KCB - រ៉ូម ៧


រ៉ូម ៧

មិនស្ថិតនៅក្រោមក្រឹត្យវិន័យទៀតទេ

បងប្អូន​អើយ!​ ខ្ញុំ​សូម​ និយាយ​ទៅ​កាន់​ ពួក​អ្នក​ស្គាល់​ក្រឹត្យវិន័យ​​ តើ​អ្នករាល់គ្នា​មិន​ដឹង​ទេ​ឬ​អី​ថា ក្រឹត្យវិន័យមាន​អំណាច​លើ​មនុស្ស​ម្នាក់ នៅពេល​ដែល​គេ​មាន​ជីវិត​ប៉ុណ្ណោះ​? គឺស្រ្តី​រៀបការ​ហើយ ត្រូវ​នៅ​ជាប់​ជា​មួយ​ប្តី ​ដោយ​​សារ​​ក្រឹត្យ​វិន័យ​ នៅពេល​ប្ដី​នោះ​មាន​ជីវិត​នៅ​ឡើយ តែ​​បើ​ប្តី​ស្លាប់ នោះ​នាង​បាន​រួច​ពី​ក្រឹត្យវិន័យ​​ស្ដី​អំពី​ប្ដី​នោះ​ហើយ​ ដូច្នេះបើ​នាង​ទៅ​យក​ប្តី​ម្នាក់​ទៀត នៅពេល​ប្ដី​នៅ​រស់​នៅឡើយ​ នោះ​គេ​ហៅ​នាង​ថា​ស្ត្រី​ផិត​ក្បត់ ប៉ុន្ដែ​បើ​ប្តី​ស្លាប់ នោះ​នាង​បាន​រួច​ពី​ក្រឹត្យវិន័យ​​ហើយ ដូច្នេះទោះបី​នាង​ទៅ​យក​ប្តី​ម្នាក់​ទៀត ក៏​នាង​មិន​មែន​ជា​ស្ត្រី​ផិត​ក្បត់​ដែរ។

ហេតុនេះ​បង​ប្អូន​អើយ!​ អ្នករាល់គ្នា​ក៏​បាន​ស្លាប់​ខាង‍ឯ​គម្ពីរ​វិន័យ​​ តាមរយៈ​រូបកាយ​របស់​ព្រះគ្រិស្ដ​រួច​ហើយ គឺ​ដើម្បី​ឲ្យ​អ្នករាល់គ្នា​ បាន​រួម​ជាមួយ​មនុស្ស​ម្នាក់​​ទៀត ​ដែល​បាន​រស់​​ពី​ស្លាប់​ឡើង​វិញ ដើម្បី​ឲ្យ​យើង​បង្កើត​ផល​ថ្វាយ​ព្រះជាម្ចាស់​ ព្រោះ​កាល​យើង​នៅ​ខាង​សាច់​ឈាម​​នៅ​ឡើយ ដោយសារ​គម្ពីរ​វិន័យ​​ សេចក្ដី​ប៉ងប្រាថ្នា​របស់​បាប​បាន​ធ្វើ​សកម្មភាព​ក្នុង​អវយវៈ​​ទាំងឡាយ​របស់​យើង​​ឲ្យ​បង្កើត​ផល​​ជា​សេចក្ដី​ស្លាប់ ប៉ុន្ដែ​ ឥឡូវនេះ​ យើង​បាន​រួច​ពី​គម្ពីរ​វិន័យហើយ ទាំង​បាន​ស្លាប់​ខាង‍ឯ​សេចក្ដី​ដែល​ឃុំឃាំង​យើង​ទុក​ដែរ ដើម្បី​ឲ្យ​យើង​បម្រើ​ តាម​របៀប​ថ្មី​របស់​ព្រះ​វិញ្ញាណ មិន​មែន​តាម​របៀប​ចាស់​របស់​គម្ពីរ​​វិន័យ​ឡើយ‍។

ក្រឹត្យវិន័យនៃព្រះជាម្ចាស់បង្ហាញឲ្យឃើញបាប

តើ​យើង​និយាយ​យ៉ាង​ដូចម្តេច​? តើ​គម្ពីរ​វិន័យ​ជា​បាប​ឬ‍? មិន​មែន​ដូច្នោះ​ទេ​ ព្រោះ​បើ​គ្មាន​គម្ពីរ​វិន័យ​​​ នោះ​ខ្ញុំ​ក៏​មិន​ស្គាល់​បាប​ដែរ ដ្បិត​បើ​ក្រឹត្យវិន័យ​​មិន​បាន​ចែង​ថា‍ ​កុំ​លោភ​លន់​​ នោះ​​ខ្ញុំ​ក៏​មិន​ស្គាល់​សេចក្ដី​លោភ​លន់ ​ជា​អ្វី​ដែរ​ ប៉ុន្ដែ​តាមរយៈ​បញ្ញត្តិ​ ​បាប​បាន​ឆ្លៀត​ឱកាស​ ឲ្យ​មាន‍សេចក្ដី​លោភ​លន់​គ្រប់​បែបយ៉ាង​នៅ​ក្នុង​ខ្ញុំ ដ្បិត​បើ​គ្មាន​ក្រឹត្យ វិន័យទេ​ បាប​ក៏​ស្លាប់​​​ដែរ។​

​កាល​គ្មាន​គម្ពីរ​វិន័យនៅឡើយ​ ខ្ញុំ​មាន​ជីវិត ប៉ុន្ដែ​ពេល​មាន​បញ្ញត្ដិ​​​​ នោះ​បាប​បាន​រស់​ឡើង​វិញ​ រីឯ​ខ្ញុំ​បាន​ស្លាប់‍​ ១០ហើយ​ខ្ញុំ​ក៏​យល់​ឃើញ​ថា បញ្ញត្ដិ​​​ដែល​នាំ​មក​នូវ​ជីវិត​ បែរជា​នាំ​មក​នូវ​​សេចក្ដី​ស្លាប់​វិញ​ ១១ព្រោះ​បាប​បាន​ឆ្លៀត​ឱកាស​បញ្ឆោត​ខ្ញុំ​តាមរយៈ​បញ្ញត្ដិ​​​​ ហើយ​​ក៏​សម្លាប់​ខ្ញុំ​តាម​រយៈ​បញ្ញត្ដិ​​​នោះ​ ១២ដូច្នេះ គម្ពីរ​វិន័យ​​​បរិសុទ្ធ រីឯ​បញ្ញត្តិ​​ក៏​បរិសុទ្ធ ល្អ និង​សុចរិត‍ដែរ‍។​

១៣តើ​សេចក្ដី​ល្អ​ទាំងនេះ​ធ្វើ​ឲ្យ​ខ្ញុំ​ស្លាប់​ឬ‍? មិន​មែន​ដូច្នោះ​ ទេ​! គឺ​បាប​ទេតើ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ស្លាប់ ​ដោយសារ​សេចក្ដី​ល្អ​ទាំងនេះ ដើម្បី​បង្ហាញ​ថា ​បាប​គឺ​ជា​បាប ហើយ​ដោយសារ​បញ្ញត្ដិ​​ទាំងនេះ​ បាប​បាន​ត្រលប់​ជា​កាន់តែ​ធ្ងន់​ឡើងៗ។

មានបញ្ហាជាមួយបាប

១៤ដ្បិត​យើង​ដឹង​ថា គម្ពីរ​វិន័យត្រូវ​ខាង​វិញ្ញាណ រីឯ​ខ្ញុំ​ជា​មនុស្ស​ខាង​សាច់​ឈាម​ ដែល​ត្រូវ​បាន​លក់​ឲ្យ​នៅ​ក្រោម​អំណាច​របស់​បាប​ ១៥ហេតុ​នេះ​ហើយ ខ្ញុំ​មិន​យល់​អំពី​ការ​ប្រព្រឹត្ដិ​​របស់​ខ្ញុំ​ទេ ដ្បិត​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​តាម​ដែល​ខ្ញុំ​ចង់​ធ្វើ​ឡើយ បែរ​​ជា​ធ្វើ​អ្វី​ដែល​ខ្ញុំ​ស្អប់​ទៅ​វិញ​ ១៦ដូច្នេះ​ បើ​ខ្ញុំ​ធ្វើ​អ្វី​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​ខ្ញុំ​យល់​ព្រម​ថា គម្ពីរ​វិន័យ​ល្អ​មែន​ ១៧ព្រោះមិន​មែន​ជា​ខ្ញុំ​ទេ ​ដែល​ធ្វើ​កិច្ចការ​នោះ គឺ​បាប​នៅ​ក្នុង​ខ្ញុំ​ទេតើដែល​ធ្វើ។​

១៨​ខ្ញុំ​ដឹង​ថា គ្មាន​អ្វី​ល្អ​នៅ​ក្នុង​ខ្ញុំ​ទេ គឺ​នៅ​ក្នុង​សាច់​ឈាម​របស់​ខ្ញុំ​នេះ ព្រោះ​ខ្ញុំ​មាន​បំណង​ចង់​ធ្វើ​ល្អ ប៉ុន្ដែ​ធ្វើ​មិន​បាន​ ១៩ខ្ញុំ​មិន​ធ្វើ​កិច្ចការ​ល្អ​ដែល​ខ្ញុំ​ចង់​ធ្វើ​ទេ ​ខ្ញុំ​បែរជា​ធ្វើ​កិច្ចការ​អាក្រក់ ដែល​ខ្ញុំ​មិន​ចង់​ធ្វើ​ទៅ​វិញ‍។​ ២០ដូច្នេះ បើ​ខ្ញុំ​ធ្វើ​កិច្ចការ​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​មិន​មែន​ជា​ខ្ញុំ​ទេ​ដែល​ធ្វើ​កិច្ចការ​នោះ គឺ​បាប​នៅ​ក្នុង​ខ្ញុំ​ទេជា​អ្នកធ្វើ។​

២១ហេតុនេះខ្ញុំ​រក​ឃើញ​គោលការណ៍​មួយ គឺ​នៅ​ពេល​ខ្ញុំ​ចង់​ធ្វើ​ការ​ល្អ នោះ​សេចក្ដី​អាក្រក់​ ក៏​ចេះតែ​នៅ​ជាមួយ​ខ្ញុំ​ជានិច្ច​ ២២ដ្បិត​មនុស្ស​ខាងក្នុងរបស់ខ្ញុំពេញ​ចិត្ត​នឹង​ក្រឹត្យវិន័យ​​ របស់​ព្រះជាម្ចាស់​ណាស់​ ២៣ប៉ុន្ដែ​ខ្ញុំ​ឃើញ​គោលការណ៍​មួយ​ទៀត ​ នៅ​ក្នុង​អវយវៈ​ទាំងឡាយ​​ក្នុង​រូបកាយ​របស់​ខ្ញុំ ដែល​កំពុង​​ច្បាំងទាស់​​នឹង​គោលការណ៍​ នៃគំនិត​របស់​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ត្រលប់​ជា ​ឈ្លើយ​របស់​គោល​ការណ៍​​នៃបាប ដែល​មាន​​ក្នុង​អវយវៈ​ទាំង​ឡាយ​​​របស់​ខ្ញុំ។ ២៤ខ្ញុំ​ជា​មនុស្ស​វេទនា​ណាស់ តើ​អ្នក​ណា​អាច​ជួយ​ខ្ញុំ ​ឲ្យ​រួច​ពី​រូបកាយ​នៃ​សេចក្ដី​ស្លាប់​នេះ​បាន​?​ ២៥សូម​អរ​ព្រះគុណ​ព្រះជាម្ចាស់ តាមរយៈ​ព្រះ​យេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង ដូច្នេះខាង​គំនិត​របស់​ខ្ញុំ ​ខ្ញុំ​បម្រើ​ក្រឹត្យវិន័យ​​របស់​ព្រះជាម្ចាស់ ឯ​​ខាង​សាច់​ឈាមរបស់​ខ្ញុំ ខ្ញុំ​បម្រើ​គោលការណ៍​របស់​បាប។

រ៉ូម ៧