KCB - កិច្ចការ ២៨


កិច្ចការ ២៨

លោក​ប៉ូល​នៅលើ​កោះ​មេលីត​

២៨ពេល​បាន​រួច​ជីវិត​​ហើយ​នោះ​ ទើប​​យើង​ដឹង​ថាកោះ​នោះឈ្មោះ​​មេលីត ​ហើយ​ពួក​អ្នកកោះ​នោះ​ បាន​បង្ហាញ​ចិត្ត​សប្បុរស​ដល់​យើង​រក​ប្រៀប​ផ្ទឹម​ពុំ​​បាន ពួកគេ​បាន​បង្កាត់​ភ្លើង​ ទទួល​ពួក​យើង​ទាំងអស់​គ្នា ព្រោះ​ភ្លៀង​កំពុង​ធ្លាក់ ហើយ​ធាតុអាកាស​ក៏​ត្រជាក់។ ​ប៉ុន្ដែ​ពេល​លោក​ប៉ូល​ប្រមូល​អុស​មួយ​ចំនួន ​មក​ដាក់​លើ​ភ្លើង នោះ​មាន​ពស់​វែក​មួយ​ចេញ​មក​ ដោយ​សារ​កំដៅ​ភ្លើង ហើយចឹក​​ដៃ​របស់​គាត់​ជាប់‍។​ ពេល​ពួក​អ្នកកោះ​ ឃើញ​ពស់វែក​កំពុង​ព្យួរ​ជាប់​ដៃ​របស់​លោក​ប៉ូល ពួកគេ​ក៏​និយាយ​គ្នា​ថា​៖ «មនុស្ស​នេះ​ប្រាកដ​ជា​ឃាតក​​ហើយ ទើប​សេចក្ដី​យុត្តិធម៌​មិន​ទុក​ឲ្យ​​គាត់​រស់ ទោះជា​គាត់​បាន​រួច​ជីវិត​ពី​សមុទ្រ​ក៏ដោយ‍»។​​ ប៉ុន្ដែលោកប៉ូល​បាន​រលាស់​ពស់​នោះ​​ទៅ​ក្នុង​ភ្លើង ហើយគ្មាន​ការ​ឈឺ​ចុកចាប់​អ្វី​ឡើយ។​ ពួកគេ​គិត​ថា​ គាត់​មុខជា​ហើម ឬ​ដួល​ស្លាប់​ភ្លាមៗ​មិនខាន ប៉ុន្ដែ​ពេល​ចាំ​មើល​យ៉ាង​យូរ​ ហើយ​មិនឃើញមាន​អ្វី​ប្លែកកើតឡើង​ចំពោះ​គាត់សោះ​ ពួកគេ​ក៏​ដូរ​គំនិត ហើយ​និយាយ​គ្នា​ថា​គាត់​ជា​ព្រះ។​ មាន​កន្លែង​មួយ​នៅ​ម្ដុំ​នោះ ជា​ដី​របស់​មេ​កន្ទ្រាញ​នៃ​កោះ​នោះ​ ឈ្មោះ​ពូព្លាស គាត់​បាន​ស្វាគមន៍​យើង ​ យ៉ាង​រាក់ទាក់​ឲ្យ​​ស្នាក់​នៅ​ទីនោះ​បី​ថ្ងៃ ​​ពេលនោះ​ឪពុក​លោក​ពូព្លាសបាន​ដេក​គ្រុន ​ទាំង​មាន​​រោគមួល លោក​ប៉ូល​ចូល​ទៅ​អធិស្ឋាន​ដាក់​ដៃ​លើ​​គាត់ ​ ប្រោស​គាត់​ឲ្យ​ជា។​ បន្ទាប់ពី​ហេតុការណ៍​នេះ​បាន​កើត​ឡើង អ្នក​ផ្សេង​ទៀត​នៅ​លើ​កោះ​នោះ​ដែល​មាន​ជំងឺ​ បាន​នាំ​គ្នា​មក​រក​លោក​ប៉ូល ហើយ​ក៏​បានជា​ទាំងអស់​គ្នា​ដែរ។​ ១០ដូច្នេះ ពួកគេ​បាន​គោរព​យើង​​ជា​ខ្លាំង ហើយ​ពេល​យើង​ចេញ​ដំណើរ ពួកគេ​ក៏​បាន​ឧបត្ថម្ភ​អ្វីៗ ​តាម​សេចក្ដី​ត្រូវការ​ដែរ។​

លោក​ប៉ូលមក​ដល់​ក្រុង​រ៉ូម​

១១បី​ខែ​ក្រោយ​មក យើង​ក៏​ចេញដំណើរ​តាម​សំពៅ​មួយ​ មកពី​ក្រុង​អ័លេក្សានទ្រា​ ​ដែល​មាន​រូប​ចម្លាក់​កូនភ្លោះ​​​ព្រះ​ឌីអូស្គូរ​ ដែល​បាន​ចត​នៅ​កោះនោះ​ក្នុងរដូវ​រងា​ ១២ហើយ​ពេលសំពៅ​ចត​នៅ​ក្រុង​ស៊ីរ៉ាគូស យើង​បាន​ស្នាក់​នៅ​ទីនោះ​បី​ថ្ងៃ​ ១៣​ចេញ​ពី​ទីនោះ យើង​បាន​ធ្វើ​ដំណើរ​បត់បែន​ ហើយ​ក៏​មក​ដល់​ក្រុង​រេគាម។​​ មួយ​ថ្ងៃ​ក្រោយ​មក មាន​ខ្យល់​ពី​ទិសខាង​ត្បូង​មក យើង​ក៏​មក​ដល់​ក្រុង​ពូទីយ៉ូលី​នៅ​ថ្ងៃ​ទីពីរ​ ១៤រួច​​យើង​បាន​ជួប​ពួក​បងប្អូន​នៅ​ទីនោះ ពួកគេបាន​​​អញ្ជើញ​ យើងឲ្យ​ស្នាក់នៅអស់​ប្រាំពីរថ្ងៃ ហើយ​ដែល​យើង​បាន​មក​ដល់​ក្រុង​រ៉ូម​នោះ​ គឺ​យ៉ាងដូច្នេះ​ ១៥ពេល​ពួក​បងប្អូន​ទាំងនោះ​ឮ​ដំណឹង​អំពី​យើង ពួកគេក៏​មក​រហូត​ដល់​​ផ្សារ​អាប់ភាស​ និង​ផ្ទះ​សំណាក់​បី​ខ្នង​​​ ដើម្បីជួប​​យើង ហើយ​ពេល​លោក​ប៉ូល​ជួប​ពួកគេ​ គាត់​ក៏​អរព្រះគុណ​ព្រះជាម្ចាស់​ ទាំង​មាន​ទឹកចិត្ដ​ឡើង​វិញ‍។​ ១៦ពេល​យើង​ចូល​ទៅ​ក្នុង​ក្រុង​រ៉ូម គេអនុញ្ញាត​ឲ្យ​​លោក​ប៉ូល​ស្នាក់​នៅ​តែម្នាក់ឯងជាមួយ​ទាហាន​ម្នាក់​ដែល​នៅ​យាម​គាត់។​

លោក​ប៉ូល​ ប្រកាស​ព្រះបន្ទូល​នៅ​ក្រុង​រ៉ូម​នៅ​ក្រោម​ការ​យាម​កាម​របស់​ទាហាន

១៧​បី​ថ្ងៃ​ក្រោយ​មក លោក​ប៉ូល​បាន​ហៅ​ពួក​អ្នក​សំខាន់ៗ ដែល​ជា​ជនជាតិ​យូដា​មក​ប្រជុំ។​ ពេល​ពួកគេ​មក​ជួបជុំ​គ្នា​ហើយ គាត់​ក៏​និយាយ​ទៅ​ពួកគេ​ថា​៖ «បងប្អូន​អើយ! ខ្ញុំ​មិន​បាន​​ធ្វើ​អ្វី​ប្រឆាំង​ជន​ជាតិ​ ឬ​ទំនៀម​ទម្លាប់​របស់​ដូនតា​យើងនេះ​ទេ ប៉ុន្ដែ​ពួកគេ​បាន​បញ្ជូន​ខ្ញុំ​មក​ក្នុង​ដៃ​របស់​ជនជាតិ​រ៉ូម ទុក​ដូចជា​អ្នក​ទោស​ពី​ក្រុង​យេរូសាឡិម។​ ១៨រីឯ​​ពួក​ជនជាតិរ៉ូម ពេល​បាន​សាកសួរ​ខ្ញុំ​រួច‍ហើយ ក៏​ចង់​ដោះលែង​ខ្ញុំ ព្រោះ​ខ្ញុំ​គ្មាន​ទោសសម​នឹង​​ស្លាប់​ទេ ​ ១៩ប៉ុន្ដែ​ពួក​ជនជាតិ​យូដា​បាន​ជំទាស់ ដូច្នេះខ្ញុំ​ក៏​បង្ខំ​ចិត្ដ​ប្ដឹង​ឧទ្ធរណ៍​ដល់​ព្រះចៅអធិរាជ​ រីឯ​​ខ្ញុំ​ផ្ទាល់ ​មិន​មាន​អ្វី​ចោទប្រកាន់​ជន​ជាតិឯង​ទេ​ ២០ដោយសារ​មូលហេតុ​នេះ​ហើយ​ បានជា​ខ្ញុំ​អញ្ជើញ​បងប្អូន​មក​ ដើម្បី​ជួប ​និង​ពិភាក្សា​គ្នា ព្រោះ​ខ្ញុំ​ជាប់​ច្រវាក់​នេះ ដោយសារតែ​សេចក្ដីសង្ឃឹម ​របស់​ជនជាតិ​អ៊ីស្រាអែល»​ ២១ពួកគេ​ក៏​ប្រាប់​គាត់​ថា​៖ «យើង​មិន​បាន​ទទួលសំបុត្រ​ស្ដី​អំពីអ្នក ពី​ស្រុក​យូដា​ទេ ហើយ​ក៏​គ្មាន​បងប្អូន​ណា​ម្នាក់ ​មក​បា្រប់​យើង ឬ​និយាយ​អ្វី​អាក្រក់​ពី​អ្នក​ដែរ​ ២២ដូច្នេះយើង​ចង់​ស្តាប់​ ចេញ​ពី​អ្នក​ផ្ទាល់​អំពី​អ្វី​ដែល​អ្នក​គិត ដ្បិត​យើង​ដឹង​ថា គេ​និយាយ​ប្រឆាំង​គណៈ​​នេះ​​​​​ គ្រប់​ទីកន្លែង»​ ២៣ពេល​ដល់​ថ្ងៃ​ណាត់​ជួប​លោក​ប៉ូល ពួកគេ​ជាច្រើន​បាន​មក​ជួប​គាត់​នៅផ្ទះ​សំណាក់ គាត់​បាន​ពន្យល់​ដល់​អ្នកទាំងនោះ​ ដោយ​ធ្វើបន្ទាល់​ប្រាប់​អំពី​នគរ​ព្រះ​ជា​ម្ចាស់​ តាំងពី​ពឹ្រក​រហូត​ដល់​ល្ងាច ហើយ​បាន​ពន្យល់​ប្រាប់​ពួកគេ​ អំពី​ព្រះយេស៊ូ​ ចាប់​ពី​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ​ រហូត​ដល់​​គម្ពីរ​​អ្នកនាំ​ព្រះបន្ទូល។ ​២៤អ្នក​ខ្លះ​ក៏​ជឿ​សេចក្ដី​ ដែល​លោក​ប៉ូល​បាន​និយាយ ប៉ុន្ដែ​អ្នក​ខ្លះ​ទៀត​មិន​ជឿ​ទេ​ ២៥ដូច្នេះ ពេល​ពួកគេ​កំពុង​រំសាយ​ ទាំង​ខ្វែង​គំនិត​គ្នា លោក​ប៉ូល​ក៏​និយាយ​មួយ​ម៉ាត់​ថា​៖ «ព្រះ​វិញ្ញាណ​បរិសុទ្ធ ​បានថ្លែង​មកកាន់​ដូនតា​របស់​អ្នករាល់គ្នា តាមរយៈលោក​អេសាយ​ ជា​អ្នកនាំ​ព្រះបន្ទូល​​នោះ​ត្រូវ​ណាស់​ថា​ ២៦ចូរ​ទៅ​បា្រប់​ប្រជាជន​នេះ​ថា អ្នក​រាល់​គ្នា‍ឮ​ដោយ​ត្រចៀក​មែន ប៉ុន្ដែ​មិន​យល់​ឡើយ ហើយ​អ្នករាល់គ្នា​ឃើញ​ដោយ​ភ្នែក​មែន ប៉ុន្ដែ​មិន​ស្គាល់​ឡើយ​ ២៧ដ្បិត​ចិត្ដ​ប្រជាជន​នេះ​បាន​ត្រលប់​ជា​ស្ពឹក ត្រចៀក​ធ្ងន់​ពិបាក​ស្តាប់ ហើយ​គេ​ក៏​បិទភ្នែក ​បើ​មិន​ដូច្នោះ​ទេ គេ​ មុខជា​មើល​ឃើញ​នឹង​ភ្នែក ស្ដាប់‍ឮ​នឹង​ត្រចៀក យល់​នៅ​ក្នុង​ចិត្ត រួច​ប្រែ​ចិត្ដ ហើយ​យើង​នឹង​ប្រោស​គេ​ឲ្យ​ជា‍២៨ដូច្នេះ ចូរ​ឲ្យ​​អ្នករាល់គ្នា​ដឹង​ចុះ​ថា សេចក្ដី​សង្គ្រោះ ​របស់​ព្រះជាម្ចាស់​នេះ​បាន​បញ្ជូន​ទៅ​ឯ​សាសន៍​ដទៃ​ហើយ នោះ​ពួកគេ​នឹង​ស្ដាប់​មិនខាន»​២៩[ពេល​លោក​ប៉ូល​និយាយ​សេចក្ដីនេះ​រួច ពួក​ជនជាតិ​យូដា​ក៏​ចេញ​ទៅ ទាំងជជែក​គ្នា​យ៉ាង​ខ្លាំង​]។​ ៣០លោក​ប៉ូល​បាន​ស្នាក់​នៅ​ក្នុង​ផ្ទះ​ជួល​របស់​គាត់​ពេញ​ពីរ​ឆ្នាំ ហើយ​គាត់​បាន​ស្វាគមន៍​ពួក​អ្នក​ទាំងឡាយ ​​ដែល​មក​ជួប​គាត់​ ៣១ទាំង​ប្រកាស​អំពី​នគរ​ព្រះជាម្ចាស់ និង​បង្រៀន​ពី​សេចក្ដី​ទាំង​ឡាយ​​ អំពី​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ ​ដោយ​ការ​បើកចំហ គ្មាន​ការរាំងរា​ទាំងអស់​៕

កិច្ចការ ២៨