KCB - កិច្ចការ ២៣


កិច្ចការ ២៣

២៣លោក​ប៉ូល​ក៏​សម្លឹង​មើល​ទៅ​ ក្រុមបឹ្រក្សាកំពូល​ រួច​​និយាយ​ថា​៖ «បង​ប្អូន​អើយ! ខ្ញុំ​បាន​រស់នៅ​ចំពោះព្រះជា​ម្ចាស់ ​រហូតដល់ថ្ងៃ​នេះ​ដោយ​មនសិការល្អទាំងអស់» ​ពេលនោះលោក​អាណានាស​ ជា​សម្តេចសង្ឃ​ បាន​បញ្ជា​ឲ្យ​​ពួក​អ្នក​ឈរ​ក្បែរ​លោក​ប៉ូល​ទះ​មាត់​របស់​គាត់ នោះ​លោក​ប៉ូល​ ក៏​និយាយ​ទៅ​សម្តេច​សង្ឃ​​ថា​៖ «នែ៎ កំផែង​លាប​ពណ៌ស​អើយ‍! ព្រះជា​ម្ចាស់​នឹង​ទះ​អ្នក​វិញ​មិន​ខាន អ្នក​អង្គុយ​ជំនុំជម្រះ​ខ្ញុំ​តាម​ក្រឹត្យវិន័យ ប៉ុន្ដែបញ្ជា​ឲ្យ​​គេ​ទះ​ខ្ញុំ​ ដោយ​បំពាន​គម្ពីរ​វិន័យ​យ៉ាង​ដូច្នេះ​​ឬ​?» ​នោះពួក​អ្នក​ឈរ​ក្បែរ​គាត់​បាន​និយាយ​ថា​៖ «ម្ដេច​ឯង​មើល​ងាយ​សម្តេច​សង្ឃ​​ របស់​ព្រះជាម្ចាស់​ដូច្នេះ​?» លោក​ប៉ូល​ក៏​ឆ្លើយ​ថា​៖ «បង​ប្អូន​អើយ! ខ្ញុំ​មិន​បាន​ដឹង​ថា គាត់​ជា​សម្តេចសង្ឃទេ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​ថា អ្នក​មិនត្រូវនិយាយ​អាក្រក់ដាក់អ្នកដឹកនាំ​ប្រជាជន​របស់​ខ្លួន​ឡើយ»។

ពេល​លោក​ប៉ូល​ដឹង​ថា នៅ​ក្នុង​ក្រុមបឹ្រក្សាកំពូល ​មានគណៈសាឌូស៊ី​ និង​​គណៈ​ផារិស៊ី​ដូច្នេះ គាត់​ក៏​ស្រែក​ថា​៖ «បងប្អូន​អើយ! ខ្ញុំ​ជា​អ្នកខាងគណៈផារិស៊ី និង​ជា​កូនចៅ​របស់​អ្នកខាងគណៈផារិស៊ី គេ​ជំនុំជម្រះ​ខ្ញុំ​នេះទាក់ទង​នឹង​សេចក្ដី​សង្ឃឹម​ លើការ​រស់ឡើងវិញ​របស់​មនុស្ស​ស្លាប់»​ ពេល​គាត់​និយាយ​ដូច្នេះ​ហើយ នោះ​ក៏​មាន​ការ​ឈ្លោះ​ប្រកែក​រវាង​ពួក​អ្នកខាងគណៈ​ផារិស៊ី និងពួក​​អ្នកខាងគណៈសាឌូស៊ី ហើយ​អង្គប្រជុំ​បាន​បែកបាក់​គ្នា​ ដ្បិត​ពួក​អ្នកខាង​គណៈសាឌូស៊ី​ អះអាង​​ថា គ្មាន​ការរស់ឡើងវិញ គ្មាន​ទេវតា ឬ​វិញ្ញាណ​អ្វី​ឡើយ រីឯពួក​អ្នកខាង​គណៈផារិស៊ី​វិញ​ ទទួល​ស្គាល់​សេចក្ដី​ទាំង​អស់​នេះ‍។​ ពេល​នោះក៏​មាន​សំឡេង​ទ្រហឹង​អឺងអ័ព្ទ​ ហើយ​មាន​ពួក​គ្រូ​វិន័យ​ខាង​គណៈ​ផារិស៊ី​ខ្លះ បាន​ក្រោក​តវ៉ា​យ៉ាងខ្លាំង​ថា៖ «យើង​ឃើញ​ថា បុរស​នេះគ្មាន​កំហុស​ឡើយ ប៉ុន្ដែ​ប្រហែល​ជា​មាន​វិញ្ញាណ ឬ​ទេវតា​ណា​មួយ​និយាយ​មក​គាត់​ទេដឹង​?» ១០ពេល​​មាន​​ទំនាស់​កាន់​តែ​ខ្លាំង មេបញ្ជាការក៏​បញ្ជា​ទាហាន​ឲ្យ​ចុះ​ទៅ​ដណ្ដើមយកលោក​​​ប៉ូលពី​កណ្ដាល​ចំណោម​ពួកគេ ​នាំ​ទៅ​ក្នុង​បន្ទាយ​​​​វិញ ដោយ​ខ្លាចក្រែង​​ពួកគេ​ ហែក​គាត់​ជា​ចម្រៀក។​​

១១​​នៅ​យប់​បន្ទាប់ ព្រះអ​ម្ចាស់​បាន​ឈរ​ក្បែរ​គាត់ ទាំង​មានបន្ទូល​ថា​៖ «ចូរ​មាន​ទឹកចិត្ដ​ឡើង ដ្បិត​អ្នក​បាន​ធ្វើបន្ទាល់​អំពី​យើង​ នៅ​ក្រុង​យេរូសាឡិម​យ៉ាងណា អ្នក​ត្រូវ​ធ្វើបន្ទាល់​នៅ​ក្រុង​រ៉ូមយ៉ាងនោះ​ដែរ‍»។​

គម្រោងការ​សម្លាប់​លោក​ប៉ូល​

១២លុះ​ដល់​ព្រឹក​ឡើង ពួក​ជនជាតិ​យូដា​បាន​​ឃុបឃិត​គ្នា​ ទាំង​ស្បថ​ជាមួយ​គ្នា​ថា ពួក​គេ​មិន​បរិភោគ និង​មិន​ផឹក​ជា​ដាច់ខាត​ ទាល់​តែ​​សម្លាប់​លោក​ប៉ូល​បាន​ ១៣ហើយ​ពួក​អ្នក​មាន​ផែនការ​អាក្រក់​នេះ មាន​គ្នា​ច្រើន​ជាង​សែសិប​នាក់​ ១៤គឺ​ពួកគេ​បាន​ចូល​ទៅ​ប្រាប់​ពួក​សម្ដេចសង្ឃ​ និង​ពួក​ចាស់ទុំ​ថា​៖ «យើង​បាន​ជាប់​សម្បថ​ជាមួយ​គ្នាហើយ​ថា យើង​មិន​បរិភោគ​ជា​ដាច់​ខាត​ ទាល់​តែ​​សម្លាប់​ប៉ូល​បាន​ ១៥ដូច្នេះឥឡូវ​នេះ សូម​អស់លោក​ ជាមួយ​ក្រុមបឹ្រក្សាកំពូល​​​ ប្រាប់​មេ​បញ្ជាការនោះឲ្យ​​នាំ​វា​ចុះ​មក‍ជួប​អស់​លោក ហាក់ដូចជា​អស់​លោក​ចង់សាកសួរអំពី​រឿងក្ដី​របស់​វា ​ឲ្យ​​បាន​ច្បាស់​ថែម​ទៀត រីឯ​យើង​ត្រៀមខ្លួន​សម្លាប់​​វា​ មុន​វា​មក​ដល់»​ ១៦ប៉ុន្ដែ​ពេល​ក្មួយប្រុស​របស់លោក​ប៉ូល បាន‍ឮ​អំពី​ការពួនស្ទាក់​នេះ គាត់​ក៏​ទៅ​ក្នុង​បន្ទាយ ហើយ​រាយការណ៍​ ប្រាប់​លោក​ប៉ូល។​ ១៧ពេល​នោះ លោក​ប៉ូល​ក៏​ហៅ​នាយ​ទាហាន​ម្នាក់​មក​ប្រាប់​ថា​៖ «សូម​នាំយុវជន​នេះ​ទៅ​ជួប​លោក​មេ​បញ្ជាការ​ផងដ្បិត​ គាត់​មាន​ដំណឹង​រាយការណ៍​ប្រាប់​​លោក»​ ១៨ដូច្នេះ នាយ​ទាហាន​ក៏​នាំ​យក​យុវជន​នោះ​ទៅ​ជួប​មេ​បញ្ជាការ​ ហើយ​ប្រាប់​ថា​៖ «អ្នក​ទោស​ឈ្មោះ​ប៉ូល​​បាន​ហៅ​ខ្ញុំ ហើយ​សុំ​ឲ្យ​​នាំ​យុវជន​នេះ​មក​ជួប​លោក ព្រោះ​គាត់​មាន​ដំណឹង​ប្រាប់​​លោក»។​​​

១៩មេ​បញ្ជាការ​ ក៏​ដឹក​ដៃ​យុវជន​នោះ​ទៅ​ដាច់​ពី​គេរួច​សួរ​ថា​៖ «តើ​អ្នក​មាន​ដំណឹង​អ្វី​ប្រាប់​ខ្ញុំ‍ឬ‍?» ២០គាត់​ក៏​ប្រាប់​ថា​៖ «ពួក​ជនជាតិ​យូដា​ បាន​ព្រមព្រៀង​គ្នា​សុំ​ឲ្យ​​លោក​ នាំ​លោក​ប៉ូល​ចុះ​ទៅ​ជួប​ក្រុមបឹ្រក្សាកំពូល​​នៅ​ថ្ងៃស្អែក​ ហាក់ដូចជា​ចង់​សាកសួរ​អំពី​រឿងក្តី​របស់​គាត់​ ឲ្យ​​បាន​ច្បាស់​ថែមទៀត​ ២១ប៉ុន្ដែ​សូម​លោក​កុំ​ជឿ​តាម​ពួកគេ​ឲ្យ​​សោះ ដ្បិត​មាន​មនុស្ស​ជាង​សែសិប​នាក់​ ក្នុង​ចំណោម​ពួកគេ​កំពុង​ពួនស្ទាក់​ចាំ​សម្លាប់​គាត់ អ្នក​ទាំងនោះ​បាន​ស្បថ​រួម​គ្នា​ថា មិន​បរិភោគ និង​មិន​ផឹក​ជា​ដាច់​ខាត​​ ទាល់​តែ​​សម្លាប់​លោក​ប៉ូល​បាន ឥឡូវ​នេះ ពួក​គេ​​ត្រៀម​រួចរាល់​អស់​ហើយ ចាំ​តែ​ការ​យល់ព្រម​ពី​លោក​ប៉ុណ្ណោះ»។​​

២២ពេលនោះ មេ​បញ្ជាការ​ក៏​ឲ្យ​​យុវជន​នោះ​ត្រលប់​ទៅវិញ ទាំង​បង្គាប់​ថា៖​ «អ្នក​មិន​ត្រូវ​ប្រាប់​នរណា​ម្នាក់​ ពី​រឿង​ ដែល​អ្នក​បាន​រាយការណ៍ប្រាប់​ខ្ញុំ​នេះ​ឡើយ»។​

គេ​បញ្ជូន​លោក​ប៉ូល​ទៅ​ក្រុង​សេសារា​

២៣បន្ទាប់​មក គាត់​ក៏​ហៅ​នាយ​ទាហាន​ពីរ​នាក់​មក ហើយ​បង្គាប់​ថា​៖ «ចូរ​រៀបចំ​ទាហាន​ពីររយ​នាក់ ពលសេះ​ចិតសិប​នាក់ និង​ពល​លំពែង​ពីររយ​នាក់​ឲ្យ​​ហើយ ដើម្បី​ទៅ​ក្រុង​សេសារា​ ​​​នៅ​វេលា​ម៉ោង​ប្រាំបួន​យប់​នេះ​ ២៤ហើយ​ត្រូវ​រៀបចំ​សត្វ​ដើម្បី​ឲ្យ​​ប៉ូល​ជិះ ហើយ​នាំ​គាត់​ទៅ‍ឯ​លោក​អភិបាល​ភេលីច​​ដោយ​សុវត្ថិភាព»​ ២៥រួច​មេ​បញ្ជាការ​ ក៏​សរសេរ​សំបុត្រ​មួយ​ច្បាប់​ មាន​ដូច​តទៅនេះ​៖ ​២៦«ខ្ញុំ​ក្លូឌាស​លូស៊ា សូម​គោរព​ជូន​ចំពោះ​លោក​អភិបាល​ភេលីច​ ឲ្យ​​បាន​ជ្រាប​ថា​ ២៧បុរស​នេះ​ត្រូវ​ជនជាតិ​យូដា​ចាប់​យក​មក ហើយ​ពួកគេ​បម្រុង​សម្លាប់​ចោល ប៉ុន្ដែ​ពេល​ខ្ញុំ​នាំ​ទាហាន​ចូល​ទៅ​រំដោះ​គាត់​ចេញ​ពី​ពួក​គេ នោះ​ទើប​ដឹង​ថា​ គាត់​ជា​ជនជាតិ​រ៉ូម​ ២៨ហើយ​ដោយ​ចង់​ដឹង​ពី​ករណី​ដែល​ពួកគេ​ចោទ​ប្រកាន់​គាត់នោះ ​ខ្ញុំ​ក៏​នាំ​គាត់​ចុះ​ទៅ‍ឯ​ក្រុមបឹ្រក្សាកំពូល​របស់​ពួកគេ‍។​ ២៩ពេលនោះ​ខ្ញុំ​ឃើញ​ថា ពួក​គេ​ចោទ​ប្រកាន់​គាត់​អំពី​បញ្ហា​នៃគម្ពីរ​វិន័យ​ របស់​ពួកគេ​ប៉ុណ្ណោះ ហើយ​ការ​ចោទ​ប្រកាន់​ដែល​មាន​នេះ​ មិន​សម​ទោស​ស្លាប់ ឬ​ទោស​ជាប់​ច្រវាក់​ឡើយ​ ៣០រួច​ពេល​ខ្ញុំ​ដឹង​ថា ពួក​ជនជាតិ​យូដា ​មាន​ផែនការ​អាក្រក់​ចំពោះ​បុរស​នេះ ខ្ញុំ​ក៏​បញ្ជូន​គាត់​មក​លោក​​ភ្លាម ទាំង​បង្គាប់​ឲ្យ​​ពួក​​អ្នក​ដើម​ចោទ​មក‍ឯ​លោក​ដែរ ដើម្បី​និយាយ​តតាំង​ជាមួយ​គាត់​អំពី​រឿង​ក្ដី​នេះ»។

៣១ដូច្នេះ ពួក​ទាហាន​ក៏​យក​លោក​ប៉ូល​នាំ​ទៅ​ក្រុង​អាន់ទីប៉ាទ្រីស​​ទាំង​យប់​ តាម​សេចក្ដី​ដែល​បាន​បញ្ជា។ ​៣២នៅ​ថ្ងៃ​បន្ទាប់ ពួក​ទាហាន​បាន​ត្រលប់​មក‍ឯ​បន្ទាយ​វិញ​ ដោយ​ទុក​ឲ្យ​​ពលសេះ​ធ្វើ​ដំណើរ​ជាមួយ​លោក​ប៉ូល​ ៣៣កាល​ចូល​ដល់​ក្រុង​សេសារា​​ហើយ ពលសេះ​ក៏​ប្រគល់​សំបុត្រ​ឲ្យ​​លោក​អភិបាល ព្រមទាំង​បង្ហាញ​ខ្លួន​លោក​ប៉ូល​ដល់​គាត់​ដែរ។​៣៤ពេល​លោក​អភិបាល​អាន​សំបុត្រ​នោះ​រួច គាត់​​ក៏​សួរ​លោក​ប៉ូល​ថា​មក​ពី​ស្រុក​ណា លុះ​ដឹង​ថា​គាត់​មក​ពី​ស្រុក​គីលីគា​ ៣៥លោក​អភិបាល​ក៏​និយាយ​ថា​៖ «ពេល​ពួក​អ្នក​ដើម​ចោទរបស់​អ្នក​ មក​ដល់​ដែរ ខ្ញុំ​នឹង​ស្ដាប់​អ្នក​ទៀត» បន្ទាប់​មក គាត់​ក៏​បញ្ជា​ឲ្យ​​ការពារ​លោក​ប៉ូល​នៅក្នុង​បន្ទាយ​​​របស់​ស្តេច​ហេរ៉ូឌ។

កិច្ចការ ២៣