KCB - ទីតុស ១


ទីតុស ១

ទីតុស

ពាក្យជម្រាបសួរពីលោកប៉ូល

ខ្ញុំ​ ប៉ូល​ ជា​បាវបម្រើ​របស់​ព្រះ​ជាម្ចាស់ និង​ជា​សាវក​របស់​ព្រះ​យេស៊ូ​គ្រិស្ដ​ សម្រាប់​ជំនឿរបស់​ពួក​អ្នក​ដែល​ព្រះជាម្ចាស់​បាន​ជ្រើស​រើស និង​ការ​ស្គាល់​​សេចក្ដី​ពិត ​ដែល​ស្រប​តាម​ការ​គោរព​កោត​ខ្លាច​ព្រះ​ជាម្ចាស់​ ​ដោយសង្ឃឹម​លើ​ជីវិត​អស់កល្ប​ជានិច្ច ​ដែល​ព្រះ​ជាម្ចាស់​ដ៏​ស្មោះ​ត្រង់​ បាន​សន្យា​តាំង​ពី​មុន​អស់កល្បជានិច្ច​ ​ប៉ុន្ដែ​នៅ​ពេល​កំណត់​ ព្រះអង្គបាន​បង្ហាញ​ឲ្យឃើញ​ព្រះបន្ទូល​របស់​ព្រះអង្គ ​តាមរយៈ​ការ​ប្រកាស​ដំណឹង​ល្អ ​ដែល​ខ្ញុំ​បាន​ទទួល​ការ​ផ្ទុក​ផ្ដាក់​ តាម​សេចក្តី​បង្គាប់​របស់​ព្រះ​ជាម្ចាស់​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង។

ជូន​ចំពោះ​ទីតុស​ ​​ជា​កូន​​ពិត​ប្រាកដ​ស្របតាម​ជំនឿ​តែ​មួយ​ សូម​ឲ្យ​ព្រះ​ជាម្ចាស់​ដ៏ជា​ព្រះ​វរបិតា និង​ព្រះ​គ្រិស្ដ​យេស៊ូ​ ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើងប្រទាន​ព្រះគុណ និង​សេចក្ដី​សុខ​សាន្ត​ដល់​អ្នក។

កិច្ចការរបស់​លោកទីតុស​​​​​ នៅកោះក្រេត

ខ្ញុំ​បាន​ទុក​អ្នក​ ឲ្យនៅ​កោះ​ក្រេតសម្រាប់​ការ​នេះ​ គឺ​ដើម្បី​ចាត់​ចែង​កិច្ចការ​ដែល​នៅ​សល់​ឲ្យ​បាន​​រៀបរយ ព្រមទាំង​តែង​តាំង​​ឲ្យមាន​ចាស់​ទុំ ​នៅ​គ្រប់​​ក្រុង ដូច​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​ ​អ្នក​នោះ​ជា​អ្នក​​ដែល​ឥត​បន្ទោស​បាន មាន​ប្រពន្ធ​តែ​មួយ មាន​កូន​ជាអ្នក​ជឿ​ ដែល​គ្មាន​​អ្នក​ណា​ចោទ​ប្រកាន់ថា​ខិល​ខូច ឬ​មិន​ស្ដាប់​បង្គាប់​ឡើយ។​ ​ក្នុងនាម​ជា​អ្នក​មើល​ការខុស​ត្រូវ​របស់​ព្រះជាម្ចាស់​ អ្នក​មើល​ការ​ខុស​ត្រូវនោះ​ ត្រូវ​តែ​ជា​អ្នក​ដែល​ឥត​បន្ទោស​បាន​ មិន​ធ្វើ​តាម​ទំនើង​ចិត្ត មិន​រហ័ស​ខឹង មិន​ចំណូល​ស្រា មិន​ឆេវឆាវ​ ឬ​ លោភ​ចង់​បាន​ដោយ​ថោកទាប​ឡើយ ​ផ្ទុយ​ទៅ​វិញ ត្រូវ​ចេះ​រាក់​ទាក់ ស្រឡាញ់​ការ​ល្អ ដឹង​ខុស​ត្រូវ សុចរិត បរិសុទ្ធ ចេះ​ទប់​ចិត្ត ​ព្រមទាំង​កាន់​តាម​ព្រះបន្ទូល​ដ៏​ពិត​ ស្រប​តាម​សេចក្ដីដែល​បាន​រៀន​ ដើម្បី​អាច​លើក​ទឹក​ចិត្ដ​អ្នក​ដទៃ​បាន​ តាមរយៈ​សេចក្ដី​បង្រៀន​ត្រឹម​ត្រូវ និង​​បង្ហាញ​​ពួក​អ្នក​ប្រឆាំង ​ឲ្យ​ដឹង​កំហុស​ដែរ។​

១០ដ្បិត​​មនុស្ស​មិន​ស្ដាប់​បង្គាប់​ មនុស្ស​​និយាយ​ពាក្យ​ឥត​ប្រយោជន៍ និងមនុស្ស​​បោក​បញ្ឆោត​ ពិត​ជា​​មានច្រើន​ណាស់ ជា​ពិសេស ​ក្នុង​ចំណោម​ពួក​កាត់​ស្បែក​នេះ​ឯង‍។​ ១១ដូច្នេះ​ ត្រូវតែ​បិទ​មាត់​អ្នក​ទាំង​នោះ ដ្បិត​​ដោយ​ព្រោះ​តែ​ការ​ចំណេញ​ដ៏​ថោក​ទាប ពួកគេ​បាន​បំផ្លាញ​​គ្រួសារ​ទាំង​ឡាយ​ ដោយ​បង្រៀន​សេចក្ដី​ដែល​មិន​គួរ​បង្រៀន។ ១២មាន​ម្នាក់​ក្នុង​ចំណោម​ពួកគេ ជា​អ្នក​នាំ​ព្រះបន្ទូល​​របស់​ពួក​គេ​ផ្ទាល់​បាន​និយាយ​ថា អ្នក​ស្រុក​ក្រេតសុទ្ធ​តែ​ជា​ពួក​កុហក ជា​សត្វ​សាហាវ​ដ៏​​អាក្រក់​ ជា​ពួក​ល្មោភ​ស៊ី​ ហើយ​ខ្ជិល​ច្រអូស។ ១៣សេចក្ដី​បន្ទាល់​នេះ​ពិត​ណាស់ ដូច្នេះចូរ​ស្ដី​បន្ទោស​ពួកគេ​យ៉ាង​តឹង​រ៉ឹង ដើម្បី​ឲ្យពួកគេ​មាន​ជំនឿ​ត្រឹមត្រូវ ១៤ហើយ​​កុំ​ចាប់អារម្មណ៍​នឹង​រឿង​ព្រេង​របស់​ជនជាតិ​យូដា ឬ​បញ្ញត្តិ​របស់​មនុស្ស​ដែល​បែរ​ចេញ​ពី​សេចក្ដី​ពិត​នោះ​ឡើយ។​

១៥ចំពោះ​ពួក​អ្នក​ដែល​បរិសុទ្ធ អ្វីៗ​ទាំង​អស់​ក៏​បរិសុទ្ធ​​ រីឯ​ពួក​អ្នក​ដែល​ស្មោក​គ្រោក ហើយ​មិន​ជឿ ​​គ្មាន​អ្វី​​បរិសុទ្ធឡើយ​ ផ្ទុយ​ទៅ​វិញ​ ទាំង​គំនិត និង​ មនសិការ​របស់​ពួកគេ​​ស្មោក​គ្រោកអស់ហើយ។ ១៦ពួកគេ​ប្រកាស​ថា​​ស្គាល់​ព្រះ​ជាម្ចាស់ ប៉ុន្ដែ​តាមរយៈ​ការ​ប្រព្រឹត្តិ​ ពួកគេ​មិន​ទទួល​ស្គាល់​ព្រះអង្គ​ទេ ពួកគេ​ជា​មនុស្ស​គួរ​ខ្ពើម ជា​មនុស្ស​មិន​ស្តាប់​បង្គាប់ ហើយ​គ្មាន​ប្រយោជន៍​សម្រាប់​ការ​ល្អ​ទាំង​ឡាយ​ទាល់តែសោះ។

ទីតុស ១