កិច្ចការ ២២
២២«បងប្អូន និងឪពុកទាំង ឡាយអើយ! ឥឡូវនេះ សូមស្ដាប់ខ្ញុំឆ្លើយការពារសិន!» ២ពេលពួកគេ ឮគាត់និយាយភាសាហេព្រើរមកកាន់ពួកគេដូច្នេះ ពួកគេកាន់តែស្ងៀមស្ងាត់ថែមទៀត ហើយលោកប៉ូលក៏និយាយបន្ដថា៖ ៣«ខ្ញុំជាជនជាតិយូដាសុទ្ធ កើតនៅក្រុងតើសុស ក្នុងស្រុកគីលីគា ប៉ុន្ដែត្រូវបានចិញ្ចឹមបីបាច់នៅក្រុងនេះ ព្រមទាំងបានទទួលការអប់រំយ៉ាងតឹងរ៉ឹង ទៅតាមក្រឹត្យវិន័យដូនតារបស់យើង ពីលោកកាម៉ាលាល ហើយមានចិត្ដប្ដូរផ្ដាច់ចំពោះព្រះជាម្ចាស់ ដូចជាអ្នកទាំងអស់គ្នានៅថ្ងៃនេះដែរ ៤គឺខ្ញុំបានបៀតបៀន អ្នកនៅខាងមាគ៌ានេះ រហូតដល់សម្លាប់គេ ព្រមទាំងចាប់ចងទាំងប្រុសទាំងស្រីយកទៅដាក់គុកទៀតផង ៥សូម្បីតែសម្ដេចសង្ឃ និងក្រុមប្រឹក្សាចាស់ទុំទាំងអស់ក៏ជាសាក្សីរបស់ខ្ញុំដែរ ខ្ញុំបានទទួលសំបុត្រពីលោកទាំងនេះ ឲ្យទៅចាប់ចងពួកបងប្អូននៅក្រុងដាម៉ាស់ ដើម្បីនាំខ្លួនពួកគេយកមកធ្វើទោសនៅក្រុងយេរូសាឡិម។
៦ប៉ុន្ដែ មានរឿងមួយបានកើតឡើងចំពោះខ្ញុំ គឺប្រហែលជានៅពេលថ្ងៃត្រង់ ពេលកំពុងធ្វើដំណើរជិតដល់ក្រុងដាម៉ាស់ ស្រាប់តែមានពន្លឺដ៏ភ្លឺចិញ្ចាចមួយ បានចាំងពីលើមេឃមកជុំវិញខ្ញុំ ៧នៅពេលនោះ ខ្ញុំក៏ដួលទៅលើដី ហើយឮសំឡេងមួយនិយាយមកខ្ញុំថា សុលអើយ សុល! ហេតុអ្វីអ្នកបៀតបៀនខ្ញុំដូច្នេះ? ៨ខ្ញុំបានឆ្លើយថា ព្រះអម្ចាស់អើយ! តើព្រះអង្គជានរណា? ព្រះអង្គមានបន្ទូលមកខ្ញុំថា ខ្ញុំជាយេស៊ូ អ្នកក្រុងណាសារ៉ែត ដែលអ្នកកំពុងបៀតបៀន ៩រីឯអស់អ្នកដែលនៅជាមួយខ្ញុំ ក៏បានឃើញពន្លឺនោះដែរ ប៉ុន្ដែមិនបានយល់ថា សំឡេងនោះនិយាយអ្វីមកខ្ញុំទេ ១០ហើយខ្ញុំក៏សួរថា ព្រះអម្ចាស់អើយ! តើខ្ញុំគួរធ្វើដូចម្តេច? ព្រះអម្ចាស់មានបន្ទូលមកខ្ញុំថា ចូរក្រោកឡើង ហើយចូលទៅក្នុងក្រុងដាម៉ាស់ចុះ ដ្បិតនៅទីនោះនឹងមានគេប្រាប់អ្នក អំពីកិច្ចការទាំងឡាយដែលបានតម្រូវឲ្យអ្នកធ្វើ ១១ប៉ុន្ដែដោយសារតែភាពរុងរឿងនៃពន្លឺនោះ ធ្វើឲ្យខ្ញុំងងឹតភ្នែក ពួកអ្នកនៅជាមួយខ្ញុំបានដឹកដៃខ្ញុំចូលទៅក្នុងក្រុងដាម៉ាស់។ ១២មានមនុស្សម្នាក់នៅក្រុងនោះ ឈ្មោះអាណានាស ជាអ្នកកោតខ្លាចព្រះជាម្ចាស់ស្របទៅតាមគម្ពីរវិន័យ និងមានកេរ្ដិ៍ឈ្មោះល្អ ក្នុងចំណោមជនជាតិយូដាទាំងអស់ ដែលរស់នៅទីនោះ ១៣គាត់បានមកជួបខ្ញុំដោយឈរនិយាយក្បែរខ្ញុំថា ឱបងសុលអើយ! សូមឲ្យភ្នែករបស់បងមើលឃើញវិញចុះ! រំពេចនោះ ខ្ញុំក៏មើលឃើញគាត់ ១៤រួចគាត់និយាយថា ព្រះនៃដូនតារបស់យើង បានជ្រើសរើសបង ឲ្យស្គាល់បំណងរបស់ព្រះអង្គ និងឲ្យឃើញព្រះដ៏សុចរិត ព្រមទាំងឮសំឡេងចេញពីព្រះឱស្ឋ របស់ព្រះអង្គផ្ទាល់ ១៥ព្រោះបងនឹងធ្វើជាសាក្សីដល់មនុស្សទាំងអស់សម្រាប់ព្រះអង្គ អំពីអ្វីដែលបងបានឃើញ និងបានឮ ១៦ដូច្នេះតើបងនៅចាំអ្វីទៀត? ចូរក្រោកឡើង ហើយទទួលពិធីជ្រមុជទឹក ព្រមទាំងអំពាវនាវរកព្រះនាមរបស់ព្រះអង្គ ដើម្បីលុបលាងបាបរបស់បងចុះ។
១៧មានរឿងមួយបានកើតឡើងពេលខ្ញុំត្រលប់មកក្រុងយេរូសាឡិមវិញ ហើយកំពុងអធិស្ឋាននៅក្នុងព្រះវិហារ ខ្ញុំក៏លង់ក្នុងសុបិននិមិត្ដ ១៨ហើយឃើញព្រះអង្គមានបន្ទូលមកខ្ញុំថា ចូរប្រញាប់ចាកចេញពីក្រុងយេរូសាឡិមភ្លាម ព្រោះគេមិនទទួលទីបន្ទាល់ដែលអ្នកបាននិយាយអំពីខ្ញុំទេ។១៩ខ្ញុំក៏ទូលថា ព្រះអម្ចាស់អើយ! ពួកគេដឹងស្រាប់ហើយថា ខ្ញុំបានចាប់ពួកអ្នកជឿព្រះអង្គយកទៅដាក់គុក ទាំងវាយដំពួកគេ នៅតាមសាលាប្រជុំនានាផង ២០ហើយកាលពួកគេសម្លាប់លោកស្ទេផានដែលជាសាក្សីរបស់ព្រះអង្គខ្ញុំក៏ឈរនៅទីនោះ ទាំងយល់ស្របដែរ ហើយយាមសម្លៀកបំពាក់ ឲ្យពួកអ្នកសម្លាប់គាត់ទៀតផង។ ២១ព្រះអង្គបានមានបន្ទូលមកខ្ញុំថា ចូរចេញទៅ ព្រោះខ្ញុំនឹងចាត់អ្នកឲ្យទៅឯសាសន៍ដទៃ ដែលនៅឆ្ងាយៗ»។
២២ពេលពួកគេ ស្ដាប់លោកប៉ូលដល់ត្រឹមពាក្យនេះក៏ស្រែកឡើងថា៖ «សូមកំចាត់មនុស្សបែបនេះចេញពីផែនដីទៅ!ដ្បិតវាមិនសមរស់ទេ» ២៣ហើយពេលពួកគេកំពុងស្រែក ទាំងគ្រវែងសម្លៀកបំពាក់ចោល និងបាចធូលីដីទៅលើអាកាស ២៤មេបញ្ជាការក៏បញ្ជាឲ្យគេនាំលោកប៉ូលចូលទៅក្នុងបន្ទាយ រួចបង្គាប់ឲ្យគេសួរចម្លើយគាត់ ដោយវាយនឹងខ្សែតី ដើម្បីឲ្យដឹងថា ហេតុអ្វីបានជាបណ្ដាជន ស្រែកជំទាស់គាត់ដូច្នេះ ២៥ប៉ុន្ដែ នៅពេលគេកំពុងចងសន្ធឹងលោកប៉ូលដោយខ្សែ នោះគាត់ក៏និយាយទៅនាយទាហានម្នាក់ ដែលឈរនៅទីនោះថា៖ «តើច្បាប់អនុញ្ញាតឲ្យពួកលោកវាយជនជាតិរ៉ូម ដោយមិនបានកាត់ទោសដែរឬទេ?»។ ២៦ពេលនាយទាហាននោះឮដូច្នេះ ក៏ចូលទៅប្រាប់មេបញ្ជាការថា៖ «តើលោកប្រុងធ្វើអ្វី? ដ្បិតម្នាក់នេះជាជនជាតិរ៉ូម» ២៧ដូច្នេះ មេបញ្ជាការក៏ចូលមកសួរលោកប៉ូលថា៖«ចូរប្រាប់ខ្ញុំមក៍ តើអ្នកជាជនជាតិរ៉ូមឬ?» គាត់ក៏ឆ្លើយថា៖ «មែនហើយ» ២៨មេបញ្ជាការតបថា៖ «ខ្ញុំចាយប្រាក់ច្រើនណាស់ទើបបានសញ្ជាតិនេះ» នោះលោកប៉ូលក៏និយាយថា៖ «រីឯខ្ញុំកើតមកមានសញ្ជាតិនេះតែម្ដង» ២៩ពេលនោះ ពួកទាហានដែលប្រុងសួរចម្លើយ បានថយចេញពីគាត់ភ្លាម រីឯមេបញ្ជាការក៏ភ័យខ្លាចដែរ ពេលដឹងថាលោកប៉ូលជាជនជាតិរ៉ូម ព្រោះគាត់បានឲ្យគេចងលោកប៉ូល។
លោកប៉ូលនៅចំពោះមុខក្រុមប្រឹក្សាកំពូល
៣០នៅថ្ងៃបន្ទាប់ ដោយចង់ដឹងច្បាស់អំពីហេតុផល ដែលជនជាតិយូដាចោទប្រកាន់លោកប៉ូល មេបញ្ជាការក៏ដោះលែងលោកប៉ូល ហើយបញ្ជាពួកសម្តេចសង្ឃ និងក្រុមបឹ្រក្សាកំពូលទាំងអស់ឲ្យជួបជុំគ្នា រួចក៏នាំលោកប៉ូលមក ឲ្យឈរនៅចំពោះមុខអ្នកទាំងនោះ។