KCB - កិច្ចការ ១


កិច្ចការ ១

កិច្ចការ

សេចក្ដីសន្យា​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ​

ឱ​លោកថេវភីល​អើយ! នៅក្នុងសៀវ​​ភៅទីមួយ ខ្ញុំបានសរសេរអំពី​កិច្ចការ​ទាំងឡាយ​​ ដែល​ព្រះ​យេស៊ូ​បាន​ចាប់ផ្តើម​ធ្វើ និង​បង្រៀន​ រហូតដល់​​​​ថ្ងៃដែល​ព្រះជាម្ចាស់​បាន​លើក​ព្រះអង្គ​ឡើង​ទៅ​ស្ថានសួគ៌​វិញ បន្ទាប់​ពី​ព្រះអង្គ​បាន​ប្រទាន​​សេចក្ដីបង្គាប់​តាមរយៈ​ព្រះ​វិញ្ញាណ​​បរិសុទ្ធ ​ដល់​ពួក​សាវក ​ដែល​ព្រះអង្គ​បាន​ជ្រើសរើស។​ ក្រោយពី​ព្រះអង្គ​ បាន​រងទុក្ខ​វេទនា​រួច​ហើយ​ ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ ដល់​ពួក​សាវក​​​​ ទាំងនេះដោយប្រទាន​ភស្ដុតាង​ជាក់​ស្ដែង​​ជាច្រើនថា ព្រះអង្គ​មានព្រះជន្មរស់។ ព្រះអង្គ​បាន​បង្ហាញ​​ខ្លួន​ ដល់​ពួកគេ​រយៈពេលសែសិបថ្ងៃ ហើយបានមានបន្ទូល​អំពីនគរព្រះជាម្ចាស់។ កាល​កំពុង​បរិភោគ​ជាមួយ​គ្នា ព្រះអង្គ​បាន​បង្គាប់​ពួកគេ​ថា​៖ «ចូរ​កុំ​ចាក​ចេញ​​ពី​ក្រុង​យេរូសាឡិម​ឡើយ គឺ​ត្រូវ​រង់ចាំ​សេចក្ដី​សន្យា​របស់​ព្រះវរបិតា​ ដូចដែល​ខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា​រួចហើយ ដ្បិត​លោក​យ៉ូហាន បាន​ធ្វើពិធីជ្រមុជ​​ដោយ​ទឹក​​ ប៉ុន្ដែនៅ​ប៉ុន្មាន​ថ្ងែ​ទៀត​នេះ អ្នករាល់គ្នា​នឹង​ទទួលពិធី​ជ្រមុជ​ ដោយព្រះ​វិញ្ញាណ​បរិសុទ្ធ»។​

ព្រះយេស៊ូ​យាង​ឡើង​ទៅ​ស្ថាន​សួគ៌វិញ​

កាល​អ្នកទាំងនោះ​ មកជួបជុំគ្នា​ហើយពួកគេ​ ក៏​សួរ​ព្រះអង្គថា​៖ «ព្រះអម្ចាស់​អើយ! តើ​ព្រះអង្គ​នឹង​ស្ដារនគរអ៊ីស្រាអែល​ ឡើងវិញ​នៅ​ពេល​នេះ​ឬ​?»​ ព្រះអង្គមានបន្ទូល​ ទៅ​ពួកគេ​វិញ​ថា​៖ «អ្នករាល់គ្នាមិន​ចាំបាច់​ត្រូវ​ដឹង ​ពី​ពេល​វេលា ឬ​កាលកំណត់ ដែលព្រះវរបិតាបានកំណត់ទុក​ដោយសិទ្ធិអំណាចរបស់​ព្រះអង្គ​ឡើយ ប៉ុន្ដែ​ អ្នករាល់គ្នានឹងទទួលអំណាចនៅពេលដែលព្រះវិញ្ញាណបរិសុទ្ធ យាងមកសណ្ឋិតលើអ្នករាល់គ្នា ហើយ​អ្នករាល់គ្នានឹងធ្វើជា​បន្ទាល់​របស់ខ្ញុំ នៅ​ក្រុង​យេរូសាឡិម និង​ស្រុកយូដាទាំងមូល​ និង​​ស្រុក​សាម៉ារី​ រហូតដល់​​ចុងបំផុត​នៃ​ផែនដី»។​ កាល​ព្រះអង្គបានមានបន្ទូល​ អំពីសេចក្ដីទាំងនេះរួចហើយ នោះព្រះជាម្ចាស់ ក៏លើកព្រះអង្គឡើងទៅ ហើយពេលពួកគេកំពុងសម្លឹងមើល ក៏មាន​ពពកមួយផ្ទាំង មកទទួលព្រះអង្គ ចេញពីភ្នែករបស់​ពួកគេ។​​​ ១០ពេល​​​ពួកគេ​កំពុង​សម្លឹង​មើលមេឃ​ នៅពេល​ព្រះអង្គ​កំពុង​យាងទៅនោះស្រាប់តែមានបុរសពីរនាក់ ស្លៀកពាក់ស ឈរនៅ​ក្បែរពួកគេ ១១ហើយ​និយាយ​ថា​៖ «ពួកអ្នកស្រុកកាលីឡេ​​​​អើយ! ហេតុអ្វី​បានជាអ្នករាល់គ្នាឈរសម្លឹងមើលមេឃ​ដូច្នេះ​? ព្រះយេស៊ូ ដែលព្រះជាម្ចាស់បាន​លើក​ឡើងពី​ចំណោមអ្នក​រាល់​គ្នា ទៅ‍ឯ​ស្ថានសួគ៌​នេះ ព្រះអង្គនឹងយាងត្រលប់មកវិញ តាមរបៀប​ដដែល ដូចដែលអ្នក​រាល់គ្នាបាន​ឃើញ​ព្រះអង្គ​យាងឡើង​ទៅស្ថាន​សួគ៌»។​

លោក​ម៉ាត់ធាស​ជំនួស​យូដាស​ក្នុង​ចំណោម​ពួក​សាវក​

១២បន្ទាប់មក ពួកគេ​ក៏​ត្រលប់​ពី​ភ្នំ​ដើមអូលីវ​​​​ទៅ​ក្រុង​យេរូ​សាឡិម​​វិញ ភ្នំនោះ​នៅ​ជិត​ក្រុង​យេរូសាឡិម គឺមានចម្ងាយ​ដើរអស់​មួយ​ថ្ងៃ​សប្ប័ទ។​ ១៣ពេលចូលដល់​ក្នុង​ក្រុងហើយ ពួក​គេ​ក៏ឡើងទៅ​បន្ទប់​ជាន់លើ ជាកន្លែងដែលពួកគេស្នាក់នៅ។ ពួកគេ​ទាំងនោះ​មាន លោក​ពេត្រុស​ លោក​យ៉ូហាន លោក​យ៉ាកុប លោក​អនទ្រេ លោក​ភីលីព លោក​ថូម៉ាស លោក​បារថូឡូមេ លោក​ម៉ាថាយ លោក​យ៉ាកុប​ ត្រូវជា​កូន​របស់​លោក​អាល់ផាយ លោក​ស៊ីម៉ូន​ជា​អ្នក​ជាតិនិយម និង​លោក​យូដាស​ត្រូវជា​កូន​របស់​លោក​​យ៉ាកុប។ ១៤ពួក​អ្នកទាំងអស់​នេះព្រម​ព្រៀងគ្នា​ បន្ដ​អធិស្ឋានជាមួយ​នាងម៉ារា ត្រូវជាម្ដាយ​របស់​ព្រះ​យេស៊ូ និង​ប្អូន​ៗ​របស់​ព្រះអង្គ ព្រមទាំងស្ត្រីឯទៀតៗដែរ។​

១៥នៅ​គ្រា​នោះ លោកពេត្រុស​បាន​ក្រោកឈរឡើង​ក្នុង​ចំណោម​ពួកបងប្អូន (​ដែល​មានគ្នា​ចំនួន​ប្រហែល​ជាមួយ​រយ​ម្ភៃ​នាក់​នៅទីនោះ​) ហើយ​និយាយ​ថា​៖ ​១៦«បងប្អូនអើយ! បទគម្ពីរដែលព្រះ​វិញ្ញាណ​បរិសុទ្ធ បាន​មានបន្ទូលទុក​តាមរយៈមាត់​របស់​ស្ដេច​ដាវីឌ អំពី​យូដាស​ ដែល​ត្រលប់ជាអ្នកនាំគេ​មកចាប់ព្រះ​យេស៊ូនោះ ត្រូវ​តែបាន​​សម្រេច។​ ១៧ព្រោះ​គាត់​ ក៏ត្រូវបាន​រាប់​ជា​គ្នាយើង ហើយបានទទួលចំណែកនៅក្នុងកិច្ចការ នេះដែរ។

១៨បន្ទាប់មក អ្នកនេះ​បាន​យក​បា្រក់​​​រង្វាន់​នៃ​អំពើ​ទុច្ចរិត​របស់​ខ្លួន ​ទៅ​ទិញ​ដីស្រែ​មួយ​កន្លែង ហើយ​ក៏​ដួលផ្កាប់មុខ​ធ្លាយ​​ពោះ ចេញ​ពោះ​វៀន​មកក្រៅ​ទាំងអស់​ ១៩ហើយ​ពួក​អ្នក​នៅ​ក្រុង​យេរូសាឡិម​ បាន​ដឹង​រឿងនេះគ្រប់គ្នា ដូច្នេះពួកគេ​ក៏ហៅ​ដីនោះ ជាភាសារបស់​ពួកគេផ្ទាល់​ថា អាកិលដាម៉ា​ ដែលមានន័យ​ថា «ស្រែ​ឈាម»។ ២០សេចក្ដី​នេះ មានចែងទុកក្នុង​គម្ពីរទំនុកតម្កើងថា៖ «​ចូរឲ្យ​​លំនៅ​របស់វា​ ត្រលប់ជាទី​សោះកក្រោះ ហើយ​កុំឲ្យ​​មាន​មនុស្ស​ណា​ម្នាក់​រស់នៅ​ទីនោះ» និង «​ចូរ​ឲ្យ​​អ្នក​ផ្សេង​ទៀត​ ទទួលយកកិច្ចការរបស់វា​ចុះ»​​ ២១ដូច្នេះ ត្រូវតែឲ្យម្នាក់​ពី​អ្នកទាំងនេះ ដែល​បាននៅជាមួយ​យើងគ្រប់​ពេល​វេលា ​ក្នុង​កាល​ដែល​ព្រះអម្ចាស់​យេស៊ូ គង់​នៅ​​ក្នុង​ចំណោម​​យើងនៅឡើយ ២២គឺចាប់តាំង​ពី​គ្រា​ដែល​យ៉ូហាន ​ធ្វើពិធីជ្រមុជទឹក​ រហូតដល់​ថ្ងៃដែល​ព្រះជាម្ចាស់​ បាន​លើក​ព្រះអង្គ​ចេញពី​​យើង​ទៅ គឺ​ត្រូវ​ឲ្យ​​ម្នាក់​នោះ​ធ្វើជាសាក្សី​ជាមួយ​យើង អំពីការ​មានព្រះជន្មរស់​ឡើង​វិញ​របស់​ព្រះអង្គ»។​

២៣ដូច្នេះ ពួកគេ​ក៏​ជ្រើស​រើស​មនុស្ស​ពីរ​នាក់ គឺ​លោក​ម៉ាត់ធាស និង​លោក​​យ៉ូសែប​ ដែល​ហៅ​ថា បារសាបាស ឬ​​យូស្ទុស។​ ២៤បន្ទាប់​មក ពួកគេ​បាន​អធិស្ឋាន​ថា៖ «ឱព្រះអម្ចាស់​អើយ! ព្រះអង្គ​យល់ចិត្ដ​មនុស្សគ្រប់គ្នា សូម​បង្ហាញឲ្យ​យើង​ដឹងថា ព្រះអង្គជ្រើសរើស​អ្នក​ណា​ម្នាក់ ក្នុងចំណោមអ្នក​ទាំង​ពីរនេះ​ ២៥ដើម្បី​ទទួល​យក​កិច្ចការនេះ ព្រមទាំង​​តួនាទីជា​សាវកជំនួសយូដាសដែលបានបែរចេញ​ ហើយ​​ទៅ​តាម​ផ្លូវរបស់គាត់»។​ ២៦បន្ទាប់មកពួកគេ​ក៏​ចាប់​ឆ្នោត ហើយ​ចាប់​ចំ​លោក​ម៉ាត់ធាស ដូច្នេះពួក​គេ​ក៏​រាប់បញ្ចូល លោកម៉ាត់ធាស​ជាមួយ​ពួក​សាវក​ទាំង​ដប់មួយ។

កិច្ចការ ១