កិច្ចការ ១៤
១៤នៅក្រុងអ៊ីកូនាម ពួកគាត់នាំគ្នា ចូលទៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា ហើយនិយាយដូចមុន ធ្វើឲ្យមនុស្សច្រើនកុះករជឿ មានទាំងជនជាតិយូដា និងជនជាតិក្រេក ២ប៉ុន្ដែពួកជនជាតិយូដាដែលមិនព្រមជឿ បានញុះញង់ពួកសាសន៍ដទៃឲ្យមានគំនិតអាក្រក់ នឹងពួកបងប្អូន។ ៣ទោះជាយ៉ាងណាក្ដី ពួកគាត់បានស្នាក់នៅទីនោះជាយូរថ្ងៃ ទាំងប្រកាសយ៉ាងក្លាហាន ដោយពឹងអាងលើព្រះអម្ចាស់ដែលបានបញ្ជាក់ អំពីព្រះបន្ទូលនៃព្រះគុណរបស់ព្រះអង្គ ដោយប្រទានទីសំគាល់ និងការអស្ចារ្យផ្សេងៗឲ្យកើតឡើងតាមរយៈដៃរបស់ពួកគាត់។ ៤ដូច្នេះហើយបណ្ដាជននៅក្រុងនោះ បានបែកបាក់គ្នា អ្នកខ្លះនៅខាងជនជាតិយូដា អ្នកខ្លះទៀតនៅខាងពួកសាវក។
៥កាលពួកជនជាតិយូដា និងពួកសាសន៍ដទៃ ព្រមទាំងពួកមេដឹកនាំរបស់ពួកគេឃុបឃិតគ្នាចង់ធ្វើបាប និងគប់ពួកគាត់នឹងដុំថ្ម ៦ពេលពួកគាត់ដឹង ក៏ភៀសខ្លួនទៅក្រុងដទៃទៀត ក្នុងស្រុកលូកៅនាដូចជា ក្រុងលីស្ដ្រា ក្រុងឌើបេ និងតំបន់ជុំវិញ ៧ហើយពួកគាត់បានប្រកាសដំណឹងល្អនៅទីនោះ។
លោកប៉ូល និងលោកបារណាបាសនៅក្រុងលីស្រ្ដា និងក្រុងឌើបេ
៨នៅក្រុងលីស្ដ្រាមានបុរសម្នាក់ពិការជើងកំពុងអង្គុយ គាត់ខ្វិនពីកំណើត មិនដែលដើរបានឡើយ។ ៩ពេលលោកប៉ូលកំពុងនិយាយ បុរសនោះបានស្ដាប់ ហើយលោកប៉ូល ក៏សម្លឹងមើលគាត់ពេលឃើញថា គាត់មានជំនឿនឹងប្រោសឲ្យជាបាន ១០ក៏និយាយខ្លាំងៗថា៖ «ចូរក្រោកឈរឡើង!» គាត់ក៏ស្ទុះឡើង ហើយដើរបាន។
១១ពេលបណ្តាជនបានឃើញអ្វី ដែលលោកប៉ូលបានធ្វើ ពួកគេក៏ស្រែកជាភាសាលូកៅនាថា៖ «ពួកព្រះបានប្រែខ្លួនជាមនុស្សចុះ មករកយើងហើយ!» ១២ពេលនោះ គេហៅលោកបារណាបាស ថា ព្រះសេយូស ហើយហៅលោកប៉ូលថាព្រះហ៊ើមេស ព្រោះគាត់ជាអ្នកនាំមុខក្នុងការនិយាយ។ ១៣បន្ទាប់មកសង្ឃរបស់ព្រះសេយូសដែលមានវិហារនៅចំមុខក្រុងនោះ បានយកគោឈ្មោល និងកម្រងផ្កាមកឯទ្វារក្រុង ដោយមានបំណង ថ្វាយយញ្ញបូជាជាមួយបណ្តាជន។
១៤ប៉ុន្ដែពេលសាវកបារណាបាស និង សាវកប៉ូលបានឮដំណឹងនេះ ពួកគាត់ក៏ហែកសម្លៀកបំពាក់របស់ខ្លួន ហើយរត់ចូលទៅក្នុងចំណោមមហាជន ទាំងស្រែក ១៥ថា៖ «បងប្អូនអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើដូច្នេះ? យើងក៏ជាមនុស្សធម្មតាដូចអ្នករាល់គ្នាដែរ យើងនាំដំណឹងល្អមកប្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នា បែរចេញពីការឥតប្រយោជន៍ទាំងនេះ មកឯព្រះដ៏មានព្រះជន្មរស់វិញ ជាព្រះដែលបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរបស់សព្វសារពើរដែលនៅក្នុងនោះ។ ១៦កាលពីជំនាន់មុន ព្រះអង្គបានបណ្ដោយឲ្យ ជនជាតិទាំងអស់ ទៅតាមផ្លូវរបស់ពួកគេរៀងៗខ្លួន ១៧ប៉ុន្ដែព្រះអង្គមិនមែនមិនបានឲ្យទីបន្ទាល់ អំពីព្រះអង្គឡើយ គឺព្រះអង្គផ្ដល់ព្រះគុណ ដោយប្រទានភ្លៀងពីលើមេឃ និងរដូវបង្កើតផល ព្រមទាំងធ្វើឲ្យចិត្ដរបស់អ្នករាល់គ្នា បានស្កប់ស្កល់ដោយអាហារ និងអំណរ»។ ១៨ក្រោយពីនិយាយ សេចក្ដីទាំងនេះរួចហើយ ពួកគាត់ក៏បញ្ឈប់បណ្តាជន មិនឲ្យថ្វាយយញ្ញបូជាដល់ពួកគាត់ យ៉ាងពិបាក។
១៩ពេលនោះពួកជនជាតិយូដា ដែលមកពីក្រុងអាន់ទីយ៉ូក និងក្រុងអ៊ីកូនាមបានបញ្ចុះបញ្ចូលបណ្តាជន ហើយបានគប់លោកប៉ូលនឹងដុំថ្ម។ បន្ទាប់មក ពួកគេ ក៏អូសគាត់យកចេញទៅក្រៅក្រុង ព្រោះស្មានថាគាត់ស្លាប់ហើយ ២០ប៉ុន្ដែពេលពួកសិស្សមកចោមរោមគាត់ គាត់ក៏ក្រោកឡើង ហើយចូលទៅក្នុងក្រុងវិញ។ នៅថ្ងៃបន្ទាប់ គាត់ក៏ចេញដំណើរជាមួយលោកបារណាបាស ទៅក្រុងឌើបេ។
លោកប៉ូល និងលោកបារណាបាសត្រលប់ទៅក្រុងអាន់ទីយ៉ូក ស្រុកស៊ីរីវិញ
២១ក្រោយពីពួកគាត់ បានប្រកាសដំណឹងល្អនៅក្រុងនោះ និងបានបង្កើតសិស្សជាច្រើនរួចហើយ ពួកគាត់ក៏ត្រលប់ទៅក្រុងលីស្ដ្រា ក្រុងអ៊ីកូនាម និងក្រុងអាន់ទីយ៉ូកវិញ ២២ហើយពង្រឹងចិត្ដរបស់ពួកសិស្ស និងលើកទឹកចិត្ដពួកគេឲ្យខ្ជាប់ខ្ជួននៅក្នុងជំនឿ ដោយនិយាយថា៖ «យើងត្រូវឆ្លងកាត់ទុក្ខលំបាកច្រើនណាស់ ដើម្បីចូលទៅក្នុងនគរព្រះជាម្ចាស់បាន»។ ២៣ពេលពួកគាត់ បានតែងតាំងឲ្យមានពួកចាស់ទុំសម្រាប់ពួកគេនៅគ្រប់ក្រុមជំនុំ ព្រមទាំងអធិស្ឋាន ដោយតមអាហាររួចហើយ ពួកគាត់ក៏ប្រគល់ពួកគេដល់ព្រះអម្ចាស់ដែលពួកគេបានជឿ។ ២៤បន្ទាប់មក ពួកគាត់ក៏ធ្វើដំណើរកាត់តាមស្រុកពីស៊ីឌា មកដល់ស្រុកប៉ាមភីលា។ ២៥ក្រោយពីបាន ប្រកាសព្រះបន្ទូលនៅក្រុងពើការួចហើយ ពួកគាត់ក៏ចុះទៅក្រុងអាតាលា។
២៦បន្ទាប់មក ពួកគាត់បានចុះសំពៅពីទីនោះ ឆ្ពោះទៅក្រុងអាន់ទីយ៉ូកវិញ ជាកន្លែងដែលគេបានប្រគល់ពួកគាត់ទៅក្នុងព្រះគុណរបស់ព្រះជាម្ចាស់ សម្រាប់កិច្ចការ ដែលពួកគាត់ទើបនឹងសម្រេចបាននេះ។ ២៧ពេលពួកគាត់មកដល់ក៏ប្រមូលក្រុមជំនុំមកជួបជុំគ្នា ហើយរៀបរាប់ប្រាប់ពួកគេពីកិច្ចការទាំងឡាយដែលព្រះជាម្ចាស់បានធ្វើជាមួយពួកគាត់និងពីរបៀប ដែលព្រះអង្គបើកទ្វារនៃជំនឿឲ្យសាសន៍ដទៃ ២៨ហើយពួកគាត់ក៏ស្នាក់នៅជាមួយពួកសិស្សយ៉ាងយូរ។