KCB - កិច្ចការ ២០


កិច្ចការ ២០

លោក​ប៉ូល​ធ្វើ​ដំណើរ​ទៅ​ស្រុក​ ម៉ាសេដូន​ និង​ស្រុកក្រេក​

២០ក្រោយ​​ពី​ ចលាចល​​នេះបាន​ស្ងប់​ស្ងាត់​ហើយ លោក​ប៉ូល​ក៏​ហៅ​ពួក​សិស្ស​មក ពេល​គាត់​លើក​ទឹកចិត្ត​ពួកគេ​រួច គាត់​ក៏​ជម្រាបលា​ពួកគេ ហើយ​ចេញដំណើរ​ទៅ​ស្រុក​ម៉ាសេ​ដូន។​ ពេល​គាត់​ធ្វើ​ដំណើរ​កាត់​តាម​តំបន់​ទាំងនោះ គាត់​បាន​លើក​ទឹកចិត្ដ​ដល់​ពួក​អ្នកជឿ​ ដោយ​ពាក្យ​សំដី​ជា​ច្រើន រួច​គាត់​ក៏​មក​ដល់​ស្រុកក្រេក​ ហើយ​គាត់​បាន​រស់នៅ​ទីនោះ​អស់​រយៈ​ពេល​បី​ខែ ពេល​គាត់​បម្រុង​ចុះ​សំពៅ​ទៅ​ស្រុកស៊ីរី ជនជាតិ​យូដា​ មាន​ផែនការ​អាក្រក់​ចំពោះ​គាត់ដូច្នេះ ​ គាត់​បាន​សម្រេច​ចិត្ដ​បក​ក្រោយ ​​កាត់​តាម​ស្រុក​ម៉ាសេដូន​វិញ ហើយ​​លោក​សូប៉ាត្រុស អ្នកក្រុង​បេរាជា​កូន​លោក​ពីរូស និង​លោក​អើរីស្ដាក លោក​សេគុនដុស ជា​អ្នកក្រុង​ថែស្សាឡូនីច លោក​កៃយុស និងលោក​ធីម៉ូថេ​​ ជា​អ្នកក្រុង​ឌើបេ ព្រមទាំង​លោក​ទីឃីកុស និង​លោក​ទ្រភីម​ ជា​អ្នកស្រុក​អាស៊ី​បាន​រួម​ដំណើរ​​ជាមួយ​គាត់​ ប៉ុន្ដែ​បង​ប្អូន​ទាំង​នេះ​ បាន​ទៅក្រុងទ្រអាសរង់ចាំយើង​មុន​ រីឯ​​​យើង​វិញ នៅ​ក្រោយ​ថ្ងៃ​បុណ្យ​នំប៉័ង​ឥតមេ​​ ក៏​ជិះ​សំពៅ​ចេញពី​ក្រុង​ភីលីព‍។ អស់​រយៈពេល​ប្រាំ​ថ្ងៃ​ ​យើង​ក៏​មក​ជួប​​ពួកគេ ​នៅ​ក្រុង​ទ្រអាស ហើយ​ស្នាក់​នៅ​ទីនោះ​ប្រាំពីរ​ថ្ងៃ‍។​

លោក​ប៉ូល​ប្រោស​អើទីកុស​ឲ្យ​​រស់​ពី​ស្លាប់​ឡើង​វិញ​នៅ​ក្រុង​ទ្រអាស​

លុះ​នៅ​ថ្ងៃ​ទីមួយ​ នៃ​សប្តាហ៍​នោះ ពេល​យើង​ជួបជុំ​គ្នា​ ធ្វើ​ពិធី​កាច់​នំបុ័ង​ លោក​ប៉ូល ​បាន​អធិប្បាយ​ទៅ​កាន់​ពួកគេ។​ ដោយព្រោះ​គាត់​បម្រុង​ចាកចេញ​នៅ​ថ្ងៃ​បន្ទាប់ គាត់​ក៏​បន្ដ​​អធិប្បាយរហូតដល់​ពាក់កណ្ដាល​អធ្រាត្រ។​ នៅ​បន្ទប់​ជាន់​ខាង​លើ ដែល​យើង​ជួបជុំ​គ្នា​នោះ ​មាន​ភ្លើង​ចង្កៀង​ជា​ច្រើន ​មាន​យុវជន​ម្នាក់​ឈ្មោះ​អើទីកុស​ កំពុង​អង្គុយ​លើ​មាត់​បង្អួច ​​ពេល​លោក​ប៉ូល​អធិប្បាយយ៉ាង​​យូរ​ យុវជន​នោះ​​​ងងុយ​ដេក​ជា​ខ្លាំង ហើយ​គាត់​ក៏​លង់​លក់​ទៅ ​រហូត​ទាល់​តែ​ធ្លាក់​ពី​ជាន់​ទីបី​មក ពេល​គេ​លើក​គាត់​ឡើង គាត់​បាន​ស្លាប់​ហើយ។​ ​១០​លោក​ប៉ូល​បាន​ចុះ​ទៅ​ទ្រោប​ពី​លើ​ ទាំង​ឱប​​គាត់ ហើយ​​និយាយ​ថា​៖ «កុំ​បារម្ភ​ឡើយ ព្រោះ​គាត់​នៅ​មាន​ជីវិត​ទេ​!»​ ១១រួច​ក៏​ឡើង​ទៅ​លើ​វិញ ពេល​ធ្វើ​ពិធី​កាច់​នំប៉័ង​ និង​បរិភោគ​រួច​ហើយ គាត់​ក៏​សំណេះ សំណាលយ៉ាងយូរ​រហូត​ដល់​ភ្លឺ ទើប​គាត់​ចេញ​ដំណើរ​ ១២ហើយ​ពួកគេ​ក៏​នាំ​យុវជន​ដែល​មាន​ជីវិត​នោះ​ទៅ​វិញ ទាំងទទួល​បាន​ការ​កម្សាន្ដ​​​ចិត្ដ​ជាខ្លាំង‍។​

លោក​ប៉ូល​ជួប​នឹង​ពួក​ចាស់​ទុំ​ ក្រុម​ជំនុំ​អេភេសូរ​

១៣​​យើង​បាន​ជិះ​សំពៅ​ ទៅ​ក្រុងអាសុស​មុន​ ដើម្បី​ចាំ​ទទួល​លោក​ប៉ូល​នៅ​ទីនោះ ដ្បិត​គាត់​បាន​ផ្ដាំ​ដូច្នេះ ព្រោះ​គាត់​មាន​បំណង​ធ្វើ​ដំណើរ​ តាម​ផ្លូវ​គោក​ ១៤ពេល​គាត់ ​ បាន​ជួប​យើង​នៅ​ក្រុង​អាសុសយើង​ក៏​ទទួល​គាត់​ចុះ​សំពៅ​ទៅ​ក្រុង​មីទូលេន។​ ១៥នៅ​ថ្ងៃ​បន្ទាប់ យើង​ក៏​ជិះសំពៅពី​ទីនោះ​ ទៅ​ដល់មុខកោះ​ឃីយ៉ូស ថ្ងៃ​បន្ទាប់​ទៀត​ យើង​ក៏​ឆ្លង​មក​ដល់​កោះ​សាម៉ុស ហើយ​ថ្ងៃ​បន្ទាប់​មក​ទៀត យើង​បាន​មក​ដល់​ក្រុង​មីលេត។

១៦ពេលនោះ​ លោក​ប៉ូល​សម្រេច​ចិត្ដ​ធ្វើ​ដំណើរ​បង្ហួស​ក្រុង​អេភេសូរ ដើម្បី​កុំ​ឲ្យ​​គាត់​ ចំណាយ​ពេល​នៅ​ស្រុក​អាស៊ី​យូរ ព្រោះ​គាត់ប្រញាប់ទៅ​ដល់​ក្រុងយេរូសាឡិម ឲ្យ​​ទាន់​ថ្ងៃ​បុណ្យ​ថ្ងៃទីហាសិប​បើសិន​ជា​អាច​ ១៧ប៉ុន្ដែ​គាត់​បាន​ចាត់​គេ​ពី​ក្រុង​មីលេត​ ទៅ​អញ្ជើញ​ក្រុម​ចាស់ទុំ នៃ​ក្រុម​​ជំនុំ​នៅ​ក្រុង​អេភេសូរ​ ឲ្យ​​មក​ជួប​គាត់។

១៨កាល​ពួកគេ​មក​ជួប​គាត់​ហើយ គាត់​ក៏​ប្រាប់​ពួកគេ​ថា​៖ «អ្នករាល់គ្នា​ដឹង​ស្រាប់​ហើយ​ពី​របៀប ដែល​ខ្ញុំ​បាន​នៅ​ជាមួយ​អ្នករាល់គ្នា​គ្រប់​ពេលវេលា ​តាំងពី​ថ្ងៃ​ដំបូង ដែល​ខ្ញុំ​បាន​ចូល​មក​ស្រុក​អាស៊ី​ ១៩គឺ​ខ្ញុំ​បាន​បម្រើ​ព្រះអម្ចាស់​ ដោយ​ការបន្ទាបខ្លួន ដោយ​ទឹកភ្នែក និង​ដោយ​សេចក្ដី​វេទនា​គ្រប់​បែបយ៉ាង​ ដែល​កើត​មាន​ចំពោះ​ខ្ញុំ​ ដោយសារ​បំណងអាក្រក់​របស់​ជនជាតិ​យូដា​ ២០ហើយ​ខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា​ មិន​ដែល​លាក់លៀមឡើយ​ អំពី​អ្វី​ដែល​មាន​ប្រយោជន៍ដល់​អ្នក​រាល់​គ្នា​​ គឺ​បាន​​បង្រៀន​ដល់​អ្នករាល់គ្នា​នៅ​តាម​ទីសាធារណៈ​ និង​ពី​​ផ្ទះមួយ​ទៅ​ផ្ទះ​មួយ​​ ២១ទាំង​ធ្វើ​បន្ទាល់​ប្រាប់​ជនជាតិ​យូដា និង​ជនជាតិ​ក្រេក​អំពី​ការ​ប្រែចិត្ត​មកឯ‍ព្រះជាម្ចាស់ និង​អំពី​ជំនឿ​លើ​ព្រះអម្ចាស់យេស៊ូ​​នៃ​យើង ២២ឥឡូវនេះ មើល៍ ព្រះវិញ្ញាណ​បាន​ជំរុញ​ខ្ញុំ​ឲ្យ​​ទៅ​ក្រុង​យេរូសាឡិម ហើយ​ខ្ញុំ​មិន​ដឹង​ជា​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​ខ្ញុំ នៅ​ទី​នោះ​ទេ​ ២៣ខ្ញុំ​គ្រាន់តែ​ដឹង​ថា ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​ធ្វើបន្ទាល់​ ប្រាប់​ខ្ញុំ​នៅ​គ្រប់​ក្រុង​ថា មាន​ចំណង និង​ទុក្ខលំបាក​កំពុង​រង់​ចាំ​ខ្ញុំ​ ២៤ប៉ុន្ដែ​ខ្ញុំ​មិន​ចាត់ទុក​ថា ជីវិត​របស់​ខ្ញុំ​មាន​តម្លៃ​សម្រាប់​ខ្ញុំ​ទេ ឲ្យ​តែ​មុខងារ និង​កិច្ចការ​ ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះអម្ចាស់​យេស៊ូ ដែល​ឲ្យ​​ខ្ញុំ​ធ្វើបន្ទាល់​អំពី​ដំណឹងល្អ ​នៃ​ព្រះគុណ​របស់​ព្រះជាម្ចាស់​បាន​សម្រេច‍ចុះ‍។​

២៥ពេលនេះ​ខ្ញុំ​ដឹង​ថា អ្នករាល់គ្នា​នឹង​លែង​ឃើញ​មុខ​ខ្ញុំ​ដែល​បាន​ប្រកាស​ប្រាប់​អំពីនគរព្រះជាម្ចាស់ នៅក្នុង​ចំណោម​អ្នករាល់​គ្នា​​ទៀត​ហើយ​ ២៦ដូច្នេះ ខ្ញុំ​ធ្វើ​បន្ទាល់​ប្រាប់​អ្នករាល់គ្នា​នៅ​ថ្ងៃ​នេះ​ថា ខ្ញុំ​គ្មាន​ទោស​ចំពោះ​ឈាម​របស់​មនុស្ស​ទាំងអស់​ទេ​ ២៧ព្រោះ​ខ្ញុំ​បានប្រាប់អ្នករាល់គ្នាអំពីបំណង​ទាំង​អស់ ​របស់​ព្រះជាម្ចាស់​ដោយ​មិន​លាក់​​លៀម​ឡើយ។​

២៨ចូរ​អ្នករាល់គ្នា​រក្សា​ខ្លួន និង​ហ្វូង​ចៀម​ទាំងអស់​ ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​ប្រគល់​ឲ្យ​​អ្នករាល់គ្នា​ មើល​ខុសត្រូវ ដើម្បី​ថែទាំ​ក្រុមជំនុំ​ របស់ព្រះជាម្ចាស់​ដែលព្រះអង្គ​បានទិញ​ដោយ​ឈាម​របស់​ព្រះ​អង្គ​ផ្ទាល់។​ ២៩ខ្ញុំ​ដឹង​ថា ក្រោយ​ពេល​ខ្ញុំ​ចេញ​ទៅ ឆ្កែព្រៃ​ដ៏​សាហាវ​​នឹង​ចូល​មក​ក្នុង​ចំណោម​អ្នករាល់គ្នា​ ដោយ​មិន​ប្រណី​​ដល់​ហ្វូងចៀម​ឡើយ​ ៣០ហើយ​នៅក្នុង​ចំណោម​អ្នករាល់គ្នា ​ក៏​នឹង​មាន​មនុស្ស​និយាយ​បង្ខូច​គ្នាឯង​ដែរ ដើម្បី​អូសទាញ​ពួក​សិស្ស​ឲ្យ​​ទៅ​តាម​ពួកគេ។

៣១ដូច្នេះចូរ​ប្រុងស្មារតី​ ដោយ​នឹក​ចាំ​ថា អស់រយៈពេល​បី​ឆ្នាំ​ ខ្ញុំ​បាន​ដាស់​តឿន​អ្នករាល់គ្នា​ឥត​ឈប់​ឈរ ទាំងយប់​ទាំង​ថ្ងៃ​ ដោយបង្ហូរទឹក​ភ្នែក​ ៣២ឥឡូវនេះ ខ្ញុំ​សូម​ប្រគល់​អ្នក​រាល់​គ្នា​ ដល់​ព្រះជាម្ចាស់ និង​ព្រះបន្ទូល ​នៃ​ព្រះគុណ​របស់​ព្រះអង្គ​ដែល​អាច​ស្អាង និង​ប្រទាន​​មរតក​ដល់​អ្នក​ទាំងអស់​គ្នា​ ជាមួយ​អស់​អ្នក ​ដែលត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​ ៣៣ខ្ញុំ​មិន​ដែល​លោភ​ ចង់​បាន​មាសបា្រក់ ឬ​ សម្លៀក​បំពាក់​របស់​អ្នកណា​ឡើយ​ ៣៤អ្នក​រាល់គ្នា​ផ្ទាល់​ ក៏​បាន​ដឹង​ហើយ​ថា ខ្ញុំ​បាន​ធ្វើ​ការ​ដោយ​ដៃ​ទាំងពីរ​នេះ ដើម្បី​ផ្គត់ផ្គង់​សេចក្ដី​ត្រូវការ​របស់​ខ្ញុំ ព្រម​ទាំង​អស់អ្ន​ក​នៅ​ជាមួយ​ខ្ញុំ។ ៣៥ខ្ញុំ​បានបង្ហាញ​ អ្នករាល់​គ្នា​សព្វគ្រប់​ហើយ​ថា អ្នករាល់គ្នា​ត្រូវ​ខំ​ធ្វើការ​​ដូច្នេះ​ដែរ​ ដើម្បី​ជួយ​អ្នក​ទន់ខ្សោយ ព្រម​ទាំង​នឹក​ចាំ​ពី​ព្រះបន្ទូល​របស់​ព្រះអ​ម្ចាស់​យេស៊ូដែល​ព្រះអង្គបាន​មានបន្ទូល​ថា ការ​ដែល​ឲ្យមាន​ពរ​ច្រើន​ជាង​ការ​ដែល​ទទួល‍»។​

៣៦ពេល​លោក​ប៉ូល​ និយាយ​សេចក្ដី​ទាំងនេះ​រួច​ហើយ គាត់​ក៏​លុត​ជង្គង់​អធិស្ឋាន​ ជាមួយ​ពួកគេ​ទាំងអស់​គ្នា​ ៣៧ហើយ​ពួកគេ​គ្រប់គ្នា​បាន​យំ​យ៉ាង​ខ្លាំង​ ទាំង​​ឱប​ថើប​គាត់ ​៣៨ដោយ​ព្រួយ​ចិត្ត​ចំពោះ​ពាក្យ​ដែល​គាត់​និយាយ​ថា​ ពួកគេ​នឹង​លែង ​ឃើញ​មុខ​គាត់​ទៀត​ហើយ រួច​ពួកគេ​ក៏​ជូន​ដំណើរ​គាត់​ទៅ​ដល់​សំពៅ‍។

កិច្ចការ ២០