កិច្ចការ ១២
គេសម្លាប់លោកយ៉ាកុប និងឃុំឃាំងលោកពេត្រុស
១២នៅគ្រានោះស្តេចហេរ៉ូឌបានលូកដៃធ្វើបាបអ្នកខ្លះក្នុងចំណោមពួកអ្នក នៅក្នុងក្រុមជំនុំ។ ២ស្ដេចបានសម្លាប់លោកយ៉ាកុប ជាបងរបស់លោកយ៉ូហានដោយដាវ។ ៣ពេលស្ដេចយល់ឃើញថា ការនេះពេញចិត្ដដល់ជនជាតិយូដា ស្តេចក៏ចាប់លោកពេត្រុសទៀត។ ហេតុការណ៍នេះបានកើតឡើងក្នុងពេលបុណ្យនំបុ័ងឥតមេ។ ៤ក្រោយពីស្ដេចបានចាប់លោកពេត្រុសរួចក៏យកទៅដាក់គុក ហើយប្រគល់គាត់ឲ្យទាហានបួនក្រុមយាម គឺមួយក្រុមមានគ្នាបួននាក់ ដ្បិតស្ដេចមានបំណងនាំគាត់ទៅដាក់នៅចំពោះមុខបណ្តាជន ក្រោយពីបុណ្យរំលង ៥ដូច្នេះ គេក៏ឃុំលោកពេត្រុសទុកនៅក្នុងគុក ប៉ុន្ដែក្រុមជំនុំ បានអធិស្ឋានយ៉ាងអស់ពីចិត្ដ ដល់ព្រះជាម្ចាស់សម្រាប់គាត់។
ការរួចផុតពីគុករបស់លោកពេត្រុស
៦នៅយប់ដែលស្តេចហេរ៉ូឌ ហៀបនឹងនាំលោកពេត្រុសចេញមក គឺនៅពេលដែលគាត់កំពុងដេកលក់នៅចន្លោះទាហានពីរនាក់ ទាំងមានច្រវាក់ពីរខ្សែចងជាប់ ហើយពួកអ្នកយាមកំពុងយាមនៅមាត់ទ្វារគុក ៧ស្រាប់តែទេវតារបស់ព្រះអម្ចាស់បានចូលមកជិត ហើយពន្លឺបានចែងចាំង នៅក្នុងបន្ទប់ឃុំឃាំង ទេវតានោះ បានអង្រួនលោកពេត្រុសពីចំហៀងឲ្យគាត់ភ្ញាក់ឡើងដោយនិយាយថា៖ «ចូរក្រោកឡើងជាប្រញាប់!» ពេលនោះ ច្រវាក់បានរបូតចេញពីដៃរបស់គាត់។ ៨ទេវតានោះប្រាប់លោកពេត្រុសថា៖ «ចូរក្រវាត់ចង្កេះ ហើយពាក់ស្បែកជើងទៅ» គាត់ក៏ធ្វើតាម រួចទេវតានោះក៏ប្រាប់គាត់ទៀតថា៖ «ចូរពាក់អាវ ហើយមកតាមខ្ញុំចុះ» ៩ដូច្នេះគាត់ក៏ចេញទៅ ហើយដើរតាមទេវតានោះ ប៉ុន្ដែ គាត់មិនបានដឹងថា ហេតុការណ៍ដែលកំពុងកើតឡើងតាមរយៈទេវតានេះ គឺជាការពិតទេ ព្រោះគាត់ស្មានថា គាត់ឃើញក្នុងសុបិននិមិត្ដ។ ១០ពេលឆ្លងកាត់កន្លែងយាមទីមួយ និងកន្លែងយាមទីពីររួចហើយ ពួកគេក៏មកដល់ទ្វារដែកឆ្ពោះទៅក្រុង ដែលបានបើកដោយឯកឯងសម្រាប់ពួកគេ។ ដូច្នេះពួកគេក៏ចេញទៅ ហើយបន្ដដំណើរតាមផ្លូវមួយ រីឯទេវតាក៏ចាកចេញពីគាត់ភ្លាមទៅ។
១១ពេលលោកពេត្រុសដឹងខ្លួន គាត់ក៏និយាយថា៖ «ឥឡូវនេះ ខ្ញុំដឹងបា្រកដថា ព្រះអម្ចាស់បានចាត់ទេវតារបស់ព្រះអង្គឲ្យមក ហើយរំដោះខ្ញុំពីដៃរបស់ស្តេចហេរ៉ូឌ និងពីការប៉ុនប៉ងទាំងឡាយរបស់ជនជាតិយូដា»។
១២ក្រោយពីយល់ ហេតុការណ៍នេះហើយ គាត់ក៏ធ្វើដំណើរទៅផ្ទះរបស់នាងម៉ារា ជាម្ដាយរបស់លោកយ៉ូហានដែលហៅថា ម៉ាកុស ជាកន្លែងដែលមានមនុស្សជាច្រើនកំពុងជួបជុំគ្នាអធិស្ឋាន។ ១៣ពេលលោកពេត្រុស គោះទ្វារនៅច្រកចូល ក៏មានស្ដ្រីបម្រើម្នាក់ឈ្មោះរ៉ូដាបានចូលទៅជិតដើម្បីស្ដាប់ ១៤ក្រោយពីស្គាល់ថាជាសំឡេងរបស់លោកពេត្រុស នាងត្រេកអរណាស់ នាងមិនបានបើកទ្វារទេ បែរជារត់ទៅក្នុងបា្រប់គេថា លោកពេត្រុសកំពុងឈរនៅមាត់ទ្វារ។
១៥ពួកគេប្រាប់នាងថា៖ «អ្នករវើរវាយហើយ!» ប៉ុន្ដែនាងនៅតែអះអាងបែបដូច្នេះ។ ពួកគេក៏ប្រាប់នាងទៀតថា៖ «នោះជាទេវតារបស់គាត់ទេ» ១៦រីឯលោកពេត្រុសនៅតែបន្ដគោះទ្វារ ដូច្នេះពួកគេក៏បើកទ្វារ ហើយកាលបានឃើញគាត់ ពួកគេងឿងឆ្ងល់ណាស់។ ១៧ក្រោយពីបានធ្វើសញ្ញាដៃឲ្យពួកគេនៅស្ងៀមរួចហើយ គាត់ក៏រៀបរាប់បា្រប់ពួកគេពីរបៀបដែលព្រះអម្ចាស់បាននាំគាត់ចេញពីគុក ហើយគាត់បានប្រាប់ទៀតថា៖ «សូមយកដំណឹងនេះ ទៅប្រាប់លោកយ៉ាកុប និងពួកបងប្អូនឲ្យដឹងផង»។ បន្ទាប់មក គាត់ក៏ចាកចេញទៅកន្លែងមួយផ្សេងទៀត។
១៨លុះភ្លឺឡើង មានការជ្រួលច្របល់ជាខ្លាំងនៅក្នុងចំណោមពួកទាហាន អំពីការបាត់ខ្លួនរបស់លោកពេត្រុស ១៩កាលស្តេចហេរ៉ូឌ តាមរកលោកពេត្រុសមិនឃើញ ស្ដេចក៏សួរចម្លើយពួកអ្នកយាម រួចបញ្ជាឲ្យគេយកពួកអ្នកយាមទៅសម្លាប់ចោល បន្ទាប់មកស្ដេចក៏ចាកចេញពីស្រុកយូដា ទៅក្រុងសេសារា ហើយស្នាក់នៅទីនោះ។
ការស្លាប់របស់ស្ដេចហេរ៉ូឌអ័គ្រីប៉ា
២០នៅគ្រានោះ ស្តេចហេរ៉ូឌខឹងនឹងប្រជាជនក្រុងទីរ៉ុស និងប្រជាជនក្រុងស៊ីដូនយ៉ាងខ្លាំង ដូច្នេះអ្នកទាំងនោះបានព្រមព្រៀងគ្នាមកជួបស្ដេច ក្រោយពីបានបញ្ចុះបញ្ចូលលោកប្លាសតុស ជាមន្ដី្ររក្សាដំណាក់ស្ដេចរួចមក។ ពួកគេបានសុំឲ្យមានសន្ដិភាព ពីព្រោះស្រុករបស់ពួកគេទទួលស្បៀងអាហារពីស្រុករបស់ស្ដេច។ ២១កាលដល់ថ្ងៃកំណត់ហើយស្តេចហេរ៉ូឌ ក៏ស្លៀកសម្លៀកបំពាក់ស្ដេចអង្គុយលើបល្ល័ង្ក ហើយប្រកាសទៅពួកគេ ២២ពេលនោះបណ្ដាជនក៏ស្រែកឡើងថា៖ «នេះជាសំឡេងរបស់ព្រះជាម្ចាស់ មិនមែនមនុស្សឡើយ!» ២៣រំពេចនោះ ទេវតារបស់ព្រះអម្ចាស់ ក៏វាយប្រហារស្ដេច គឺស្ដេចត្រូវដង្កូវចោះស្លាប់ ព្រោះមិនបានថ្វាយសិរីរុងរឿង ដល់ព្រះជាម្ចាស់
២៤រីឯព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏រីកសុះសាយច្រើនឡើង។
២៥លោកបារណាបាស និងលោកសុល ក្រោយពីបានបំពេញកិច្ចការរបស់ខ្លួនចប់ហើយ ពួកគាត់ក៏ត្រលប់ទៅក្រុងយេរូសាឡិមវិញ ទាំងយកលោកយ៉ូហានដែលហៅថា ម៉ាកុសទៅជាមួយផង។