កិច្ចការ ៣
លោកពេត្រុសប្រោសអ្នកសុំទានពិការឲ្យបានជា
៣មានពេលមួយនោះ នៅពេលអធិស្ឋានម៉ោងបីរសៀល លោកពេត្រុស និងលោកយ៉ូហាន បានទៅព្រះវិហារ ២ហើយនៅត្រង់ខ្លោងទ្វារព្រះវិហារ ដែលហៅថាទ្វារលំអ មានបុរសម្នាក់ ខ្វិនពីកំណើត ដែលត្រូវបានគេសែងមកដាក់ នៅទីនោះរៀងរាល់ថ្ងៃដើម្បីសុំទានពីអស់អ្នកដែលចូលទៅក្នុងព្រះវិហារ។
៣ពេលគាត់ឃើញលោកពេត្រុស និងលោកយ៉ូហានកំពុងចូលមកក្នុងព្រះវិហារ នោះគាត់ក៏សុំទានពីអ្នកទាំងពីរ ៤ប៉ុន្ដែលោកពេត្រុស និងលោកយ៉ូហានបានសម្លឹងមើលទៅគាត់ រួចនិយាយថា៖ «ចូរសម្លឹងមើលមកពួកយើង!» ៥គាត់ក៏ស្ដាប់តាមអ្នកទាំងពីរ ដោយសង្ឃឹមថានឹងទទួលបានអ្វីមួយពីពួកគេ។ ៦ពេលនោះលោកពេត្រុសប្រាប់ថា៖ «មាសបា្រក់ខ្ញុំគ្មានទេ ប៉ុន្ដែអ្វីដែលខ្ញុំមាន ខ្ញុំនឹងឲ្យអ្នក គឺក្នុងព្រះនាមព្រះយេស៊ូគិ្រស្ដ ជាអ្នកក្រុងណាសារ៉ែត ចូរក្រោកឡើង ហើយដើរទៅ!» ៧រួចលោកពេត្រុសក៏ចាប់ដៃស្ដាំគាត់ ហើយលើកគាត់ឡើង។ ភ្លាមនោះប្រអប់ជើង និងកជើងរបស់គាត់ក៏រឹងមាំ ៨គាត់ក៏ស្ទុះក្រោកឈរឡើងដើរទៅមក ហើយបានចូលទៅក្នុងព្រះវិហារជាមួយអ្នកទាំងពីរ ដោយដើរផងលោតផង ទាំងសរសើរតម្កើងព្រះជាម្ចាស់។
៩ពេលបណ្ដាជនទាំងអស់គ្នាឃើញគាត់ដើរ ទាំងសរសើរតម្កើងព្រះជាម្ចាស់ដូច្នេះ ១០ពួកគេចំណាំបានថា គាត់ជាអ្នកដែលបានអង្គុយសុំទាននៅខ្លោងទ្វារលំអ នៃព្រះវិហារនោះ ពួកគេក៏នឹកអស្ចារ្យ ហើយស្ញប់ស្ញែងយ៉ាងខ្លាំង ចំពោះហេតុការណ៍ ដែលកើតឡើងដល់គាត់។ ១១កាលគាត់កំពុងកៀកដៃជាមួយលោកពេត្រុស និងលោកយ៉ូហាន នោះបណ្ដាជនទាំងអស់ក៏រត់មកឯពួកគេនៅត្រង់សាលាសំណាក់មួយ ដែលហៅថាសាលាសំណាក់សាឡូម៉ូន ទាំងស្ញប់ស្ញែងយ៉ាងខ្លាំង។
លោកពេត្រុសប្រកាសព្រះបន្ទូលនៅក្នុងព្រះវិហារ
១២ពេលលោកពេត្រុស ឃើញដូច្នេះ គាត់ក៏និយាយ ទៅបណ្ដាជនទាំងនោះថា៖ «ឱបងប្អូនអ៊ីស្រាអែលអើយ! ហេតុអ្វីបានជាអ្នករាល់គ្នា នឹកអស្ចារ្យចំពោះហេតុការណ៍នេះដូច្នេះ? ហេតុអ្វីបានជាអ្នករាល់គ្នាសម្លឹងមើលយើង ហាក់បីដូចជាយើង បានធ្វើឲ្យបុរសនេះដើរបានដោយសារអំណាចរបស់យើងផ្ទាល់ ឬដោយសារយើង គោរពកោតខ្លាចព្រះជាម្ចាស់ដូច្នេះ? ១៣ព្រះរបស់លោកអ័បា្រហាំ លោកអ៊ីសាក លោកយ៉ាកុបជាព្រះនៃដូនតារបស់យើង បានលើកតម្កើងព្រះយេស៊ូ ជាអ្នកបម្រើព្រះអង្គ ដែលអ្នករាល់គ្នាបានចាប់បញ្ជូនព្រះអង្គ និងបានបដិសេធ នៅចំពោះមុខលោកពីឡាត់ កាលដែលគាត់សម្រេចថាដោះលែងព្រះអង្គនោះ។ ១៤អ្នករាល់គ្នាបានបដិសេធព្រះដ៏បរិសុទ្ធ និងសុចរិត ហើយបែរជាសុំឲ្យគេដោះលែងឃាតករឲ្យអ្នករាល់គ្នាវិញ ១៥អ្នករាល់គ្នាបានសម្លាប់ម្ចាស់នៃជីវិត ប៉ុន្តែព្រះជាម្ចាស់បានប្រោសព្រះអង្គ ឲ្យរស់ពីការសោយទិវង្គតឡើងវិញ រីឯយើងជាបន្ទាល់អំពីការនេះ ១៦ហើយដោយសារជំនឿលើព្រះនាមរបស់ព្រះអង្គនេះហើយ ដែលបានធ្វើឲ្យបុរសដែលអ្នករាល់គ្នាឃើញ និងស្គាល់នេះរឹងមាំ គឺដោយសារជំនឿតាមរយៈព្រះអង្គនេះហើយ ដែលបានធ្វើឲ្យគាត់ជាទាំងស្រុង នៅចំពោះមុខអ្នកទាំងអស់គ្នា។
១៧ដូច្នេះបងប្អូនអើយ! ខ្ញុំដឹងថា អ្នករាល់គ្នាបានប្រពឹ្រត្ដដោយមិនដឹងដូចដែលពួកអ្នកដឹកនាំ របស់អ្នករាល់គ្នាបានប្រព្រឹត្តដែរ។ ១៨ប៉ុន្ដែសេចក្ដីដែលព្រះជាម្ចាស់ បានប្រកាសប្រាប់ជាមុនតាមរយៈមាត់របស់ពួកអ្នកនាំព្រះបន្ទូលទាំងឡាយថា ព្រះគ្រិស្ដរបស់ព្រះជាម្ចាស់ត្រូវរងទុក្ខវេទនា នោះព្រះជាម្ចាស់បានសម្រេចការនេះ តាមរបៀបនេះឯង។ ១៩ដូច្នេះចូរប្រែចិត្ដ ហើយវិលមកឯព្រះជាម្ចាស់វិញ ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញ ២០និងដើម្បីឲ្យមានពេលល្ហែល្ហើយ ដែលមកពីព្រះវត្ដមានរបស់ព្រះអម្ចាស់ ព្រមទាំងដើម្បីឲ្យព្រះអង្គចាត់ព្រះយេស៊ូមកជាមុន ជាព្រះគិ្រស្ដ ដែលព្រះអង្គបានជ្រើសរើសទុកមកឯអ្នករាល់គ្នា ២១ប៉ុន្ដែព្រះយេស៊ូនេះ ត្រូវគង់នៅឯស្ថានសួគ៌រហូតដល់ពេលដែលព្រះជាម្ចាស់ស្ដារអ្វីៗទាំងអស់ឡើងវិញ ដូចដែលព្រះអង្គបានមានបន្ទូលមកតាមរយៈមាត់របស់ពួកអ្នកនាំព្រះបន្ទូលដ៏បរិសុទ្ធរបស់ព្រះអង្គតាំងពីជំនាន់ដើម។ ២២លោកម៉ូសេបានថ្លែងទុកថា ព្រះអម្ចាស់ដ៏ជាព្រះរបស់អ្នករាល់គ្នា នឹងតាំងអ្នកនាំព្រះបន្ទូលម្នាក់ដែលដូចជាខ្ញុំដែរ ពីក្នុងចំណោមបងប្អូនរបស់អ្នករាល់គ្នា សម្រាប់អ្នករាល់គ្នា ចូរអ្នករាល់គ្នាស្ដាប់តាមលោកគ្រប់សេចក្ដីទាំងអស់ ដែលលោកនិយាយប្រាប់អ្នករាល់គ្នាចុះ ២៣រីឯអ្នកណាដែលមិនព្រមស្ដាប់តាមអ្នកនាំព្រះបន្ទូលនោះគេនឹងវិនាសបាត់ពីក្នុងចំណោមប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ ២៤ហើយអ្នកនាំព្រះបន្ទូលទាំងឡាយ ចាប់ពីលោកសាំយូអែល ព្រមទាំងអ្នកក្រោយៗទៀត សុទ្ធតែបានប្រកាសប្រាប់ជាមុនអំពីគ្រានេះ។ ២៥អ្នករាល់គ្នានេះហើយជាកូនចៅរបស់ពួកអ្នកនាំព្រះបន្ទូល និងជាកូនចៅនៃកិច្ចព្រមព្រៀង ដែលព្រះជាម្ចាស់បានធ្វើជាមួយដូនតារបស់អ្នករាល់គ្នា ដោយបានមានបន្ទូលទៅលោកអ័បា្រហាំថា គ្រួសារទាំងអស់នៅលើផែនដីនឹងទទួលពរតាមរយៈពូជពង្សរបស់អ្នក។
២៦ព្រះជាម្ចាស់ បានជ្រើសរើសអ្នកបម្រើរបស់ព្រះអង្គ ហើយបានចាត់លោកឲ្យមកឯអ្នករាល់គ្នាមុនគេ ដើម្បីប្រទានពរឲ្យអ្នករាល់គ្នា ដោយបង្វែរអ្នករាល់គ្នា ចេញពីសេចក្ដីអាក្រក់របស់អ្នករាល់គ្នារៀងៗខ្លួន»។