នកដែល​បាន​ឮ អំពី​ហេតុការណ៍នេះ​មាន​សេចក្ដី​កោតខ្លាច​ជាខ្លាំង។​

ពួក​សាវក ប្រោស​មនុស្ស​ជា​ច្រើន​ឲ្យ​​បាន​ជា​

១២មាន​ទីសំគាល់ និង​ការអស្ចារ្យ​ជាច្រើន​ បាន​កើតឡីង​នៅក្នុង​ចំណោម​ប្រជាជន តាមរយៈ​​ដៃ​របស់​ពួក​សាវក​​ ហើយ​ពួកគេ​ទាំងអស់​គ្នាមានចិត្ដ​គំនិត​តែមួយ នៅក្នុង​សាលាសំណាក់​សាឡូម៉ូន​ ​​​១៣រីឯ​អ្នក​ផ្សេងទៀត គ្មាន​អ្នកណា​ហ៊ាន​ចូល​រួមជាមួយពួកគេ​ទេ ប៉ុន្ដែ​ទោះ​ជាយ៉ាងណាក្ដី ប្រជាជន​គោរព​ពួកគេ​ ១៤ហើយ​អស់​អ្នក ដែលបានជឿ​ព្រះអម្ចាស់ទាំងប្រុសទាំង​សី្រមានចំនួនកើន​ឡើងជា​លំដាប់​ ១៥ដូច្នេះហើយ បាន​ជា​មាន​គេ​សែង​ពួក​អ្នកជំងឺ​មក​ដាក់​នៅ​តាម​ផ្លូវ ហើយ​ផ្ដេក​អ្នកជំងឺ​ទាំងនោះ​នៅលើ​គ្រែ​ស្នែង និង​​ កន្ទេល ដើម្បី​ពេល​​លោកពេត្រុស​ដើរកាត់ ​យ៉ាងហោចណាស់​ក៏​​ស្រមោល​របស់គាត់បាំងលើអ្នកខ្លះ​ ក្នុងចំណោម​ពួកគេ​​ ១៦​ហើយមនុស្ស​ជាច្រើន​ដែល​នៅក្នុងក្រុង​​ទាំងឡាយ​ ជុំវិញក្រុងយេរូសាឡិម​ បាននាំគ្នា​មក​ដែរ ដោយ​នាំ​យក​​ពួក​អ្នកជំងឺ និង​អស់​អ្នក​ដែលត្រូវពួក​​វិញ្ញាណ​អាក្រក់ ធ្វើទុក្ខមក​ជាមួយ ហើយ​អ្នកទាំង​នោះក៏​ត្រូវបានប្រោសឲ្យ​ជាទាំងអស់​គ្នា។​

ពួក​សាវក​ជួប​នឹង​ការប្រឆាំង​

១៧រីឯ​សម្ដេចសង្ឃ និងពួក​អ្នក​ដែល​នៅ​ជាមួយ​​ ដែល​ជា​ពួក​អ្នកខាង​គណៈសាឌូស៊ី​​​បាន​រួមគ្នា​ប្រឆាំង ព្រោះ​ពួកគេ​ពេញ​ដោយ​សេចក្ដីច្រណែន​ ១៨ពួកគេ​បាន​ចាប់​ពួក​សាវក​ ហើយ​យកទៅ​ឃុំ​ទុក​នៅក្នុង​គុក​សាធារណៈ។ ១៩ប៉ុន្ដែ​នៅពេល​យប់ ទេវតា​របស់​ព្រះអម្ចាស់​បាន​បើក​ទ្វារ​គុក ហើយ​នាំ​ពួកគេ​ចេញ​ ទាំង​និយាយ​ថា​៖​ ២០«ចូរ​ទៅ ហើយ​ឈរ​ប្រកាស​ប្រាប់​ប្រជាជន​ នៅក្នុង​ព្រះ​វិហារ អំពី​អស់ទាំង​ព្រះបន្ទូល​នៃ​ជីវិត​នេះ​​​ចុះ»។​ ២១ពេល​ឮ​ដូច្នេះ​ហើយ ពួកគេ​ ក៏​ចូលទៅ​ក្នុង​ព្រះ​វិហារ​ពី​ព្រលឹមហើយ​ចាប់ផ្ដើម​បង្រៀន។​ កាល​​​សម្ដេចសង្ឃ និង​ពួក​អ្នក​នៅ​ជាមួយ​ បាន​មក​ដល់ហើយ ពួកគេ​ក៏​កោះហៅ​ក្រុម​បឹ្រក្សា​ កំពូល ​​រួមទាំងក្រុមប្រឹក្សា​របស់​ប្រជាជនអ៊ីស្រាអែលទាំង​អស់​មក និង​បានចាត់​គេឲ្យ​​ទៅ​គុក ដើម្បីនាំពួកសាវកមក ២២ប៉ុន្ដែកាលពួក​ឆ្មាំ​ព្រះវិហារ​បាន​ទៅ​ដល់គុក ពួកគេមិនបាន​ឃើញ​ពួកសាវក​​​នៅក្នុង​នោះ​ទេ ដូច្នេះពួកគេ​ក៏​ត្រលប់មក​រាយការណ៍​វិញ ២៣ថា​៖ «យើង​បាន​ឃើញ​គុក​ចាក់សោជាប់យ៉ាងមាំ ទាំង​មាន​អ្នកយាម​ឈរ​នៅ​មាត់​ទ្វារ ប៉ុន្ដែពេល​​​យើង​បើក​ទ្វារ​ទៅ នោះ​គ្មាន​ឃើញ​អ្នកណា​ម្នាក់នៅក្នុង​នោះសោះ»។​

២៤ពេល​ប្រធានឆ្មាំ​ព្រះវិហារ និង​ពួក​សម្ដេចសង្ឃឮ​ដូច្នោះ ពួកគេ​គិតមិនយល់ទាល់តែសោះ ​ចំពោះ​ហេតុការណ៍​ដែលបានកើតឡើង ដល់​ពួក​សាវក។​ ២៥ពេល​នោះ មាន​ម្នាក់​បាន​មក​រាយការណ៍​បា្រប់​ពួកគេ​ថា​៖ «មើល៍ ពួក​មនុស្ស​ ដែល​ពួក​លោក​បាន​ចាប់​​ដាក់​គុក​នោះ ឥឡូវនេះ​ពួកគេកំពុងឈរ​បង្រៀនប្រជា​ជន នៅក្នុងព្រះ​វិហារឯ​ណោះ​!» ២៦ដូច្នេះប្រធាន​ឆ្មាំ​ព្រះវិហារ និងពួក​ឆ្មាំព្រះវិហារ បានចេញទៅ​នាំពួកសាវក​មក ដោយ​គ្មាន​អំពើហិង្សា​ទេ ព្រោះ​ពួកគេ​ខ្លាច​ប្រជាជន​គប់​​ពួកគេ​នឹងដុំថ្ម។​ ២៧ពេល​ពួកគេ​នាំ​ពួក​សាវក​​មក​ដល់​​ហើយ ពួកគេ​ក៏​ដាក់​អ្នក​ទាំង​នោះ​​នៅមុខ​ក្រុមបឹ្រក្សាកំពូល ហើយសម្ដេច​សង្ឃក៏​សួរ​ពួកគេ​ ២៨ថា​៖ «យើងបាន​ចេញ​បញ្ជា​យ៉ាង​ម៉ឺង​​ម៉ាត់ មិន​ឲ្យ​​អ្នករាល់គ្នា​បង្រៀន​ ដោយនូវ​ឈ្មោះ​របស់​អ្នកនោះ​ទេ ប៉ុន្ដែ មើល៍ អ្នករាល់គ្នា​បាន​បង្រៀន​ពេញ​ក្រុង​យេរូសាឡិម ហើយមានបំណង​យកឈាមបុរស​នេះ​ មកទម្លាក់​លើយើង​ទៀត​ផង»។​

២៩ពេល​នោះលោក​ពេត្រុស និង​ពួក​សាវក​បាន​ឆ្លើយ​ថា​៖ «យើង​ត្រូវ​ស្ដាប់បង្គាប់តាមព្រះជាម្ចាស់ ជាជាង​ស្ដាប់តាមមនុស្ស​ ៣០ព្រះ​នៃដូនតារបស់​យើងបាន​ប្រោសព្រះយេស៊ូ ដែល​ពួកលោកបាន​សម្លាប់​​ដោយ​ព្យួរនៅ​លើ​ឈើ​ឆ្កាងឲ្យរស់ឡើងវិញ។​ ៣១ព្រះយេស៊ូនេះ​ហើយ ដែលព្រះជាម្ចាស់បាន​លើក​តម្កើង​ឲ្យ​​នៅ​ខាង​ស្ដាំ​ព្រះអង្គ ធ្វើ​ជា​ព្រះអម្ចាស់ និងជា​​ព្រះអង្គសង្គ្រោះ ដើម្បី​ប្រទាន​ការ​ប្រែចិត្ដ ព្រមទាំង​ការលើកលែងទោស​បាប​ដល់​ជនជាតិ​អ៊ីស្រាអែល ៣២​រីឯ​យើងជាសាក្សី​អំពី​ហេតុការណ៍​នេះ ហើយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែលព្រះជាម្ចាស់បាន​ប្រទានដល់​ពួកអ្នក​ដែល​ស្ដាប់បង្គាប់​តាម​ព្រះអង្គ ក៏​ជា​សាក្សី​ដែរ»។

៣៣ពេលពួកគេ​ឮ​ដូច្នេះ ក៏​ខឹង​ជាខ្លាំង ហើយចង់សម្លាប់ពួកសាវកចោល​ ៣៤ប៉ុន្ដែ​ មាន​អ្នកខាង​គណៈផារិស៊ីម្នាក់​ឈ្មោះ​កាម៉ាលាលជា​គ្រូ​វិន័យ​និង​ជាអ្នកដែលប្រជាជនគ្រប់គ្នា​គោរព គាត់​បានងើប​ឈរឡើងនៅក្នុង​ក្រុមបឹ្រក្សាកំពូល​​នោះ ហើយ​បាន​បង្គាប់​គេ​ឲ្យ​​យក​ពួកសាវក​ទាំង​នោះ ទៅ​ខាងក្រៅ​បន្ដិ​ច​សិន។​ ៣៥បន្ទាប់មក គាត់​​​ក៏និយាយទៅពួកគេ​ថា៖ ​«បងប្អូន​អ៊ីស្រាអែលអើយ! ចូរ​ប្រយ័ត្ន​​ខ្លួនពីការ​ដែលបងប្អូនប៉ុនប៉ងធ្វើចំពោះ​អ្នក​ទាំងនេះ ៣៦ដ្បិត​ពេល​ថ្មីៗ​កន្លងមក​នេះ មាន​ម្នាក់​ឈ្មោះ​ធើដាស​បាន​អះអាង​ធ្វើជា​មនុស្ស​ដ៏​អស្ចារ្យ​​ម្នាក់ ហើយ​មនុស្ស​មួយ​ក្រុម ដែលមានគ្នា​ប្រហែល​បួនរយ​នាក់​បាន​ចូលរួម​ជាមួយ​អ្នកនោះ​ ប៉ុន្ដែ​អ្នក​នោះ​​ក៏​ត្រូវ​គេ​សម្លាប់ ហើយ​ពួក​អ្នកទាំងឡាយ ​​ដែលដើរ​តាមគាត់បានខ្ចាត់ខ្ចាយ​អស់ ៣៧បន្ទាប់ពី​ម្នាក់​នោះ​មក ​មាន​ម្នាក់​ទៀតឈ្មោះយូដាសជា​អ្នកស្រុកកាលីឡេ បាន​ក្រោកឡើងបះបោរនៅ​គ្រា​ធ្វើជំរឿន​ប្រជាជន គាត់​បានអូស​ទាញ​មនុស្ស​​មួយ​ចំនួន​​​ ឲ្យ​​ដើរតាម​គាត់។ អ្នក​នេះ​ក៏​វិនាស​ដែរ ហើយ​ពួក​អ្នក​ទាំង​​ឡាយ​ដែល​ដើរតាម​គាត់​ ក៏​ខ្ចាត់ខ្ចាយ​អស់​ដែរ​​ ៣៨ដូច្នេះក្នុង​ករណី​នេះ ខ្ញុំ​សូម​ប្រាប់​អ្នករាល់គ្នា​ថា ចូរ​នៅ​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​ទាំងនេះ ហើយ​បណ្ដោយ​តាម​ពួកគេ​ចុះ ព្រោះ​បើ​គម្រោងការ ឬ​សកម្មភាព​នេះ​ជា​របស់​មនុស្ស នោះ​នឹង​ត្រូវ​វិនាស​មិនខាន ៣៩ផ្ទុយទៅវិញ បើ​ការ​នេះ​មកពីព្រះជាម្ចាស់ នោះអ្នករាល់គ្នា​មិន​អាច​ធ្វើឲ្យពួកគេវិនាសបានឡើយ មិនត្រឹមតែ​ប៉ុណ្ណោះ​ អ្នករាល់គ្នា​នឹង​ត្រលប់ជា​អ្នក​តតាំង​នឹង​ព្រះជាម្ចាស់​ទៀត​ផង»។​ ពួកគេ​ក៏​យល់ព្រម‍តាម​សំដី​របស់​គាត់​ ៤០បន្ទាប់មក ពួកគេ​ក៏​ហៅ​ពួក​សាវកឲ្យ​​ចូលមក​វិញ និង​បាន​វាយ​​អ្នក​ទាំង​នោះ ​ទាំង​ហាម​មិន​ឲ្យ​​ប្រកាស​ដោយ​នូវ​ព្រះនាម​​របស់​ព្រះ​យេស៊ូ​ទៀត​ឡើយ រួច​ពួកគេ​ក៏​ដោះ​លែង​ពួក​សាវក។

៤១ពេលនោះ ពួក​សាវក​បានចេញពីអង្គប្រជុំរបស់ក្រុមបឹ្រក្សាកំពូល​ ទាំង​អរ​សប្បាយ ចំពោះ​ការដែល​ត្រូវ​បានគេ​រាប់ថា ជា​អ្នកស័ក្ដិសមទទួលសេចក្ដី​ដំណៀល​​ ដោយ​ព្រោះ​ព្រះនាម​របស់​ព្រះអង្គ​ ៤២ហើយ​ជា​រៀងរាល់ថ្ងៃពួក​សាវក​​បាន​បន្ដបង្រៀន ​ព្រមទាំងប្រកាសដំណឹងល្អអំពីព្រះ​យេស៊ូ ជា​ព្រះគិ្រស្ដ​​ឥតឈប់ឈរ​ ទាំង​នៅក្នុង​ព្រះ​វិហារ និង​នៅតាម​ផ្ទះ។

កិច្ចការ ៥