កិច្ចការ ១០
លោកកូនេលាស អញ្ជើញលោក ពេត្រុស
១០មានបុរសម្នាក់ នៅក្នុងក្រុងសេសារា ឈ្មោះកូនេលាស ជានាយទាហាន នៃកងវរសេនាតូចដែលហៅថា ពលអ៊ីតាលី ២គាត់ និងគ្រួសាររបស់គាត់ទាំងមូលជាអ្នកគោរពប្រណិប័តន៍ និងកោតខ្លាចព្រះជាម្ចាស់ គាត់ដាក់ទានជាច្រើនដល់ប្រជាជន និងតែងតែអធិស្ឋានដល់ព្រះជាម្ចាស់ជានិច្ច។ ៣ថ្ងៃមួយ ប្រហែល ម៉ោងបីរសៀល គាត់បានឃើញទេវតារបស់ព្រះជាម្ចាស់ នៅក្នុងសុបិននិមិត្ដយ៉ាងច្បាស់ ទេវតានោះបានចូលមកជិតគាត់និយាយថា៖ «កូនេលាសអើយ!» ៤គាត់បានសម្លឹងមើលទៅទេវតានោះទាំងភ័យខ្លាច ហើយតបថា៖ «ព្រះអម្ចាស់អើយ! តើមានការអ្វីដែរ?» ទេវតាក៏និយាយមកគាត់ថា៖ «សេចក្ដីអធិស្ឋាន និងការដាក់ទានរបស់អ្នក បានឡើងទៅទុកជាសេចក្ដីរំឭក នៅចំពោះព្រះជាម្ចាស់ហើយ។ ៥ដូច្នេះ ចូរចាត់មនុស្សឲ្យទៅក្រុងយ៉ុបប៉េ ហើយអញ្ជើញបុរសម្នាក់ឈ្មោះស៊ីម៉ូន ដែលហៅថាពេត្រុសឲ្យមក ៦ដ្បិតគាត់កំពុងស្នាក់នៅជាមួយអ្នកសម្លាប់ស្បែកម្នាក់ ឈ្មោះស៊ីម៉ូន។ ផ្ទះរបស់អ្នកនោះនៅក្បែរមាត់សមុទ្រ [គាត់នឹងបា្រប់អ្នកពីការដែលអ្នកត្រូវធ្វើ]»។
៧កាលទេវតា ដែលបាននិយាយមកលោកកូនេលាសចេញផុតទៅ គាត់ក៏ហៅបាវបម្រើពីរនាក់ និងទាហានម្នាក់ ដែលគោរពកោតខ្លាចព្រះជាម្ចាស់ ពីក្នុងចំណោម ពួកអ្នកចាំបម្រើគាត់ឲ្យមក។ ៨ក្រោយពីបានប្រាប់ពួកគេ អំពីហេតុការណ៍ទាំងឡាយរួចហើយ គាត់ក៏ចាត់ពួកគេឲ្យទៅក្រុងយ៉ុបប៉េ។
លោកពេត្រុសមកផ្ទះរបស់លោកកូនេលាស
៩នៅថ្ងៃបន្ទាប់ នៅពេលអ្នកទាំងនោះ កំពុងធ្វើដំណើរទៅជិតដល់ក្រុងនោះ លោកពេត្រុសក៏ឡើងទៅលើដំបូលផ្ទះដើម្បីអធិស្ឋាន នៅម៉ោងប្រហែលដប់ពីរថ្ងៃត្រង់។ ១០គាត់ក៏ឃ្លាន ហើយចង់បរិភោគណាស់ ប៉ុន្ដែពេលពួកគេកំពុងរៀបចំអាហារ គាត់ក៏លង់នៅក្នុងសុបិននិមិត្ដ ១១ឃើញមេឃបើកចំហ មានវត្ថុម្យ៉ាង ដូចជាកម្រាលមួយផ្ទាំងយ៉ាងធំ ដែលត្រូវបានចងជាយជ្រុងទាំងបួនសម្រូតចុះមកដល់ដី។ ១២នៅក្នុងកម្រាលនោះ មានសត្វជើងបួន សត្វលូនវារនៅលើផែនដី និងសត្វហើរលើអាកាសគ្រប់ប្រភេទ។ ១៣ពេលនោះ មានសំឡេងមួយ និយាយមកគាត់ថា៖ «ពេត្រុសអើយ! ចូរក្រោកឡើង ហើយសម្លាប់យកទៅបរិភោគចុះ!» ១៤ប៉ុន្ដែ លោកពេត្រុសឆ្លើយថា៖ «ទេ ព្រះអម្ចាស់អើយ! ដ្បិតខ្ញុំមិនដែលបរិភោគអ្វីដែលមិនបរិសុទ្ធ ឬមិនស្អាតឡើយ» ១៥សំឡេង នោះបាននិយាយមកគាត់ជាលើកទីពីរថា៖ «អ្វីៗដែលព្រះជាម្ចាស់បានសំអាតរួចហើយ អ្នកមិនត្រូវថា មិនស្អាតឡើយ» ១៦ហេតុការណ៍នេះបានកើតឡើងបីដង ហើយវត្ថុនោះត្រូវបានលើកឡើងទៅលើមេឃវិញភ្លាម។
១៧ពេលលោកពេត្រុស កំពុងនឹកឆ្ងល់តែម្នាក់ឯងអំពីសុបិននិមិត្ដ ដែលគាត់បានឃើញ ថាមានន័យដូចម្ដេចនោះស្រាប់តែពួកអ្នក ដែលលោកកូនេលាសចាត់ឲ្យមក ដែលក្រោយពីបានសួររកផ្ទះរបស់លោកស៊ីម៉ូនរួចហើយ បានឈរនៅមាត់ទ្វារ ១៨ដោយស្រែកសួរថា តើលោកស៊ីម៉ូន ដែលហៅថាពេត្រុស នៅទីនេះដែរឬទេ។ ១៩ពេលលោកពេត្រុស កំពុងគិតអំពីសុបិននិមិត្ដនោះ ព្រះវិញ្ញាណ មានបន្ទូលមកគាត់ថា៖ «មើល៍ មានបុរសបីនាក់កំពុងសួររកអ្នក ២០ដូច្នេះចូរក្រោកឡើង ចុះទៅក្រោម ហើយទៅជាមួយពួកគេចុះ កុំរារែកឡើយ ព្រោះយើងបានចាត់ពួកគេឲ្យមក»។
២១លោកពេត្រុស ក៏ចុះមកជួបអ្នកទាំងនោះ ហើយប្រាប់ពួកគេថា៖ «មើល៍ ខ្ញុំនេះហើយ ដែលអ្នករាល់គ្នាកំពុងស្វែងរក តើអ្នករាល់គ្នាមកនេះមានការអ្វី?» ២២ពួកគេឆ្លើយថា៖ «លោកកូនេលាសជានាយទាហាន ជាមនុស្សសុចរិត ជាអ្នកកោតខ្លាចព្រះជាម្ចាស់ និងមានកេរ្ដិ៍ឈ្មោះល្អ នៅក្នុងចំណោមជនជាតិយូដាទាំងអស់ គាត់បានទទួលការបើកសំដែងពីទេវតាបរិសុទ្ធឲ្យមកអញ្ជើញលោកទៅផ្ទះរបស់គាត់ ដើម្បីស្ដាប់ព្រះបន្ទូលពីលោក»។ ២៣ពេលនោះ លោកពេត្រុសក៏អញ្ជើញពួកគេឲ្យចូលក្នុងផ្ទះ និងបានឲ្យពួកគេសម្រាក។ នៅថ្ងៃបន្ទាប់ គាត់ក៏ក្រោកឡើង ចេញដំណើរទៅជាមួយពួកគេ ទាំងមានបងប្អូនខ្លះពីក្រុងយ៉ុបប៉េ រួមដំណើរទៅជាមួយដែរ។
២៤នៅថ្ងៃបន្ទាប់ ពួកគេក៏ចូលមកដល់ក្រុងសេសារា។ រីឯលោកកូនេលាសវិញ បានរង់ចាំពួកគេ ដោយបានហៅសាច់ញាតិ និងមិត្តជិតស្និទ្ធរបស់គាត់មកជួបជុំគ្នារួចជាស្រេច។ ២៥ពេលលោកពេត្រុសមកដល់ លោកកូនេលាសក៏ចេញមកទទួល ទាំងក្រាបថ្វាយបង្គំនៅទៀបជើងរបស់គាត់។ ២៦ប៉ុន្ដែលោកពេត្រុស លើកគាត់ឡើងទាំងប្រាប់ថា៖«ចូរក្រោកឡើង! ខ្ញុំក៏ជាមនុស្សដែរ» ២៧រួចគាត់ក៏ចូលទៅក្នុងបណ្ដើរ និយាយជាមួយលោកកូនេលាសបណ្ដើរ ហើយក៏ឃើញមនុស្សជាច្រើន បានជួបជុំគ្នាជាស្រេច។
២៨ពេលនោះ លោកពេត្រុសក៏និយាយទៅពួកគេថា៖ «អ្នករាល់គ្នាដឹងច្បាស់ហើយថា ក្រឹត្យវិន័យហាមមិនឲ្យជនជាតិយូដាសេពគប់ ឬសួរសុខទុក្ខសាសន៍ដទៃ ប៉ុន្ដែព្រះជាម្ចាស់បានបង្ហាញខ្ញុំថា មិនត្រូវថាអ្នកណាម្នាក់មិនបរិសុទ្ធ ឬមិនស្អាតឡើយ។ ២៩ហេតុនេះបានជាពេលអ្នករាល់គ្នាហៅខ្ញុំមក ខ្ញុំក៏មកដោយឥតប្រកែក ដូច្នេះខ្ញុំសូមសួរអ្នករាល់គ្នាថា តើអ្នករាល់គ្នាហៅខ្ញុំមកនេះមានការអ្វីដែរ?» ៣០លោកកូនេលាស ក៏ប្រាប់ថា៖ «កាលពីបួនថ្ងៃមុន ម៉ោងប្រហែលថ្មើរនេះ ពេលខ្ញុំកំពុងអធិស្ឋានក្នុងផ្ទះរបស់ខ្ញុំ នៅម៉ោងបីរសៀល ស្រាប់តែមានបុរសម្នាក់ ស្លៀកពាក់ភ្លឺចិញ្ចាច ឈរនៅចំពោះមុខខ្ញុំ ៣១ហើយនិយាយមកខ្ញុំថា កូនេលាសអើយ! ព្រះជាម្ចាស់បានឮសេចក្ដីអធិស្ឋានរបស់អ្នក ហើយក៏បាននឹកចាំ ការដាក់ទានរបស់អ្នកដែរ ៣២ដូច្នេះ ចូរចាត់គេឲ្យទៅក្រុងយ៉ុបប៉េ ហើយអញ្ជើញស៊ីម៉ូន ដែលហៅថាពេត្រុសឲ្យមក ដ្បិតគាត់កំពុងស្នាក់នៅផ្ទះរបស់ស៊ីម៉ូន ជាអ្នកសម្លាប់ស្បែកដែលនៅក្បែរមាត់សមុទ្រ។ ៣៣ដូច្នេះ ខ្ញុំក៏ចាត់គេឲ្យទៅអញ្ជើញលោកភ្លាម ហើយជាការប្រសើរណាស់ ដែលលោកបានអញ្ជើញមក។ ឥឡូវនេះ យើងទាំងអស់គ្នា កំពុងនៅក្នុងព្រះវត្ដមានរបស់ព្រះជាម្ចាស់ ដើម្បីស្ដាប់សេចក្ដីទាំងឡាយ ដែលព្រះអម្ចាស់បានបង្គាប់មកលោក»។
សាសន៍ដទៃបានឮដំណឹងល្អ
៣៤លោកពេត្រុស ចាប់ផ្ដើមនិយាយ ថា៖ «ឥឡូវនេះ ខ្ញុំយល់ច្បាស់ហើយថា ព្រះជាម្ចាស់ មិនមែនជាព្រះដែលលំអៀងទេ ៣៥គឺនៅក្នុងចំណោមជនជាតិទាំងអស់ អ្នកណាក៏ដោយដែលកោតខ្លាចព្រះអង្គ ហើយប្រពឹ្រត្តអំពើសុចរិត ព្រះអង្គទទួលយកអ្នកនោះ។ ៣៦អ្នករាល់គ្នាដឹងហើយថា ព្រះបន្ទូលដែលព្រះអង្គបានប្រទានដល់កូនចៅអ៊ីស្រាអែលបានប្រកាសប្រាប់អំពី ដំណឹងល្អនៃសេចក្ដីសុខសាន្ដតាមរយៈព្រះយេស៊ូគិ្រស្ដដែលជាព្រះអម្ចាស់លើទាំងអស់ ៣៧គឺអំពីហេតុការណ៍ ដែលបានកើតឡើងពាសពេញស្រុកយូដាទាំងមូល ចាប់តាំងពីស្រុកកាលីឡេទៅ គឺនៅក្រោយដែលលោកយ៉ូហាន បានប្រកាសអំពីពិធីជ្រមុជទឹក ៣៨គឺអំពីព្រះយេស៊ូ ជាអ្នកក្រុងណាសារ៉ែត ដែលព្រះជាម្ចាស់បានតាំងព្រះអង្គឡើង ដោយព្រះវិញ្ញាណបរិសុទ្ធ និងអំណាច ព្រមទាំងអំពីរបៀបដែលព្រះយេស៊ូ បានយាងទៅធ្វើការល្អ និងបានប្រោសអស់អ្នកដែលមានអារក្សសង្កត់សង្កិនឲ្យបានជា ព្រោះព្រះជាម្ចាស់គង់ជាមួយព្រះអង្គ។ ៣៩រីឯយើង គឺជាសាក្សីអំពីហេតុការណ៍ទាំងឡាយ ដែលព្រះយេស៊ូបានធ្វើ ទាំងនៅក្នុងស្រុករបស់ជនជាតិយូដា និងក្នុងក្រុងយេរូសាឡិម។ ពួកគេបានសម្លាប់ព្រះអង្គ ដោយព្យួរព្រះអង្គនៅលើឈើឆ្កាង។ ៤០ប៉ុន្ដែ ព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យរស់ឡើងវិញនៅថ្ងៃទីបី ព្រមទាំងប្រោសប្រទាន ឲ្យគេមើលឃើញព្រះអង្គ ៤១មិនមែនសម្រាប់មនុស្សគ្រប់គ្នាទេ គឺសម្រាប់តែពួកសាក្សី ដែលព្រះជាម្ចាស់ បានជ្រើសរើសជាមុនប៉ុណ្ណោះ នោះគឺយើងនេះហើយដែលបានបរិភោគ និងបានផឹកជាមួយព្រះអង្គ ក្រោយពេលព្រះអង្គរស់ពីការសោយទិវង្គតឡើងវិញ។
៤២ព្រះអង្គបានបង្គាប់យើងឲ្យប្រកាសប្រាប់មនុស្ស និងឲ្យធ្វើទីបន្ទាល់ថា គឺព្រះអង្គនេះហើយ ដែលព្រះជាម្ចាស់បានតែងតាំងឲ្យធ្វើជាចៅក្រមលើមនុស្សរស់ និងមនុស្សស្លាប់ ៤៣អ្នកនាំព្រះបន្ទូលទាំងអស់ បានធ្វើបន្ទាល់អំពីព្រះអង្គនេះថា ដោយសារព្រះនាមរបស់ព្រះអង្គ អស់អ្នកដែលជឿលើព្រះអង្គ នឹងទទួលបានការលើកលែងទោសបាប»។
សាសន៍ដទៃទទួលព្រះវិញ្ញាណបរិសុទ្ធ
៤៤ពេលលោកពេត្រុស កំពុងនិយាយអំពីសេចក្ដីទាំងនេះនៅឡើយ នោះព្រះវិញ្ញាណបរិសុទ្ធ ក៏មកសណ្ឋិតលើអ្នកទាំងអស់ ដែលកំពុងស្ដាប់ព្រះបន្ទូល ៤៥ដូច្នេះ អ្នកជឿទាំងឡាយក្នុងចំណោមពួកអ្នកកាត់ស្បែក ដែលមកជាមួយលោកពេត្រុស បានស្ញប់ស្ញែងជាខ្លាំង ព្រោះព្រះជាម្ចាស់ ក៏ប្រទានព្រះវិញ្ញាណបរិសុទ្ធដល់សាសន៍ដទៃដែរ ៤៦ដ្បិតពួកគេបានឮ អ្នកទាំងនោះនិយាយភាសាចម្លែកអស្ចារ្យ ទាំងលើកតម្កើងព្រះជាម្ចាស់។ នោះលោកពេត្រុសនិយាយថា៖ ៤៧«តើមាននរណាអាចរារាំងអ្នកទាំងនេះ ដែលបានទទួលព្រះវិញ្ញាណបរិសុទ្ធដូចជាយើង មិនឲ្យទទួលពិធីជ្រមុជទឹកបាន?» ៤៨ហើយគាត់ក៏បង្គាប់ពួកគេឲ្យទទួលពិធីជ្រមុជទឹកក្នុងព្រះនាមរបស់ព្រះយេស៊ូគ្រិស្ដ។ បន្ទាប់មក ពួកគេក៏សុំឲ្យគាត់ស្នាក់នៅជាច្រើនថ្ងៃទៀត។