KCB - កិច្ចការ ៤


កិច្ចការ ៤

លោក​ពេត្រុស ​និង​លោក​យ៉ូហាន​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​អ្នក​ដឹកនាំ​របស់​ជនជាតិ​យូដា​

កាល​លោក​ពេត្រុស និង​លោក​យ៉ូហាន​ កំពុងនិយាយ​ទៅ​បណ្ដាជននៅឡើយនោះ ពួក​សង្ឃ​ ប្រធាន​ឆ្មាំ​ព្រះ​វិហារ និង​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​បាន​មកដល់​ ទាំង​ទាស់​ចិត្ដ​ជាខ្លាំង ព្រោះ​អ្នកទាំងពីរ​បង្រៀន​បណ្ដាជន និងប្រកាសអំពីការរស់​ពីស្លាប់ឡើងវិញ​ តាមរយៈព្រះ​​យេស៊ូ។​ ពួកគេក៏ចាប់អ្នកទាំងពីរ ហើយ​​យកទៅឃុំទុក​ក្នុង​គុក រហូតដល់​ថ្ងៃបន្ទាប់ ដ្បិត​ពេលនោះ​ល្ងាច​ណាស់​ហើយ​​ ប៉ុន្ដែក្នុង​ចំណោម​ពួកអ្នក ​ដែល​បាន​ឮ​ព្រះបន្ទូលមាន​មនុស្ស​ជាច្រើន​បាន​ជឿ គឺ​មាន​គ្នា​ចំនួន​ប្រហែល​ប្រាំ​ពាន់​នាក់។​

លុះ​ថ្ងៃបន្ទាប់ ពួក​មេ​ដឹកនាំ ពួក​ចាស់ទុំ និង​ពួក​គ្រូ​វិន័យក៏​ជួបជុំគ្នា​នៅក្នុង​ក្រុងយេរូសាឡិម​ ជាមួយ​លោក​អាណ​ ជា​សម្ដេច​សង្ឃ លោក​កៃផា លោក​យ៉ូហាន និង​លោក​អ័លេក្សានត្រុស ព្រមទាំង​ពូជពង្ស​របស់​សម្ដេចសង្ឃ​ទាំងអស់។​ ពេល​គេ​យក​អ្នកទាំង​ពីរ​ មកដាក់​នៅ​កណ្តាលចំណោម​ហើយក៏​សួរថា​៖ «តើ​អ្នកទាំងពីរធ្វើ​ការនេះ​ដោយ​អំណាចអ្វី ឬដោយឈ្មោះ​របស់​អ្នកណា​?» ​ពេលនោះលោកពេត្រុស​បាន​ពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ក៏​និយាយ​ទៅ​ពួកគេ​ថា​៖ «ឱ​ពួក​អ្នក​ដឹក​នាំ និងពួក​ចាស់ទុំ​ របស់​ប្រជាជន​អើយ! បើ​អស់​លោក​ សាកសួរ​យើង​នៅថ្ងៃនេះ អំពី​ការ​ល្អ​ ដែល​បាន​កើតឡើង​ចំពោះ​មនុស្ស​ពិការ​ម្នាក់​ថា ​គាត់​បាន​ជា​ដោយ​សារ​អ្វី​ ១០នោះ​ចូរ​អស់​លោក ព្រមទាំង​ប្រជាជន​អ៊ីស្រាអែលទាំង​អស់ ​ដឹង​ចុះ​ថា គឺ​ដោយ​សារ​ព្រះនាម​ព្រះ​យេស៊ូ​គិ្រស្ដ​ ជា​អ្នកក្រុង​ណាសារ៉ែត ដែលពួក​លោកបានឆ្កាង ហើយ​ព្រះជាម្ចាស់​បាន​ប្រោសឲ្យរស់ពីការ​សោយ​ទិវង្គត ឡើងវិញ​នោះ​ហើយ ទើប​បុរសនេះ​បាន​ឈរនៅ​ចំពោះ​មុខ​ពួក​លោក ទាំង​មាន​សុខភាព​ល្អ​ដូច្នេះ។​ ១១ព្រះអង្គ​ហ្នឹង​ហើយ​ជា​ ថ្ម​ដែល​ពួក​លោក​ជា​ជាងសំណង់​បោះបង់​ចោល ប៉ុន្ដែ​ ថ្ម​នេះ​បាន​ត្រលប់ជា​ថ្ម​ដ៏​សំខាន់​នៅតាមជ្រុង។​ ១២ហើយ​គ្មានសេចក្ដី​សង្គ្រោះ​ តាមរយៈ​អ្នកណា​ទៀត​​ឡើយ ដ្បិត​នៅក្រោមមេឃ​ គ្មាន​ឈ្មោះណា​ទៀត​ ដែលព្រះជាម្ចាស់​បានប្រទាន​មកក្នុងចំណោមមនុស្ស ដើម្បី​ឲ្យ​យើង​ទទួលបាន​សេចក្ដីសង្គ្រោះ​នោះ​ឡើយ»។​

១៣ដូច្នេះ ពេល​ពួកគេ​សង្កេត​ឃើញ​សេចក្ដី​ក្លាហាន​របស់​លោក​ពេត្រុស និង​លោក​យ៉ូហាន ហើយ​ក្រោយពី​បាន​យល់​ថា គាត់​ទាំងពីរ​ជា​មនុស្សមិន​បាន​រៀនសូត្រ និងមិនសូវចេះដឹង ពួកគេ​ក៏​ស្ញប់​ស្ញែង ហើយ​ទទួល​ស្គាល់​ថា​ គាត់​ទាំងពីរនេះ ធ្លាប់នៅជាមួយ​ព្រះ​យេស៊ូ​ ១៤ព្រមទាំងឃើញ​បុរស​ដែល​បាន​ជា​នោះ​កំពុង​ឈរ​ជាមួយ​គាត់​ទាំងពីរ​នាក់​ទៀតនោះ​ពួកគេ​គ្មាន​អ្វី​ឆ្លើយ​តប​បាន​ឡើយ។​ ១៥ពេល​នោះ ពួកគេ​បាន​បង្គាប់​គាត់​ទាំងពីរឲ្យ​ចេញ​ពី​ក្រុមបឹ្រក្សាកំពូល​​ ទៅក្រៅ ហើយពួកគេ​ក៏​ពិគ្រោះ​គ្នា​ថា​៖ ​១៦«តើ​យើង​ត្រូវធ្វើ​ដូចម្តេច​ ចំពោះមនុស្ស​​ទាំងនេះ​? ដ្បិត​តាមរយៈ​អ្នក​ទាំង​នេះ ទីសំ​គាល់​​ជាក់ស្ដែង​ បាន​កើតឡើង​ចំពោះ​មនុស្ស​ទាំងអស់ ​ដែល​រស់នៅ​ក្នុង​ក្រុង​យេរូ​សាឡិម ហើយ​យើង​ក៏​មិន​អាច​ប្រកែក​បាន‍ដែរ។​ ១៧ដូច្នេះដើម្បី​កុំ​ឲ្យ​​ដំណឹង​នេះ លេចឮ​ដល់​ប្រជាជន​តទៅទៀត យើង​ត្រូវ​គំរាមពួកគេកុំឲ្យនិយាយប្រាប់អ្នក​ណា​ទៀត​ ដោយ​នូវ​ឈ្មោះ​នេះ»។​​ ១៨បន្ទាប់មក ពួកគេ​ក៏​ហៅ​គាត់​ទាំងពីរនាក់​នោះ​ចូលមក​វិញ ហើយ​បាន​បង្គាប់​មិន​ឲ្យ​​និយាយ ឬ​បង្រៀន​ដោយ​នូវ​ឈ្មោះ​ព្រះ​យេស៊ូ​នេះ ​ជាដាច់ខាត​ ១៩ប៉ុន្ដែ​លោក​ពេត្រុស និង​លោក​យ៉ូហាន​បាន​ឆ្លើយ​ទៅ​ពួកគេ​ថា​៖ «ចូរ​​ពួកលោក​ពិចារណា​មើល​ចុះ តើ​ជា​ការ​តឹ្រមត្រូវ​នៅ​ចំពោះ​ព្រះជាម្ចាស់​ដែរ​ឬទេ ​ដែលឲ្យយើង​ស្ដាប់​តាម​ពួកលោក ជា​ជាង​ស្ដាប់តាមព្រះជាម្ចាស់​នោះ​​ ២០ដ្បិត​យើង​មិន​អាច​ឈប់​និយាយ​អំពីអ្វី ដែលយើង​បាន​ឃើញ និង​បានឮ​នោះ​ទេ»។​

២១ក្រោយពីបាន​គំរាម​អ្នកទាំងពីរនោះ​ថែម​ទៀតមក​ ពួកគេ​ក៏​ដោះលែង​ពួក​គាត់​​ឲ្យ​ទៅ ដោយរក​ហេតុ​ដាក់ទោសពួកគាត់​​​​មិនបាន ព្រោះប្រជាជន ដ្បិតប្រជាជនទាំងអស់ កំពុងសរសើរតម្កើង​ព្រះជាម្ចាស់ចំពោះ​អ្វី​ដែល​បាន​កើតឡើង​២២រីឯ​​បុរស ​ដែល​បាន​ទទួល​ការអស្ចារ្យនៃការប្រោសឲ្យជានេះ គាត់​មាន​អាយុ​សែសិប​ឆ្នាំ​ជាង។

ពួក​អ្នក​ជឿ​អធិស្ឋាន​សុំ​សេចក្ដី​ក្លាហាន​

២៣ក្រោយពេល​គេ​ដោះលែង​រួចហើយ គាត់​ទាំង​ពីរនាក់​ ក៏​ទៅឯគ្នីគ្នា​របស់ខ្លួន ហើយ​រៀបរាប់​សព្វគ្រប់​​អំពី​អ្វី ​ដែល​ពួក​សម្ដេចសង្ឃ និង​ពួកចាស់ទុំ​ បាន​​និយាយ​មកកាន់​ពួកគាត់។​ ២៤កាលពួកគេបាន​ឮដូច្នោះ ពួកគេ​ក៏​បន្លឺ​សំឡេង​ព្រមៗ​គ្នាទូល​ទៅ​ព្រះជាម្ចាស់​ថា​៖ «ឱព្រះអម្ចាស់អើយ! គឺ​ព្រះអង្គ​ហើយដែល​បាន​បង្កើត​ផ្ទៃមេឃ ផែនដី សមុទ្រ និង​អ្វី​ៗ​សព្វ​សារពើ​ ដែល​នៅក្នុង​នោះ​ផង​ ២៥ហើយ​ព្រះអង្គ​បាន​មានបន្ទូល​ ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ តាមរយៈ​មាត់​របស់​ស្ដេច​ដាវីឌជាអ្នកបម្រើរបស់ព្រះអង្គដែលជា​ដូនតា​របស់​យើង​ថា ហេតុអ្វី​បានជាជន​​ជាតិទាំងឡាយបង្កចលាចល ហើយ​ប្រជាជន ស្រមៃ​ពី​រឿង​ឥត​ប្រយោជន៍​ដូច្នេះ​?​ ២៦ពួក​ស្ដេច​នៅលើផែនដី​បានត្រៀមប្រយុទ្ធ ពួកមេដឹកនាំបាន​ប្រមូលគ្នា​ទាស់នឹង​ព្រះអម្ចាស់ ព្រមទាំង​ព្រះគ្រិស្ដ​២៧ហើយ​នេះ​ជា​ការពិត ដ្បិត​នៅក្នុង​ក្រុង​នេះ ស្តេច​ហេរ៉ូឌ លោក​ប៉ុនទាស​ពីឡាត់ សាសន៍​ដទៃ ព្រមទាំង​ប្រជាជន​អ៊ីស្រាអែលបានរួមគ្នាទាស់នឹងព្រះយេស៊ូ ជាអ្នកបម្រើដ៏បរិសុទ្ធរបស់​ព្រះអង្គ ដែលព្រះអង្គបានជ្រើសតាំង​ ២៨ឲ្យ​ធ្វើអ្វីៗ​ដែល​ព្រះហស្ដ និង​បំណង​របស់​ព្រះអង្គ បានកំណត់ទុកឲ្យកើតឡើង។ ​២៩ដូច្នេះ ព្រះអម្ចាស់​អើយ! ឥឡូវនេះ សូម​មើល​សេចក្ដី​គំរាម​របស់ពួកគេ​ចុះ ហើយ​សូមប្រទានឲ្យ​ពួកបាវ​បម្រើរបស់ព្រះអង្គ បានពេញ​ដោយ​សេចក្ដីក្លាហាន ដើម្បី​ប្រកាស​ព្រះបន្ទូល​របស់​ព្រះអង្គ​ ៣០​ដោយ​ព្រះអង្គ​លូក​ព្រះហស្ដ​មកប្រោស​ឲ្យ​ជា ព្រមទាំង​ធ្វើឲ្យ​មានទីសំគាល់ និង​ការអស្ចារ្យ​កើតឡើង តាមរយៈព្រះនាមរបស់ព្រះយេស៊ូ ជាអ្នកបម្រើ​ដ៏បរិសុទ្ធ​របស់ព្រះអង្គ»។ ​

៣១ពេល​ពួកគេបាន​អធិស្ឋានរួចហើយ កន្លែងដែល​ពួកគេកំពុងជួបប្រជុំគ្នានោះក៏​ញ័ររញ្ជួយ រីឯពួកគេក៏​ពេញដោយព្រះវិញ្ញាណបរិសុទ្ធទាំងអស់គ្នា ហើយ​ចាប់ផ្ដើម​ប្រកាស​ព្រះបន្ទូល​របស់ព្រះជាម្ចាស់​ដោយក្លាហាន។

ពួក​អ្នក​ជឿ​លក់​ទ្រព្យ​សម្បត្ដិ​របស់​ខ្លួន​

៣២ពេលនោះ អស់​អ្នក​ដែល​បាន​ជឿ​មាន​ចិត្ដ​គំនិត​តែមួយ ហើយ​គ្មាន​អ្នកណា​ម្នាក់​និយាយ​ថា ទ្រព្យសម្បត្ដិដែល​ខ្លួនមានជារបស់​ខ្លួន​ឡើយ គឺ​អ្វីៗ​ទាំងអស់​របស់ពួកគេជារបស់រួម។​ ៣៣ពួក​សាវក បានធ្វើទីបន្ទាល់យ៉ាងមានអំណាចអស្ចារ្យ អំពីការ​រស់ឡើងវិញ​របស់​ព្រះអម្ចាស់​យេស៊ូ ហើយ​ពួកគេ​ទាំងអស់​គ្នា ក៏​ទទួលបាន​ព្រះ​គុណ​​ដ៏​លើសលុប។​ ៣៤នៅ​ក្នុង​ចំណោម​ពួកគេគ្មាន​អ្នកណា​ម្នាក់​ខ្វះ​ខាត​ឡើយ ដ្បិត​អស់​អ្នក​ដែល​មាន​ដី ឬ​មាន​ផ្ទះ គេ​បាន​លក់ ហើយយកបា្រក់​ដែល​បាន​ពីការ​លក់​របស់​ទាំង​នោះ​ ​៣៥មក​ដាក់​នៅទៀប​ជើង​របស់​ពួក​សាវក​ ហើយ​គេ​ក៏​ចែក​ឲ្យ​​គ្រប់​គ្នា​តាម​ដែល​ម្នាក់ៗ​​ត្រូវការ។​

៣៦រីឯ​​លោក​យ៉ូសែប ដែល​ពួក​សាវក​ហៅ​ថា បារណាបាស ប្រែ​ថា «កូន​នៃ​សេចក្ដី​លើកទឹកចិត្ដ» ជា​ពួក​លេវី កើត​នៅ​កោះ​គីប្រុស ៣៧គាត់​មាន​ដី​មួយ​កន្លែង ហើយ​​​បាន​លក់​យក​បា្រក់​មក​ដាក់​នៅ​ទៀប​ជើង​របស់​ពួក​សាវក។

កិច្ចការ ៤