KCB - កិច្ចការ ២៧


កិច្ចការ ២៧

លោក​ប៉ូល​ចុះ​សំពៅ​ទៅ​ក្រុង​រ៉ូម​

២៧នៅពេល​គេ​​សម្រេច​ឲ្យ​​យើងចុះ​សំពៅ​ទៅ​ស្រុក​​អ៊ីតាលី ពួកគេ​បាន​ប្រគល់​លោក​ប៉ូល និង​អ្នក​​ទោស​ខ្លះ​ទៀត​ ឲ្យ​​ទៅ​ឈ្មោះ​យូលាស ជា​នាយ​ទាហាន​ម្នាក់​របស់កងទ័ព​ព្រះចៅ​អធិរាជ​​​ ដូច្នេះយើង​ក៏​ជិះសំពៅ​មួយ​មក​ពី​ក្រុង​អាត្រាមីត​ដែល​បម្រុង​នឹង​ធ្វើ​ដំណើរ​​ ទៅ​កន្លែងផ្សេង​ៗ​ តាមបណ្ដោយ​ឆ្នេរ​​ស្រុកអាស៊ី ហើយ​​​យើង​បាន​ចេញ​​សំពៅ​ទៅ​ ដោយ​មានលោក​អើរីស្តាក​ ជា​អ្នក​ស្រុក​ម៉ាសេដូន​ទៅ​ជា​មួយ។​ នៅ​ថ្ងៃ​បន្ទាប់ យើង​ក៏​ចូល​ចត​នៅ​ក្រុង​ស៊ីដូន ហើយ​លោក​យូលាស​ បាន​ប្រព្រឹត្ត​​​ចំពោះ​លោក​ប៉ូល​ដោយ​សប្បុរស គឺ​បាន​អនុញ្ញាត​ឲ្យ​​លោក​ប៉ូល​ទៅ‍ឯ​មិត្តភក្ដិ​ ដើម្បីឲ្យគេជួយឧបត្ថម្ភគាត់។​ បន្ទាប់​មក យើង​បាន​ចេញ​សំពៅ​​ពី​ទីនោះ សរសៀរ​តាម​កោះ​គីប្រុសព្រោះ​បញ្ច្រាស​ខ្យល់។​ ក្រោយ​ពីបាន​ធ្វើដំណើរ ឆ្លងកាត់លំហសមុទ្រ តាមបណ្ដោយ​​ឆ្នេរ​ស្រុក​គីលីគា និង​ស្រុក​ប៉ាមភីលា យើង​ក៏​មក​ដល់‍​ក្រុង​មីរ៉ា​ក្នុង​ស្រុក​លូគា។ ​នៅ​ទី​នោះ លោក​នាយ​ទាហាន​​ រក​បាន​សំពៅ​មួយ​ មក​ពី​ក្រុង​អ័លេក្សានទ្រា​ ដែល​កំពុង​ធ្វើដំណើរ​ទៅ​ស្រុក​អ៊ីតាលី ដូច្នេះ​គាត់​ក៏​នាំ​យើង​ចុះ​ក្នុង​សំពៅ​នោះ‍។​ ពេល​ធ្វើដំណើរសន្សឹមៗ​ យ៉ាង​ពិបាក​អស់​រយៈពេល​ជាច្រើន​ថ្ងៃ យើង​ក៏​មក​ដល់​តាម​បណ្ដោយ​ឆ្នេរក្រុង​គ្នីដូស ដោយ​ខ្យល់​មិន​អនុ​គ្រោះ​ឲ្យ​​យើង​ទៅ​មុខ​ទៀត យើង​ក៏​ជិះ​សរសៀរ​តាម​កោះ​ក្រេតដោយ​ឆ្លង​កាត់​​ជ្រោយ​សាលម៉ូន។​ បន្ទាប់ពី​ធ្វើ​ដំណើរ​​ តាម​បណ្តោយ​កោះ​នោះ​យ៉ាង​ពិបាក​មក យើង​ក៏​មក​ដល់​កន្លែង​មួយ​ ឈ្មោះកំពង់ផែ​លំអ នៅ​ជិត​ក្រុង​ឡាសេ។​​ កាល​បាន​កន្លង​ផុត​ទៅ​ជា​ច្រើនថ្ងៃ​ហើយ ​ការ​ធ្វើដំណើរ​តាម​សំពៅ​ ក៏​លែង​មាន​​សុវត្ថិភាព​​ដែរ​ ព្រោះ​ថ្ងៃ​បុណ្យ​តមអាហារ​​ បាន​កន្លង​ផុត​ហើយ ដូច្នេះ​លោក​ប៉ូល​ក៏​ដាស់​តឿន​​ ១០​ពួកគេ​ថា​៖ «បងប្អូន​អើយ!​ ខ្ញុំ​យល់​ឃើញ​ថា ការ​ធ្វើដំណើរ​តាម​សំពៅ​ នឹង​មាន​អន្ដរាយ ព្រមទាំង​មាន​ការ​ខាតបង់​ច្រើន គឺ​មិន​ត្រឹមតែ​សំពៅ និង​ទំនិញ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជីវិត​របស់​យើង​ទៀត​ផង» ១១ប៉ុន្ដែ​លោក​នាយ​ទា​ហាន​​ ជឿ​អ្នក​បើក​សំពៅ និង​ម្ចាស់​សំពៅ​ ច្រើន​ជាង​ពាក្យ​សំដី​ដែល​លោក​ប៉ូល​និយាយ។ ១២ដោយ​​កំពង់​ផែ​នោះ ​មិនអំណោយ​ផលសម្រាប់​ការ​ស្នាក់នៅ​ក្នុង​រដូវរងា មនុស្ស​ភាគ​ច្រើន ​បាន​សម្រេច​ចិត្ដ​ចេញ​ដំណើរ​ពី​ទីនោះ បើ​យ៉ាងណាៗ​នឹង​ទៅ​ដល់​ស្រុក​​ភេនីស​ ជា​កំពង់ផែមួយ​នៃ​កោះ​ក្រេត​ ដែល​បែរ​មុខ​ទៅ​ទិស​និរតី​ និង​ទិស​ពាយ័ព្យ​ ដើម្បី​ស្នាក់នៅ​ក្នុង​រដូវ​រងា។​

ខ្យល់​ព្យុះ​នៅ​លើ​សមុទ្រ​

១៣ពេល​ខ្យល់​ទិស​ខាងត្បូង​បក់​រំភើយៗពួកគេ​គិត​ថា​បាន​សម្រេច​បំណង ក៏​ទាញ​យុថ្កា ហើយធ្វើដំណើរ​តាម​បណ្ដោយ​កោះ​ក្រេត​ ១៤ប៉ុន្ដែ​មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ខ្យល់​ព្យុះ​មួយ​ឈ្មោះអ៊ើរ៉ាគ្លីដូនបាន​បោកបក់​ប៉ះ​សំពៅ​ ១៥នាំ​យក​ទៅ​ ហើយដោយ​យើង​​មិន​អាច​បើក​បញ្ច្រាស​ខ្យល់​បាន យើង​ក៏​បណ្តោយ​សំពៅ​ឲ្យ​​រសាត់​តាម​ខ្យល់។

១៦កាល​​បាន​មក​ដល់​ក្បែរ​កោះ​តូច​មួយ​​ឈ្មោះក្លូដេ យើង​​អាច​លើក​​សំប៉ាន​ឡើង​បាន​យ៉ាង​ពិបាក។​ ១៧បន្ទាប់ពី​លើក​សំប៉ាន​រួច​ហើយ ពួកគេ​ក៏​ប្រើ​ខ្សែពួរ​ចង​ជុំវិញ​សំពៅ ហើយ​ដោយ​ខ្លាច​ក្រែងលោ​សំពៅ​កឿង នៅ​ទឹករាក់​ក្នុង​ឈូង​សមុទ្រ​សៀរទីស ពួកគេ​ក៏​ទម្លាក់​ក្តោង​ចុះ​ឲ្យ​​សំពៅ​រសាត់​តាម​ខ្យល់​ ១៨ហើយ​នៅ​ថ្ងៃ​បន្ទាប់ ខ្យល់ព្យុះ​នៅតែ​រុញច្រាន​យើង​យ៉ាងខ្លាំង ពួកគេ​ក៏ទ​ម្លាក់​​ទំនិញចោល​​ ១៩រួច​នៅ​ថ្ងៃ​ទីបីពួកគេ​ក៏​គ្រវែង​ឧបករណ៍​សម្រាប់​សំពៅ​ចោលទៀត​ ​ដោយ​ដៃ​របស់​ពួកគេ​ផ្ទាល់។​ ២០ដោយ​គ្មាន​ពន្លឺ​ថ្ងៃ ឬ​ផ្កាយ​បំភ្លឺ​ អស់​រយៈពេល​ច្រើន​ថ្ងៃ ហើយ​ព្យុះ​ នៅតែ​បោកបក់​មិន​ថមថយ​សោះ។ នៅ​ទី​បំផុតយើង​ក៏​អស់​សង្ឃឹម​ទាំងស្រុង​​ថា​ នឹង​បាន​រួច​ជីវិត។​

២១បន្ទាប់ពី​បាន​អត់​អាហារ​ជា​ច្រើន​​ថ្ងៃ​មក លោក​ប៉ូល​ក៏​ក្រោក​ឈរ​នៅ​កណ្តាល​ចំណោម​ពួកគេ ហើយ​និយាយ​ថា​៖ «‍ឱ​បងប្អូន​អើយ! បងប្អូន​គួរ​តែ​ស្តាប់​តាម​ខ្ញុំ ហើយ​មិន​ចេញ​ដំណើរ​ពី​កោះក្រេតមក​ នោះ​បងប្អូន​នឹង​ចៀស​ផុត​ពី​អន្តរាយ និង​ការ​ខាតបង់​យ៉ាង​ដូច្នេះ​មិន​ខាន ២២ប៉ុន្ដែ​ពេល​នេះ ខ្ញុំ​សូម​ដាស់​តឿន​​បងប្អូន​ឲ្យ​​មាន​ទឹក​ចិត្ដ​ឡើង ព្រោះ​គ្មាននរ​​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ បាត់បង់​ជីវិត​ឡើយ លើកលែងតែ​សំពៅ​ប៉ុណ្ណោះ​ ២៣ដ្បិត​យប់មិញ​ មាន​ទេវតា​របស់​ព្រះជាម្ចាស់​ជាព្រះ​របស់​ខ្ញុំ និង​ជា​ព្រះ​ដែល​ខ្ញុំ​បម្រើ​ដែរ បាន​ឈរក្បែរ​ខ្ញុំ​ ២៤ប្រាប់​ថា​ ប៉ូល​អើយ! កុំ​ខ្លាច​អី អ្នក​ត្រូវ​ឈរ​នៅ​ចំពោះ​មុខ​ព្រះចៅអធិរាជ ហើយ​មើល៍ ​ព្រះជាម្ចាស់​ បាន​ប្រទាន​ពួក​អ្នក​ទាំងឡាយ​ដែល​ធ្វើ​ដំណើរ​ជាមួយ​អ្នក​​ដល់​អ្នក​ហើយ‍ ​២៥ដូច្នេះ បងប្អូន​អើយ! ចូរ​រីករាយ​ឡើង ដ្បិត​ខ្ញុំ​ជឿ​ព្រះជាម្ចាស់​ថា​នឹង​កើតមាន​សព្វគ្រប់​ ដូច​ដែល​ព្រះអង្គ​បាន​មានបន្ទូល​ប្រាប់​ខ្ញុំ​ ២៦គឺ​យើង​ត្រូវ​កឿង​លើ​កោះ​ណា​មួយ​មិន​ខាន»។​

សំពៅ​របស់​លោក​ប៉ូលលិច​ទៅ​ក្នុង​សមុទ្រ​

២៧លុះ​ដល់​យប់​ទីដប់បួន ​ពេល​យើង​កំពុង​រសាត់​ នៅ​កណ្ដាល​សមុទ្រ​អាឌ្រានៅ​ពាក់​កណ្ដាល​អធ្រាត្រ ពួក​អ្នក​ដើរ​សំពៅ​ក៏​សនិ្នដ្ឋាន​ថា ពួកគេ​ចូល​ជិត​ដីគោក​ណា​មួយ​ហើយ​ ២៨ដូច្នេះ ពេល​ពួកគេ​ស្ទង់​ជម្រៅទឹក​មើល​ ក៏​ឃើញ​ថា​ មាន​ជម្រៅ​ ប្រហែល​សាម​សិប​ប្រាំ​មួយ​​ម៉ែត្រ លុះ​ទៅ​មុខ​បន្តិច ពេល​ពួកគេ​ស្ទង់​ជម្រៅទឹក​មើល​ម្តងទៀត​ ក៏​ឃើញ​ថា​មាន​ជម្រៅ​ប្រហែលម្ភៃប្រាំពីរ​​ម៉ែត្រ​ ២៩ហើយ​ដោយ​ខ្លាច​ក្រែង​ សំពៅ​កឿង​នៅ​កន្លែង​ណាមួយ ពួកគេ​ក៏​ទម្លាក់​យុថ្កា​ទាំង​បួន​ចុះ​ពី​កន្សៃ​សំពៅ ហើយ​ពួកគេ​ក៏​បន់​ឲ្យ​​មាន​ថ្ងៃ​វិញ​ ៣០ប៉ុន្ដែ​ពេល​ពួក​អ្នក​ដើរ​សំពៅ​រក​រត់​ចេញ​ពី​សំពៅ ហើយ​សម្រូតសំប៉ាន​ទៅ​ក្នុង​សមុទ្រ ដោយ​ធ្វើពុត​ហាក់​ដូចជា​ ទម្លាក់​យុថ្កា​ពី​ក្បាល​សំពៅ​ ៣១លោក​ប៉ូល​ក៏​ប្រាប់​លោក​នាយ​ទាហាន​និង​ពួក​ទាហាន​ថា​៖ «បើ​អ្នក​ទាំងនេះ​មិន​នៅ​ក្នុង​សំពៅ​ទេ នោះ​អ្នករាល់គ្នា​មិន​អាច​រួច​ជីវិត​បាន​ឡើយ»​ ៣២ពេល​នោះ ពួក​ទាហាន​ ក៏​កាត់​ផ្តាច់​ខ្សែ​ចង​សំប៉ាន​ចោល ហើយ​បណ្ដោយ​ឲ្យ​​វា​អណ្ដែត​ទៅ‍។​ ៣៣លុះ​ដល់​ទៀប​ភ្លឺ លោក​ប៉ូល​បាន​លើក​ទឹកចិត្ត​ ពួកគេ​ទាំងអស់គ្នា​ឲ្យ​​បរិភោគ​អាហារ​ដោយ​និយាយ​ថា​៖ «ថ្ងៃ​នេះ ជា​ថ្ងៃ​ទីដប់បួនហើយ ដែល​បងប្អូន​បន្ត​រង់ចាំ​ ដោយ​មិន​បាន​បរិភោគ​អ្វី​សោះ ៣៤ដូច្នេះហើយ ខ្ញុំ​សូម​លើក​ទឹកចិត្ត​អ្នករាល់គ្នា​ឲ្យ​​បរិភោគ​អាហារ​ចុះ សម្រាប់​សុខភាព​របស់​អ្នករាល់គ្នា ដ្បិតគ្មាន​សក់​មួយ​សរសៃណា ​នឹងជ្រុះ​ពី​ក្បាល​របស់​អ្នករាល់គ្នា​ឡើយ»​ ៣៥ពេល​និយាយ​ដូច្នេះ​រួច គាត់​​ក៏​​យក​​នំប៉័ង​​មក​​​អរ​ព្រះគុណ​ដល់​ព្រះ​ជាម្ចាស់​ នៅ​​មុខ​មនុស្ស​​ទាំងអស់​គ្នា ហើយ​ចាប់​ផ្ដើម​កាច់​បរិភោគ។​ ៣៦ពួកគេ​មាន​ចិត្ត​រីករាយ​គ្រប់គ្នា ហើយ​ក៏​បរិភោគ​អាហារ​ដែរ​ ៣៧​នៅ​ក្នុង​សំពៅ​នោះ ​មានមនុស្ស​ទាំងអស់​ចំនួនពីររយ​ចិត​សិប​​ប្រាំមួយ​នាក់។​ ៣៨ពេល​ពួកគេ​បាន​បរិភោគ​អាហារ​ឆ្អែត​ហើយ ពួកគេ​ក៏​សម្រាល​សំពៅ​ ដោយ​ទម្លាក់​ស្រូវទៅ​​ក្នុង​សមុទ្រ ​៣៩លុះ​​ភ្លឺ​ឡើង ក៏​ឃើញ​ដីគោក​ដែល​ពួកគេ​មិន​បាន​ស្គាល់​ ប៉ុន្ដែ​មាន​ឆក​សមុទ្រ និង​ឆ្នេរ​ខ្សាច់​មួយ​ ដូច្នេះ​ ពួកគេ​ក៏​សម្រេច​ចិត្ដ​ ឲ្យ​​សំពៅ​កឿង​នៅ​ទី​នោះ​ ប្រសិន​បើ​អាច​បាន​ ៤០ដូច្នេះ ពួកគេ​ក៏​កាត់​ខ្សែ​ទុក​យុថ្កា​ ចោល​នៅ​ក្នុង​សមុទ្រ ទាំង​ស្រាយ​ខ្សែ​ពី​ចង្កូត ហើយ​លើក​ក្តោង​ខាង​មុខ​ឡើង​ ឲ្យ​​ខ្យល់​បក់​តម្រង់​ទៅ​រក​ឆ្នេរ​ ៤១ប៉ុន្ដែ​ពេល​មក​ដល់​កន្លែង​​សមុទ្រ​ពីរ​ប្រសព្វ​គ្នា សំពៅក៏​កឿងហើយ​ពេល​ដែល​ក្បាល​សំពៅ​ គាំង​នៅ​ជាប់​ទ្រឹង​ កន្សៃ​សំពៅក៏​ត្រូវ​កម្លាំង​រលក​បំផ្លាញ​ខ្ទេច។​ ៤២ពេលនោះ​ ពួក​ទាហាន​មាន​ផែនការ​ថា ​ពួកគេ​ត្រូវ​សម្លាប់​អ្នក​ទោស​ចោល ក្រែងលោ​អ្នកណា​ម្នាក់​ហែល​គេច​ខ្លួន​ ៤៣ប៉ុន្ដែ​លោកនាយទាហាន​ចង់​ជួយ​លោក​ប៉ូល ក៏​រារាំង​ពួក​គេ​​ពី​ផែនការ​នេះ គាត់​ក៏បានបញ្ជា​ពួក​អ្នក​ដែល​អាច​​ហែលទឹក​បាន​ ឲ្យ​​លោត​ចុះ​ពី​សំពៅ ហើយ​ឡើង​ទៅ‍ដីគោក​មុន​ ៤៤រីឯ​​អ្នក​ផ្សេងទៀត អ្នក​ខ្លះ​បណ្តែត​ខ្លួន​លើ​បន្ទះ​ក្តារ អ្នក​ខ្លះ​ទៀត​លើ​បំណែក​ផ្សេងៗពី​សំពៅ ដូច្នេះយើង​បាន​ទៅ​ដល់​ដីគោក​ដោយ​សុវត្ថិភាព​គ្រប់គ្នា។

កិច្ចការ ២៧