KCB - កិច្ចការ ១៩


កិច្ចការ ១៩

ដំណើរបេសកកម្ម​លើក​ទី​បី​របស់​លោក​ប៉ូល​

១៩កាល​ លោក​អ័ប៉ុឡូស​ កំពុង​នៅ​ក្នុង​ក្រុង​កូរិនថូស​នៅឡើយ លោក​ប៉ូល​បាន​ធ្វើ​ដំណើរ​កាត់​តំបន់​ខ្ពង់​រាប​​ មក​ដល់​ក្រុងអេភេសូរ​ហើយ​ គាត់​ក៏​ជួប​ពួក​សិស្ស​មួយ​ចំនួន​ គាត់​បាន​សួរ​ពួកគេ​ថា​៖ «ពេល​បងប្អូន​ជឿ តើ​បងប្អូន​បាន​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​​ដែរ‍ឬ​ទេ​?» ពួកគេ​ឆើ្លយ​ថា​៖ «ទេ​យើង​មិន​ដែល​ទាំង​ឮ​ថា​ មាន​ព្រះ​វិញ្ញាណ​​បរិសុទ្ធ​ផង»​ដូច្នេះ គាត់​ក៏​សួរ​ទៀត​ថា​៖ «ចុះ​តើ​អ្នក​រាល់គ្នា​ បាន​ទទួលពិធី​ជ្រមុជ​បែប​ណា​?»ពួកគេ​ឆ្លើយ​ថា​៖«ដោយនូវ​ពិធី​ជ្រមុជ​របស់​លោក​យ៉ូហាន»​លោក​ប៉ូល​និយាយ​ថា​៖ «លោក​យ៉ូហាន​បាន​ធ្វើពិធី​ជ្រមុជ ​ដែល​ជា​ភស្ដុតាង​បង្ហាញ​ពី​ការ​ប្រែចិត្ដ ទាំង​បា្រប់​មនុស្ស​ឲ្យ​​ជឿ​លើ​ព្រះអង្គ​ដែល​យាង​មក​ក្រោយ​គាត់ គឺ​ព្រះ​យេស៊ូ»​ ពេល​ឮ​ដូច្នេះ ពួកគេ​ក៏​ទទួលពិធី​ជ្រមុជទឹក​​ ដោយនូវ​ព្រះនាម​ព្រះអម្ចាស់​យេស៊ូ​ ហើយ​ពេល​លោក​ប៉ូល​ដាក់​ដៃ​លើ​ពួកគេ ព្រះ​វិញ្ញាណ​បរិសុទ្ធ​ បាន​យាង​មក​សណ្ឋិត​លើ​ពួកគេ រួច​ពួកគេ​ក៏​និយាយ​ភាសាចម្លែក​អស្ចារ្យ​​ ព្រមទាំង​ថ្លែង​ព្រះបន្ទូល‍ផង‍។​ អ្នក​ទាំង​នោះ​មាន​គ្នា​ប្រហែល​ដប់ពីរ​នាក់។​

លោក​ប៉ូល​ប្រកាស​ព្រះបន្ទូល និង​ប្រោស មនុស្ស​ឲ្យ​​ជា​នៅ​ក្រុង​អេភេសូរ​

បន្ទាប់មក គាត់​ក៏​ចូល​ទៅ​និយាយ​នៅក្នុង​សាលាប្រជុំ​ យ៉ាងក្លាហានអស់​រយៈពេល​បី​ខែ​ ទាំង​ជជែក​វែកញែក និងពន្យល់​គ្រប់​បែបយ៉ាង​ អំពី​នគរ​​ព្រះជាម្ចាស់ ប៉ុន្ដែនៅពេល​អ្នក​ខ្លះ​នៅតែ​មាន​ចិត្ដ​រឹងរូស និង​មិន​ព្រម​ជឿ ទាំង​និយាយ​បង្អាប់​មាគ៌ា​នោះ ​នៅ​មុខ​បណ្តាជន គាត់​ក៏​ចាក​ចេញ​ពី​​ពួកគេ នាំ​យក​​ពួក​សិស្ស​ទៅផង​ ហើយ​បង្រៀនពួកគេ​ក្នុងសាលា​របស់​លោក​ទីរ៉ានុស​​ ជា​រៀងរាល់​ថ្ងៃ។ ១០គាត់​ធ្វើ​ដូច្នេះ​អស់​រយៈ​ពេល​ពីរ​ឆ្នាំ ដូច្នេះ​ហើយបានជា​អស់​អ្នក​ដែល​រស់នៅ​ស្រុក​អាស៊ី ទាំង​ជនជាតិ​យូដា និង​ជនជាតិ​ក្រេក​បាន​ឮ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ ១១ហើយ​ព្រះជាម្ចាស់បានធ្វើ​ការ​អស្ចារ្យ​ប្លែកៗ តាម​រយៈ​​ដៃ​របស់​លោក​ប៉ូល​ ១២សូម្បី​តែ​កន្សែងដៃ ឬ​ក្រមា​ដែល​យក​ចេញ​ពី​ខ្លួន​របស់​គាត់​ទៅ​គ្រប​លើ​ពួក​អ្នកជំងឺ​ នោះ​​​ពួកគេ​ក៏​បាន​ជា​ពី​ជំងឺ ហើយ​​​ពួក​វិញ្ញាណ​អាក្រក់​ក៏​ចេញ​ដែរ ​១៣ដូច្នេះក៏​មាន​គ្រូ​មន្ត​អាគម​​ជនជាតិ​យូដា​ខ្លះ ដែល​ដើរ​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ​​ បាន​​ព្យាយាម​​ប្រើ​ព្រះនាម​ព្រះអម្ចាស់យេស៊ូបង្គាប់លើ​ពួកអ្នកដែល​មាន​វិញ្ញាណ​អាក្រក់​ចូល ដោយ​និយាយ​​ថា​៖«យើង​​បង្គាប់​​​ឯង​ដោយនូវ​ព្រះ​យេស៊ូ​ដែល​លោក​ប៉ូល​ប្រកាស»​ ១៤ហើយ​​កូន​ប្រុស​ទាំង​ប្រាំពីរ​នាក់​របស់​សម្ដេចសង្ឃ​ជនជាតិយូដាឈ្មោះ​ស្កេវ៉ា ក៏​​​ធ្វើ​ដូច្នោះ​ដែរ​ ​១៥ប៉ុន្ដែ​ វិញ្ញាណ​អាក្រក់​ឆ្លើយ​ទៅ​ពួកគេ​ថា​៖ «មែន យើងស្គាល់​ព្រះ​យេស៊ូ ហើយក៏​ស្គាល់​ប៉ូល​ដែរ ចុះ​ពួកឯង​វិញ​ជា​នរ​ណា​?» ១៦រួចមនុស្ស​ដែលមានវិញ្ញាណ​អាក្រក់​​ លោតចូល​ទៅ​សង្គ្រប់​យក​ឈ្នះ​លើ​ពួកគេ​ទាំង​អស់​គ្នា​ រហូត​ធ្វើ​ឲ្យ​​ពួកគេ​មានរបួស ហើយ​រត់​ចេញ​ពី​ផ្ទះ​នោះទាំង​អាក្រាត‍ ១៧រឿង​នេះ​បាន​លេចឮ​ដល់មនុស្សទាំងអស់​​​ ដែល​រស់នៅ​ក្នុង​ក្រុង​អេភេសូរ ទាំង​ជនជាតិ​យូដា និង ​ជនជាតិ​ក្រេកផង ហើយ​ពួកគេ​ទាំងអស់គ្នា​ក៏​មាន​ចិត្ត​កោតខ្លាច ទាំង​លើក​តម្កើង​ព្រះនាម​របស់​ព្រះអម្ចាស់​យេស៊ូ ១៨មាន​​អ្នក​ជឿ​ជា​ច្រើន​ បាន​ចូល​មក​ទទួល​​សារភាព និងលាតត្រដាង​ពី​អំពើ​ទាំង​ឡាយ​របស់​ខ្លួន ​១៩ហើយក៏មាន​​ពួក​អ្នក​ធ្វើ​មន្តអាគម​ជា​ច្រើន ​បាន​ប្រមូល​ក្បួនតម្រា​របស់​ពួកគេ ​មកដុត​ចោល​នៅចំពោះ​មុខ​មនុស្ស​គ្រប់គ្នា។​ ​តម្លៃ​ក្បួនតម្រា​ទាំងនោះ​គិតជា​ប្រាក់​មាន​តម្លៃ​សរុបប្រាំ​ម៉ឺន​កាក់ប្រាក់​ ២០ដូច្នេះព្រះបន្ទូល​របស់​ព្រះអម្ចាស់​ ក៏​រីក​ចម្រើន​កាន់​តែ​ខ្លាំង​ និង​យ៉ាងមាន​អំណាច។

បណ្ដាជន​បង្កចលាចល​នៅ​ក្រុង អេភេសូរ​ប្រឆាំង​នឹង​ពួក​អ្នក​ជឿ​

២១ក្រោយ​ហេតុការណ៍​ទាំង​នេះ ព្រះវិញ្ញាណ​ បាន​នាំឲ្យ​លោកប៉ូល​​សម្រេចចិត្ដ​ទៅ​ក្រុង​យេរូសាឡិម​ ដោយ​ធ្វើ​ដំណើរកាត់តាម​ស្រុក​ម៉ាសេដូន​ និង​ស្រុក​អាខៃ។ គាត់​បាន​និយាយ​ថា‍៖ «ក្រោយ​ពេល​ខ្ញុំ​ទៅ​ដល់ទីនោះ​ហើយ​​ ខ្ញុំ​ត្រូវ​ទៅមើល​​ក្រុង​រ៉ូម​ដែរ» ​២២រួច​គាត់​ក៏​ចាត់​អ្នក​ជំនួយ​ការ​របស់​​គាត់​ពីរ​នាក់ឲ្យ​​ទៅ​ស្រុក​ម៉ាសេដូនគឺ​លោក​ធីម៉ូថេ​ និង​លោក​អេរ៉ាស្ទុស រីឯ​​គាត់បាន​ស្នាក់នៅ​ក្នុងស្រុក​អាស៊ី​មួយ​រយៈ​ ២៣ហើយ​នៅ​គ្រា​នោះ កើតមាន​ការ​ជ្រួលច្របល់​យ៉ាងខ្លាំង​ដែល​ទាក់ទង​នឹង​មាគ៌ា​នេះ​ ២៤ដ្បិត​មាន​បុរស​ម្នាក់ឈ្មោះ​ដេមេទ្រាសជា​ជាង​បា្រក់ ដែល​ធ្វើខ្ទមសក្ការ​ព្រះនាង​ឌីអាន​ អំពី​បា្រក់ គាត់​​​បាន​ផ្ដល់​​កម្រៃយ៉ាង​ច្រើន​​​ដល់​ពួក​ជាង។​ ២៥គាត់​​បាន​ប្រមូល​ពួក​ជាង ​និងពួក​​អ្នក​ដែល​ប្រកប​របរ​បែប​នេះ​ដែរមក​ប្រាប់​ថា​៖ «បង​ប្អូន​អើយ! បង​ប្អូន​ដឹង​ហើយ​ថា យើង​មាន​ទ្រព្យ​សម្បត្ដិ​យ៉ាង​ច្រើន​ដោយសារ​មុខរបរ​នេះ​ ២៦ប៉ុន្ដែ​បងប្អូន​បាន​ឃើញ និង‍បាន​ឮហើយ​ថា ប៉ូល​នេះ​បាន​បញ្ចុះ​បញ្ចូល​ និង​បាន​បង្វែរ​បណ្ដាជន​ជាច្រើនរួច​មក​ហើយ មិន​តឹ្រម​តែ​នៅ​ក្រុង​អេភេសូរ​ប៉ុណ្ណោះ​ទេ គឺ​ស្ទើរ​តែ​ពេញ​ស្រុក​អាស៊ី​ទាំងមូល​ដោយ​និយាយ​ថា ព្រះ​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស​ មិន​មែន​ជា​ព្រះ​ទេ។ ២៧នេះ​គឺជា​អន្ដរាយ​​ ដែល​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​​មុខរបរ​របស់​យើង​ខូច​ឈ្មោះ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​​ធ្វើ​ឲ្យ​​ព្រះ​វិហារ​របស់​ព្រះនាងឌីអាន ដ៏​ឧត្ដម​ពុំមាន​តម្លៃ​ទៀត​ផង ហើយ​អំណាច​​របស់​ព្រះ​នាង​ ដែល​ស្រុក​អាស៊ី​ និង​ពិភពលោក​ទាំង​មូល​ថ្វាយ​បង្គំ ​នឹង​ត្រូវ​សាបសូន្យ​ទៅ»។​

២៨ពេល​ឮ​ដូច្នេះ ពួកគេ​ក៏​មាន​កំហឹង​ពេញ​ខ្លួន ហើយ​ស្រែកឡើង​ថា​៖ «ព្រះ​នាង​ឌីអាន​ របស់​អ្នក​ក្រុង​អេភេសូរ​ដ៏ឧត្ដុង្គ​ឧត្ដម​​!» ២៩ពេលនោះ​មាន​ការ​ច្របូកច្របល់​ពេញ​ក្រុង ហើយ​ពួកគេ​សម្រុក​​​ចូល​ព្រមគ្នា​ ទៅក្នុង​ទី​លាន​មហោស្រព រួច​ចាប់​លោក​កៃយុស និង​លោក​អើរីស្តាក ជា​អ្នក​ស្រុក​ម៉ាសេដូន​ដែល​​ជា​គូកន​រួម​ដំណើរ ​ជាមួយ​លោកប៉ូល។ ៣០លោក​ប៉ូល​ ចង់​ចូល​ទៅ​ក្នុង​ចំណោម​មហាជន ប៉ុន្ដែ​ពួកសិស្ស​មិន​ព្រម​ឲ្យ​​​គាត់​ចូល​ទេ​ ៣១សូម្បីតែ​មិត្ត​របស់​គាត់​មួយចំនួន​ ដែល​ជា​មន្រ្តី​ស្រុក​អាស៊ី​ក៏​ចាត់​គេ​មក​អង្វរ​គាត់​ដែរ កុំ​ឲ្យ​​គាត់​ចូល​ទៅក្នុង​ទីលាន​មហោស្រព​ ៣២ពេល​នោះ មាន​អ្នក​ខ្លះ​ស្រែក​យ៉ាងនេះ មាន​អ្នក​ខ្លះ​ស្រែក​យ៉ាង​នោះ ព្រោះ​អង្គ​ប្រជុំ​បាន​ច្របូក​ច្របល់​អស់​ហើយ ឯមនុស្ស​ភាគ​ច្រើន​ មិន​បាន​ដឹង​ពី​មូលហេតុ​ដែល​ពួកគេ​មក​ជួប​ជុំ​គ្នា​នេះទេ។ ៣៣​ជនជាតិ​យូដា ​បាន​រុញ​​លោក​អ័លេក្សានត្រុស​ចេញ​ពី​​បណ្ដា​ជន ហើយ​នាំ​ទៅ​ខាងមុខ។ លោក​​អ័លេក្សានត្រុស​ក៏​លើក​ដៃ​ជា​សញ្ញា ព្រោះ​គាត់​ចង់​ឆ្លើយ​ដោះសា​នឹង​បណ្ដា​ជន​​ ៣៤ប៉ុន្តែពេល​ដឹង​ថាលោក​អ័លេក្សានត្រុស​ ជា​ជនជាតិ​យូដា ពួកគេ​​បាន​ស្រែក​ព្រម​គ្នា​ អស់​រយៈ​ពេល​ប្រហែលពីរ​ម៉ោង​ថា​៖ «ព្រះ​នាង​ឌីអាន របស់អ្នកក្រុងអេភេសូរ ដ៏​ឧត្ដុង្គឧត្ដម​!‍»​ ៣៥ក្រោយពី​លេខា​ធិការក្រុង​ បានឲ្យ​បណ្តាជន​នៅ​ស្ងៀម​ស្ងាត់ គាត់​ក៏​និយាយ​ថា​៖ «បងប្អូន​អ្នក​ក្រុងអេភេសូរ​​អើយ​! តើ​មាន​អ្នកណា​មិន​ដឹង​ថា អ្នក​ក្រុង​អេភេសូរ​​ ជា​អ្នកថ្វាយ​បង្គំ​ព្រះ​នាង​ឌីអាន​ដ៏​ឧត្ដុង្គឧត្ដម និង​រូបសំណាកដែល​ធ្លាក់​ពី​លើ​​មេឃ​​មក​នោះ​!​ ៣៦ដូច្នេះ គ្មាន​អ្នកណា​ អាច​ប្រកែក​នឹង​សេចក្ដី​ទាំង​នេះ​បាន​ទេ បងប្អូន​ត្រូវ​នៅ​ស្ងៀម​ស្ងាត់ ហើយ​ឈប់​ធ្វើ​អ្វី​ច្រឡោត​ទៀត​ទៅ ៣៧ដ្បិត​ពួក​អ្នក​ទាំងនេះ​ ដែល​បងប្អូន​បាន​នាំ​មក មិនមែន​ជា​ចោរប្លន់​ព្រះវិហារ ហើយ​ក៏​មិន​បាន​ប្រមាថ​ព្រះ​របស់​យើង​ដែរ​ ៣៨ប៉ុន្ដែ​ បើ​លោក​ដេមេទ្រាស និង​ពួក​ជាងដែល​​នៅ​ជាមួយ​គាត់​​​ មាន​បណ្ដឹង​នឹង​នរ​ណា​ម្នាក់​ នោះ​សាលាក្តី​មាន​ស្រាប់ ហើយអស់​លោក​​អភិបាល​​ក៏​មាន​ដែរ ចូរ​ឲ្យ​​គេ​ប្តឹង​គ្នា​ចុះ​ ៣៩ប៉ុន្ដែ​​បើ​បងប្អូន​ចង់​បាន​​អ្វី​លើស​នេះ នោះ​ត្រូវ​ដោះ​ស្រាយ​នៅ​ក្នុង​អង្គ​ប្រជុំ​ តាម​ច្បាប់​ ៤០ដ្បិត​យើង​កំពុង​ស្ថិត​នៅក្នុង​គ្រោះថ្នាក់ ដែលនឹង​​ត្រូវ​គេ​ចោទ​ពី​បទ​បង្ក​ចលាចល​នៅក្នុង​ថ្ងៃ​នេះ ព្រោះ​យើង​គ្មាន​មូលហេតុ​អាច​ដោះសា​អំពី​​ការ​ប្រជុំ​នេះ​បាន​ទេ»។ ៤១ពេល​និយាយ​ដូច្នេះ​រួច​ហើយ គាត់​ក៏​រំសាយ​ការ​ប្រជុំ‍។

កិច្ចការ ១៩